ស៊ីរី​ថា​ខ្លួន​មិន​បាន​ចាប់​ពង្រត់​ឬ​ឃុំ​ខ្លួន​អ្នក​កាសែត​អាមេរិក​លោក Austin Tice

  • Reuters

រូប​ឯកសារ៖ លោក Marc Tice និង​អ្នកស្រី Debra Tice ដែល​ជា​ឪពុកម្តាយ​របស់​អ្នក​កាសែត​អាមេរិក​លោក Austin Tice ដែល​​បាន​បាត់​ខ្លួន​​​នៅ​​ស៊ីរី​ ថ្លែង​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ប្រទេស​លីបង់​កាល​ពី​ឆ្នាំ​២០១៨។

នៅ​ថ្ងៃ​ពុធ​នេះ រដ្ឋាភិបាល​ស៊ីរី​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ចាប់​ពង្រត់​ឬ​ក៏​ឃុំ​ឃាំង​អ្នក​កាសែត​អាមេរិក​លោក Austin Tice ដែល​បាន​បាត់​ខ្លួន​កាល​ពី​មួយ​ទសវត្សរ៍​មុន​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​បដិសេធ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស៊ីរី​ដោះលែង​លោក Tice។

លោក Tice ដែល​ធ្លាប់​ធ្វើ​ជា​ទាហាន​ម៉ារីន​អាមេរិក​ផងដែរ​នោះ ត្រូវ​បាន​គេ​ចាប់​ពង្រត់​កាលពី​ខែ​សីហា ឆ្នាំ ២០១២ ដែល​នៅ​ពេល​នោះ​លោក​មាន​អាយុ ៣១ ឆ្នាំ នៅ​ពេល​ដែល​លោក​កំពុង​យក​ព័ត៌មាន​នៅ​ក្នុង​រដ្ឋធានី​ដាម៉ាស ប្រទេស​ស៊ីរី អំពី​ការ​បះបោរ​ប្រឆាំង​នឹង​ប្រធានាធិបតី​ស៊ីរី​លោក Bashar al-Assad។

ក្រុម​គ្រួសារ​របស់​លោក Tice ជឿ​ថា លោក​នៅ​រស់​និង​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​ប្រទេស​ស៊ីរី។ កន្លង​មក គេ​មិន​ដឹង​អំពី​អត្តសញ្ញាណ​របស់​អ្នក​ដែល​បាន​ចាប់​ឃុំ​លោក​នោះ​ទេ ហើយ​គេ​ក៏​មិន​ទាន់​ឃើញ​មាន​ការ​អះអាង​ទទួល​ខុស​ត្រូវ​ណា​មួយ​ចំពោះ​ការ​ចាប់​ពង្រត់​នេះ​ដែរ។

ក្រសួង​ការបរទេស​ស៊ីរី​បាន​បញ្ជាក់​ថា លោក Tice គឺ​ជា​ទាហាន​អាមេរិក និង​បាន​បដិសេធ​ថា​រដ្ឋាភិបាល​ស៊ីរី​មិន​បាន​ឃុំ​ខ្លួន​លោក​ឬ​ក៏​ពលរដ្ឋ​អាមេរិក​ណា​ម្នាក់​នោះ​ទេ។ ក្រសួង​នេះ​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា៖ «ទាំង​នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន»។

កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន លោក Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​អំពី​ខួប ១០ ឆ្នាំ​នៃ​ការ​បាត់​ខ្លួន​លោក Tice ថា រដ្ឋបាល​របស់​លោក​បាន «ស្នើ​រដ្ឋាភិបាល​ស៊ីរី​ម្ដង​ហើយ​ម្ដង​ទៀត​ឱ្យ​ធ្វើការ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​លោក Austin [Tice] បាន​ត្រឡប់​មក​ផ្ទះ​វិញ»។

លោក Biden បាន​បន្ថែម​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដឹង «យ៉ាង​ច្បាស់» ថា លោក Tice នៅ​ពេល​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​ស៊ីរី​ឃុំ​ខ្លួន៕