អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងចាស់ និងក្មេងមួយចំនួន បង្ហាញការគាំទ្រ លោក ហ៊ុន ម៉ាណែត ឱ្យឡើងមកកាន់អំណាចបន្តពីឪពុក ព្រោះលោកបានទទួលការអប់រំជ្រៅជ្រះ ដែលអាចនឹងធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ និងជឿនលឿនទៅថ្ងៃអនាគត។
ការអត្ថាធិប្បាយរបស់អ្នកគាំទ្របក្សកាន់អំណាចនេះ កើតមានឡើងអំឡុងពេលលោក ហ៊ុន ម៉ាណែត ដែលធ្លាប់ទទួលការសិក្សានៅសហរដ្ឋអាមេរិក និងនៅបស្ចិមប្រទេស ដឹកនាំយុទ្ធនាការឃោសនារកសំឡេងនៅថ្ងៃបង្ហើយនៃអំឡុងពេលយុទ្ធនាការបោះឆ្នោតដែលមានរយៈពេល ២១ថ្ងៃ។
នៅក្នុងការថ្លែងបិទការធ្វើយុទ្ធនាការកាលពីព្រឹកថ្ងៃសុក្រ លោក ហ៊ុន ម៉ាណែត ប្រាប់អ្នកគាំទ្រឱ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍប្រទេសជាង៤០ឆ្នាំមកនេះ និងថាគណបក្សកាន់អំណាចនឹងឈ្នះការបោះឆ្នោតដោយភាពស្អាតសំ្អ។
លោកថ្លែងថា៖ «ការបោះឆ្នោតប្រជាធិបតេយ្យផ្អែកទៅលើច្បាប់ អ្វីទាំងអស់គណបក្សប្រជាជនកម្ពុជាគឺធ្វើស្របច្បាប់។ នេះហើយគឺការប្រកួតប្រជែងដោយយុត្តិធម៌ និងត្រឹមត្រូវ និងតម្លាភាព គឺផ្អែកលើច្បាប់។ លទ្ធិប្រជាធិបតេយ្យដែលមានប្រសិទ្ធភាពគឺផ្អែកលើច្បាប់។ នេះហើយគឺអ្វីដែលគណបក្សប្រជាជននឹងព្យាយាមឈ្នះ។ គណបក្សប្រជាជនកម្ពុជាមិនត្រឹមជាគណបក្សប្រជាជនដែលត្រូវឱ្យឈ្នះទេ យើងត្រូវឈ្នះឱ្យស្អាត ឈ្នះដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន និងលទ្ធិប្រជាធិបតេយ្យរបស់យើង»។
ការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ មិនមានការចូលរួមពីគណបក្សជំទាស់ធំមួយគឺគណបក្សភ្លើងទៀនទេ ព្រោះគណបក្សនេះត្រូវបានស្ថាប័នជាតិរៀបចំការបោះឆ្នោតបដិសេធមិនឱ្យចុះបញ្ជីឈរឈ្មោះបោះឆ្នោត ព្រោះគ្មានឯកសារដើមបញ្ជាក់អំពីការចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមួយរូបគឺ អ្នកស្រី ជិន សុផាន អាយុ ៤៦ឆ្នាំ ជឿថា គណបក្សកាន់អំណាចនឹងឈ្នះការបោះឆ្នោត ១០០ភាគរយ ហើយអ្នកស្រីក៏ចង់ឃើញ លោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាច។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមិនមែនជាអ្នកនយោបាយរូបនេះនិយាយថា៖ «ខ្ញុំពេញចិត្ត ១០០ភាគរយ ដែលបានសម្តេចពុកផ្ទេរទៅកូនគាត់អ៊ីចឹង ខ្ញុំពេញចិត្តណាស់ ព្រោះគាត់មានបញ្ញាឈ្លាសវៃ នឹងគ្រប់គ្រងស្រុកខ្មែរយើងបានល្អ។ ចា៎ លែងមានសង្គ្រាម អត់មានគណបក្សប្រឆាំងទេ លែងមានសង្គ្រាមគ្រប់បែបយ៉ាងទាំងអស់អ៊ីចឹង»។
កញ្ញា ភឿន មាលាវត្តី អាយុ ១៩ឆ្នាំ និស្សិតឆ្នាំទីមួយផ្នែកធនាគារថា លោក ហ៊ុន ម៉ាណែត មានសមត្ថភាពដែលសមនឹងធ្វើជានាយករដ្ឋមន្ត្រី។
កញ្ញាថ្លែងថា៖ «មូលហេតុគឺគាត់មានចំណេះដឹង បានរៀនជ្រៅជ្រះអ៊ីចឹងបង។ ហើយ ព្រោះឥឡូវឃើញគាត់អភិវឌ្ឍជាក់ស្តែងដែរ»។
មេដឹកនាំគណបក្សនយោបាយមួយចំនួន បង្ហាញការសោកស្តាយនៅពេលគ្មានវត្តមានរបស់គណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧នេះ។ ពួកគេថា អ្នកបោះឆ្នោតគួរមានជម្រើសខាងនយោបាយច្រើននៅក្នុងការជ្រើសរើសតំណាងរបស់ខ្លួន។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បានកត់សម្គាល់ថា ឆ្ពោះទៅការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ មានបញ្ហាមួយចំនួនបានកើតឡើង ក្នុងនោះគណបក្សភ្លើងទៀនមិនអាចឈរឈ្មោះបាន ហើយច្បាប់បោះឆ្នោតត្រូវបានកែប្រែយ៉ាងតក់ក្រហល់។
លោកលើកឡើងថា៖ «មានបញ្ហាដែលយើងសង្កេតឃើញហ្នឹង គឺការណ៍ដែលគណបក្សភ្លើងទៀនអត់ត្រូវបានអនុញ្ញាតឱ្យចូលរួមបោះឆ្នោត ដោយសារហេតុផល បច្ចេកទេសអីៗអ៊ីចឹងទៅ អាហ្នឹងមួយទៅដែលយើងសោកស្តាយ។ ទីពីរការណ៍ដែលធ្វើច្បាប់ដោយប្រញាប់ប្រញាល់មែនទែន ដើម្បីអាចថា រារាំងដល់អ្នកដែលបម្រុងធ្វើពហិការអីហ្នឹងមិនចូលរួមបោះឆ្នោតអីហ្នឹង ហើយអាចថា បាត់សិទ្ធិឈរឈ្មោះក្នុងការបោះឆ្នោតទៅមុខទៀតអីដល់ទៅ ២ដងអ៊ីចឹង »។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីម សួរភិរិទ្ធ បង្ហាញការសោកស្តាយដែលគណបក្សភ្លើងទៀន មិនបានចូលរួមឈរឈ្មោះបោះឆ្នោត ក្រោយគណបក្សនេះបានទទួលបានសំឡេងគាំទ្រ ១,៦លាននាក់ ក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២។
លោកបន្ថែមថា៖ «ប៉ុន្តែ យើងត្រូវតែ ទីមួយរក្សាក្តីសង្ឃឹម យើងអត់នេះទេ យើងញញឹមទាំងទឹកភ្នែកដូច កែម ឡី និយាយអ៊ីចឹង ថាយើងញញឹម ប៉ុន្តែទឹកភ្នែកយើងលាក់ យើងធ្វើអ្វីៗដែលសំខាន់សម្រាប់អនាគត គឺទីមួយយើងត្រូវតតាំង តាមផ្លូវច្បាប់់ជាមួយក្រសួងមហាផ្ទៃ ពីព្រោះក្រសួងមហាផ្ទៃនិយាយច្បាស់ហើយថា យើងជាគណបក្សបានចុះបញ្ជីស្របច្បាប់។ ប៉ុន្តែហេតុអីបានជាយើងទៅចុះ ទៅចូលរួមប្រកួតមិនបាន គ្រាន់តែក្រដាសមួយសន្លឹក។ យើងសុំគេឱ្យចម្លង ឱ្យធ្វើនីត្យានុកូលកម្មឱ្យក៏បាន ប៉ុន្តែគេថាអត់អាចធ្វើបាន អ៊ីចឹងយើងយល់ហើយ អាកន្លែងប៉ុណ្ណឹង យើងបានទាក់ទងបានព្យាយាម ប៉ុន្តែយើងមិនអស់សង្ឃឹមយើងនៅតតាំងទៀត»។
Your browser doesn’t support HTML5
ប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ដែលធ្វើពហិការមិនចូលរួមការបោះឆ្នោតថ្លែងថា នៅពេលគណបក្សប្រឆាំងត្រូវបានផាត់ចេញពីការបោះឆ្នោតជាតិពីរលើកជាប់ៗគ្នានោះ ហើយការគាបសង្កត់ខាងនយោបាយនៅតែកើតមានក៏ដោយ ក៏ស្ថានភាពនេះមិនបន្តកើតឡើងរហូតនោះដែរ។
លោកថ្លែងថា៖ «ខ្ញុំគិតថាប្រហែលជាមានការប្រែប្រួល ដោយសារវាជាមេរៀនសម្រាប់អ្នកកាន់អំណាច ហើយបើសិនជាយើងគិតថា ដើម្បីតែអំណាចហើយធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់ប្រទេសនៅលើឆាកអន្តរជាតិ ធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃ ទាំងនយោបាយ ទាំងសេដ្ឋកិច្ចហ្នឹង ខ្ញុំជឿថា វាអាចនឹងធ្វើឱ្យយើងនឹងវាពិបាកអភិវឌ្ឍប្រទេស ហើយម្យ៉ាងធ្វើឱ្យប្រជាពលរដ្ឋអាចប៉ះពាល់ដល់ជីវភាព។ ដូច្នេះ បើសិនជាមានការប៉ះពាល់ខ្លាំង ខ្ញុំជឿថា ប្រហែលជាថ្នាក់ដឹកនាំ អាចនឹងផ្លាស់ប្តូរជំហរ។ ហើយម្យ៉ាង បើសិនជាមានការផ្លាស់ប្តូរជំហរសម្របសម្រួលច្រើន ខ្ញុំជឿថា សហគមន៍អន្តរជាតិ គេនឹងងាកមកគិតគូរយើងឡើងវិញ»។
លោកបន្ថែមថា៖ «ប៉ុន្តែបើសិនជាយើងនៅតែប្តេជ្ញាចិត្តថា ទៅយ៉ាងម៉េច[ក៏]ទៅទៅ ហើយអាងមានខ្នងបង្អែកជាប្រទេសចិន ជាមិត្តអីជាដើមហ្នឹង ខ្ញុំជឿថា យើងនឹងរងនូវវិបត្តិបន្តបន្ទាប់តទៅទៀត ជាពិសេសផ្នែកសេដ្ឋកិច្ច»។
ប្រជាជនកម្ពុជាប្រមាណ៩,៧លាននាក់ ឬប្រហែល ៥៥% នៃចំនួនប្រជាជនទាំងអស់ត្រូវបានគេរំពឹងថានឹងទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣។
ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេមើលឃើញថា កំពុងរៀបចំផែនការចាកចេញពីអាជីពនយោបាយរបស់លោក។ លោក ហ៊ុន ម៉ាណែត កំពុងឈរឈ្មោះក្នុងការបោះឆ្នោតនេះ តែគេមិនទាន់ដឹងថាលោកនឹងកា្លយជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់អាណត្តិនេះ ឬយ៉ាងណានោះទេ។
ដោយសារតែគណបក្សចំនួន ១៧ មានថវិកានិងសំឡេងគាំទ្រតិចតួច គណបក្សប្រជាជនកម្ពុជា ទំនងជានឹងទទួលបានអាសនៈទាំងអស់នៅសភាជាតិ ហើយបង្កើតរដ្ឋាភិបាលថ្មី។
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ រិះគន់ចំណុចនេះ។
លោកថ្លែងថា៖ «ពូឃើញថា វាមានការខុសឆ្គងមួយ មិនមានភាពស្មើភាពគ្នា គឺរឿងទឹកលុយ អ្នកណាគេមានលុយច្រើន គេហែធំ គេមានលុយតិច ហែតិច អាត្រង់ហ្នឹងហើយមានការខុសឆ្គង។ ប៉ុន្តែក៏កុំកាប់ចាក់គ្នារឿងបញ្ហាហ្នឹង យើងត្រូវទៅមុខទៀត ប៉ុន្តែត្រូវតែពូនិយាយ»។
ខណៈនៅសល់តែពីរថ្ងៃទៀតដែលអ្នកបោះឆ្នោតនឹងចេញទៅបោះឆ្នោតនោះ អង្គការអន្តរជាតិជាច្រើនចាត់ទុកការបោះឆ្នោតនេះថា ជាការបោះឆ្នោតដែលមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់អ្នកបោះឆ្នោត ដោយសារបក្សជំទាស់ភ្លើងទៀនមិនមាននៅលើសន្លឹកឆ្នោត៕