ស៊ុយអែត​នឹង​ពិចារណា​ទំនាក់​ទំនង​ការទូត​ បើ​រដ្ឋាភិបាល​រំលាយ​បក្ស​ប្រឆាំង

អ្នកស្រី​ Annika Ben David​ ឯកអគ្គរាជទូត​ស៊ុយអែត​ ពិភាក្សា​ជាមួយ​ក្រុម​សង្គម​ស៊ីវិល​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នៅទីក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។ (រូបថត​ដកស្រង់​ពី​ហ្វេសប៊ុក Swedish Ambassador for Human Rights)

អ្នកស្រី​ ​Annika Ben David​ ​ឯកអគ្គរាជ​ទូត​ស៊ុយអែត​ ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​ ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​នីតិរដ្ឋ​បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ស្ថានភាព​នយោបាយ​ដែល​បាន​រាំង​ខ្ទប់​សកម្មភាព​របស់​គណបក្ស​ជំទាស់​ ​បាន​ក្លាយ​ជាក្តី​បារម្ភ​យ៉ាង​ខ្លាំងក្លា​ ​សម្រាប់​រដ្ឋាភិបាល​ប្រទេស​ស៊ុយ​អែត ​ដែល​បាន​ផ្តល់​តម្លៃ​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ។​

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ធ្វើ​ឡើង​នៅរា​ជធានី​ភ្នំពេញ​ អ្នកស្រី Annika​ ​បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ និង​លោក​ កែវ រ៉េមី​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា។ ក្នុង​ជំនួប​ជាមួយ​ក្រុម​មន្ត្រី​រដ្ឋា​ភិបាល​នេះ​ អ្នកស្រី​ ​Annika​ ​បាន​លើក​ឡើង​អំពី​ក្តី​កង្វល់​នានា​ ​ពាក់​ព័ន្ធនឹង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ ដែល​លំហរ​នយោបាយ​ត្រូវបាន​បិទ​ ហើយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ អ្នក​ការពារ​សិទ្ធិមនុស្ស​ ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ការ​ពិបាក​កាន់​តែ​ខ្លាំង​ក្នុងការ​បំពេញ​ការងារ​របស់​ពួកគេ។​

ទាក់​ទិន​ព្រឹត្តការណ៍​នៃ​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ អ្នក​ស្រី​ឯកអគ្គរាជ​ទូត​ ​បាន​បញ្ជាក់​ច្បាស់ៗ​នៅ​ចំពោះ​តំណាង​រដ្ឋាភិបាល​កម្ពុជា​មួយ​រូប​ថា​ តើ​រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត​ត្រូវ​គិតគូរ​ឡើងវិញ​ពី​ទំនាក់​ទំនង​ជាមួយ​រដ្ឋា​ភិបាល​ឬ​យ៉ាងណា​ ​ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​ ត្រូវ​រំលាយ។​

«ខ្ញុំ​បាន​បញ្ជាក់​ទៅ​កាន់​ តំណាង​រដ្ឋាភិបាល​កម្ពុជាមួយ​រូប​ថា​ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​ ការណ៍​នោះ​ នឹង​ជំរុញ​រដ្ឋាភិបាល​របស់​ខ្ញុំឲ្យ​គិតគូរ​ឡើងវិញ​ អំពី​ទំនាក់​ទំនង​របស់​យើង​ក្នុង​ប្រទេស​កម្ពុជា។ យើង​គិត​ថា​ វា​គឺ​ជា​ផល​ប្រយោជន៍​យូរ​អង្វែង​របស់​ប្រទេស​មួយ​ ដើម្បី​បើក​ឲ្យ​មាន​លំហរ​ប្រជាធិបតេយ្យ​ ដូច​ដែល​ធ្លាប់​មាន​ពី​មុនមក​ ហើយ​វិល​ត្រឡប់​ទៅ​ស្ថានភាព​ដែល​មាន​សេរីភាព​ខ្លាំង​ឡើងវិញ​ និង​មាន​ការ​រឹត​បន្តឹង​តិចតួច​ សម្រាប់​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​ប្រតិបត្តិការ»។

អ្នកស្រី​ Annika ​បាន​ថ្លែង​បន្តថា​ នៅពេល​ជួប​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ អ្នកស្រី​បាន​លើក​ឡើង​ពី​កង្វល់​ទាក់​ទង​នឹង​ កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែល​នឹង​អាច​រង​ផល​ប៉ះពាល់​ពី​ស្ថានភាព​នយោបាយ​កម្ពុជា​នាពេល​បច្ចុប្បន្ន។​

«ហើយ​ខ្ញុំ​បាន​លើកពី​កង្វល់​របស់​ខ្ញុំ​ថា​ អ្វី​ដែល​កើត​ឡើង​នៅ​ទីនេះ​ អាច​នឹង​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​មុខមាត់​អវិជ្ជមាន​របស់​កម្ពុជា​នៅ​ទូទាំង​សាកលលោក។ ​ដូច្នេះ​ ការ​រឹតបន្តឹង​នៃ​សិទ្ធិ​ស៊ីវិល​ និង​នយោបាយ​នាពេល​បច្ចុប្បន្ន​ជាមួយ​អ្វី​ដែល​បាន​កើតឡើង​ក្នុងពេល​ថ្មីៗ​នេះ​ អាច​នឹង​បង្ហាញ​សញ្ញា​អវិជ្ជមាន​ដល់​អ្នកវិនិយោគ​ អ្នក​ប្រើ​ប្រាស់​ និង​ដៃគូ​ជំនួញ​នៅក្រៅប្រទេស​ ដែល​វា​អាច​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា​»។

ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ ផ្តើម​ធ្លាក់​ចូល​ក្នុង​សភាព​ដុនដាប​ ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ត្រូវ​គេ​ដឹង​ថា​ កំពុង​បើក​យុទ្ធនាការ​បង្ក្រាប​អង្គការ​សង្គម​ស៊ីវិល​ ដែលធ្វើ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ​កឹម សុខា​ ​ក្រោម​បទចោទ​ថា​ បាន​ធ្វើ​សកម្មភាពឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ ប្រព្រឹត្ត​អំពើក្បត់​ជាតិ​ និង​ការ​ចាត់​វិធានការ​ពន្ធ​លើ​កាសែត​ឯករាជ្យ​មួយ​ គឺ​កាសែត​ The Cambodia Daily ​ដែលធ្វើ​ប្រតិបតិ្តការ​ដោយ​ពលរដ្ឋ​អាមេរិកាំង​ និង​ការ​បិទហ្វ្រេកង់​ផ្សាយ​បន្ត​វិទ្យុ​អាស៊ី​សេរី​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។​

អ្នកស្រី​ ​Annika​ បាន​បញ្ជាក់​បន្ត​ថា​ សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ គឺ​ជា​ឆ្អឹងខ្នង​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។​ អ្នកស្រី​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ផង​ដែរ​ថា​ មាន​ការ​យក​ចិត្ត​ទុកដាក់​កាន់​តែ​ខ្លាំង​អំពី​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ក្នុង​សភា​នៃ​ប្រទេស​ស៊ុយអែត។​

នៅពេល​អ្នក​សារព័ត៌​មាន​សួរ​ថា​ តើ​រដ្ឋាភិបាល​ប្រទេស​ស៊ុតអែត​ និង​ប្រទេស​ប្រជាធិបតេយ្យ​ និង​ចាត់​វិធានការ​អ្វី​បន្ថែម​ទៀត​ ក្រៅពីតែ​ពី​ការ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​នោះ​ អ្នកស្រី​ Annika ​ថ្លែង​ថា​ រដ្ឋា​ភិបាល​ស៊ុយ​អែត​ត្រូវ​ការ​សន្ទនា​ និង​ស្តាប់​គ្នា​ទៅវិញ​ទៅ​មក​ជាមុន​សិន​ មុន​នឹង​ធ្វើ​ការ​សម្រេច​ថា​នឹង​ត្រូវ​ធ្វើបន្ត​ទៀត​នោះ។​

«ខ្ញុំ​គិត​ថា​ វា​មាន​ភាព​ចាំចាច់​ដែល​ត្រូវ​មកទី​នេះ​ ហើយ​ស្តាប់​ទាំង​សំឡេង​រដ្ឋាភិបាល​ សំឡេង​ក្រុម​ប្រឆាំង​ និង​ទាំង​សំឡេង​សង្គម​ស៊ីវិល​ ហើយ​ធ្វើ​ការ​វាយ​តម្លៃ​លើ​ស្ថានភាព​ ដើម្បី​យើង​ពិចារណា​ថា​ នឹង​ត្រូវ​ធ្វើ​យ៉ាងណា​ទៀត»។​

លោក​ អ៊ុក គឹមសេង​ ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន ​បាន​មាន​ប្រសាសន៍​ប្រាប់​ VOA ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋាភិបាល​គ្មាន​ចេតនា​ រាំង​ខ្ទប់​មិន​ឲ្យ​មាន​ការ​ធ្វើ​ប្រតិបត្តិការ​របស់​កាសែត​ The Cambodia Daily ​និង​វិទ្យុ​អាស៊ីសេរី​ក្នុង​ប្រទេស​កម្ពុជា​នោះទេ​ តែ​លោក​បាន​ចោទ​អង្គភាព​ទាំងពីរ​នោះ​ថា​ បាន​សម្រេច​ចិត្ត​បិទ​ដំណើរ​ប្រតិបត្តិការ​ការងារ​របស់​ខ្លួន​ដោយ​ចិត្ត​ឯង។

«ខ្ញុំ​បាន​ជួប​ជាមួយ​គាត់​ អ្នកស្រី Annika ហ្នឹង​ ហើយ​បាន​ជម្រាប​គាត់​ហើយ​ថា​ ក្រសួង​ព័ត៌មាន​អត់​មាន​បាន​ ទៅ​រារាំង​អី​គាត់​ទេ​ ព្រោះ​អី​រឿង​របស់​គាត់​ គាត់​បិទ​ ប្រកាស​បិទ​ ជា​ឯកតោ​ភាគី​ ហើយ​គាត់​ឥត​មាន​មក​ទំនាក់​ទំនង​ ជាមួយ​ក្រសួង​ព័ត៌មាន​ អាហ្នឹង​រឿង​របស់​គាត់​អីចឹង​ សម្រាប់​រឿងនេះ​ គឺ​ជា​រឿង​ ជា​ការ​គោរព​ច្បាប់​របស់​ប្រទេស​មួយដែល​មាន​អធិបតេយ្យ​ទេ​ គឺ​ឥត​មាន​ពាក់ព័ន្ធ​...ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​ ហើយ​ថា​ អារឿង​សេរីភាព​ ជា​រឿង​មួយ ប៉ុន្តែ​រឿង​ការ​គោរព​ច្បាប់​នៅ​ក្នុង​ប្រទេស​មួយ​ ក៏ជា​រឿង​មួយ​ដែរ​ ដែល​យើង​ត្រូវ​ធ្វើ​ ដូច្នេះ​គាត់​ត្រូវ​តែ​ទទួល​ស្គាល់​អាហ្នឹង​ថា​ អ្នក​ទាំង​ពីរ​ហ្នឹង​គាត់​បាន​បំពេញ​កាតព្វកិច្ច​ គាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ឬទេ?​ អានេះ​ជាសំណួរ​ដែល​គាត់​ត្រូវ​ឆ្លើយ ប៉ុន្តែ​គាត់​បែរ​ជា​មិន​ឆ្លើយ»។​

រូបឯកសារ៖​ គណបក្ស​សង្គ្រោះជាតិ​ធ្វើ​យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ នៅរាជធានីភ្នំពេញ​ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។

ចំណែក​លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ជាក់​សាជាថ្មី​ថា​ អ្វីដែល​បាន​កើតឡើង​នៅ​កម្ពុជា​ គឺ​ជា​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ពង្រឹងនីតិរដ្ឋ​ និង​បំបាត់​និទណ្ឌភាព​នៅ​កម្ពុជា​ស្រប​ទៅ​តាម​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ថ្ងៃ​ ២៣​ តុលា​ ឆ្នាំ​ ១៩៩១។​

អ្នក​នាំ​ពាក្យ​រូបនេះ​ បាន​ប្រាប់​ ​VOA ​បន្ថែម​ថា​ ការ​ថ្លែង​របស់​អ្នកស្រី​ Annika ​ថា​នឹង​គិតគូរ​ឡើងវិញ​ ពី​ទំនាក់​ទំនង​ទ្វេ​ភាគី​ ក្នុង​ករណី​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​ ថា​ជា​ការគំរាម​មួយ​ ហើយ​បាន​ចោទសួរ​ថា​ តើ​កម្ពុជា​គួរ​យក​គំរូ​តាម​របប​យោធា​របស់​លោក ​ប្រាយុទ្ធ​ ចាន់​អូចា​ នៅ​ប្រទេស​ថៃ​ ទើប​ជា​ការ​ត្រឹមត្រូវ​សម្រាប់​កម្ពុជា​ឬ​យ៉ាង​ណា​នោះ។

លោក​ សុខ​ ឥសាន​ ​បាន​បញ្ជាក់​យ៉ាងដូច្នេះ៖​

«ចំពោះ​ការណ៍​ដែល​គាត់​និយាយ​ថា​ហ្នឹង​ពិនិត្យ​អំពី​ទំនាក់​ទំនង​ទ្វេភាគី​ស៊ុយអែត​ កម្ពុជា​នេះ​ ខ្ញុំ​យល់​ថា​ វា​មាន​ន័យ​ជាការ​ដាក់​ គេ​ហៅថា​បន្ទុក​ ឬ​មួយ​ក៏​ ជា​ការ​គំរាម​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ឯករាជ្យ​ និង​មាន​អធិបតេយ្យ​ សុំ​ឲ្យ​គាត់​ពិនិត្យ​អំពី​ធម្មនុញ្ញ​ អង្គការ​សហ​ប្រជាជាតិ​មើល​ថា ​តើ​សមាជិក​អង្គការ​សហប្រជាជាតិ​នានា​សុទ្ធតែ​មាន​សិទ្ធិ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ជា​សមាជិក​នានា​ដែរ​ឬទេ»។

រដ្ឋាភិបាល​ប្រទេស​ស៊ុយ​អែត​បាន​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ទឹកប្រាក់​ ប្រមាណ​ ​១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ក្នុង​រយៈពេល​ ៥ឆ្នាំ​កន្លង​មក​នេះ។ ជំនួយ​នេះ​ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សហប្រតិបត្តិការ​ដើម្បី​ការ​អភិវឌ្ឍ​រវាង​កម្ពុជា​ និង​ស៊ុយអែត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​ Annika ​ឯកអគ្គ​រាជទូត​ស៊ុយអែត​ ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស ​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ។ អ្នកស្រី​បាន​បន្ថែម​ រដ្ឋាភិបាល​ស៊ុយអែត​ ក្នុង​នាម​ជា​មិត្តភ័ក្តិ​ និង​ជាដៃ​គូ​យូរ​អង្វែង​របស់​កម្ពុជា​បាន​ធ្វើ​ការ​ជាមួយ​កម្ពុជា​ ដើម្បី​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ និង​គោរព​សិទ្ធិមនុស្ស។

អ្នកស្រី​ Annika Ben David​ ឯកអគ្គរាជទូត​ស៊ុយអែត​ ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​ ធ្វើ​សន្និសីទ​ព័ត៌មាន​ អំពី​ស្ថានភាព​នយោបាយ​ចុង​ក្រោយ​នៅ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​ ១៩​ ខែ​តុលា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

នៅពេល​ VOA សួរ​អ្នកស្រី​ Annika ថា​ តើ​សំឡេង​របស់​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន​អាច​នឹង​មាន​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឬ​យ៉ាងណា​នោះ​ នៅ​ពេល​ប្រទេស​នេះ​ត្រូវអ្នកវិភាគ​មួយ​ចំនួន​លើក​ឡើង​ថា​ បាន​ជ្រើសរើស​យកប្រទេស​ចិន​ធ្វើ​ជា​ខ្នងបង្អែក​រួច​ទៅ​ហើយ​ អ្នកស្រី​ថ្លែង​ថា​ ​ដើម្បី​ឲ្យ​កម្ពុជា​អាច​រក្សា​កំណើន​សេដ្ឋកិច្ច​ដែល​គួរកត់​សម្គាល់​របស់​ខ្លួន​ប្រកប​ដោយ​ចីរភាព​ទៅ​បាន​នោះ​ ប្រទេស​នេះ​ ត្រូវធ្វើ​សមាហរណកម្ម​ទៅតាម​ទស្សនៈ​នៃ​សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ៕