ការ​ស្ទង់​មតិ​បង្ហាញ​គម្លាត​ធំ​ខាង​ការ​យល់ឃើញ​របស់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​អំពី​អាមេរិក​និង​ចិន

មនុស្ស​ដើរ​កាត់​ក្លោង​ទ្វារ​ Dragon Gate ខាងត្បូង​នៅ​ Chinatown ក្នុង​ទីក្រុង San Francisco កាលពី​ថ្ងៃទី​២៣ ឧសភា ឆ្នាំ២០២២។

ការ​ស្ទង់មតិ​មួយ​អំពី​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពីថ្ងៃ​ពុធ​ ​បង្ហាញ​ថា​ជាង​៣ភាគ៤​នៃ​អ្នក​ចូលរួម​ពេញចិត្ត​សហរដ្ឋ​អាមេរិក។ មាន​អ្នក​ចូលរួម​តែ​២០​ភាគរយ​ប៉ុណ្ណោះ ពេញ​ចិត្ត​ចិន។

មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​ស្ទង់​មតិ​ពលរដ្ឋ​ពេញ​វ័យ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ជាង​៧​០០០នាក់​រវាង​ខែកក្កដា​ឆ្នាំ​២០២២​និង​ខែមករា​ឆ្នាំ២០២៣ ដោយ​សំណួរ​ផ្តោត​លើ​ទស្សនៈ​អំពី​ប្រទេស​កំណើត​របស់​ពួកគេ​និង​របស់​ជនជាតិ​ផ្សេងៗ​នៅ​អាស៊ី។ អ្នក​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​នេះ​រួម​មាន​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ជប៉ុនកូរ៉េ តៃវ៉ាន់ ហ្វីលីពីន ​វៀតណាម ​ឥណ្ឌា និង​ចិន។

ពេលត្រូវ​បាន​សួរ​អំពី​ប្រទេស​កំណើត​របស់​ពួកគេ​ផ្ទាល់ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ចិន​តែ​៤១​ភាគរយ​ប៉ុណ្ណោះ និយាយ​ថា​ពួកគេ​ពេញ​ចិត្ត​ខ្លាំង​ឬ​ពេញចិត្ត​បង្គួរ​ចំពោះ​ប្រទេស​ចិន។ ក្រុម​ជនជាតិ​ផ្សេងទៀត​ដែល​ត្រូវ​បាន​ស្ទង់​មតិ​ ភាគ​ច្រើន​ពេញ​ចិត្ត​ប្រទេស​កំណើត​របស់​ខ្លួន។

ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​ផ្សេង​ទៀត មាន​តែ​១៤​ភាគ​រយ​ប៉ុណ្ណោះ​និយាយ​ថា​ពួកគេ​ពេញ​ចិត្ត​ចិន។

ការ​ស្ទង់​មតិ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Pew រក​ឃើញ​ថា ពេល​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ចិន​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កាន់តែ​យូរ ពួកគេ​កាន់តែ​មិន​សូវ​ពេញចិត្ត​ចិន។​សម្រាប់​អ្នក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ចាប់​ពី​១០​ឆ្នាំ​ចុះ ៥៦​ភាគរយមាន​ទស្សនៈ​វិជ្ជមាន​ ធៀប​នឹង​៣៨​ភាគរយ សម្រាប់​អ្នក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ចាប់​ពី​២១​ឆ្នាំ​ឡើង​ទៅ។

ពេល​ត្រូវ​បាន​សួរ​ថា​តើ​ពួកគេ​នឹង​វិលត្រឡប់​ទៅ​រស់នៅ​ប្រទេស​កំណើត​ជីដូនជីតា​របស់​ពួកគេ​វិញ​ទេ ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ចិន ជា​ក្រុមតិច​ជាង​គេ​ដោយ​១៦​ភាគរយ​និយាយ​ថា​ពួកគេ​នឹង​ត្រឡប់​ទៅ​វិញ ធៀប​នឹង​២៨​ភាគរយ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ផ្សេងទៀត៕