លោក Noriyasu Tani និងភរិយារបស់លោក មិនអាចមានកូនពីកំណើតដោយខ្លួនឯងបានទេ ដោយសារកត្តាជីវសាស្ត្រ ប៉ុន្តែប្ដីប្រពន្ធមួយគូរនេះ មានកូនពីរនាក់អស់រយៈពេលប្រមាណ២០ឆ្នាំរួចមកហើយ។
ផលិតករទូរទស្សន៍ដែលមានដើមកំណើតជប៉ុន វ័យ៥០ឆ្នាំប្លាយរូបនេះ មានប្រសាសន៍ថា រូបលោក និងភរិយាជាជនជាតិអាមេរិកាំង ពិតជាមានភ័ព្វសំណាងណាស់ ដែលមានក្រុមគ្រួសារមួយនឹងគេដែរ ដោយសារតែមានកូនពីរនាក់ ដែលពួកគេបានយកមកចិញ្ចឹមពីប្រទេសកម្ពុជា។
«ដូច្នេះ ពេលនៅផ្ទះ ពួកយើង ដូចជាអង្គការសហប្រជាជាតិតូចមួយអញ្ចឹង។ ក្រុមគ្រួសារ គួរតែមានលក្ខណៈបែបនេះ»។
ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ក្រុមគ្រួសារលោក Noriyasu បានមកកម្សាន្តជួបជុំគ្នាក្នុងកម្មវិធីបោះជំរំរដូវក្ដៅមួយកាលពីខែកក្កដា នៅលើជួរភ្នំSnow Mountains នេះ ស្ថិតក្នុងទីក្រុងGranby ដ៏ស្ងប់ស្ងាត់មួយ ចម្ងាយតាមរថយន្តប្រមាណជា២ម៉ោង ពីទីក្រុងDenver នៃរដ្ឋColorado។
ដូចឪពុកម្ដាយចិញ្ចឹមប្រមាណ៣០០នាក់ផ្សេងទៀតដែរ ក្រុមគ្រួសារលោក Noriyasu មកពីទីក្រុង Veniceនៃរដ្ឋCalifornia នៅឆ្នាំនេះ បាននាំកូនប្រុសអាយុ២០ឆ្នាំ និងកូនស្រីវ័យ១៩ឆ្នាំរបស់ពួកគេ មកចូលរួមក្នុងកម្មវិធីបោះជំរំមរតកខ្មែរនេះ ដើម្បីឲ្យពួកគេ អាចមានពេលវេលាជួបជុំគ្នា ជាមួយកូនខ្មែរដទៃទៀត ដែលមានឪពុកម្ដាយចិញ្ចឹមជាពលរដ្ឋអាមេរិកាំង មកពីរដ្ឋផ្សេងៗទៀត។
យុវជន សំណាង រូប៊ីន ថានី គឺជាកូនចិញ្ចឹមរបស់លោក Noriyasu ដែលបានមកចូលរួមកម្មវិធីបោះជំរំនេះជារៀងរាល់ឆ្នាំ។
«ខ្ញុំចូលចិត្តកម្មវិធីនេះខ្លាំងណាស់។ ខ្ញុំស្គាល់មិត្តភ័ក្ដិជាច្រើននាក់នៅទីនេះ។ ពេលខ្ញុំមកជាលើកដំបូង កាលខ្ញុំនៅតូច ខ្ញុំមិនដឹងថាមកទីនេះ ដើម្បីអ្វីនោះទេ។ ដំបូងខ្ញុំស្គាល់ពួកម៉ាក តែប៉ុន្មាននាក់ទេ ប៉ុន្តែ ឥឡូវ ខ្ញុំមានមិត្តភ័ក្ដិជាច្រើននៅទីនេះ»។
សំណាង មានបងស្រីម្នាក់ ដែលមិនជាប់សាច់ឈាមជាមួយគ្នា។ ពួកគេទាំងពីរនាក់ ត្រូវបាន ក្រុមគ្រួសារលោក Noriyasu យកមកចិញ្ចឹមពីប្រទេសកម្ពុជាដូចគ្នា តាំងពីពេលដែលអ្នកទាំងពីរ នៅមានអាយុប្រហែល១ឆ្នាំប៉ុណ្ណោះ។
សំណាង និយាយថា ៖
«ខ្ញុំពិតជាមិនដឹងថាតើ ខ្ញុំពិតជាមានសំណាង ដែលបានមកទីនេះឬយ៉ាងណានោះទេ។ ប្រសិនបើមិនមានគ្រួសារចិញ្ចឹមរបស់ខ្ញុំទេ ខ្ញុំមិនដឹងថាតើជីវិតរបស់ខ្ញុំ ទៅជាយ៉ាងណាទេ។ ដូច្នេះ ខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំ មកដល់ទីនេះ ឬមានថ្ងៃនេះទេ។ អ្វីៗប្រហែលជាត្រូវបានចារមកអញ្ចឹងហើយមើលទៅ»។
ដូចសំណាងដែរ កញ្ញា Khuntia Porter ក៏នៅតែមានចម្ងល់ដូចគ្នាថាតើជីវិតរបស់នាង មិនដឹងជាក្លាយទៅជាយ៉ាងណាទេ ប្រសិនបើ រូបនាង មិនត្រូវបានគេយកមកចិញ្ចឹមទេនោះ។
«ប៉ុន្តែ ខ្ញុំហាក់ដូចជាដឹងចម្លើយរួចទៅហើយ ពីព្រោះ ខ្ញុំគឺជាកូនម្នាក់ក្នុងចំណោមកូន៧នាក់នៅក្នុងគ្រួសារកំណើតរបស់ខ្ញុំ ហើយគ្រួសារខ្ញុំ ក្រណាស់។ ពួកយើង រស់នៅក្នុងភូមិមួយ ហើយយើងរស់នៅជាមួយជីដូនជីតារបស់យើង ប៉ុន្តែ ពួកគាត់ មិនអាចផ្គត់ផ្គង់ពួកយើងបានទេ។ ដូច្នេះ ខ្ញុំដឹងថា ជីវិតរបស់ខ្ញុំ នឹងយ៉ាប់យ៉ឺនជាងនេះឆ្ងាយណាស់ បើគេមិនយកខ្ញុំមកចិញ្ចឹមទេនោះ»។
គន្ធា បន្ថែមថា នាងមានសំណាងណាស់ ដែលត្រូវគេយកមកចិញ្ចឹម ជាមួយបងស្រីបង្កើតរបស់នាងម្នាក់ទៀត ហើយពួកគេទាំងពីរនាក់ បានរស់នៅជាមួយគ្នាទៀតផង។
Your browser doesn’t support HTML5
ក្នុងរយៈពេល១៥ឆ្នាំមកនេះ កម្មវិធីបោះជំរំមរតកខ្មែរប្រចាំឆ្នាំនេះ បាននាំក្រុមគ្រួសារអាមេរិកាំងនៅទូទាំងសហរដ្ឋអាមេរិកដែលបានយកកូនខ្មែរមកចិញ្ចឹមដូចជាសំណាងនិងគន្ធាជាដើម ឲ្យមកជួបជុំគ្នា ដើម្បីឲ្យកូនៗរបស់ពួកគេ អាចរៀនសូត្រនិងស្គាល់វប្បធម៌នៃប្រទេសកំណើតរបស់ពួកគេ ហើយនិងចែករំលែកបទពិសោធន៍រវាងគ្នាទៅវិញទៅមកអំពីអ្វីដែលពួកគេបានឆ្លងកាត់ក្នុងជីវិតរស់នៅជាកូនចិញ្ចឹមក្នុងរង្វង់ក្រុមគ្រួសារអាមេរិកាំង។
ប៉ុន្តែ នេះគឺកម្មវិធីបោះជំរំប្រចាំឆ្នាំនេះលើកចុងក្រោយរបស់ពួកគេ ដោយសារកម្មវិធីនេះ នឹងលែងមានតទៅហើយចាប់ពីឆ្នាំក្រោយទៅ។ មូលហេតុគឺដោយសារក្មេងៗភាគច្រើន បានធំដឹងក្ដីអស់ទៅហើយ ហើយមិនមានកូនចិញ្ចឹមជាជនជាតិខ្មែរថ្មីៗទៀតនោះទេ ពីព្រោះតែការព្យួរកម្មវិធីសុំកូនចិញ្ចឹមរវាងអាមេរិកនិងកម្ពុជា ស្ថិតនៅជាធរមាននៅឡើយ ចាប់តាំងពីឆ្នាំ២០០១មក។
អ្នកនាង Jerri Israel គឺជាម្ដាយចិញ្ចឹមរបស់កូនខ្មែរពិការម្នាក់ ដែលពេលនេះ មានអាយុ១៧ឆ្នាំហើយ។
អ្នកនាង សង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងបន្តកម្មវិធីសុំកូនខ្មែរ មកចិញ្ចឹមនៅសហរដ្ឋអាមេរិកនេះវិញ ដោយសារអ្នកនាងថាការណ៍នេះគឺជាជម្រើសឈ្នះ-ឈ្នះទាំងសងខាង។
អ្នកនាង Jerri Israel មានប្រសាសន៍ថា៖
«គ្រួសារខ្លះ មិនមានលទ្ធភាពចិញ្ចឹមនិងផ្គត់ផ្គង់កូនរបស់ខ្លួនទេ ដូច្នេះ ហេតុអ្វី មិនព្រមឲ្យពលរដ្ឋអាមេរិកាំង យកកូនក្មេងទាំងនោះមកចិញ្ចឹមទៅ?»
សមាជិកនៃក្រុមគ្រួសារដែលមានកូនចិញ្ចឹមផ្សេងទៀត ក៏យល់ស្របដូច្នេះដែរ។
កញ្ញា Khuntia Porter ថ្លែងថា ៖
«ខ្ញុំមានការសោកសង្រេងជាពន់ពេក។ នៅពេលអនាគត ខ្ញុំសង្ឃឹមថា នឹងយកកូនខ្មែរមកចិញ្ចឹមដែរ ពីព្រោះខ្ញុំស្រលាញ់បទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់ផ្ទាល់ក្នុងនាមជាកូនចិញ្ចឹមម្នាក់ ហើយខ្ញុំចង់មានលទ្ធភាពផ្ដល់ការស្រលាញ់នេះ ដល់ក្មេងដទៃដែរ»។
កញ្ញា Devin Porter ដែលត្រូវជាបងស្រីបង្កើតរបស់គន្ធា ហើយដែលត្រូវក្រុមគ្រួសារអាមេរិកាំង យកមកចិញ្ចឹមដែរនោះ ក៏ថ្លែងដែរថា៖
«គ្រួសារអាមេរិកាំងទាំងនេះ ចង់ជួយអ្នកដទៃ។ ហេតុអ្វី ក៏យើងរារាំងគេ មិនឲ្យធ្វើដូច្នេះ? ខ្ញុំស្រងាកចិត្តខ្លាំងមែនទែន។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាល និងពិនិត្យមើលឡើងវិញ ហើយអាចបើកការសុំកូនចិញ្ចឹមនេះឡើងវិញ ពីព្រោះ ដូចប្អូនស្រីខ្ញុំនិយាយអញ្ចឹង ខ្ញុំក៏ចង់យកកូនខ្មែរ មកចិញ្ចឹម និងនាំសមាជិកក្រុមគ្រួសារខ្ញុំថែមទៀត មកអាមេរិកដែរ»។
ប្រទេសកម្ពុជា បានឆ្លងកាត់សង្គ្រាមក្នុងស្រុករយៈពេលជិត៣ទសវត្សរ៍ ជាពិសេសក្នុងរបបខ្មែរក្រហមនៅចុងអំឡុងទសវត្សរ៍១៩៧០ ដែលនៅពេលនោះ ពលរដ្ឋប្រមាណ១.៧លាននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារការកាប់សម្លាប់ ការបង្ខំឲ្យធ្វើការហួសកម្លាំងនិងការបង្អត់អាហារជាដើម។ សោកនាដកម្មដ៏សែនរន្ធត់នេះ បានបន្សល់ទុកនូវស្ត្រីមេម៉ាយ និងក្មេងកំព្រាជាច្រើន។
យោងតាមមន្ត្រីរដ្ឋាភិបាលកម្ពុជា កុមារកំព្រាជិត៤០០០នាក់ ត្រូវបានសុំយកទៅចិញ្ចឹមនៅបរទេស ពិសេសនៅសហរដ្ឋអាមេរិក បារាំង អង់គ្លេសនិងប្រទេសអ៊ីតាលី នៅចន្លោះឆ្នាំ១៩៨៧ ដល់២០០៩។
ចាប់ពីឆ្នាំ២០០៩មក ប្រទេសកម្ពុជា បានសម្រេចចិត្តព្យួរកម្មវិធីសុំកូនចិញ្ចឹមឆ្លងប្រទេស ដោយអះអាងថា ការសុំកូនចិញ្ចឹមខ្លះ មិនបានធ្វើឡើងតាមគោលការណ៍មនុស្សធម៌នោះទេ តែបែរជាត្រូវបានប្រើប្រាស់ ក្នុងគោលដៅកេងប្រវ័ញ្ចឬជួញដូរទៅវិញ។
មន្ត្រីសហរដ្ឋអាមេរិក និយាយថា ទោះបីជាកម្ពុជា បានពង្រឹងប្រព័ន្ធថែទាំសុខុមាលភាពកុមាររបស់ខ្លួន និងធ្វើឲ្យប្រសើរនូវដំណើរការសុំកូនចិញ្ចឹមឆ្លងប្រទេសរបស់ខ្លួនក៏ដោយ ក៏ប្រទេសនេះ នៅមិនទាន់មានការអនុវត្តឲ្យបានពេញលេញតាមដំណើរការនៃសន្ធិសញ្ញាសុំកូនចិញ្ចឹមក្រុងឡាអេ (Hague Adoption Convention )នៅឡើយទេ។
មានកុមារចំនួន២៣៥៥នាក់ពីប្រទេសកម្ពុជា ត្រូវបានក្រុមគ្រួសារអាមេរិកាំង សុំយកមកចិញ្ចឹមចាប់តាំងពីឆ្នាំ១៩៩៩មក។ ប៉ុន្តែ នៅឆ្នាំ២០០១ សហរដ្ឋអាមេរិក បានផ្អាកការសុំកូនចិញ្ចឹមពីប្រទេសកម្ពុជា ក្រោយពីមានរបាយការណ៍អំពីការជួញដូរកូនក្មេងនៅតាមមណ្ឌលកុមារកំព្រាមួយចំនួនក្នុងប្រទេសកម្ពុជា។
កុមារដែលគេសុំយកទៅចិញ្ចឹមមួយចំនួន ត្រូវបានគេជឿថា មិនមែនជាក្មេងកំព្រាពិតប្រាកដទេ ដោយសារពួកគេ នៅមានឪពុកម្ដាយ ឬក្រុមគ្រួសារនៅមានជីវិតរស់នៅក្នុងប្រទេសកម្ពុជានៅឡើយ។
ប៉ុន្តែ ពលរដ្ឋពលរដ្ឋអាមេរិកាំង ដែលចង់បានកូនចិញ្ចឹមពីប្រទេសកម្ពុជាដូចជាអ្នកនាង Jerri Israel និយាយថា ការណ៍នេះ មិនមែនជារឿងអ្វីខុសទាស់នោះទេ។
«ទោះបីជាក្មេងទាំងនេះ មិនមែនជាកូនកំព្រាពិតប្រាកដក៏ដោយ ប៉ុន្តែ គ្រួសាររបស់ពួកគេ ក្រីក្រណាស់ ដូច្នេះ តើវាខុសទាល់ស្អីទៅ ក្នុងការផ្ដល់ឲ្យក្មេងនេះនូវជីវិតមួយដែលល្អប្រសើរជាងនេះ? ខ្ញុំមិនចង់និយាយថា ជីវិតរស់នៅក្នុងប្រទេសកម្ពុជា មិនស្រស់បំព្រងនោះទេ ប៉ុន្តែវាមានលក្ខណៈលំបាកលំបិននៅទីនោះ។ ជីវភាពរស់នៅ មានការលំបាក ព្រោះខ្ញុំធ្លាប់ទៅដល់ទីនោះផ្ទាល់»។
អ្នកនាង Jerri Israel បន្ថែមថា៖
«នៅមានក្មេងជាច្រើនទៀត ដែលត្រូវការការថ្នាក់ថ្នម»។
ការបារម្ភមួយទៀតអំពីការសុំកូនចិញ្ចឹមនេះ គឺថាក្មេងខ្លះ ត្រូវគេយកទៅធ្វើបាបនៅក្នុងប្រទេសដែលយកពួកគេទៅចិញ្ចឹមនោះ។
ប៉ុន្តែ លោក សុង អៀរ ពលរដ្ឋខ្មែរអាមេរិកាំង ដែលបានមករស់នៅក្នុងរដ្ឋខូឡូរ៉ាដូអស់ជាច្រើនឆ្នាំមកហើយនេះ មិនជឿបែបនេះទេ។ ជាអ្នកស្ម័គ្រចិត្តម្នាក់ ដែលបានចូលរួមក្នុងកម្មវិធីបោះជំរំមរតកខ្មែរអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ លោក សុង អៀរ ថ្លែងថា លោក មិនដែលឃើញឪពុកម្ដាយអាមេរិកាំង ធ្វើបាបកូនចិញ្ចឹមរបស់ពួកគេទេ។
«អូហ៍ អាគាំង គេយកកូនខ្មែរមក គេថែទាំ គេស្រលាញ់កូនគេណាស់បង។ គេមិនមែនយកមកធ្វើបាបទេ អត់ទេ។ ខ្ញុំអត់ឃើញអញ្ចឹងទេ ព្រោះខ្ញុំមកនេះ ជាង១០ឆ្នាំហើយ ខ្ញុំឃើញពួកគេ គេថែទាំកូនគេណាស់ កូនចិញ្ចឹមក៏ដោយ។ ខ្លះគេមានកូនសាសន៍របស់គេហើយហ្នឹង គេនៅយកកូនចិញ្ចឹមមករាប់គ្នាដូចបងប្អូនអញ្ចឹង ទោះស្បែកខុសគ្នាក៏ដោយ ក៏គេចាត់ទុកដូចបងប្អូនដែរ»។
អ្នកស្រី Susan Borst ម្ដាយចិញ្ចឹមរបស់ Khuntia Porter និងDevin Porter មានប្រសាសន៍ថា៖
«មានឪពុកម្ដាយជាច្រើនទៀត ដូចគ្រួសាររបស់យើងដែរ។ ពួកយើងគឺជាក្រុមគ្រួសារខ្មែរអាមេរិកាំង។ ខ្ញុំមិនមែនជាជនស្បែកសរ ដែលមានកូនខ្មែរនោះទេ គឺពួកយើង ជាក្រុមគ្រួសារខ្មែរអាមេរិកាំង»។
អ្នកស្រី ផល សូដានី អ្នកស្ម័គ្រចិត្តខ្មែរអាមេរិកាំងម្នាក់ទៀតក្នុងកម្មវិធីបោះជំរំមរតកខ្មែរនេះ បានប្រសាសន៍ថា៖
«ខ្ញុំដឹងថាជនជាតិអាមេរិកាំងនៅប្រទេសនេះ គាត់ចង់បានកូនខ្មែរយើងច្រើនណាស់យកមកចិញ្ចឹម ប៉ុន្តែពួកយើងទាំងអស់គ្នា ត្រូវការបើកចំហឲ្យដឹងចិត្តទាំងអស់គ្នា ថាតើយើងយកកូនគេមកចិញ្ចឹមដោយពិតប្រាកដ ដោយស្មោះត្រង់ ហើយអ្នកនៅខាងនោះ ខ្ញុំជឿថា គាត់ក៏សប្បាយចិត្តក្នុងកាបន្តការបើកទ្វារឲ្យយកកូនមកចិញ្ចឹមទៀតដែរ»។
អ្នកស្រី Kimberly Lanegran គឺជាសាស្ត្រាចារ្យជំនួយម្នាក់នៅមហាវិទ្យាល័យCoe College នៃរដ្ឋ Iowa ។ អ្នកស្រី ក៏មានកូនចិញ្ចឹមពីរនាក់ដែរ គឺម្នាក់មកពីប្រទេសចិន និងម្នាក់ទៀតមកពីប្រទេសកម្ពុជា។
«រឿងនេះ ស្មុគស្មាញខ្លាំងណាស់។ រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ចង់បានការបញ្ជាក់ឲ្យប្រាកដថា កូនរបស់ពួកគេ ពិតជាទទួលបានការថែទាំពិតប្រាកដ ដូច្នេះ ពួកគេ ចង់ធ្វើឲ្យប្រាកដថា ឪពុកម្ដាយអាមេរិកាំង នឹងថែទាំកូនខ្មែរទាំងនេះ។ ចំណែករដ្ឋាភិបាលអាមេរិក និងពលរដ្ឋអាមេរិកវិញ យើងមិនចង់យកកូនចិញ្ចឹមដែលគេលួចពីក្រុមគ្រួសារដែលចង់ចិញ្ចឹមក្មេងនោះទេ ដូច្នេះ នេះជារឿងមួយដែលមិនដាច់ស្រេចឡើយ»។
អ្នកស្រី Kimberly Lanegran ដែលបាននាំកូនចិញ្ចឹមទាំងពីរមកចូលរួមកម្មវិធីបោះជំរំមរតកខ្មែរលើកចុងក្រោយនេះដែរ បន្ថែមថា៖
«ប៉ុន្តែ ខ្ញុំគិតថាគួរតែមានច្បាប់អន្តរជាតិដែលច្បាស់លាស់និងប្រយ័ត្នប្រយែងជាងនេះ ក្នុងការកំណត់ការសុំកូនចិញ្ចឹមជាលក្ខណៈអន្តរជាតិ»។
អ្នកស្រី Pam Sweetser គឺជានាយកប្រតិបត្តិនៃកម្មវិធីបោះជំរំសម្រាប់ក្រុមគ្រួសារដែលមានកូនចិញ្ចឹមមកពីប្រទេសផ្សេងៗ រួមទាំងកម្ពុជាផងនោះ ថ្លែងថា វាគួរឲ្យសោកស្ដាយណាស់ ដែលកម្មវិធីបោះជំរំមរតកខ្មែរ នឹងលែងមានតទៅទៀតចាប់ពីឆ្នាំក្រោយនេះទៅ ដោយសារតែមិនមានកូនចិញ្ចឹមខ្មែរថ្មីៗមកទៀតនេះ។
«វាគួរឲ្យសោកសៅណាស់ ប៉ុន្តែ ខ្ញុំគិតថាក្មេងៗ ដែលបានមកទីនេះហើយ ខ្ញុំសប្បាយចិត្ត ដែលមានកន្លែងមួយនេះ សម្រាប់ពួកគេ»។
កញ្ញា Khuntia Porter និយាយថា នាងសង្ឃឹមថា នៅថ្ងៃណាមួយ នាងនឹងមានឱកាសអាចយកកូនខ្មែរណាម្នាក់ មកចិញ្ចឹមនៅអាមេរិកនេះ ដូចជារូបនាងបានឆ្លងកាត់ដោយខ្លួនឯងផ្ទាល់ដែរ។
«ប្រសិនបើមានឱកាស ខ្ញុំស្រលាញ់គំនិតមួយថា យើងអាចសុំកូនចិញ្ចឹម ហើយជួយក្មេងនោះ ដូចដែលខ្ញុំមានបទពិសោធន៍ខ្លួនឯងស្រាប់»។
យ៉ាងណាក៏ដោយ ផលិតករទូរទស្សន៍ដែលជាជនជាតិជប៉ុន គឺលោកNoriyasu Tani ដែលមានភរិយាជាជនជាតិអាមេរិកាំងនិងកូនចិញ្ចឹមពីរនាក់ ជាជនជាតិខ្មែរនោះ មានប្រសាសន៍ថា លោកសង្ឃឹមថា នឹងមានការបន្តកម្មវិធីសុំកូនចិញ្ចឹមពីកម្ពុជាមកអាមេរិកឡើងវិញនៅពេលណាមួយមិនខាន។
លោក Noriyasu Tani ថ្លែងថា៖
«ការសុំកូនចិញ្ចឹម គឺដូចជាស្ថានភាពឈ្នះ-ឈ្នះទាំងសងខាង។ អ្នកដឹងទេ? ក្មេងៗ ត្រូវការពំនឹង ហើយឪពុកម្ដាយដូចជាពួកយើងនេះ ត្រូវការកូន ដើម្បីបង្កើតគ្រួសារដូចគេដែរ»។
វាអាចជាស្ថានភាពឈ្នះ-ឈ្នះទាំងសងខាងសម្រាប់លោកNoriyasu Tani ប៉ុន្តែ គ្មាននរណាដឹងទេថាតើសហរដ្ឋអាមេរិកនិងកម្ពុជា នឹងអាចឈានដល់ការព្រមព្រៀងគ្នា ដើម្បីបើកកម្មវិធីសុំកូនចិញ្ចឹមរវាងសហរដ្ឋអាមេរិកនិងកម្ពុជានេះឡើងវិញដែរឬអត់។បើយោងតាមក្រសួងការបរទេសអាមេរិក មន្ត្រី នៃប្រទេសទាំងពីរ កំពុងបន្តចរចាគ្នាលើបញ្ហានេះនៅឡើយ៕