ក្រុម​ប្រឆាំង​នៅ​ស៊ីរី​ទាម​ទារ​ការ​ធានា​លើ​កិច្ច​ឈប់​បាញ់​គ្នា​ធ្វើ​ឡើង​ដោយ​អាមេរិក​និង​រុស្ស៊ី

រូបថត​ផ្តល់​ដោយ​កងកម្លាំង​ការពារ​ស៊ីរី​ បង្ហាញ​ឲ្យ​ឃើញ​បុរស​ឈរ​នៅជិត​កម្ទិច​កម្ទីរ​ក្រោយ​មាន​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​នៅ​ភាគ​ខាង​កើត​ក្រុង​ Aleppo។

កិច្ចឈប់​បាញ់​គ្នា​មួយ​ដែល​បាន​ត្រូវ​សម្រប​សម្រួល​ឱ្យ​មាន​ឡើង​ដោយស.រ.អា.​និង​ប្រទេសរុស្ស៊ីបាន​ចូល​ជា​ធរមានកាល​ពី​ថ្ងៃ​ច​ន្ទ​ក្នុង​ប្រទេស​ស៊ីរី ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​កង​យន្តហោះ​ចម្បាំង​របស់​រដ្ឋាភិបាល​ស៊ីរី​បានបើក​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ជុំវិញ​ក្រុង ​Aleppo ​និង​ខេត្ត​ឯ​ទៀតៗ​ក្នុង​ប្រទេស​ស៊ីរី។

ការ​វាយ​ប្រហារ​នោះ​បាន​ប​ណ្តាល​ឱ្យ​មាន​កំណើន​ការ​សង្ស័យ ​និង​ការ​ខឹង​សម្បា​ក្នុង​ចំណោម​ពួក​មេដឹក​នាំ​ក្រុម​ឧទ្ទាម​ដែល​មានការ​សង្ស័យ​ខ្លាំង​អំពី​កិច្ចព្រម​ព្រៀង​ឈប់​បាញ់គ្នា​នេះ។​ ពួក​គេ​បាន​និយាយ​ថា​ កិច្ច​ឈប់​បាញ់​គ្នា​នេះ​គ្រាន់​តែ​ជា​ការ​ជួយ​ជ្រោម​ជ្រែង​របប​គ្រប់​គ្រង​របស់​ប្រធានាធិបតី​ Bashar al-Assad តែ​ប៉ុណ្ណោះ។​

កាល​ពី​ថ្ងៃ​ចន្ទ​ ក្រុម​ប្រឆាំងប្រដាប់​អាវុធ​នៃ​ប្រទេស​ស៊ីរី​បាន​ចេញ​ផ្សាយ​ការ​ទាមទារ​មួយ​ចំនួន​និង​សំណើ​សុំ​ឱ្យ​មាន​ការ​បំភ្លឺពី​សំណាក់​ស.រ.អា.​អំពី​ការ​បញ្ឈប់​អរិភាព​ដែល​មាន​ឡើងចំពេល​នឹង​ការ​ចាប់​ផ្តើម​បុណ្យ ​Eid al-Adha ​ដែល​ជា​បុណ្យ​ធំមួយ​នៃ​សាសនា​ឥស្លាម។​

ប្រធានាធិបតី​ Assad ​មិន​បាន​ជួយ​ដល់​កិច្ច​ខិត​ខំប្រឹង​ប្រែង​ធ្វើ​ឱ្យ​ពួក​ឧទ្ទាម​ចូល​រួម​ក្នុង​កិច្ច​ឈ​ប់បាញ់​គ្នា​នេះ​ទេ​ ដោយ​លោក​បាន​សន្យា​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​នឹង​វាយ​យកមកវិញ​នូវ​ប្រទេស​ស៊ីរី​ទាំង​មូល។ ទូរទស្សន៍​រដ្ឋ​បានបង្ហាញ​លោក​ Assad ​ដែល​បាន​ទៅ​ទស្សនា​សង្កាត់ ​Daraya ​ដែល​ជា​តំបន់​ជាយ​ក្រុង​មួយ​នៃ​រដ្ឋធានី​ដាម៉ាស់​ ដែល​កង​កម្លាំង​រដ្ឋាភិបាល​បាន​វាយ​យក​បាន​មក​វិញ​កាល​ពី​ខែ​មុន។

មេដឹកនាំ​ស៊ីរី​រូបនេះ​បាន​សូត្រ​ធម៌​ជាមួយ​ពួក​មន្ត្រី​នៅ​ក្នុង​ព្រះវិហារ​ឥស្លាម​មួយ​ក្នុង​សង្កាត់ ​Daraya ​ហើយ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​លោក​បាន​និយាយ​ថា​ «រដ្ឋ​ស៊ីរី​ប្តេជ្ញា​វាយ​យក​មក​វិញ​នូវ​តំបន់​ទាំង​អស់​ពីពួក​ភេរវជន»៕