លោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ត្រូវបានបញ្ជូនទៅកាន់តុលាការកំពូលនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីបន្តសវនាការលើបណ្តឹងរបស់លោក ដែលសុំនៅក្រៅឃុំបណ្តោះអាសន្ន។
ក្នុងសវនាការនៅតុលាការកំពូលនេះ លោក ហុង សុខហួរ បានស្នើសុំឲ្យអង្គជំនុំជម្រះដែលមានចៅក្រម៥រូប អនុញ្ញាតឲ្យលោកនៅក្រៅឃុំបណ្តោះអាសន្ន។ លោកបានប្រាប់អង្គសវនាការថា លោកមានជំងឺក្រពះ លើសឈាម និងផ្តាសាយ។ ក្រៅពីនោះលោកស្នើតម្កល់ប្រាក់ ២០លានរៀលស្មើនឹង៥ពាន់ដុល្លារ និងតម្កល់លិខិតឆ្លងដែនរបស់លោកទាំងពីរ គឺលិខិតឆ្លងដែនបារាំង និងលិខិតឆ្លងដែនខ្មែរ។
ក្រោយសវនាការជាងមួយម៉ោងនោះ ក្រុមប្រឹក្សាជំនុំជម្រះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ ជាប្រធានតុលាការកំពូល បានប្រកាសថា តុលាការជាន់ខ្ពស់នេះនឹងចេញសាលក្រមនៅថ្ងៃទី៤ ខែមីនាខាងមុខនេះ។
លោក ជួង ជូងី បានប្រាប់ VOA ថា តាមផ្លូវច្បាប់ តុលាការគួរតែអនុញ្ញាតឲ្យលោក ហុង សុខហួរ នៅក្រៅឃុំ ព្រោះគាត់ជាសមាជិកព្រឹទ្ធសភាមានលំនៅដ្ឋានច្បាស់លាស់។
«គាត់ក៏មិនទាន់មានឯកសារណាថា ព្រឹទ្ធសភាដកអភ័យឯកសិទ្ធិគាត់ទេ។ អញ្ចឹងក្នុងន័យថា គាត់នៅតែជាសមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិនៅឡើយ។ ហើយតុលាការក៏មិនទាន់រកឃើញកំហុសគាត់នៅឡើយដែរ»។
លោកជួង ជូងី បន្ថែមថា តុលាការបានឃុំខ្លួនលោក ហុង សុខហួរ ជាងកន្លះឆ្នាំ ដោយមិនទាន់រកឃើញកំហុសអ្វីទេ។
ទោះជាយ៉ាងណាក្តី ក្នុងសវនាការនៅថ្ងៃសុក្រនេះ លោក នៅ មុនីជោត តំណាងមហាអយ្យការនៅតែបន្តដាក់បន្ទុកលោកសមាជិកព្រឹទ្ធសភារូបនេះ ដោយលើកហេតុផលថា ជាបទល្មើសធ្ងន់ធ្ងរប៉ះពាល់សន្តិសុខជាតិ។
អ្នកយកព័ត៌មានចាំរង់ចាំសម្ភាសចៅក្រម និងតំណាងមហាអយ្យការតែគ្មានឱកាស។
ក្រោយសវនាការ លោក ហុង សុខហួរ មិនមានឱកាសឆ្លើយនឹងសំណួររបស់អ្នកយកព័ត៌មានទេ ព្រោះអនុរក្សពន្ធនាគារបាននាំលោកជាបន្ទាន់ឡើងរថយន្តទៅមន្ទីរឃុំឃាំងវិញ។
«ដាក់ពាក្យសុំនៅក្រៅឃុំមកតុលាការកំពូល....មិនទាន់ដឹងលទ្ធផលទេ»។
កាលពីថ្ងៃទី៤ ខែវិច្ឆិកា សាលាឧទ្ធរណ៍បានបដិសេធសំណើរបស់សមាជិកព្រឹទ្ធសភារូបនេះសុំស្ថិតនៅក្រៅឃុំ។
ការចាប់ខ្លួនលោក ហុង សុខហួរ ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ ក្រោយពីមានបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ឲ្យសមត្ថកិច្ចចាប់ខ្លួនសមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិនេះ។ លោក ហ៊ុន សែន បានព្រមានថា នេះជាបទល្មើសជាក់ស្តែងដែលត្រូវចាប់ខ្លួនជាបន្ទាន់ ហើយស្ថានទូតនានាអត់ត្រូវលូកលាន់ទេ។ នេះជាទោសក្បត់ជាតិ។
លោក ហុង សុខហួរ ត្រូវចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ រួចយកឯកសារក្លែងនេះទៅបង្ហោះក្នុងហ្វេសប៊ុករបស់លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់លោក សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានប្រាប់ VOA ថា បើតាមផ្លូវច្បាប់ ហើយបើករណីហ្នឹងមិនពាក់ព័ន្ធរឿងនយោបាយនោះ លោកហុង សុខហួរ មិនត្រូវជាប់ឃុំឃាំងទេ ដោយយោងតាមលក្ខខណ្ឌធានានៅក្រៅឃុំ។
«អញ្ចឹង បញ្ហានេះ បើសិនជាមិនអាចដោះស្រាយបញ្ហានយោបាយត្រូវរ៉ូវគ្នានោះទេ។ មិនថា តែឯកឧត្តម ហុង សុខហួរ ទេ។ អ្នកដែល១៤នាក់ផ្សេងទៀតនោះ ក៏មិនអាចរួចផុតពីពន្ធនាគារដែរ»។
ដោយសារស្ថានភាពនយោបាយពេលបច្ចុប្បន្នមិនមានការប្រឈមមុខគ្នា លោក អំ សំអាត មានសុទិដ្ឋិនិយមថា នៅពេលអ្នកនយោបាយទោរទន់ទៅរកគ្នានោះ ទាំងលោក ហុង សុខហួរ ហើយនឹងមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ១៤នាក់ទៀតក៏អាចរួចពីការឃុំឃាំងដែរ៕