តុលាការ​កំពូល​ច្រាន​ចោល​បណ្តឹង​សុំ​ធ្វើ​មោឃកម្ម​​របស់​អតីត​អ្នក​កាសែត​​អាស៊ី​សេរី

លោក​យៀង សុធារិន​ អតីតអ្នកកាសែត​របស់​វិទ្យុអាស៊ីសេរី​ ចាកចេញ​ពី​តុលាការ​កំពូល​កាលពីថ្ងៃ​ទី ១៧ ខែកញ្ញា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី/VOA)

លោក​យាង សុធារិន និង​លោក​អ៊ួន ឈិន​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ​និង​ចោទ​ប្រកាន់​តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ​ពី​បទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ។

នៅថ្ងៃ​ច័ន្ទនេះ​ ​តុលាការ​កំពូល​ បាន​ច្រាន​ចោល​ការ​ធ្វើ​មោឃភាព​នីតិវិធី​ឃាត់​ខ្លួន​អតីត​អ្នក​កាសែត​របស់​វិទ្យុអាស៊ីសេរី​ពីរ​នាក់​ ​ដោយ​តុលាការអះអាង​ថា​ ការ​ប្តឹង​សារទុក្ខ​ប្រឆាំង​នឹង​នីតិវិធី​ឃាត់​ខ្លួន​នេះ​ ​មិន​អាច​ទទួល​យក​បានទេ​ ​បើ​ពិនិត្យ​ទៅលើ​ក្រម​នៃ​នីតិវិធី​ព្រហ្មទណ្ឌ។​ ​នេះបើ​យោង​តាម​ការ​បញ្ជាក់​របស់​អតីត​អ្នក​កាសែត​មួយរូប​របស់​វិទ្យុអាស៊ីសេរី​ និង​មន្ត្រី​នាំពាក្យ​របស់​តុលាការ​កំពូល។​

ក្រោយ​ពេល​ចាក​ចេញពី​តុលាការ​កំពូល​ លោកយៀង សុធារិន​ ប្រាប់​អ្នក​កាសែត​ថា៖​

«ការ​សម្រេច​របស់​តុលាការ​ វាជា​ឆន្ទានុសិទ្ធ​របស់​គាត់​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ជា​អ្នក​ ជា​ដើម​បណ្តឹង​ ហើយ​ដែលប្តឹង​បណ្តឹង​សារទុក្ខ​ ឲ្យ​មោឃកម្ម​នីតិវិធី​ហ្នឹង​ ខ្ញុំ​នៅតែ​មិន​អស់​ចិត្ត​ ចំពោះ​ការ​សម្រេច​របស់​តុលាការ​ ហើយ​ដែល​ខ្ញុំ​មិន​អស់​ចិត្ត​ គ្រាន់តែ​ថា​ មេធាវី​យើង​បាន​ដាក់​ឯកសារ​អំណះ​អំណាង​គ្រប់​គ្រាន់​ អំណះ​អំណាង​ ដែល​យើង​ជឿទុក​ចិត្ត​បាន​ ដែល​ថា​យើង​អាច​ឈ្នះ​ករណី​ហ្នឹង»។​

លោក​យាង សុធារិន និង​លោក​អ៊ួន ឈិន​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ​និង​ចោទ​ប្រកាន់​តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ​ពី​បទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ។ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ទោស​មែន​នោះ​ នោះ​អ្នក​ទាំង​ពីរ​អាច​ត្រូវ​ជាប់​ពន្ធនាគារ​ពី​៧​ដល់​១៥​ឆ្នាំ។​

ការ​ចាប់​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​នាក់​នេះ​ធ្វើ​ឡើង​ ​ក្រោយ​ពី​មាន​យុទ្ធនាការ​បង្ក្រាប​ជា​ទូទៅ​របស់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​ប្រឆាំង ​អង្គការ​សង្គម​ស៊ីវិល ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន​ដែល​មិន​ចំណុះ​រដ្ឋាភិបាល។​

យ៉ាងណា​ក៏ដោយ​ កាល​ពីខែ​សីហា​ ឆ្នាំ​២០១៨​ ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ដោះលែង​លោក​អ៊ួន​ ឈិន​ ​និង​លោក​ ​យាង​ សុធារិន​ ​ឲ្យបាន​ស្ថិត​នៅ​ក្រៅឃុំ​ បន្ទាប់ពី​ត្រូវបាន​ឃុំខ្លួន​អស់​រយៈពេល​ជាង​៩ខែ។​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ មិនបាន​បញ្ជាក់​ហេតុផល​នៃការ​ដោះលែង​អ្នក​ទាំងពីរ​នោះ​ទេ។​

លោកយៀង សុធារិន​ ​បាន​បញ្ជាក់​ថា​ ការ​ដាក់​ឲ្យលោក​ និង​សហការី​លោក​ស្ថិត​ក្រោមការ​ត្រួត​ពិនិត្យ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ បាន​បង្ក​ការ​លំបាក​ជាច្រើន​ ដល់​ការ​ដើរហើរ​ ហើយក៏​គ្មាន​លទ្ធភាព​ទៅ​ទីណា​បាន​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«វាពិបាក​ មិនមែន​ពិបាក​ទាំងខ្ញុំ ពិបាក​ទាំង​កូនៗ​ខ្ញុំ​ ពិបាក​ទាំង​គ្រួសារ​ឥឡូ​វហ្នឹង​ សម្រាប់​យើង​ ដូច​ថា​ វា​នៅ​រវល់​ខ្លួន​ឯង​ រវល់​ទីមួយ​ ត្រូវតែ​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​សមត្ថកិច្ច​ រវល់​ទីពីរ​រឿង​តុលាការ​ហ្នឹង​ទៀត​ ហើយ​យើង​ក៏ចង់​មាន​សេរីភាព​ ហើយៗការ​សិក្សា​រៀនសូត្រ​អី​ ចង់​រៀន​អី​ បន្ត​អីទៀតហ្នឹង ក៏​នៅ​មាន​ការ​ពិបាក​ដែរ​ទីមួយ​សម្រាប់​ខ្លួន​ឯង​ ហើយ​សម្រាប់​គ្រួសារ​វិញ​ សូម្បី​កូនខ្ញុំ​រាល់ថ្ងៃ​ហ្នឹង​ គាត់​អត់​ទាន់​មាន​អារម្មណ៍​ជ្រះស្រឡះ​ដែរ​ កូនខ្ញុំ​អាប្រុសហ្នឹង​ គាត់​សួរ​ថា​តើ​ ប៉ាឯង​មក​ហ្នឹង​ មក ហើយ​ថ្ងៃ​ណាទៅ​វិញ​ បើ​គេ​ចាប់​ទៅវិញ​អីចឹង​ គាត់​នៅមាន​អារម្មណ៍​គិត​ អ៊ីចឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​រៀនសូត្ររបស់​គាត់»។

លោក​យៀង សុធារិន​ បាន​បញ្ជាក់​បន្ថែម​ថា​ លោក​នឹង​ពិភាក្សា​ជាមួយ​មេធាវី​លោក​ ចំពោះ​ជំហាន​បន្ទាប់​ទៀត​ ដើម្បី​ទាមទារ​ឲ្យតុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​មក​លើ​រូបលោក។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​កែវ វ៉ាន្នី​ មេធាវីការ​ពារ​ក្តីលោក​យៀង សុធារិន​ និងលោក​អ៊ួន ឈិន​ តែទូរស័ព្ទ​លោករោទិ៍គ្មានអ្នក​ទទួល។​

អគ្គ​ព្រះ​រាជអាជ្ញា​ លោក​ ​អ៊ុក គឹមសិទ្ធិ​ ​ និង​ជា​អ្នកនាំ​ពាក្យ​តុលាការ​កំពូល​បាន​បញ្ជាក់​ពីហេតុផល​បដិសេធ​មិន​ទទួល​យក​បណ្តឹង​សារទុក្ខ​នេះ​ថា៖ ​

«ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល​ គឺ​គាត់​មិនទទួល​យក​បណ្តឹង​សារទុក្ខ​របស់​មេធាវី​របស់​លោក​អ៊ួន ឈិន​ និង​លោក​យៀង សុធារិន​ ទេ។ គាត់​មិន​ គាត់​មិន​ទទួល​យក​បណ្តឹង​សារទុក្ខ​របស់​មេធាវី​របស់​អ្នក​ទាំងពីរ​នោះ​ទេ។ អាហ្នឹង​គាត់​យោងទៅតាម​ ចំណុច​ទី​បី​ក្នុងកឋាខណ្ឌ​ទីមួយ​ មាត្រា​ ២៧៩​ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ»។​

មាត្រា​២៧៩​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ចែង​ថា​ ​ការ​មិន​ទទួល​យក​ដោយសារ​«ពាក្យ​ប្តឹង​សុំគ្មាន​សំអាង​ហេតុ​ ពាក្យ​ប្តឹង​សុំ​ទាក់​ទង​នឹង​ដីកា​ដែល​អាច​ប្តឹង​ឧទ្ធរណ៍​បាន​ ពាក្យប្តឹង​សុំ​គ្មាន​មួលកភាព​យ៉ាង​ជាក់សែ្តង‍»៕