តុលាការកំពូលបានបើកសវនាការនៅថ្ងៃសុក្រនេះលើបណ្តឹងសារទុក្ខរបស់សកម្មជនបរិស្ថានបីរូបនៃអតីតអង្គការមាតាធម្មជាតិដែលត្រូវបានសាលាដំបូងខេត្តកោះកុងកាត់ទោសឱ្យជាប់ពន្ធនាគារពីបទ«គំរាមកំហែង»និង«ធ្វើឲ្យខូចខាត»ផលប្រយោជន៍ក្រុមហ៊ុនបូមខ្សាច់កាលពីឆ្នាំ២០១៦។
ក្រុមសកម្មជនទាំងបីនាក់មានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ បើកឱកាសឲ្យថ្លែងពីដំណើររឿង ប៉ុន្តែពួកគេមិនបានធ្វើការបកស្រាយពីដំណើររឿងទប់ស្កាត់ការបូមខ្សាច់នោះទេ ដោយបានផ្តល់ពេលវេលាដល់ស្មាក្តីរបស់ពួកគេ រ៉ាយរ៉ាប់ប្រាប់ក្រុមប្រឹក្សាជំនុំជម្រះអំពីរឿងហេតុទាំងអម្បាលម៉ាន ដែលបានធ្វើឲ្យពួកគេជាប់ឃុំរយៈពេល១០ខែនិង១៥ថ្ងៃ។
លោក សំ ចំរើន មេធាវីការពារក្តីអ្នកការពារបរិស្ថានទាំងបី បានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា កូនក្តីលោកទាំងបីមិនបានប្រព្រឹត្តសកម្មភាពឧក្រិដ្ឋ ដែលតម្រូវឲ្យពួកគេជាប់ទោសធ្ងន់យ៉ាងដូច្នោះឡើយ ហើយថា ការកាត់សេចក្តីនៅតុលាការខេត្តកោះកុង គឺមានតែចៅក្រមមួយរូបជាអ្នកធ្វើសេចក្តីសម្រេចចិត្ត ដោយមិនមានការជជែកសួរដេញដោលនៃដំណើររឿងទប់ស្កាត់ការបូមខ្សាច់នោះទេ។
លោក សំ ចំរើន ប្រាប់អង្គសវនាការថា៖
«ការសម្រេចមានចំណុចប្រហោង នៃនីតិវិធី ដែលនាំឲ្យរំលោភសិទ្ធិជនរងគ្រោះ»។
លោកមេធាវីបន្តថា វាជាការមិនត្រឹមត្រូវទេ ដែលអយ្យការបានចោទថា សកម្មភាពកូនក្តីលោក គឺជាការគំរាមកំហែងដោយមានបញ្ជាអ្វីមួយ៖
«តើការគំរាមកំហែងបែបណា? ជនរងគ្រោះត្រូវមានលទ្ធផលបែបណា ហើយបើរងគ្រោះនោះគឺកម្រិតណា»។
លោក សំ ចំរើន បានបន្តអធិប្បាយរបស់លោកថា បើពិនិត្យទៅលើចម្លើយរបស់សាក្សីដែលក្នុងនោះមានលោក អន ភារៈ អតីតអភិបាលស្រុកបូទុមសាគរនោះ គឺលោក អន ភារៈ ក៏មិនបាននិយាយដល់ការគំរាមកំហែង ហើយក៏មិនដឹងថានរណាមួយមានការភ័យខ្លាចនឹងសម្តីរបស់សកម្មជនទាំងបីនោះដែរ។ លោកមេធាវីអះអាងថាសូម្បីលោក ពេជ្រ ស៊ីយ៉ុន ប្រធានមន្ទីររ៉ែនិងឧស្សាហកម្មខេត្តកោះកុងក៏បាននិយាយថា សកម្មជននិងពលរដ្ឋបានត្រឹមស្នើឲ្យសាឡ៉ង់ចេញពីកន្លែងបូមខ្សាច់ប៉ុណ្ណោះ ហើយមិនបានគំរាមកំហែងអ្វីនោះទេ។
នៅក្នុងការថ្លែងបិទបញ្ចប់សេចក្តីអធិប្បាយអំពីហេតុការណ៍ដែលបានកើតឡើងនៅក្នុងព្រឹត្តការណ៍ទប់ស្កាត់ការបូមខ្សាច់កាលពីឆ្នាំ២០១៥នោះ លោកសំ ចំរើន បានលើកឡើងមាត្រាច្បាប់មួយចំនួន និងស្នើសុំឲ្យក្រុមប្រឹក្សាជំនុំជម្រះបដិសេធចោលការកាត់ទោសកូនក្តីទាំងបីរបស់លោកនិងឲ្យពួកគេទាំងបីបានរួចពីបទចោទ។
លោក សំ ចំរើន បានបន្ថែមថា៖«ខ្ញុំបាទយល់ថា សកម្មភាពនេះជាសកម្មភាពមនុស្សធម៌ និងស្រឡាញ់ធនធានធម្មជាតិ»។ លោកបានបន្តថា៖«សកម្មភាពនេះ គ្រាន់តែជាការឈឺឆ្អាលនិងជាសកម្មភាព យកចិត្តទុកដាក់លើផលប៉ះពាល់បរិស្ថាន ដោយខេត្តផ្សេងៗមិនសូវមានការបូមខ្សាច់ តែកោះកុងគឺច្រើនកន្លែង»។
លោកព្រះរាជអាជ្ញា ច័ន្ទ តារារស្មីលើកឡើងថា ជនជាប់ចោទ ប្រើពាក្យសម្តីគំរាមម្ចាស់សាឡ៉ង់ និងគំរាមឲ្យកម្មករចាក់ខ្សាច់ចេញពីសាឡ៉ង់។ លោកព្រះរាជអាជ្ញាអះអាងថា ការបូមខ្សាច់នាពេលនោះ គឺទទួលបានអាជ្ញាបណ្ណពីរដ្ឋាភិបាល ដូច្នេះក្រុមបុគ្គលនិងនីតិបុគ្គលឯកជនណាមួយ គ្មានសិទ្ធិអំណាចទៅឃាត់សកម្មភាពនេះបានទេ។ លោកព្រះរាជអាជ្ញាថ្លែងបន្តក្នុងន័យដើមថា៖
«ជនជាប់ចោទ ទ្រី សុវិគា ស៊ីម សំណាង និងសាន់ ម៉ាឡា ពិតជាបានគំរាមបុគ្គលិកឲ្យបើកសាឡ៉ង់ចេញពីកន្លែងបូមខ្សាច់»។
លោកព្រះរាជអាជ្ញា ច័ន្ទ តារារស្មី បានថ្លែងបញ្ជាក់ថា បើម្ចាស់សាឡ៉ង់មិនធ្វើការចង់បានរបស់ជនជាប់ចោទទាំងបីទេ គឺជនជាប់ចោទនឹងដុតសាឡ៉ង់។
លោកបន្ថែមថា៖ «ទ្រព្យរបស់គេគឺស្របច្បាប់ និងសកម្មភាពរបស់គេ គឺស្របច្បាប់»។ «សម្តីនេះ គំរាមឬអត់?»។
លោកព្រះរាជអាជ្ញា បានថ្លែងការពារក្រុមហ៊ុន Direct Access ដែលទទួលបានសិទ្ធិបូមខ្សាច់ស្របច្បាប់ថា ទង្វើរបស់ជនជាប់ចោទទាំងបី បានធ្វើខូចខាតដល់ការអនុវត្តន៍កុងត្រារបស់ក្រុមហ៊ុន រវាងអ្នកទិញនិងអ្នកលក់ ហើយថាក្រុមហ៊ុនក៏អាចនឹងមានការទាមទារសំណងរដ្ឋប្បវេណីបន្ថែមផងដែរ ចំពោះការខូចខាត តាមរយៈការផ្អាកសកម្មផាពបូមខ្សាច់ ដែលលោកអះអាងថា ក្រុមហ៊ុនត្រូវជួលសាឡ៉ង់សម្រាប់បូមខ្សាច់ក្នុងមួយខែពី៣០០០ ទៅ៤០០០ដុល្លារអាមេរិក។
ក្រោយពីស្តាប់ការអធិប្បាយនានារបស់មេធាវី និងអយ្យការអមតុលាការកំពូល ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការជាន់ខ្ពស់មួយនេះ មិនមានការផ្តល់សេចក្តីអធិប្បាយអ្វីនោះឡើយ ហើយបានតម្រូវឲ្យសកម្មជនទាំងបី មកស្តាប់ការប្រកាសសាលដីកានៅព្រឹកថ្ងៃសុក្រសប្តាហ៍ក្រោយ។
ថ្លែងនៅក្រៅតុលាការកំពូល លោក សាន់ ម៉ាឡា សកម្មជនមួយរូបក្នុងចំណោមសកម្មជនទាំងបីរូបនោះ បានប្រាប់ VOA ថា ការបកស្រាយរបស់លោកព្រះរាជអាជ្ញានៃតុលាការកំពូល ជុំវិញការគំរាមដុតសាឡ៉ង់នោះ គឺមិនត្រឹមត្រូវទេ ព្រោះគ្មានភស្តុតាងច្បាស់ណាមួយមកគំាទ្របានឡើយ។ លោកយល់ថា តុលាការកំពូល លោកនឹងមិនតម្កល់សាលក្រមសាលាឧទ្ធរណ៍ដែលនឹងបន្តទទួលស្គាល់បទចោទទៅលើសកម្មជនទាំងបី ដែលត្រូវបានសម្រេចដោយតុលាការខេត្តកោះកុងនោះឡើយ។
លោកសាន់ ម៉ាឡាបញ្ជាក់ថា៖
«តុលាការមិនគួរតម្កល់ទេ គួរតែផ្តល់យុត្តិធម៌សម្រាប់ពួកយើងទាំងបីនាក់ ពីព្រោះអ្វីដែលពួកយើងធ្វើ គ្រាន់តែជាផលប្រយោជន៍ដើម្បីសង្គមជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងព្រែក ដែលរងបញ្ហាដោយសារការបូមខ្សាច់។ ពីព្រោះបន្ទាប់ពីមានរឿងរ៉ាវនៃការទាមទារនៅក្នុងខេត្តកោះកុង ក៏ដូចជាការស៊ើបអង្កេតនិងស្រាវជ្រាវ ក្រោយមកគឺរដ្ឋាភិបាលគាត់បានសម្រេចបញ្ឈប់សកម្មភាពបូមខ្សាច់នៅក្នុងខេត្តកោះកុង ដូច្នេះវាជាការសបង្ហាញថា អ្វីដែលយើងធ្វើគឺត្រឹមត្រូវ ហើយដើម្បីផលប្រយោជន៍ស្របច្បាប់នៃ ប្រជាពលរដ្ឋនិងប្រទេសជាតិយើងទៀតបាទ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកដែលបានចូលរួមតាមដានអង្គសវនាការក្តីក្តាំរបស់សកម្មជនទាំងបី មានប្រសាសន៍ប្រាប់ VOA ក្រោយសវនាការថាសកម្មភាពបរិស្ថាននិយមរបស់សកម្មជនទាំងបី គឺគួរត្រូវបានលើកទឹកចិត្ត និងកោតសរសើរ ហើយមិនគួរណាតបស្នងវិញនឹងការចាប់ឃុំខ្លួន ដែលមិនសមហេតុផលនោះទេ។
«ដូចការលើកឡើងរបស់មេធាវីបានការពារពួកគាត់ហ្នឹង វាជារឿងត្រឹមត្រូវហើយ ពីព្រោះការប្រើពាក្យសម្តីគំរាមកំហែង វាត្រង់ថា តើការប្រើសម្តី ប្រើរបៀបម៉េច ហើយទៅលើអ្នកណា អ្នកណារងផលប៉ះពាល់ហ្នឹង? ហើយដូចជាក់ស្តែង យើងមើលឃើញថា តើពួកគាត់មានឥទ្ធិពលអីទៅ គំរាម ហើយអ្នកទាំងអស់ហ្នឹង ដែលនៅក្នុងដើមបណ្តឹងហ្នឹង យើងឃើញសុទ្ធតែមានឈ្មោះ សុទ្ធតែជាអាជ្ញាធរជាន់ខ្ពស់នៅក្នុងខេត្តទៅទៀត។ ហើយនៅក្នុងហ្នឹងយើងឃើញមានខាងក្រុមហ៊ុន ពេលដែលយើងឃើញភាគីដែលរងផលប៉ះពាល់ ដែលជាកម្មកររបស់ក្រុមហ៊ុនហ្នឹង យើងអត់ឃើញថា ឈ្មោះអី អ្នកណាហ្នឹងវាប្រាកដនៅក្នុងរឿងហ្នឹង»។
លោកមានប្រសាសន៍បន្ថែមថាសកម្មជនទាំងនោះគួរតែទទួលបានការសរសើចំពោះទង្វើរបស់ពួកគេ៖
«ហើយយកមកចោទប្រកាន់ទៅលើពួកគាត់ វាហាក់ដូចផ្ទុយពីរឿងពិតជាក់ស្តែងដែលពួកគាត់បានខិតខំធ្វើសកម្មភាព ដើម្បីការពារប្រយោជន៍ឲ្យខាងប្រជាពលរដ្ឋ ដែលគាត់កំពុងរងផលប៉ះពាល់ទៅលើការបាក់ច្រាំងដី ទៅលើការប៉ះពាល់ទៅលើផលនេសាទរបស់គាត់ ហើយការរំខានទៅលើការរស់នៅរបស់ពួកគាត់នៅក្នុងតំបន់ដងព្រែកហ្នឹង។ អ៊ីចឹងហើយគាត់ផ្ទុយទៅវិញ គួរតែលើកទឹកចិត្តគាត់ទេ ហើយមិនគួរណាប្រើវិធានការបែបហ្នឹង ដើម្បីបន្ទុចបង្អាក់នូវសកម្មភាព ដ៏ល្អប្រពៃដូចដែលពួកគាត់បានធ្វើហ្នឹងទេបាទ»។
លោក សំ ចំរើន មេធាវីការពារក្តីរបស់ជនជាប់ទាំងបី ប្រាប់ VOAថា លោកនៅតែជឿថា កូនក្តីលោកគ្មានកំហុសដដែល ហើយការអះអាងនានារបស់លោកអយ្យការ គឺជាការយល់ឃើញមួយជ្រុងក្នុងរឿងក្តីនេះ៖
«អាហ្នឹងជាសិទ្ធិក្នុងការធ្វើសេចក្តីសន្និដ្ឋានរបស់គាត់ តែសម្រាប់ខ្ញុំ ខ្ញុំនៅតែយល់ថា អ្វីដែលកូនក្តីខ្ញុំធ្វើកន្លងមក គ្មានចេតនាទុច្ចរិត និងឲ្យសមទំនង ដូចបទចោទប្រកាន់ដែលមាន នៅក្នុងសេចក្តីសម្រេចនាពេលកន្លងមកហ្នឹងទេ»។
សកម្មជនការពារបរិស្ថានទាំងបីរូបត្រូវបានតុលាការខេត្តកោះកុងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ កាលពីខែកក្កដា ឆ្នាំ២០១៦ ពីបទ«គំរាមកំហែងនិងធ្វើឲ្យខូចខាត ដែលភ្ជាប់នូវបញ្ជាអ្វីមួយ»។ ប៉ុន្តែដោយសារពួកគេបានអនុវត្តទោសក្នុងពន្ធនាគារចំនួន១០ខែនិង១៥ថ្ងៃហើយនោះ តុលាការបានសម្រេចព្យួរទោសដែលនៅសេសសល់ ហើយដោះលែងពួកគេឲ្យមានសេរីភាពវិញនៅខែកក្កដា ឆ្នាំ២០១៦ដដែលនោះ។ ការចាប់និងឃុំខ្លួនអ្នកទាំងបីនេះគឺត្រូវបានធ្វើទៅតាមការប្តឹងរបស់ក្រុមហ៊ុន Direct Access ដែលគេដឹងថា មានការជួយជ្រោមជ្រែងពីអាជ្ញាធរស្រុកបទុមសាគរ៕