ការខ្វែងគំនិតគ្នាអំពីតំណែងទំនេរមួយក្នុងតុលាការកំពូលស.រ.អាបានត្រូវផ្តោតការយកចិត្តទុកដាក់ខ្លាំងជាងមុនក្នុងសប្តាហ៍នេះ នៅពេលដែលសមាជិកព្រឹទ្ធសភាស.រ.អាវិលត្រឡប់មកធ្វើការវិញ បន្ទាប់ពីការសម្រាកមួយសប្តាហ៍ ហើយសេតវិមានបន្តពិនិត្យមើលមន្ត្រីដែលមានសក្តានុពលដើម្បីស្នើឈ្មោះទទួលការតែងតាំងជាចៅក្រមតុលាការកំពូល។
ការខ្វែងគំនិតគ្នារវាងគណបក្សទាំងពីរអំពីការជំនួសលោកចៅក្រម Antonin Scalia មានលើសពីនៅរដ្ឋធានីវ៉ាស៊ីនតោន និងមានភាពខ្លាំងក្លាជាងមុនដោយសារនយោបាយនៅឆ្នាំបោះឆ្នោត។
មានការបន្លឺជួងកាលពីថ្ងៃសៅរ៍នៅឯព្រះវិហារគ្រឹស្តសាសនា Roman Catholic Basilica នៅពេលដែលប្រទេសជាតិសម្តែងការគោរពចុងក្រោយបង្អស់ដល់សពលោក Scalia ដែលជាចៅក្រមមហាអភិរក្សនិយមដែលល្បីឈ្មោះខាងការនិយាយបង្ហាញហេតុផល និងការសរសេរបញ្ចេញមតិនៅក្នុងតុលាការកំពូល។ កាលពីមួយថ្ងៃមុននោះនៅពេលក្តារមឈូសលោកបានត្រូវតម្កល់ក្នុងតុលាការកំពូល ក៏មានការជជែកដេញដោលគ្នាបង្ហាញហេតុផលអំពីការបំពេញអាសនៈលោកក្នុងតុលាការកំពូលនៅទូទាំងរដ្ឋធានីអាមេរិកាំង។
លោក Mitch McConnell មេដឹកនាំក្រុមភាគច្រើនក្នុងព្រឹទ្ធសភាស.រ.អា និងលោក Chuck Grassley ដែលទាំងពីរនាក់ជា សមាជិកគណបក្សសាធារណរដ្ឋ បានសរសេរអត្ថបទបញ្ចេញមតិមួយចុះផ្សាយក្នុងកាសែត The
Washington Post ថា ប្រធានាធិបតីបន្ទាប់ ហើយមិនមែនលោកអូបាម៉ាទេ ដែលគួរជ្រើសរើសមន្ត្រីជំនួសលោក Scalia នៅក្នុងតុលាការកំពូល។
ក៏ប៉ុន្តែលោក Josh Earnest អ្នកនាំពាក្យសេតវិមានមិនស្របជាមួយទេហើយលោកបាននិយាយថា «លោកប្រធានាធិបតីមានកាតព្វកិច្ចមួយតាម
រដ្ឋធម្មនុញ្ញក្នុងការស្នើឈ្មោះអ្នកបន្តតំណែងនៅពេលណាមានកន្លែងទំនេរក្នុងតុលាការកំពូល ហើយព្រឹទ្ធសភាមានកាតព្វកិច្ចឱឡារិកមួយតាមរដ្ឋធម្មនុញ្ញក្នុងការផ្តល់ឲ្យបុគ្គលនេះនូវសវនកម្មមួយប្រកបដោយយុត្តិធម៌ និងការបោះឆ្នោតថាព្រមឬមិនព្រមឲ្យបានទាន់ពេលវេលា»៕