លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានស្រែកប្រាប់អ្នកសារព័ត៌មានថា អ្នកការពារព្រំដែនជាប់ឃុំ ឯអ្នកកាត់ដីឲ្យប្រទេសវៀតណាមបែរជារួចខ្លួន។ ការស្រែករបស់លោកកើតមានឡើង ក្រោយពីតុលាការកំពូលមិនទាន់សម្រេចលើការស្នើសុំឲ្យបាននៅក្រៅឃុំរបស់លោក។
តុលាការកំពូលនាព្រឹកថ្ងៃពុធនេះ បានសម្រេចពន្យារពេលប្រកាសសាលដីកាចំពោះសំណើសុំស្ថិតនៅក្រៅឃុំរបស់លោក អ៊ុំ សំអាន សមាជិកសភាគណបក្សប្រឆាំង ទៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៦វិញ។ នេះបើយោងតាមទៅការប្រកាសពីអង្គសវនាការតុលាការកំពូល និងអ្នកការពារក្តីលោក អ៊ុំ សំអាន។
លោក អ៊ុំ សំអាន ដែលមានសញ្ជាតិអាមេរិកាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានរងការចោទប្រកាន់ពីតុលាការក្រុងភ្នំពេញ ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ» និងញុះញង់ឲ្យមានការរើសអើង» បន្ទាប់ពីលោកបានធ្វើការអធិប្បាយនានា នៅលើទំព័រហ្វេសប៊ុក អំពីការប្រើប្រាស់ផែនទី និងបោះបង្គោលព្រំដែនកម្ពុជានិងវៀតណាម។
នៅក្នុងអង្គសវនាការដែលធ្វើឡើងប្រហែលជាមួយម៉ោង នៅតុលាការកំពូលនាព្រឹកថ្ងៃពុធ ទី១០ ខែសីហានេះ លោក អ៊ុំ សំអាន បានបដិសេធមិននិយាយជាមួយតុលាការ ព្រោះលោកសំអាងថា លោកនៅជាអ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិ។
បន្ទាប់ពីអង្គជំនុំជម្រះបានស្តាប់ការពន្យល់ របស់មេធាវីអ្នកតំណាងរាស្ត្រ អ៊ុំ សំអាន អំពីភាពគ្មានការប្រព្រឹត្តបទល្មើស របស់លោក អ៊ុំ សំអាននៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ឈួន ចាន់ថា ព្រះរាជអាជ្ញា នៃតុលាការកំពូល បានរក្សាការសម្រេចឃុំខ្លួនលោក អ៊ុំ សំអាន ដោយតុលាការដំបូងក្រុងភ្នំពេញ ដែលបានយោងទៅលើមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌដែលមានចែងអំពីមូលហេតុនៃការឃុំខ្លួន បណ្តោះអាសន្ន។
លោក ស្រី គឹម សត្ថាវី ប្រធានអង្គជំនុំជម្រះ ក៏ប្រកាសប្រាប់អង្គសវនាការថា ការសម្រេចរបស់តុលាការចំពោះការស្នើសុំនៅក្រៅឃុំរបស់លោក អ៊ុំ សំអាន នឹងត្រូវធ្វើឡើងនៅថ្ងៃពុធសប្តាហ៍ក្រោយ។
បើតាមការបញ្ជាក់ពីលោក ហែម សុជាតិ មេធាវីការពារក្តីសមាជិកសភាគណបក្សប្រឆាំងរូបនេះ បានឲ្យដឹងថា លោកព្រះរាជអាជ្ញា ឈួន ចាន់ថា យល់ថា ដោយសារតែលោក អ៊ុំ សំអាន ដែលជាអ្នកតំណាងរាស្ត្រ ទទួលបានការគាំទ្រពីមនុស្សប្រមាណបួនម៉ឺននាក់ដើម្បីក្លាយជាអ្នកតំណាងរាស្ត្រនោះ ធ្វើឲ្យលោក អ៊ុំ សំអាន អាចមានឥទ្ធិពលលើប្រជារាស្ត្រ ដែលអាចបង្កភាពវឹកវរនៅក្នុងសង្គម។
មាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានចែងអំពីហេតុផលចំនួនប្រាំមួយនៃការឃុំខ្លួនបណ្តោះអាសន្ន។ នៅត្រង់ហេតុផលទី៦នៃមាត្រានេះ បានឲ្យដឹងថា ការឃុំខ្លួនបណ្ដោះអាសន្នអាចត្រូវបានបង្គាប់ កាលណាការឃុំខ្លួនបណ្ដោះអាសន្ននេះ ជាការចាំបាច់ ដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈកុំឲ្យមានការច្របូកច្របល់ ដែលបណ្តាលមកពីបទល្មើស។
យ៉ាងណាក៏ដោយ ក្រុមមេធាវីការពារក្តី លោក អ៊ុំ សំអាន ក្នុងនោះមានលោក ហែម សុជាតិ បានពន្យល់តុលាការថា លោក អ៊ុំ សំអាន មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។
លោកបន្តថា ការថ្លែងរបស់លោក អ៊ុំ សំអាន នៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺជាការបញ្ចេញមតិ តែប៉ុណ្ណោះ មិនមែនជាការប្រព្រឹត្តបទល្មើសជាក់ស្តែង ដែលអាចអនុញ្ញាតឲ្យតុលាការក្រុងភ្នំពេញចោទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ» និង«ញុះញង់ឲ្យមានការរើសអើង» បាននោះឡើយ។
ថ្លែងនៅក្នុងបរិវេណនៃតុលាការកំពូល លោក ហែម សុជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមមេធាវីនៅមានក្តីសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ពីតុលាការកំពូល។
«ខ្ញុំសង្ឃឹមថា ក្រុមប្រឹក្សាជំនុំជម្រះ តុលាការកំពូលនឹងពិចារណា ព្រោះនៅក្នុងពេលនេះ គឺតុលាការកំពូលគាត់មិនបានប្រកាសសាលដីកាភ្លាមទេ គឺគាត់ពន្យារពេលរហូតទៅដល់ថ្ងៃទី១៧»។
លោក អ៊ុំ សំអាន ក្នុងសម្លៀកបំពាក់ជាអ្នកទោសពណ៌ទឹកក្រូច បានប្រាប់អ្នកសារព័ត៌មានថា លោកពិបាកប៉ាន់ស្មានថា តុលាការនឹងអនុញ្ញាតឲ្យលោក បានស្ថិតនៅក្រៅឃុំ ខណៈដែលស្ថានការណ៍នយោបាយនៅបន្តមានភាពតានតឹង។
លោកថ្លែងបន្ថែមថា៖
«អ្នកការពារព្រំដែនជាប់គុក អ្នកដែលកាត់ដីឲ្យយួន បែរជារួចខ្លួន»។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប នៅយប់ថ្ងៃអាទិត្យទី៩ខែមេសា ឆ្នាំ២០១៦ គឺមិនបានប៉ុន្មានម៉ោងផង ក្រោយពីលោកត្រឡប់មកពី ស.រ.អា. វិញ។ លោកត្រូវបានបញ្ជូនខ្លួនទៅតុលាការក្រុងភ្នំពេញភ្លាមៗនៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែមេសា ហើយត្រូវតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ» និង«ញុះញង់ឱ្យមានការរើសអើង»។
ក្រៅពីលោក អ៊ុំ សំអាន ដែលកំពុងស្ថិតក្នុងការឃុំខ្លួន បច្ចុប្បន្ននេះ មានសមាជិក និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួនយ៉ាងហោចណាស់១៧រូបហើយ បានជាប់ឃុំឃាំង ក្នុងនោះក៏មានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា ដែលជាប់ចោទក្នុងសំណុំរឿងផែនទី និងរឿងព្រំដែនកម្ពុជាវៀតណាមដូចលោក អ៊ុំ សំអានដែរ៕