លោក វ៉ែន វ៉ន អ្នកការពារបរិស្ថាននៅតំបន់អារ៉ែងក្នុងខេត្តកោះកុង ខកខានមិនបានចូលរួមសវនាការកាត់ក្តីបណ្តឹងតវ៉ារបស់លោក នៅតុលាការកំពូលទាក់ទិនការទិញដូរឈើខុសច្បាប់នៅព្រឹកថ្ងៃពុធនេះ។ ទោះជាអ្នកការពារបរិស្ថានរូបនេះ អវត្តមានក្នុងសវនាការ ក៏តុលាការកំពូលបានសម្រេចបង្វែរសំណុំរឿងលោក វ៉ែន វ៉ន ទៅសាលាឧទ្ធរណ៍ឲ្យកាត់ក្តីជាថ្មីម្តងទៀត។ អ្នកការពារសិទ្ធិមនុស្សសាទរនឹងការសម្រេចនេះ។
នៅព្រឹកថ្ងៃពុធនេះ តុលាការកំពូលបញ្ជាឲ្យសាលាឧទ្ធរណ៍បើកការកាត់ក្តីអ្នកការពារបរិស្ថានតំបន់អារ៉ែង គឺលោក វ៉ែន វ៉ន ឡើងវិញចំពោះបទល្មើស«ប្រមូលផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត»។ តុលាការកំពូលអះអាងថា ការកាត់សេចក្តីកន្លងមកនៅសាលាឧទ្ធរណ៍ធ្វើឡើងមិនស្របតាមគតិច្បាប់។ នេះបើតាមការប្រកាសសាលដីការបស់ចៅក្រមនៅតុលាការកំពូល និងមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង។
ក្នុងការប្រកាសដីកាមិនដល់៥នាទីផងនោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលអ្នកស្រី គឹម សត្ថាវី បានប្រកាសថា ការកាត់ក្តីរបស់ឧទ្ធរណ៍ មិនត្រឹមត្រូវតាមគតិច្បាប់ ហើយបញ្ជាឲ្យសាលាឧទ្ធរណ៍កាត់សេចក្តីសំណុំរឿងនេះឡើងវិញ។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) នៅខេត្តកោះកុង ថ្លែងប្រាប់ VOA ថា តុលាការកំពូលមានសុភវិនិច្ឆ័យត្រឹមត្រូវ ដែលបានបង្វែរសំណុំរឿងលោក វ៉ែន វ៉ន ទៅធ្វើការក្តីនៅសាលាឧទ្ធរណ៍ម្តងទៀត។ លោករំពឹងថា សាលាឧទ្ធរណ៍ នឹងពិចារណាផ្តល់យុត្តិធម៌ ដល់សកម្មជនការពារបរិស្ថាន និងជាសមាជិកក្រុមប្រឹក្សាឃុំក្នុងស្រុកថ្មបាំងមកពីគណបក្សប្រជាជនកម្ពុជារូបនេះ។
មន្ត្រីសិទ្ធិមនុស្សរូបនេះថ្លែងថា៖
«យើងសុំឲ្យសាលាឧទ្ធរណ៍ បើមានការជំនុំជម្រះឡើងវិញសារជាថ្មី ហ្នឹងខ្ញុំសុំឲ្យទម្លាក់ការចោទប្រកាន់ទៅលើលោក វ៉ែន វ៉ន ព្រោះគាត់អត់មានចេតនាទៀត ឬក៏មានគំនិតទុច្ចរិត ក្នុងការប្រព្រឹត្តបទល្មើសនោះទេ»។
សកម្មជនការពារព្រៃឈើក្នុងតំបន់អារ៉ែងខេត្តកោះកុង លោក វ៉ែន វ៉ន រងការប្ដឹងផ្ដល់តាមផ្លូវច្បាប់ពីអាជ្ញាធរស្រុកថ្មបាំង និងមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួនក្នុងខេត្តកោះកុង ក្រោយពីលោកមានភាពសកម្មក្នុងការការពារផលប្រយោជន៍សហគមន៍ជនជាតិ ដើមភាគតិចជង និងចូលរួមការពារបរិស្ថានតំបន់អារ៉ែង ជាមួយស្ថាបនិក និងជានាយកអង្គការ«មាតាធម្មជាតិ» លោក Alejandro Gonzalez-Davdison ដែលត្រូវបានអាជ្ញាធរកម្ពុជាបណ្ដេញចេញពីប្រទេសកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០១៥ ក្រោមហេតុផលថា លោកស្នាក់នៅក្នុងប្រទេសហួសទិដ្ឋាការកំណត់។
កាលពីខែកញ្ញា ឆ្នាំ ២០១៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់ការចោទប្រកាន់ លោក វ៉ែន វ៉ន ពីបទ «ប្រមូលផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត» ដែលបានធ្វើឡើងដោយតុលាការខេត្តកោះកុង កាលពីខែមិនាកន្លងទៅ។ លោក វ៉ែន វ៉ន បានប្តឹងទៅតុលាការកំពូល ដើម្បីសុំបដិសេធចោលការតម្តល់សាលដីកានេះ។
លោក វ៉ែន វ៉ន បានចូលខ្លួនទៅតុលាការកំពូលកាលពីថ្ងៃទី២១ ខែមិថុនា ដើម្បីចូលរួមសវនាការលើបណ្តឹងសារទុក្ខរបស់លោក។ ក្នុងសាលសវនាការនាពេលនោះ លោក វ៉ែន វ៉ន បានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា លោកមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។ ហើយនៅក្រៅរបងតុលាការកំពូល អ្នកការពារបរិស្ថានជនជាតិជង ក្នុងតំបន់អារ៉ែងខេត្តកោះកុងរូបនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមិនបានប្រព្រឹត្តសកម្មភាពជួញដូរឈើខុសច្បាប់នោះឡើយ ហើយការទិញដូរឈើរបស់លោក គឺសម្រាប់បម្រើប្រយោជន៍ក្នុងសហគមន៍របស់លោកប៉ុណ្ណោះ។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) នៅខេត្តកោះកុងដែលអង្កេតរឿងក្តីលោក វ៉ែន វ៉ន បានប្រាប់ VOA នារសៀលថ្ងៃពុធនេះថា លោក វ៉ែន វ៉ន មិនបានចូលស្តាប់ការសម្រេចរបស់ចៅក្រមក្នុងសាលសវនាការតុលាការកំពូលនោះទេ ដោយសារលោក វ៉ែន វ៉ន មានការពិបាកក្នុងការធ្វើដំណើរតាមផ្លូវចេញពីស្រុកថ្មបាំង ខេត្តកោះកុង។
VOA មិនអាចទាក់ទងលោក វ៉ែន វ៉ន បានទេនៅថ្ងៃពុធនេះ ដោយតំបន់ដែលលោកកំពុងរស់នៅពុំមានសេវាទូរស័ព្ទ។ យ៉ាងណាក្តី លោក វ៉ែន វ៉ន ធ្លាប់និយាយនៅក្រៅតុលាការកំពូលកាលពីពេលកន្លងមកថា អ្វីដែលលោកបានធ្វើ មិនមែនសម្រាប់បម្រើប្រយោជន៍ផ្ទាល់ខ្លួនលោកនោះទេ ប៉ុន្តែដើម្បីប្រយោជន៍សហគមន៍ជនជាតិដើមភាគតិចជងរបស់លោក និងពលរដ្ឋទូទៅតែប៉ុណ្ណោះ។
លោក វ៉ែន វ៉ន ធ្លាប់ពន្យល់យ៉ាងដូច្នេះថា៖
«ចំពោះខ្ញុំ ខ្ញុំចង់ស្នើទៅតុលាការហ្នឹង ដើម្បីទម្លាក់ការចោទប្រកាន់របស់ខ្ញុំ។ អញ្ចឹងបានន័យថា ឲ្យតុលាការហ្នឹង គឺទម្លាក់ការចោទប្រកាន់របស់ខ្ញុំតែម្តង គឺខ្ញុំអត់មានទោសទេ ពីព្រោះនេះ គឺការធ្វើទង្វើរបស់ខ្ញុំនេះ គឺមិនមែនជាទង្វើសម្រាប់បុគ្គលខ្ញុំមា្នក់ឯង ដើម្បីផលប្រយោជន៍របស់ខ្ញុំ គឺដើម្បីផលប្រយោជន៍របស់ប្រជាជនដែលរស់នៅក្នុងតំបន់ហ្នឹង»។
លោក វ៉ែន វ៉ន បានប្រាប់ VOA មុនពេលលោកចូលខ្លួនទៅតុលាការកំពូលថា លោកចង់រួចផុតពីពិរុទ្ធភាព ដើម្បីអនុញ្ញាតឲ្យលោក អាចបានឈរឈ្មោះជា បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ឲ្យគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកថ្មបាំងបន្តទៀត៕
រាយការណ៍បន្ថែមដោយ កញ្ញា កាន់ វិច្ឆិកា