តុលាការកំពូល នៅថ្ងៃពុធនេះ បានសម្រេចតម្កល់ផ្នែកខ្លះនៃសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍លើបណ្តឹងសារទុក្ខរបស់អតីតអ្នកកាសែតអាស៊ីសេរីពីរនាក់ ដោយតម្រូវឲ្យរក្សាទុកលិខិតឆ្លងដែនរបស់ពួកគេទាំងនេះ។
យោងតាមសេចក្តីជូនដំណឹងមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានផ្សាយតាមទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ តុលាការកំពូលបានលើកហេតុផលថា ការរក្សាទុកលិខិតឆ្លងដែនរបស់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទនេះ គឺដោយសារ«ឯកសារទាំងនោះចាំបាច់សម្រាប់នីតិវិធីបន្ថែមនៅតុលាការ»។
អតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់ ត្រូវបានចោទប្រកាន់ពីបទ«ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ»តាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌកម្ពុជាក្រោយពីអ្នកទាំងពីរត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំ២០១៧។ អ្នកទាំងពីរត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីបានជាប់ឃុំឃាំងក្នុងពន្ធនាគារអស់រយៈពេលជិត១០ខែ។
កាលពីចុងខែមករា ឆ្នាំ២០២០ សាលាឧទ្ធរណ៍បានសម្រេចបដិសេធមិនប្រគល់លិខិតឆ្លងដែននិង អត្តសញ្ញាណបណ្ណដល់អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរដោយលើកហេតុផលថា«វត្ថុចាប់យកនៅតែមានភាពចាំបាច់ក្នុងដំណាក់កាលស៊ើបសួរ»។
ការណ៍ដែលគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួននេះបានធ្វើឲ្យលោក យាង សុធារិន្ទ ដែលមានស្រុកកំណើតនៅកម្ពុជាក្រោម មិនអាចធ្វើដំណើរទៅជួបឪពុកម្តាយដែលមានវ័យចំណាស់របស់លោកនៅស្រុកបានទេ ចាប់តាំងពីឆ្នាំ២០១៧មកម៉្លេះ។
យ៉ាងណាក៏ដោយ តុលាការកំពូលក៏បានសម្រេចប្រគល់អត្តសញ្ញាណបណ្ណជូនលោក អ៊ួន ឈិនវិញដែរ។
ប៉ុន្តែលោក អ៊ួន ឈិន បានថ្លែងប្រាប់វីអូអេនៅថ្ងៃពុធនេះថា រូបលោកនិងលោក យាង សុធារិន្ទត្រូវការលិខិតឆ្លងដែនរបស់ខ្លួនវិញ ដើម្បីធ្វើដំណើរទៅពិនិត្យសុខភាពនៅក្រៅប្រទេសនិងចូលរួមសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលផ្សេងៗនៅបរទេសផងដែរ។
លោក អ៊ួន ឈិន មានប្រសាសន៍ថា៖ «ពួកយើងនៅតែត្រូវគេវាស់ដីឲ្យដើរដដែល»៕