ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោកដែលកំពុងមានជម្លោះដីធ្លី នៅថ្ងៃអង្គារនេះ ចាប់ផ្តើមចូលបំភ្លឺនៅតុលាការពីបទរារាំង ញុះញង់បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ក្រោមពាក្យបណ្តឹងរបស់ប្រធានសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពលរដ្ឋទាំងនោះចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់ពួកគេ ដោយពួកគេអះអាងថា មិនបានធ្វើសកម្មភាពដូចការចោទប្រកាន់ឡើយ និងគ្រាន់តែទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាវិវាទដីធ្លីតែប៉ុណ្ណោះ។
នៅព្រឹកថ្ងៃអង្គារនេះ ពលរដ្ឋរស់នៅជាប់បឹងតាមោកជាង៣០នាក់បាននាំគ្នាអង្គុយនៅទល់មុខតុលាការក្រុងភ្នំពេញដើម្បីរង់ចាំលើកទឹកចិត្តពលរដ្ឋ ដែលចូលទៅបំភ្លឺនៅតុលាការទាក់ទងដំណើររឿងរារាំង ញុះញង់បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ដែលជាពាក្យបណ្តឹងរបស់លោក មាស សម្បូរ ដែលជាប្រធានក្រុមសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅ។
ដីកាកោះហៅប្រជាពលរដ្ឋ ដែលវីអូអេទទួលបាន បញ្ជាក់ថា លោក មាស សម្បូរ ជាដើមបណ្តឹងបានប្តឹងប្រជាពលរដ្ឋ៧នាក់ ដែលមានឈ្មោះអ្នកស្រី ផន សុខុម អ្នកស្រី ប្រាក់ សុភា អ្នកស្រី ខេន សាអយ អ្នកស្រី អំ ភឿន អ្នកស្រី តាន់ ខ្នី អ្នកស្រី ផន សុំ អ្នកស្រី គង់ តឿ ពីបទរារាំង ញុះញង់បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈប្រព្រឹត្តនៅផ្លូវលេខ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដោយតុលាការតម្រូវឱ្យសាមីខ្លួនចូលបំភ្លឺនៅតុលាការតាម កាលកំណត់រៀងៗខ្លួន ដោយចាប់ផ្តើមពីថ្ងៃទី២ ខែសីហានេះទៅ និងអ្នកខ្លះត្រូវបំភ្លឺនៅថ្ងៃទី៣ ទី៤ និងថ្ងៃទី៩ ខែសីហា។
ប្រជាពលរដ្ឋដែលកំពុងរស់នៅភូមិសំរោងត្បូងក្នុងខណ្ឌព្រែកព្នៅបានច្រានចោលការចោទប្រកាន់នេះ ហើយអះអាងថា ប្រជាសហគមន៍មិនបានបង្កភាពអនាធិបតេយ្យអ្វីទេ ដោយគ្រាន់តែនាំគ្នាឈរនៅតាមចំណីផ្លូវមុខផ្ទះស្រែកសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហាដីធ្លីបឹងតាមោកដល់ផ្ទះប្រជាពលរដ្ឋជាង១០០ខ្ទង ឬ២៥០គ្រួសារ ដែលបានរស់នៅទីនោះតាំងពីឆ្នាំ១៩៩០ តែប៉ុណ្ណោះ។
អ្នកស្រី ប្រាក់ សុភា ដែលបានចូលទៅបំភ្លឺរួចរាល់មុនគេនៅចំពោះមុខតុលាការ បានការពារខ្លួនថា អ្នកស្រី និងពលរដ្ឋផ្សេងទៀត ដែលរងពាក្យបណ្តឹងនេះ មិនបានធ្វើអ្វីដូចការចោទប្រកាន់របស់លោក មាស សម្បូរ ប្រធានសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅ ដែលជាអ្នកប្តឹងនោះទេ។ អ្នកស្រីចាត់ទុកការប្តឹងនេះជារឿងអយុត្តិធម៌ណាស់ ខណៈពលរដ្ឋកំពុងស្វែងរកកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋសភា និងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តី។
អ្នកស្រីបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ប្រាក់ សុភា វាមានតែភាពថា អយុត្តិធម៌។ វាមានតែភាពអយុត្តិធម៌ មិនមែនអយុត្តិធម៌ តែខ្ញុំ ប្រាក់ សុភាទេ គឺអយុត្តិធម៌សម្រាប់ពួកខ្ញុំ២៥០គ្រួសារ ១០៨ខ្នងផ្ទះ...។ អ៊ីចឹងខ្ញុំអត់ដឹងស្រែកអី [ដោយ]ប្រាប់ថា អយុត្តិធម៌ណាស់ ហើយវាឈឺចាប់ណាស់។ ពួកខ្ញុំគ្រាន់តែសុំសិទ្ធិរស់នៅ លំនៅដ្ឋានសមរម្យសោះ»។
Your browser doesn’t support HTML5
ស្ត្រីវ័យ៤២ឆ្នាំដែលជាតំណាងពលរដ្ឋរស់នៅជាប់បឹងតាមោករូបនេះស្នើឱ្យតុលាការកុំចោទប្រកាន់ប្រជាពលរដ្ឋ។ អ្នកស្រីក៏បានស្នើទៅស្ថាប័នរដ្ឋសភា និងស្ថាប័នផ្សេងទៀតឱ្យជួយពន្លឿនក្នុងការដោះស្រាយវិវាទមួយនេះ ទោះបីជាមិនសូវមានក្តីសង្ឃឹមក៏ដោយ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំនឹងចាំចម្លើយពីរដ្ឋសភាទៀត។ តើមានយុត្តិធម៌ចំពោះពលរដ្ឋរស់នៅអមផ្លូវបឹងតាមោក ផ្លូវ១៥១ហ្នឹងឬក៏អត់? ខ្ញុំរង់ចាំថ្ងៃរដ្ឋសភាគាត់ណាត់ប្រជាពលរដ្ឋ១០៨ខ្នងផ្ទះ ២៥០គ្រួសារហ្នឹង»។
បើតាមអ្នកស្រី មកដល់ពេលនេះ ប្រជាពលរដ្ឋតែ៧នាក់ប៉ុណ្ណោះបានទទួលពាក្យបណ្តឹង តែអ្នកស្រីថា តុលាការ នៅព្រឹកថ្ងៃអង្គារ បានបញ្ជាក់ប្រាប់ថា មានការប្តឹងពលរដ្ឋចំនួន១៦នាក់។
ចំណែកពលរដ្ឋម្នាក់ទៀត អ្នកស្រី ខេន សាអយ វ័យ៣៧ឆ្នាំដែលរងពាក្យបណ្តឹងដែរនោះ ក៏ចាត់ទុកការប្តឹងរបស់ប្រធានសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅនេះជារឿងអយុត្តិធម៌ផងដែរ។ អ្នកស្រីថា នឹងចូលបំភ្លឺតាមដីការបស់តុលាការដែលកោះហៅឱ្យបំភ្លឺនៅថ្ងៃទី៤ ខែសីហាខាងមុខនេះ។
អ្នកស្រីបញ្ជាក់ថា៖ «គាត់មានវិធីអ្វីធ្វើបាបខ្ញុំ មានតែដីកាហ្នឹងដើម្បីបំបែកបំបាក់សហគមន៍ខ្ញុំ។ ប៉ុន្តែចំណែកខ្ញុំ ខ្ញុំអត់ខ្លាចទេ ជាប់គុកដោយសារដីផ្ទះសម្បែងខ្ញុំរស់នៅ។ ខ្ញុំចង់បានដីហ្នឹង ដែលខ្ញុំរស់នៅរាល់ថ្ងៃ។ ខ្ញុំចង់បានតែរស់នៅទេ។ រឿងដីកាទាំងអស់ហ្នឹង ពួកខ្ញុំអត់ខ្លាចទេ»។
ចំណែកពលរដ្ឋដែលរងពាក្យបណ្តឹងផ្សេងទៀត ក៏បានចាត់ទុករឿងនេះ អយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋផងដែរ។
អ្នកស្រី ផន សុខុម អាយុ៤៤ឆ្នាំ ដែលត្រូវចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ ម៉ោង២រសៀលថ្ងៃអង្គារនេះ បានថ្លែងថា៖ «បើគាត់ចោទលើខ្ញុំថា បិទផ្លូវមានការប្រទូសរ៉ាយជាមួយអាជ្ញាធរ ខ្ញុំមានឃ្លីបវីដេអូខ្ញុំទាំងអស់ [ថត]សកម្មភាព...ព្រោះខ្ញុំដឹងថា អាជ្ញាធរដែលគាត់ចង់ធ្វើអ្វីមួយ គាត់ចង់តែ[មូល]បង្កាច់យើងទេ។ អ៊ីចឹងយើងត្រូវត្រៀមក្នុងខ្លួនយើងគឺថា អាជ្ញាធរប្រុងធ្វើបាបយើង យើងក៏មានសិទ្ធិការពារក្តីយើងដែរ។ យើងគិតថា អ្វីដែលយើងធ្វើយើងទទួល។ អ្វីដែលយើងអត់ធ្វើ យើងត្រូវតែរើបម្រាស។ គាត់អត់អាចចោទបានតាមអំពើចិត្តទេ»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក មាស សម្បូរ ប្រធានសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅបាននៅឡើយទេ។ វីអូអេក៏មិនទាន់អាចសុំការបញ្ជាក់ពីលោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា ការតវ៉ាទាមទារណាមួយដោយសន្តិវិធីគឺមិនមែនជាអំពើល្មើសច្បាប់នោះទេ។ លោកបន្តថា ស្ថាប័នពាក់ព័ន្ធគួរតែចុះទៅប្រមូលព័ត៌មានឱ្យបានច្បាស់អំពីករណីនេះ និងត្រូវធ្វើរបាយការណ៍ឱ្យបានច្បាស់លាស់អំពីមូលហេតុ និងដើមចមនៃរឿងនេះ។
លោកថ្លែងថា៖ «អ៊ីចឹងជាការយល់ឃើញរបស់ខ្ញុំ ការទាមទាររបស់ប្រជាពលរដ្ឋបឹងតាមោកនេះ ពួកគាត់គ្រាន់តែប្រើប្រាស់សិទ្ធិស្របតាមផ្លូវច្បាប់ដាក់ជូនទៅស្ថាប័នពាក់ព័ន្ធរបស់ជាតិដើម្បីឱ្យរកដំណោះស្រាយជូនពួកគាត់។ វាមិនមែនជារឿងដែលធ្វើឱ្យប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់សាធារណៈអ្វីនោះទេ។ ពួកគាត់គ្រាន់តែប្រើប្រាស់សិទ្ធិទាមទារតវ៉ា ដោយសន្តិវិធី ស្របតាមផ្លូវច្បាប់ប៉ុណ្ណោះ»។
មុនរងពាក្យបណ្តឹងនេះ ក្នុងអំឡុងខែមិថុនានិងខែកក្កដា ប្រជាពលរដ្ឋដែលរស់នៅជាប់ផ្ទៃបឹងតាមោកក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បាននាំគ្នាស្វែងរកកិច្ចអន្តរាគមន៍ និងស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរខណ្ឌ រដ្ឋសភា ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឱ្យជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ ក្រោយពីមានការភ័យខ្លាចការបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋាន ព្រោះគ្រឿងចក្រ និងរថយន្តដឹកដីកំពុងមមាញឹកចាក់ដី និងថ្មលុបស៊ងត្រី ដែលជាកន្លែងចិញ្ចឹមត្រីរបស់ពួកគេជាបន្តបន្ទាប់។
ប្រជាពលរដ្ឋទាំងនោះបានស្នើឱ្យកាត់ឆ្វៀលដី៥ហិកតាឱ្យផ្ទះប្រជាពលរដ្ឋជាង១០០ខ្នង ដែលពួកគេអះអាងថា បានរស់នៅទីនោះជាង២០ឆ្នាំ ឬតាំងពីអំឡុងឆ្នាំ១៩៩០។ ហើយពលរដ្ឋទាំងនោះរំពឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្តល់យុត្តិធម៌ដល់ពួកគេ ដូចជាការស្នើសុំឱ្យកាត់ឆ្វៀលដី និងការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងការស្នើសុំឱ្យមានកិច្ចអន្តរាគមន៍អំពីការចាក់ដី និងថ្មចំកន្លែងចិញ្ចឹមត្រីរបស់ពួកគេ ដោយស្នើសុំពេលមួយរយៈទៀតដើម្បីប្រមូលផលត្រី ដែលចិញ្ចឹមក្នុងបឹង។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះដីបឹងតាមោកផ្នែកខ្លះ រដ្ឋាភិបាលបានកាត់ទៅឱ្យទៅស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងនីតិបុគ្គល។ ការអភិវឌ្ឍបឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដែលមានផ្ទៃដីជាង៣ពាន់ហិកតា ក៏រងការរិះគន់ផងដែរថា ធ្វើឱ្យប៉ះពាល់បឹងស្តុកទឹកធម្មជាតិនេះ៕