ក្រុមជនសង្ស័យក្នុងសំណុំរឿងបន្ថែម០០៣ និង០០៤នៅតែតាំងចិត្តថា ខ្លួននឹងមិនធ្វើ តាមដីការកោះហៅរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិក្នុងដំណើរការនីតិវិធីទេ។ លោក សុខ ខេមរា នៃវីអូអេបានចុះទៅយកព័ត៌មានក្នុងប្រទេសកម្ពុជា បានជួបជាមួយជនសង្ស័យជាច្រើនកាលពីសប្តាហ៍កន្លងទៅ ហើយពួកគេតាំងចិត្តថា នឹងមិនមកកាន់តុលាការទេ ក្នុងពេលដែលគេដឹងថា គ្មានកិច្ចសហការពីភាគីកម្ពុជាទាក់ទងនឹងការនាំខ្លួនជនសង្ស័យទាំងនោះ។
ក្រុមជនសង្ស័យនៃសំណុំរឿង០០៣ និង០០៤ ដែលរដ្ឋាភិបាលធ្លាប់រារាំងមិនឲ្យ ដំណើរការទៅមុខនោះ នៅតែបន្តប្រឆាំងនឹងដំណើរការនីតិវិធីរបស់សហចៅក្រមអន្តរជាតិ ដែលចង់នាំខ្លួនពួកគេមកកាន់តុលាការនោះ ទោះជាមានដីការកោះហៅ ហើយតម្រូវឲ្យមានការនាំខ្លួនមកបំភ្លឺអំពីឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរក្នុងទសវត្សរ៍១៩៧០ ដែលត្រូវចោទប្រកាន់ដោយសហព្រះរាជអាជ្ញានោះក្តី។
សហចៅក្រមស៊ើបអង្កេតអន្តរជាតិគឺលោក ម៉ាក ហាម៉ុន បានព្យាយាមបញ្ចប់សំណុំ រឿង០០៣ និង០០៤ ដែលមានជនសង្ស័យ៤នាក់ជាអតីតកម្មាភិបាលខ្មែរក្រហម ដែលត្រូវចោទប្រកាន់ថា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឬត្រូវសង្ស័យថា ពាក់ព័ន្ធនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ ក្នុងពេលពួកគេធ្វើជាមេបញ្ជាការកងទ័ព ជាគណៈស្រុក និងគណៈតំបន់ជាដើម។
ជនសង្ស័យទាំងនោះត្រូវគេដឹងថា មានលោក អោ អាន ឬ តា អាន អ្នកស្រី អ៊ឹម ចែម លោក យឹម ទិត នៃសំណុំរឿង០០៤ ហើយនឹងលោក មាស មុត នៃសំណុំរឿង០០៣។ តែក្រៅពីលោក យឹម ទិត ដែលមិនផ្តល់កិច្ចសម្ភាសន៍ជាមួយវីអូអេនោះ ជនសង្ស័យបីរូបបានបដិសេធការចោទប្រកាន់របស់តុលាការ ដោយនិយាយថា ពួកគេគ្មានពាក់ព័ន្ធនឹងការកាប់សម្លាប់រង្គាលនោះទេ។
ដោយផ្អែកតាមការបដិសេធរបស់ខ្លួន ក្រុមកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាលដែលជាប់ក្នុងបញ្ជីចោទប្រកាន់របស់តុលាការកាត់ទោសខ្មែរក្រហម បានច្រានចោលដីការ និងការកោះហៅរបស់សហចៅក្រមបរទេស ដែលចង់ឲ្យជនសង្ស័យទៅកាន់តុលាការ ហើយតតាំងតាមផ្លូវច្បាប់។
ពួកគេធ្វើដូច្នេះដោយសំអាងថា កន្លងមករដ្ឋាភិបាលធ្លាប់រារាំងមិនឲ្យមានការបន្តសំណុំរឿងផ្សេងក្រៅពីសំណុំរឿង០០២ ដែលមានមេដឹកនាំកំពូលពីរនាក់របស់ខ្មែរក្រហមគឺ នួន ជា បងធំទី២ និង ខៀវ សំផន ប្រមុខរដ្ឋ និងការដែលគ្មានកិច្ចសហការពីសហចៅក្រមជាតិផងនោះ។
ថ្លែងប្រាប់វីអូអេកាលពីសប្តាហ៍ទី២នៃខែសីហា នៅឯគេហដ្ឋានរបស់អ្នកស្រីក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ អ្នកស្រី អ៊ឹម ចែម អតីតគណៈស្រុកព្រះនេត្រព្រះ សម័យខ្មែរក្រហម បានអះអាងថា អ្នកស្រីមិនបានប្រព្រឹត្តកំហុស ដែលត្រូវមកតតាំងនៅតុលាការនោះទេ។
«ខ្ញុំអត់មានតតាំងទាំងអស់។ ខ្ញុំប្រាប់ក្មួយឯង ខ្ញុំសាងតែខ្លួនខ្ញុំទៅមុខទៀតតាម ផ្លូវធម៌អាថ៌ ព្រះពុទ្ធសាសនាតែប៉ុណ្ណឹង»។
នៅពេលសួរថា បើមិនធ្វើតាមតុលាការ ហើយបើមានការចាប់ខ្លួន តើអ្នកស្រីគិតយ៉ាងម៉េចនោះ អ្នកស្រី អ៊ឹម ចែម បានថ្លែងថា៖
«មកចាប់លុះត្រាណាតែខ្ញុំមានកំហុស ខ្ញុំខុសអ្វីមួយ។ បើខ្ញុំអត់ខុស មកចាប់ខ្ញុំម៉េច? អញ្ចឹងរំលោភសិទ្ធិមនុស្សទៀតហើយ»។
អ្នកស្រីបានចាត់ទុកថា ការចោទប្រកាន់របស់តុលាការជារឿងមិនត្រឹមត្រូវ ដែលធ្វើឲ្យអ្នកស្រីមិនសហការជាមួយនឹងលោក ម៉ាក ហាម៉ុន ដែលបានមកកាន់គេហដ្ឋានរបស់អ្នកស្រីកាលពីដើមឆ្នាំនេះ ហើយបានអានដីការឲ្យអ្នកស្រីស្តាប់នោះ។
«ចោទទទេៗ! ខ្ញុំថា «លោកអញ្ជើញទៅវិញចុះ ទៅសួរមេធាវីខ្ញុំនៅតុលាការ»។ ខ្ញុំ និយាយបីម៉ាតប៉ុណ្ណឹង ហើយឲ្យខ្ញុំផ្តិតមេដៃ ខ្ញុំម៉េចនឹងផ្តិត! ខ្ញុំផ្តិតអីខ្ញុំ ខ្ញុំអត់មាន រឿងអីត្រូវផ្តិតមេដៃផង (អស់សំណើច) រួចតុលាការក៏ខ្ញុំអត់ទៅ»។
លោក មាស មុត អតីតមេបញ្ជាការយោធាជើងទឹកសម័យខ្មែរក្រហម បានទទួលដីការដូចគ្នាដែរពីលោក ម៉ាក ហាម៉ុន តែលោកអះអាងថា បើស្ថានភាពចាំបាច់តម្រូវឲ្យលោកទៅតុលាការ លោកនឹងតតាំងនៅឯតុលាការ។
ក្នុងជំនួបដ៏កម្រមួយជាមួយវីអូអេកាលពីសប្តាហ៍ទី២នៃខែសីហា នៅគេហដ្ឋានរបស់លោកនៅក្នុងឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង លោក មាស មុត បានបញ្ជាក់ថា លោកមិនចង់ធ្វើអត្ថាធិប្បាយអ្វីទៀតទេ។ ហើយនៅពីមុខផ្ទះរបស់លោកវិញ មានការធ្វើរបងដែក ក្លោងទ្វារខ្ពស់ បិទជិត ហើយបានដាក់បំរាមជាភាសាអង់គ្លេសនៅក្រៅរបងថា «Do Not Disturb» ឬមានន័យជាភាសាខ្មែរថា «សូមកុំរំខាន» ដែលលោក មាស មុត បានប្រាប់វីអូអេថា កូនរបស់លោកជាអ្នកសរសេរស្លាកនោះ។
ភរិយារបស់លោកបានអះអាងថា អ្នកស្រីមិនបានអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ជួបសម្ភាសលោក មាស មុត ទេ ប៉ុន្មានខែថ្មីៗនេះ។
លោក យឹម ទិត អតីតកម្មាភិបាលខ្មែរក្រហមទទួលបន្ទុកភូមិភាគពាយព្យប្រទេស ហើយជាជនសង្ស័យក្នុងសំណុំរឿង០០៤ បានបដិសេធមិនផ្តល់កិច្ចសម្ភាសន៍ជាមួយវីអូអេទេ។ អ្នកស្រុកនៅជិតខាងបានអះអាងថា លោកមានបញ្ហាសុខភាព ត្រចៀក ស្តាប់មិនសូវឮ ហើយភ្លេចភ្លាំង។
ថ្លែងប្រាប់វីអូអេកាលពីសប្តាហ៍មុន នៅឯស្រុកកំរៀង ខេត្តបាត់ដំបង លោក អោ អាន ឬ តា អាន អាយុ៨៣ឆ្នាំ ជាជនសង្ស័យក្នុងសំណុំរឿង០០៤ ក៏បានអះអាងដែរថា លោកក៏មិនបារម្ភនឹងតុលាការដែរ ដោយលោកថា តុលាការគួរសួរមេធាវីរបស់លោក ជាជាងសួរលោកផ្ទាល់។
«អត់ភ័យ! និងមូលហេតុអី ដែលខ្ញុំអត់ភ័យហ្នឹង! ខ្ញុំស្គាល់ខ្លួនខ្ញុំច្បាស់...អំពើប្រព្រឹត្តទាំងឡាយណា មិនដែលនរណាហើយមិនដឹង។ វាមិនមាន! ចុះបើខ្ញុំអត់ បានធ្វើអី រួចខ្ញុំព្រួយអីនឹងនរក? ខ្ញុំអត់ព្រួយទេ»។
លោកថ្លែងថា លោកគ្មានអ្វីពាក់ព័ន្ធដូចការចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទេ។ លោកថា លោកបានរៀបកូនស្រីរបស់លោកឲ្យមានគូស្រករហើយ ក្រោយពីភរិយារបស់លោកបានទទួលមរណភាពទៅ។ ដូច្នេះ លោកគ្មានការបារម្ភទៀតទេ ហើយបច្ចុប្បន្ននេះលោកទៅវត្តធ្វើបុណ្យតាមព្រះពុទ្ធសាសនា។
«ឥឡូវការចោទប្រកាន់ប៉ុណ្ណា ចង់យកទៅធ្វើអីយកទៅ! ព្រោះខ្ញុំមានបង្អែករបស់ខ្ញុំហើយ។ យើងខ្លាចណាស់ផ្លូវនរក។ មនុស្សម្នាក់ៗខ្លាចណាស់រឿងនរក។ តែខ្ញុំអត់ធ្លាក់ទេ! ហើយមិនមែនឥឡូវឯណា ដែលខ្ញុំជឿសាសនា គឺតាំងពីសម័យដើម»។
លោកបន្ថែមថា លោកបានចូលធ្វើសមាហរណកម្មជាមួយនឹងរដ្ឋាភិបាលហើយ គឺលោករស់ក្រោមការពឹងពាក់លើរដ្ឋាភិបាល ហើយបើគេថា មិនឲ្យមានទោស ក៏សារទរទៅ។ បើគេថា មានទោសគឺស្រេចតែគេទៅ។
«រួចមកដល់ពេលវេលានេះដែលឯករាជ្យបានប៉ុណ្ណេះមក តាំងពីខ្ញុំសមាហរណកម្ម ហើយ អីហើយ ខ្ញុំអត់ធ្វើនាម៉ឺន នាសែនអីឯណាទៀត តែសួរថា ខ្ញុំស្អប់អស់ លោករាជរដ្ឋាភិបាលទេ? ខ្ញុំអត់ស្អប់ទេ»។
លោក ស្ទីវិន រ៉ប់ (Stephen Rapp) ឯកអគ្គរដ្ឋទូតគោរចរស.រ.អា.ទទួលបន្ទុកឧក្រិដ្ឋ កម្មសង្គ្រាម បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនជនសង្ស័យជាអតីតកម្មាភិបាលខ្មែរក្រហមពីរនាក់ក្នុងសំណុំរឿងបន្ថែម ដែលចៅក្រមបានចោទប្រកាន់នោះ ដើម្បីយកមកកាន់តុលាការបំពេញតាមនីតិវិធីច្បាប់។ លោកទទូចយ៉ាងដូច្នេះ ដោយសារថា រយៈពេលពីរឆ្នាំជាងហើយ ដែលរដ្ឋាភិបាលកម្ពុជាមិនបានសហការក្នុងការចាប់ខ្លួនជនសង្ស័យ ហើយដែលរដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់បដិសេធជាសាធារណៈ។
«រឿងនេះត្រូវបានបង្អាក់ត្រឹមចំណុចនេះ ព្រោះតែភាពអសកម្ម និងការគ្មានឆន្ទៈរបស់រដ្ឋាភិបាល ដើម្បីចាប់ខ្លួនជនទាំងនោះ។ ហើយជាការណ៍ពិត ខ្ញុំជំរុញឲ្យរដ្ឋាភិបាល ចាប់ខ្លួនជនសង្ស័យទាំងនោះ»។
លោកថ្លែងយ៉ាងដូច្នេះ ក្រោយពេលដែលលោកទើបបញ្ចប់ការបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីជួបជាមួយក្រុមមន្ត្រីកម្ពុជា និងមន្ត្រីតុលាការខ្មែរក្រហម។
លោកបានបន្តថា លោកសហចៅក្រមស៊ើបអង្កេតអ.ស.ប. ម៉ាក ហាម៉ុន សញ្ជាតិអាមេរិកាំង ចង់ធ្វើការស៊ើបអង្កេតឲ្យដឹងថា តើពួកគេជាជនគ្មានទោស ឬជាជនជាប់ទោស ហើយជនសង្ស័យដែលកំពុងរស់នៅមានសេរីភាពទាំងនោះ គួរតែស្វែងរកភស្តុតាងមកមកការពារ និងបញ្ជាក់នៅតុលាការថា ពួកគេជាជនស្លូតត្រង់ឬយ៉ាងណា។ ប៉ុន្តែកិច្ចសហការមិនបានកើតមានទេ ក្នុងការនាំខ្លួនជនសង្ស័យបន្ថែមពីរនាក់នោះ។
ទោះជាយ៉ាងណាក៏ដោយ លោកនាយឧត្តមសេនីយ៍ប៉ូលិស ម៉ៅ ច័ន្ទតារា អគ្គស្នងការរងនគរបាលជាតិ និងជានាយកផ្នែកនគរបាលយុត្តិធម៌ប្រចាំសាលាក្តីកាត់ទោសខ្មែរក្រហម បានអះអាងថា ការអនុវត្តដីការមិនមែនថា អាជ្ញាធរមិនធ្វើតាមទេ តែលោកថា មុននឹងធ្វើនោះ អាជ្ញាធរគ្រាន់តែសុំធ្វើការសិក្សាអំពីបញ្ហាទាក់ទិននឹងរឿង ប្រតិកម្មនានារបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងរឿងនេះសិន។ លោកថ្លែងថា៖
«មិនមែនថា យើងមិនចង់ធ្វើទេ តែដូចដឹងស្រាប់ហើយ បើសិនជាការអនុវត្តទៅវាមានផលប៉ះពាល់ច្រើនដល់សង្គមជាតិយើង យើងគ្រាន់តែលើកជាយោបល់ទៅវិញទេ។ អញ្ចឹងវាស្ថិតនៅក្នុងការសិក្សា»។
លោកថា ក្រុមមន្ត្រីកំពុងចុះធ្វើការសិក្សាអំពីរឿងនេះហើយ តែមិនទាន់បានលទ្ធផលនៅឡើយទេ ហើយលោកក៏មិនបានផ្តល់ពេលវេលាជាក់លាក់ថា ពេលណានឹងបញ្ចប់ការស្រាវជ្រាវនោះដែរ។
លោកចៅក្រមសញ្ជាតិអាមេរិកាំង ម៉ាក ហាម៉ុន បានប្រកាសលាឈប់ពីមុខតំណែង កាលពីខែកក្កដា ដោយបញ្ជាក់ជាផ្លូវការ និងជាសាធារណៈថាជាបញ្ហាផ្ទាល់ខ្លួន តែការលាលែងនេះគឺកើតឡើងចំពេលដែលគេដឹងថា គ្មានកិច្ចសហការក្នុងការនាំខ្លួនជនសង្ស័យមកកាន់តុលាការ ក្រោយពីលោកបានព្យាយាមបញ្ចប់រឿងក្តីនៃសំណុំរឿងបន្ថែមនេះ។
ចៅក្រមបរទេសគឺលោក Michael Bohlander ជនជាតិអាល្លឺម៉ង់ និងចៅក្រមបរទេស បំរុងថ្មីឈ្មោះ Maureen Harding Clark ជនជាតិអៀរឡង់ ត្រូវបានតែងតាំងរួច ហើយដើម្បីបន្តកិច្ចការតុលាការ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីកាត់ទោសខ្មែរក្រហម បានអះអាងថា សហចៅក្រមស៊ើបអង្កេតថ្មី ដែលត្រូវបានតែងតាំងនោះបានធ្វើពិធីសម្បថចូលបំពេញកិច្ចការហើយ។
«ហើយកិច្ចការដែលគាត់បន្តធ្វើហ្នឹងគឺទាក់ទងជាមួយនឹងសំណុំរឿងដែលនៅសេសសល់គឺសំណុំរឿង០០៣ និង០០៤ បន្តពីលោកសហចៅក្រម ម៉ាក ហាម៉ុន ដែលបានលាឈប់ពីមុខតំណែង»។
លោកនាយឧត្តមសេនីយ៍ សុខ ភាព អតីតមេបញ្ជាការកងទ័ពខ្មែរក្រហម និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងថា ការកាត់ទោសខ្មែរក្រហមជារឿងសមរម្យហើយ តែលោកមិនគាំទ្រឲ្យមានការកាត់ទោសកម្មាភិបាលថ្នាក់ក្រោមដល់សំណុំរឿង០០៣ និង០០៤ទៀត ក្រៅពីមេដឹកនាំប៉ុន្មាននាក់នោះ ព្រោះ អ្នកនៅក្រោមបង្គាប់គឺស្ថិតនៅក្រោមបញ្ជាពីមេដឹកនាំកំពូលខ្មែរក្រហមដូចជា ប៉ុល ពត នួន ជា និងតាម៉ុក។
«យើងកាត់ទោសតែក្បាលម៉ាស៊ីនប៉ុន្មាននាក់ហ្នឹង វាសមរម្យហើយ។ នេះជាក្បាល ម៉ាស៊ីនដ៏ធំបំផុតដឹកនាំខ្មែរក្រហម បញ្ជា ហើយរឿងអ្នកកម្មាភិបាលខាងក្រោមៗ គ្មានអីដែលត្រូវកាត់តទៅទៀតទេ ព្រោះគ្នាសុទ្ធតែជាអ្នករងគ្រោះដូចតែគ្នា»។
សាលាក្តីខ្មែរក្រហមកំពុងកាត់ទោសសំណុំរឿង០០២ពាក់ព័ន្ធនឹងមេដឹកនាំកំពូលខ្មែរក្រហមពីរនាក់គឺ នួន ជា និងខៀវ សំផន ដែលត្រូវបានចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ឬការកាប់សម្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩៕