បទឈប់បាញ់គ្នានៅក្នុងប្រទេសស៊ីរី ដែលត្រូវបានគេចាប់ផ្តើមធ្វើនៅថ្ងៃសៅរ៍នេះ ត្រូវបានគេអនុវត្តបានភាគច្រើន ប៉ុន្តែនៅតែមានអំពើហិង្សាមួយចំនួនកើតមាន។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋបានចេញផ្សាយថា មានការផ្ទុះគ្រាប់បែកក្នុងរថយន្តនៅជាយក្រុងSalamiyeh ក្នុងខេត្ត Hama ដែលបានសម្លាប់ទាហានអស់ចំនួន២នាក់។ នៅមិនមានក្រុមណាមួយអះអាងទទួលខុសត្រូវលើហេតុការណ៍ផ្ទុះគ្រាប់បែកក្បែរច្រកចូលទៅកាន់ក្រុងនេះនៅឡើយទេ។
នៅកន្លែងផ្សេងទៀត ការប៉ះទង្គិចគ្នារវាងកងកម្លាំងរបស់រដ្ឋាភិបាលនិងក្រុមឧទ្ទាមត្រូវបានគេរាយការណ៍ថា បានកើតមានឡើងនៅក្នុងខេត្ត Latakia ក្បែរព្រំប្រទល់តួកគី។
បទឈប់បាញ់ដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិកនិងរុស្សី ត្រូវបានគេចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលអាធ្រាត្រនៅរដ្ឋធានី Damascus។ គណៈកម្មការចរចាជាន់ខ្ពស់ដែលជាក្រុមប្រឆាំងរបស់ស៊ីរី បានឲ្យដឹងនៅក្នុងលិខិតមួយថា ក្រុមចំនួន៩៧បានសន្យាចូលរួមនៅក្នុងបទឈប់បាញ់គ្នានេះ។
បទឈប់បាញ់គ្នានេះមិនពាក់ព័ន្ធនឹងក្រុមភេរវកម្មរដ្ឋឥស្លាមនិងក្រុមរណសិរ្ស al-Nusra ដែលពាក់ព័ន្ធជាមួយនឹងក្រុមអាល់កៃដានោះទេ។
សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចុះហត្ថលេខាជាឯកច្ឆ័ន្ទទៅលើកិច្ចព្រមព្រៀងនេះនៅបូរីញូវយ៉ក ប្រមាណមួយម៉ោងមុនពេលដែលបទឈប់បាញ់គ្នានេះត្រូវបានគេអនុវត្ត៕