តៃវ៉ាន់ បានចុះឈ្មោះអ្នកកាសែតបរទេសដែលទើបមកដល់ថ្មីៗចំនួន ២២ នាក់ ក្នុងឆ្នាំ២០២០នេះ រួមទាំងអ្នកកាសែតខ្លះដែលត្រូវបានហាមឃាត់មិនឲ្យធ្វើការនៅប្រទេសចិន ជាគូប្រជែងនយោបាយរបស់រដ្ឋាភិបាលក្រុងតៃប៉ិផង។ ការទាក់ទាញអ្នកកាសែតទាំងនោះឲ្យមកកោះតៃវ៉ាន់ គឺដោយសារសេរីភាពខាងប្រព័ន្ធផ្សព្វផ្សាយ។
ក្រសួងការបរទេសតៃវ៉ាន់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហាកន្លងទៅនេះថា អ្នកកាសែតបានចុះឈ្មោះមកធ្វើការនៅតៃវ៉ាន់ «ពីព្រោះយើងផ្តល់សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ហើយយើងគោរពសិទ្ធិទាំងនេះ»។
ប្រទេសចិនវិញឃ្លាំមើលអ្នកកាសែត ត្រួតពិនិត្យលើអ៊ីនធឺណិត និងបណ្តេញអ្នកកាសែតអាមេរិកាំងជាច្រើននាក់ កាលពីដើមឆ្នាំ២០២០នេះ។
អ្នកកាសែត ៧នាក់ក្នុងចំណោម២២នាក់ ធ្លាប់ធ្វើការនៅប្រទេសចិន ដោយមិនរាប់បញ្ចូលទីក្រុងហុងកុងនោះទេ។ ក្នុងចំណោមអ្នកកាសែតទាំង៧នាក់នោះគឺមានអ្នកខ្លះត្រូវបានបណ្តេញចេញពីទីក្រុងប៉េកាំងកាលពីខែមីនា ដោយសារពាក់ព័ន្ធនឹងការផ្សព្វផ្សាយខ្លឹមសារដែលបានធ្វើឲ្យរដ្ឋាភិបាលចិនអាក់អន់ចិត្ត។ អ្នកកាសែត ដែលត្រូវបណ្តេញចេញ បានធ្វើការឲ្យកាសែត New York Times និងកាសែត Wall Street Journal។
អនុប្រធានផ្នែកទំនាក់ទំនងនៃសាជីវកម្ម New York Times Co. អ្នកស្រី Danielle Rhoades Ha បាននិយាយក្នុងសម្តីដើមថា៖
«ដោយសារបទបញ្ជាឲ្យបណ្តេញចេញដោយរដ្ឋាភិបាលចិននេះ យើងបានប្តូរទីតាំងអ្នកឆ្លើយឆ្លងព័ត៌មានដែលរងផលប៉ះពាល់មួយចំនួនទៅទីតាំងផ្សេងៗក្នុងតំបន់ ក្នុងនោះរួមទាំងទីក្រុងតៃប៉ិផងដែរ»។
ប្រទេសចិន និងកោះតៃវ៉ាន់ មានបញ្ហាមិនចុះសម្រុងគ្នាជាច្រើន។ភាគីនីមួយៗគ្រប់គ្រងដោយប្រទេសឬដែនដីខ្លួនឯង។ ក៏ប៉ុន្តែ ចិនទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ ហើយខ្លួនបានគំរាមប្រើកម្លាំងដើម្បីធ្វើឲ្យភាគីទាំងពីរបង្រួបបង្រួមគ្នា។
អ្នកឆ្លើយឆ្លងព័ត៌មានបរទេស ជាធម្មតាចង់បានមូលដ្ឋាននៅទីក្រុងប៉េកាំងដែលជាមណ្ឌលប្រមូលផ្តុំព័ត៌មាន ដោយសារការប្រកាសនានារបស់រដ្ឋាភិបាលចិន និងព្រឹត្តិការណ៍ការទូតសំខាន់ៗ គឺត្រូវធ្វើឡើងទីនោះ។ អ្នកយកព័ត៌មាននៅកោះតៃវ៉ាន់ ត្រូវរាយការណ៍ព័ត៌មានអំពីប្រទេសចិន ដោយប្រើអ៊ីនធឺណិតជាវិធីប្រមូលព័ត៌មាន និងការធ្វើដំណើរម្តងម្កាលទៅប្រទេសចិននៅពេលទទួលបានការអនុញ្ញាត។
ទីតាំងទាំងពីរ គឺតៃវ៉ាន់ និងប្រទេសចិន ស្ថិតក្នុងតំបន់ដែលមានម៉ោងពេលដូចគ្នាហើយការហោះហើរពីកោះតៃវ៉ាន់ ទៅប្រទេសចិន ចំណាយពេលតិចបំផុត គឺតែ៨០ នាទីប៉ុណ្ណោះ។ ជើងហោះហើរពីទីក្រុងតៃប៉ិទៅទីក្រុងធំៗ នៅអាស៊ីអាគ្នេយ៍ចំណាយពេលពី២ ទៅ៤ ម៉ោងក្នុងមួយជើង។ ប្រទេសជប៉ុននិងកូរ៉េខាងត្បូងស្ថិតនៅចម្ងាយប្រហែល៣ ម៉ោង តាមយន្តហោះ។
អ្នកស្រី Ku Lin-lin សាស្ត្រាចារ្យផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យជាតិតៃវ៉ាន់ បានថ្លែងថា៖
«ថ្វីបើអ្នកសារព័ត៌មានទាំងនេះ នៅឆ្ងាយពីប្រទេសចិនក៏ដោយ ក៏ពួកគេនៅតែអាចធ្វើការស្រាវជ្រាវតាមអ៊ីនធឺណិត និងធ្វើបទសម្ភាសន៍បាន»។
អ្នកយកព័ត៌មាននៅក្នុងប្រទេសចិន ប្រឈមនឹងហានិភ័យ ដូចជា ត្រូវបានតាមដានដោយប៉ូលិស ហើយពេលខ្លះត្រូវបានគេឃុំខ្លួន នៅពេលពួកគេរាយការណ៍ព័ត៌មានអំពីរឿងនយោបាយដែលមានលក្ខណៈរសើប។ ក្រុមតស៊ូមតិរបស់អង្គការ Freedom House បាននិយាយនៅក្នុងការសិក្សាមួយនៅឆ្នាំនេះថា «គណបក្សកុម្មុយនិស្តនិងទីភ្នាក់ងាររដ្ឋាភិបាលចិន បានស្វែងរកវិធីធ្វើយ៉ាងណាឲ្យមានឥទ្ធិពលទៅលើការជជែកពិភាក្សាជាសាធារណៈ និងការផ្សព្វផ្សាយព័ត៌មាន អំពីប្រទេសចិន តាមរយៈការរំខានដល់អ្នកកាសែតបរទេស»។ នៅក្នុងការសិក្សានេះ បាននិយាយបន្ថែមទៀតថារយៈពេល ១០ឆ្នាំកន្លងមកនេះគេឃើញថាចិន«មានកិច្ចប្រឹងប្រែងកាន់តែសកម្មខ្លាំងឡើងដើម្បីរិតត្បិតខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយ»។
លោក George Hou សាស្ត្រាចារ្យផ្នែកទំនាក់ទំនងទូលំទូលាយនៅសាកលវិទ្យាល័យ I-Shou នៅកោះតៃវ៉ាន់ បាននិយាយថា អាជ្ញាធរចិនពេលខ្លះចាត់តាំងប្រជាជន ឲ្យតាមដានអ្នកឆ្លើយឆ្លងព័ត៌មានបរទេសដោយសម្ងាត់។
លោក George Hou បានថ្លែងថា៖
«ពួកគេ នឹងចាត់មនុស្សមួយចំនួនឲ្យត្រួតពិនិត្យអ្នកកាសែត ឬ តាមដានអ្នកកាសែត»។
ក្នុងឋាន:ជាដែនដីលទ្ធិប្រជាធិបតេយ្យ តៃវ៉ាន់អនុញ្ញាតតាមច្បាប់ឲ្យអ្នកយកព័ត៌មានរាយការណ៍អំពីប្រធានបទគ្រប់យ៉ាង និងសម្ភាសន៍នរណាក៏បាន។ របាយការណ៍ប្រចាំឆ្នាំ២០២០របស់អង្គការ Freedom House ស្តីពីសេរីភាពជាសកល បានដាក់ចំណាត់ថ្នាក់កោះតៃវ៉ាន់ ស្ថិតក្នុងចំណោមទីកន្លែងដែលមានសុវត្ថិភាពបំផុតនៅអាស៊ី។
អ្នកសារព័ត៌មានសរុបចំនួន១១៤ នាក់ មកពីបណ្តាញសារព័ត៌មានបរទេសចំនួន៦៨ ឥឡូវនេះ មានមូលដ្ឋាននៅកោះតៃវ៉ាន់។
លោក James Gomez នាយកប្រចាំតំបន់នៃមជ្ឈមណ្ឌលស្រាវជ្រាវ Asia Center ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយដែលផ្តោតលើព័ត៌មានអំពីតំបន់អាស៊ីជាធម្មតាដាក់អ្នកឆ្លើយឆ្លងព័ត៌មានរាយការណ៍ពីតំបន់អាស៊ីរបស់ខ្លួន ឲ្យប្រចាំនៅទីក្រុងហុងកុង បាងកក ឬ សិង្ហបុរី លើកលែងតែអ្នកយកព័ត៌មានដែលរាយការណ៍អំពីប្រទេសជប៉ុន ឬ កូរ៉េ។ លោក James Gomez បាននិយាយទៀតថា ទីក្រុងទាំង ៣នោះ ទំនងជាមានប្រៀបជាងកោះតៃវ៉ាន់ ទោះបីជាអ្នករាយការណ៍ព័ត៌មាន មិនហ៊ានរាយការណ៍អំពីប្រទេសថៃ ឬ សិង្ហបុរីនៅពេលដែលពួកគេមានមូលដ្ឋាននៅទីនោះ ដោយសារតែពួកគេត្រូវសម្របខ្លួនទៅតាមការរំពឹងទុករបស់រដ្ឋាភិបាលទាំងនោះក៏ដោយ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់