អ្នករស់នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ទាំង៥លាននាក់នឹងបន្ដស្ថិតនៅក្រោមការបិទសកម្មភាពសង្គមដ៏តឹងតែងរយៈពេល៤សប្តាហ៍ទៀត ដោយសារតែចំនួនករណីឆ្លងជំងឺកូវីដ១៩បន្តកើនឡើង។
ការបន្តបិទខ្ទប់ទីក្រុងដ៏ធំបង្អស់របស់អូស្ត្រាលីនេះ បានត្រូវប្រកាសកាលពីថ្ងៃពុធ នៅពេលដែលពួកអាជ្ញាធរនៅក្នុងរដ្ឋ New South Wales បានរាយការណ៍ថា មានការឆ្លងថ្មីចំនួន១៧៧ករណីក្នុងរយៈពេល២៤ម៉ោង ដែលជាការកើនឡើងបន្តិចជាងកាលពីថ្ងៃអង្គារដែលមានតែ១៧២ករណី។
ការផ្ទុះឡើងកាលពីពេលថ្មីៗនេះ បានត្រូវគេរកឃើញពីអ្នកបើកបរថយន្ត Limousineម្នាក់នៅអាកាសយានដ្ឋានមួយក្នុងទីក្រុងស៊ីដនី ដែលបានធ្វើតេស្តមានវីរុសបំប្លែងខ្លួនប្រភេទដែលតា បន្ទាប់ពីគាត់បានដឹកពួកអ្នកធ្វើការតាមយន្តហោះអន្តរជាតិកាលពីចុងខែមិថុនា។ មនុស្សយ៉ាងតិចណាស់ក៏១១នាក់ដែរបានស្លាប់ ដោយសារការផ្ទុះឡើងនេះ រួមមានទាំងស្ត្រីម្នាក់ដែលមានអាយុខ្ទង់៩០ឆ្នាំប្លាយកាលពីថ្ងៃពុធផងដែរ។
អូស្ត្រាលីបានទទួលជោគជ័យមួយផ្នែកធំនៅក្នុងការរាំងខ្ទប់ការរាលដាលជំងឺកូវីដ១៩តាមរយៈការបិទសកម្មភាពសង្គមដ៏តឹងរ៉ឹង ដែលបានចុះផ្សាយថាមានតែការឆ្លងតែ៣៣.៤៧៣ ករណីនិងមនុស្សស្លាប់៩២១នាក់ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់សាកលវិទ្យាល័យ Johns Hopkins។
ក៏ប៉ុន្តែ អូស្ត្រាលីបានបង្ហាញនូវហានិភ័យនៃការផ្ទុះឡើងនៅពេលថ្មីៗនេះ ដែលបណ្តាលមកពីយុទ្ធនាការចាក់វ៉ាក់សាំងយឺតយ៉ាវ ដោយមានពលរដ្ឋរបស់ខ្លួនតែ១៣ភាគរយប៉ុណ្ណោះ បានចាក់វ៉ាក់សាំងពេញលេញរួចហើយ។
នៅក្នុងប្រទេសជប៉ុនវិញ ទីភ្នាក់ងារព័ត៌មាន Kyodo រាយការណ៍ថា ទីក្រុងតូក្យូដែលជាម្ចាស់ផ្ទះរៀបចំទទួលកីឡាអូឡាំពិកដែលត្រូវបានពន្យារដោយការរាតត្បាតជំងឺ បានកត់ត្រាការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣ពាន់ករណីកាលពីថ្ងៃពុធ បើប្រៀបធៀបទៅនឹងកាលពីថ្ងៃអង្គារ ដែលមានតែការឆ្លងថ្មីចំនួនត្រឹមតែ២.៨៤៨ករណីប៉ុណ្ណោះ។ ពួកអ្នករៀបចំកីឡាអូឡាំពិកក៏បានបញ្ជាក់ដែរថា មានការឆ្លងថ្មីចំនួន១៦ករណីដែលទាក់ទិននឹងការប្រកួតកីឡាកាលពីថ្ងៃពុធ ដោយធ្វើឲ្យចំនួនករណីឆ្លងទាំងអស់ឡើងដល់១៦៩ករណី។ រាជធានីនៃប្រទេសជប៉ុននេះបានស្ថិតនៅក្រោមការបិទក្នុងគ្រាអាសន្នលើកទី៤ដែលនឹងនៅជាធរមានរហូតដល់ថ្ងៃទី២២ ខែសីហា៕
(ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, Reuters និង AFP)