ជនជាតិស៊ីរីម្នាក់បានជាប់គាំងនៅអាកាសយានដ្ឋានកូឡាឡាំពួរក្រោយពីអាជ្ញាធរអន្តោប្រវេសន៍កម្ពុជាមិនចេញទិដ្ឋាការឲ្យ

  • ​Reuters

លោក Hassan al Kontar ដែលឋិតក្នុងកន្លែងប្តូរជើងយន្តហោះបានបង្ហោះវីដេអូអំពីជីវិតប្រចាំថ្ងៃរបស់គាត់នៅលើបណ្តាញសង្គម Twitter និងហ្វេសប៊ុក។

ជនជាតិ​ស៊ីរី​អាយុ​៣៦​ឆ្នាំម្នាក់ បាន​ជាប់គាំង​នៅ​ក្នុងអាកាស​យានដ្ឋាន​រដ្ឋធានី​ប្រទេស​ម៉ាឡេស៊ី ​អស់រយៈ​ពេល​ជាង​មួយខែ​មកហើយ។​

លោក Hassan al Kontar ​ដែល​ឋិត​ក្នុង​កន្លែងប្តូរ​ជើង​យន្តហោះ​បាន​បង្ហោះ​វីដេអូ​អំពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គាត់នៅ​លើ​បណ្តាញសង្គម Twitter ​និង​ហ្វេសប៊ុក ​ដែល​ទាក់ទាញ​ការយក​ចិត្តទុក​ដាក់​របស់ក្រុម​សិទ្ធិ​មនុស្ស ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។​

លោក​បាន​និយាយ​ថា ​លោក​បាន​រស់នៅ​ព្រលាន​យន្តហោះ​ចាប់តាំង​ពីថ្ងៃ​ទី​៧ ​ខែ​មីនា​ហើយ​ភ័យខ្លាច​ប៉ូលិស​ចាប់​បញ្ជូន​ត្រឡប់ទៅ​ប្រទេស​ស៊ីរីវិញ ​ដែល​សង្គ្រាម​ស៊ីវិល​កំពុង​ឆាប​ឆេះ​អស់រយៈ​ពេល​៧ ឆ្នាំមក​ហើយ​នោះ។​

វីដេអូពី Kontar Twitter

លោក ​Hassan ​ជា​អតីត​អ្នកលក់​ធានា​រ៉ាប់រង ​បាន​និយាយ​ថា ​លោក​រស់នៅ​រាជាណាចក្រ​រួម​អារ៉ាប់អេមីរ៉ាត ​នៅពេល​សង្គ្រាម​ផ្ទុះឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរី។​ បន្ទាប់ពីស្ថានទូត​ស៊ីរី ​នៅ​រាជាណាចក្រ​រួម​អារ៉ាប់អេមីរ៉ាត​ មិនបន្ត​លិខិត​ឆ្លងដែន​របស់លោក ​លោក​ត្រូវ​បាន​គេ​និរទេស​ទៅ​ទីក្រុង​ Kuala Lumpur ​នៅ​ឆ្នាំ​២០១៦។ ​លោកត្រូវ​ក្រុមហ៊ុន​អាកាស​ចរណ៍​បដិសេធ​មិនឲ្យ​លោក​ធ្វើដំណើរ​ទៅ​ប្រទេស​អេក្វាឌ័រ។

បន្ទាប់មក​លោកបាន​ព្យាយាម​ធ្វើដំណើរ​ទៅ​កម្ពុជា​ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​អន្តោ​ប្រវេសន៍​កម្ពុជា​មិនឲ្យចូល​ និង​បាន​និរទេស​ត្រឡប់​ទៅកូឡាឡាំពួ​រវិញ ​ទីដែល​លោក​រស់​នៅ​ដោយ​អាស្រ័យ​លើ​សប្បុរស​ធម៌​របស់​បុគ្គលិក​ព្រលាន​យន្តហោះ​និង​ក្រុមហ៊ុន​អាកាស​ចរណ៍។​ ​

ទីភ្នាក់ងារ​ជនភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់ពី​ចុះជួបលោក​ Hassan ប៉ុន្តែបាន​មិន​ផ្តល់ព័ត៌មាន​លម្អិត​ដោយ​លើក​ហេតុផល​ថា ជារឿង​ផ្ទាល់​ខ្លួន​ទេ។ ​លោក Hassan និយាយ​ថា ​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ​មិន​បាន​ប្រាប់​ថា ​ រយៈ​ពេល​ប៉ុន្មានថ្ងៃទើប​ក្រុម​សិទ្ធិ​មនុស្ស​អាច​រកបាន​កន្លែង​ជ្រកកោន​សម្រាប់​លោក​នោះ​ទេ៕