តុលាការកំពូលដែលជាតុលាការចុងក្រោយគេមិនទាន់បានសម្រេចលើសំណើស្នើសុំឲ្យនៅក្រៅឃុំទាក់ទិននឹងករណីលោក មាជ សុវណ្ណារ៉ា នៅឡើយទេ បើទោះបីជាគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានបញ្ចប់ការពិភាក្សាគ្នាទាក់ទិននឹងសេចក្តីព្រៀងច្បាប់បោះឆ្នោតយ៉ាងណាក៏ដោយ។
មេធាវីការពារក្តីលោក មាជ សុវណ្ណារ៉ា បានចាត់ទុកថាករណីនេះអាស្រ័យទៅលើការសម្រេចចិត្តពីអ្នកនយោបាយមានអំណាចម្នាក់នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះមិនមែនជារឿងរបស់តុលាការទេ។
លោក មាជ សុវណ្ណារ៉ា អាយុ៤៦ឆ្នាំ ប្រធាននាយកដ្ឋានព័ត៌មាននៃគណបក្សសង្គ្រោះជាតិ ត្រូវបានមន្ត្រីយោធាបណ្តើរចេញពីក្នុងរថយន្តមកក្នុងបន្ទប់សវនាការរបស់តុលាការកំពូលដើម្បីសាកសួរពីសំណើស្នើសុំឲ្យនៅក្រៅឃុំក្រោយពីតុលាការក្រុងភ្នំពេញ និងតុលាការសាលាឧទ្ធរណ៍បានបដិសេធ។
បន្ទាប់ពីបានសាកសួរអស់រយៈពេលជិតមួយម៉ោង លោកឃឹម ប៉ុន ប្រធានចៅក្រមជំនុំជម្រះមិនទាន់បានប្រកាសភ្លាមៗទេ។ តែលោកបាននិយាយថា តុលាការនឹងប្រកាសចំពោះរឿងក្តីនេះនៅថ្ងៃទី១១ខាងមុខនេះ។
លោកមាជ សុវណ្ណារ៉ាមានប្រសាសន៍ប្រាប់អ្នកកាសែតថា លោកគ្មានសង្ឃឹមថា នឹងត្រូវបានដោះលែងឲ្យនៅក្រៅឃុំទេ ប្រសិនណាបើគណបក្សទាំងពីរមិនបានចរចាគ្នា ពីព្រោះរឿងក្តីនេះពាក់ព័ន្ធនឹងរឿងនយោបាយ។
លោកនិយាយថា៖ «អត់មានក្តីសង្ឃឹមទេ បើល្គឹកណាគណបក្សទាំងពីរអត់មានការចរចា ពីព្រោះរឿងនេះជារឿងនយោបាយ អញ្ចឹងវាមានសម្ពាធនយោបាយ។ អញ្ចឹងខ្ញុំសង្ឃឹមថា ទាំងលោកហ៊ុន សែន និងលោកសម រង្ស៊ី គុណធម៌នៃអ្នកដឹកនាំ អ្នកទោសឧក្រិដ្ឋគេដោះលែងបាន មុនពេលចូលឆ្នាំ ចុះយើងជាអ្នកនយោបាយមួយធ្វើឲ្យថោកទាប វាពិបាកហើយ»។
លោកមាជ សុវណ្ណារ៉ា កាលពីខែធ្នូកន្លងទៅនេះត្រូវបានសាលាឧទ្ធរណ៍បដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្នជាមួយនឹងលោកអ៊ុក ពេជ្រសំណាងសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ផ្សេងទៀត ដោយតុលាការសាលាឧទ្ធរណ៍បានសំអាងថា តុលាការក្រុងភ្នំពេញបានបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះហើយ ដូច្នេះត្រូវរក្សារឿងក្តីនេះទុកឱ្យតុលាការក្រុងភ្នំពេញបើកសវនាការពេញអង្គសេចក្តីវិញ។
លោកជួង ជូងី មេធាវីការពារក្តីលោកមាជ សុណ្ណារ៉ាមានប្រសាសន៍ថា ការចោទប្រកាន់របស់តុលាការកន្លងមកមិនត្រឹមត្រូវទេ ដោយសារតាមរយៈការសិក្សាសំណុំរឿង អត់មានបទល្មើសកុប្បកម្មណាមួយដូចមានការចោទប្រកាន់កន្លងមកទេ។
លោកបានបញ្ជាក់ថា សំណុំរឿងនេះទាក់ទិននឹងអ្នកមានអំណាចម្នាក់ក្នុងប្រទេសកម្ពុជា។
លោកនិយាយថា៖ «អានេះយើងដឹងទាំងអស់គ្នាហើយថា លោកមាជ សុវណ្ណារ៉ាគាត់ជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ហើយគាត់ក៏ជាបេក្ខជនតំណាងរាស្ត្រ ហើយគាត់ជាសកម្មជនដែលគាត់មានសកម្មភាពសកម្មមែនទែន។ អញ្ចឹងគឺវាប៉ះពាល់ទៅលើគណបក្សដែលមាននិន្នាការនយោបាយមិនត្រូវគ្នាជាមួយនឹងគណបក្សសង្គ្រោះជាតិ»។
លោកមាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សមួយចំនួនផ្សេងទៀតត្រូវបានតុលាការចោទប្រកាន់ថា បានបង្កហិង្សានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤ ដែលបានបណ្តាលឲ្យកងសន្តិសុខដែលត្រូវបានជួលដោយសាលាក្រុងភ្នំពេញប្រមាណជិត៥០នាក់ បានរងរបួស។
សំណុំរឿងរបស់លោកមាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិសរុបប្រមាណ១១នាក់ត្រូវបានតុលាការក្រុងភ្នំពេញបើកសវនាការពេញអង្គសេចក្តីកាលពីដើមខែមករា ក៏ប៉ុន្តែត្រូវបានផ្អាកទៅវិញដោយសារតែក្រុមមេធាវីការពារក្តីបានដើរចេញពីបន្ទប់សវនា ក្រោយពេលលោកចៅក្រមតាំង ស៊ុនឡាយមិនអនុញ្ញាតឲ្យអ្នកតំណាងរាស្ត្រមួយចំនួនចូលស្តាប់ក្នុងបន្ទប់សវនាការ។
តុលាការក្រុងភ្នំពេញមិនទាន់បានកំណត់ថា សវនាការចំពោះសំណុំរឿងនេះនឹងបើកឡើងវិញនៅពេលណាទេ៕