ក្រុមអ្នកគាំទ្រជំរុញឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ និងបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពសហជីព

ក្រុមអ្នកគាំទ្រកញ្ញា ឈឹម ស៊ីថរ លើកបដានិងប៉េងប៉ោងដើម្បីបង្ហាញការនឹករឭកដល់កញ្ញា ស៊ីថរ ដែលកំពុងជាប់ក្នុងពន្ធធនាគារ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ (រូបថតផ្តល់ឱ្យអ្នកស្រី ម៉ម សុវឌ្ឍិន)

ក្រុម​អ្នក​គំាទ្រ​កញ្ញា​ ឈឹម ស៊ីថរ​ ដែល​ជា​មេ​ដឹកនាំ​សហជីព​នៃ​ក្រុម​ហ៊ុន​ណាហ្កា​វើលដ៍​ (NagaWorld) បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ដើម្បី​បង្ហោះ​ប៉េង​ប៉ោង​បង្ហាញ​ពី​ការ​នឹក​រឭក​ដល់​កញ្ញា ស៊ីថរ​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ និង​ស្នើ​ដល់​រដ្ឋាភិបាល​បញ្ឈប់​ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​របស់​ក្រុម​សហជីព។​

នៅ​ពី​មុខ​ពន្ធនាគារ​ ក្រុម​អ្នក​គាំទ្រ​កញ្ញា ​ឈឹម ស៊ីថរ ​ប្រមាណ ​៣០ ​នាក់​ ក្នុង​នោះ​មាន​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ បាន​នាំ​គ្នា​លើក​បដា ​និង​ប៉េង​ប៉ោង​ពណ៌​ស​ទឹក​ក្រូច ​អម​ជាមួយ​អក្សរ​ថា ​«អ្នក​ការពារ​សិទ្ធិ​ការងារ​ ដោះ​លែង​ស៊ីថរ»។ ​ការ​បង្ហោះ​ប៉េង​ប៉ោង​នេះ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ខួប​កំណើត​របស់​កញ្ញា ​ឈឹម ស៊ីថរ។​

លោក ​វន់ ពៅ ​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ​បាន​លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​កញ្ញា ​ឈឹម ស៊ីថរ ​ដាក់​ពន្ធធនាគារ​ជា​ការ​រំលោភ​សិទ្ធិ​ការ​ងារ​ និង​សិទ្ធិ​សហជីព​យ៉ាង​ធ្ងន់​ធ្ងរ។​ លោក​ជំរុញ​ ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​តវ៉ា​របស់​កម្មករ​ណាហ្កា​វើលដ៍​ក៏​ដូច​ជា​ដោះ​លែង​កញ្ញា ​ឈឹម ស៊ីថរ​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ។​

លោក​ថ្លែង​ថា៖​ «ថ្ងៃ​នេះ​ក្នុង​នាម​មិត្ត​សហជីព​ យើង​សូម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​គិត​ពិចារណា​ឡើង​វិញ។ ​ឆ្នាំ​ ២០២៤​ ហើយ​ ដូច្នេះ​ឆ្នាំ​ ២០២៤​ នឹង​ឈាន​ចូល​មក​ដល់​ឆាប់ៗ​ខាង​មុខ​នេះ។ ​ សូម​ដោះ​ស្រាយ​រឿង​រ៉ាវ​អយុត្តិធម៌​ទាំង​ឡាយ​ក្នុង​ឆ្នាំ​ ២០២៣ ​ឱ្យ​ជ្រះ​ស្រឡះ។ ​ឆ្នាំ​ ២០២៤ ​គឺ​ជា​ក្តី​សង្ឃឹម​របស់​យើង​ទាំង​អស់​គ្នា។ ​បើ​មិន​ដោះ​លែង ​ឈឹម ស៊ីថរ​ ទេ​ យើង​មិន​មាន​សេចក្តី​សង្ឃឹម។ ​យើង​មិន​មាន​ពន្លឺ​យុត្តិធម៌។​ យើង​មិន​មាន​ពន្លឺ​ប្រជា​ធិបតេយ្យ។ ​យើង​មិន​មាន​ពន្លឺ​សិទ្ធិ​មនុស្ស។ ​យើង​មិន​មាន​ពន្លឺ​សិទ្ធិ​សេរីភាព​សហជីព​មែន​ទេ?»

អ្នកស្រី ​អ៊ូ ទេព​ផល្លីន ​ប្រធាន​សហព័ន្ធ​សហជីព​ចំណី​អាហារ​និង​សេវា​កម្ម​នៅ​កម្ពុជា​ ដែល​បាន​ចូល​រួម​ក្នុង​ការ​ជួប​ជុំ​នោះ​ដែរ ​បាន​ថ្លែង​ថា ​កូដកម្ម​របស់​កម្មករ​ណាហ្កា​វើលដ៍​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត ​មិន​មាន​ការ​ជួល​ពី​នរណា​ម្នាក់​ឡើយ។​ អ្នកស្រី​បន្ត​ថា​ កញ្ញា ​ឈឹម ស៊ីថរ​ មិន​បាន​ធ្វើ​អ្វី​បង្ក​ជា​ការ​ញុះញង់​ដល់​សង្គម​នោះ​ទេ​ ហើយ​អ្វី​ដែល​កញ្ញា ​ស៊ីថរ​ ធ្វើ​នេះ​គឺ​ដើម្បី​ការពារ​សិទ្ធិ​របស់​ក្រុម​កម្មករ​សហជីព​តែ​ប៉ុណ្ណោះ។​

អ្នកស្រី​ថ្លែង​ថា៖​ «ប្រសិន​ជា​មាន​ឱកាស​នៅ​តែ​ស្នើ​សុំ​យ៉ាង​ទទូច​ទៅ​ដល់​ប្រមុខ​រាជ​រដ្ឋាភិបាល​អាណតិ្ត​ថ្មី ​សូម​ឱ្យ​លោក​មក​ជួប​ជាមួយ​កម្មករ​ផ្ទាល់​ ឈប់​ប្រើ​ត្រចៀក​ស្តាប់​អ្នក​ដទៃ ​ក្រែង​លោ​នាំ​ឱ្យ​លោក​ខូច​មុខ​ខូច​មាត់​នៅ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ គឺ​ថា​ មក​ជួប​មើល៎ថា​ តើ​ពិត​ទេ?​ ថា​តើ​អ្នក​ទាំង​អស់​ហ្នឹង​ស៊ី​ឈ្នួល​បាតុកម្ម​មែន​អត់?​ ហើយ​រឿង​អី​វា​កើត​ឡើង​មក​ពី​ណា​ទៅ​ណី​ ហើយ​ក៏​លះ​បង់​ច្រើន​ម្ល៉េះ»។​

អ្នកស្រី​ក៏​ទទូច​ដល់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ឱ្យ​ពិនិត្យ​មើល​ច្បាស់​លាស់​ពី​ឫស​គល់​បញ្ហា​របស់​ក្រុម​កម្មករ​ណាហ្កា​វើលដ៍ ​និង​ដោះ​ស្រាយ​ជូន​ពួក​គេ​ដោយ​យុត្តិធម៌ ​ក៏​ដូច​ជា​ផ្តល់​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​ដល់​សហជីព។​

អ្នកស្រី​ថ្លែង​ថា៖ ​«យើង​រស់​នៅ​ក្នុង​ប្រទេស​យើង​មាន​សិទ្ធិ​ពេញ​លេញ ​ជា​ឋាន​សួគ៌​សហជីព​នោះ​ទេ​ចា៎។ ​អ៊ីចឹង​សូម​ឱ្យ​យើង​ក្លាយ​ជា​ឋាន​សួគ៌​ពិត​ប្រាកដ​ គឺ​ឋាន​សួគ៌​ដែល​យើង​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​សហជីព​ អត់​មាន​ការ​ជាប់​គុក​ជាប់​ច្រវាក់​ ជាពិសេស​កញ្ញា​ ឈឹម ស៊ីថរ​ចេញ​មក​វិញ​ហើយ​ចូល​ធ្វើ​ការ​វិញ​ទៀត​ជាមួយ​ថ្នាក់​ដឹក​នាំ​សហជីព​ ដែល​នៅ​សេស​សល់។ ​អាហ្នឹង​បាន​ហៅ​ថា​ ឋាន​សួគ៌​សហជីព»។​

រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងស្ថិតក្នុងឡាន ដែលមន្ត្រីពន្ធនាគារដឹកយកទៅឃុំឃាំងបន្ត បន្ទាប់ពីចូលរួមសវនាការនៃសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

វា​មាន​រយៈ​ពេល​ ១ ​ឆ្នាំ​ហើយ​ដែល​កញ្ញា ​ឈឹម ស៊ីថរ​ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ ក្រោម​ហេតុ​ផល​ថា​ បំពាន​លក្ខខណ្ឌ​នៃ​ការ​នៅ​ក្រៅ​ឃុំ​ដែល​កំណត់​ដោយ​តុលាការ​ ដោយ​សារ​កញ្ញា​បាន​ទៅ​ចូលរួម​ប្រជុំ​សមាជ​សហភាព​ពាណិជ្ជ​កម្ម​អន្តរជាតិ​ពិភព​លោក ​ក្នុង​ប្រទេស​អូស្រ្តាលី កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​មុន។​ កាល​ពី​ខែ​ឧសភា​ ឆ្នាំ​ ២០២៣ ​នេះ ​តុលាការ​រាជធានី​ភ្នំពេញ​បាន​កាត់​ទោស​កញ្ញា​ ឈឹម ស៊ីថរ​ ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​ពី​បទ​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​របស់​កញ្ញា។ ​កាល​ពី​ខែ​តុលា​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​ទុក​ជា​បាន​ការ។​

អតីត​នាយក​រដ្ឋ​មន្រ្តី ​លោក ​ហ៊ុន សែន​ ធ្លាប់​លើក​ឡើង​ថា​ លោក​មិន​ខ្វល់​នឹង​ការ​តវ៉ា​របស់​ក្រុម​កូដករ​ណាហ្កា​វើលដ៍​នោះ​ទេ ​ដោយ​ចោទ​ថា​ ពួក​គេ​មាន​អ្នក​នៅ​ពី​ក្រោយ ​ទើប​អាច​តវ៉ា​បាន​ច្រើន​ឆ្នាំ​មក​នេះ។​

ប្រធាន​សមាគម​កម្មករ​កម្ពុជា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​លោក ​សុខ ឈុនអឿន ​លើក​ឡើង​ដែរ​ថា ​លោក ​និង​អ្នក​គាំទ្រ​កញ្ញា​ ឈឹម ស៊ីថរ ​នៅ​តែ​បន្ត​តស៊ូ​ស្វែង​រក​យុត្តិធម៌​ជូន​កញ្ញា ​ស៊ីថរ ​និង​ទាមទារ​សិទ្ធិ​សេរី​ភាព​ជូន​កម្មករ​សហជីព​ទាំង​អស់។​ លោក​បន្ត​ថា​ ក្រុម​សហជីព​ក៏​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ​ ដើម្បី​ឱ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នានា​ទៅ​លើ​ថ្នាក់​ដឹក​នាំ​សហជីព។​

លោក​ថ្លែង​ថា៖ ​«យើង​តែង​តែ​ចូល​រួម​នូវ​ការ​ទាម​ទារ​ដើម្បី​ឱ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ ហើយ​ថ្មី​ទៀត​នេះ​ យើង​បាន​ដាក់​ញតិ្ត​ទៅ​ក្រសួង​ការងារ​ស្នើ​សុំ​ឱ្យ​ក្រសួង​ការងារ​ធ្វើ​យ៉ាង​ណា​ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ផ្សេងៗ​ ដែល​ពាក់​ព័ន្ធ​នឹង​ថ្នាក់​ដឹក​នាំ​សហជីព​ផ្សេង​ទៀត​ផង​ដែរ»។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​លោក​ កត្តា អន ​ប្រាប់​វីអូអេ​ថា​ ករណី​របស់​កញ្ញា ​ឈឹម ស៊ីថរ​ ពាក់​ព័ន្ធ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ ​ហើយ​មិន​មាន​ស្ថាប័ន​ក្រសួង ​ឬ​រដ្ឋាភិបាល​អាច​ជ្រៀត​ជ្រែក​ការងារ​របស់​តុលាការ​បាន​នោះ​ទេ។ ​លោក​ស្នើ​ឱ្យ​ក្រុម​កូដករ​ណាហ្កា​វើលដ៍​យល់​ដឹង​អំពី​ក្រប​ខណ្ឌ​ច្បាប់​និង​តួនាទី​ភារកិច្ច​នៃ​ស្ថាប័ន​នីមួយៗ។​

លោក​ថ្លែង​ថា៖​ «អ្វី​ដែល​បង​ប្អូន​តំណាង​ណាហ្កា​វើលដ៍ ​ឬ​ក៏​សហជីព​ធ្វើ​ការ​ទាម​ទារ​រដ្ឋាភិបាល​នេះ​ គឺ​ខុស​គោល​ដៅ​របស់​ខ្លួន​ហើយ​ ដូច្នេះ​សូម​ឱ្យ​បង​ប្អូន​ដែល​ជា​តំណាង​សហជីព​ ក៏​ដូច​ជា​តំណាង​កម្មករ​និយោជិត​ ក៏​ដូច​ជា​ភាគី​កញ្ញា ​ឈឹម ស៊ីថរ​ ត្រូវ​ប្រើ​ប្រាស់​មេធាវី​របស់​ខ្លួន​តតាំង​តាម​នីតិវិធី​តុលាការ​វា​ប្រសើរ​ជាង»។​

រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន​ ប្រាប់​វីអូអេ​ថា ​តាម​គោល​ការណ៍​ច្បាប់ ​ការ​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​ជន​ជាប់​ចោទ​ណា​មួយ​មិន​មែន​ជា​គោល​ការណ៍​តាម​ផ្លូវ​ច្បាប់​នោះ​ទេ ​តែ​ជា​ហេតុ​ផល​ក្រោម​រូបភាព​នយោបាយ​ដែល​មិន​អាច​ជួយ​អ្វី​បាន​ឡើយ។ ​លោក​បញ្ជាក់​ថា​ មាន​តែ​ការ​ចូលរួម​តាម​នីតិវិធី​តុលាការ​ និង​បង្ហាញ​សក្ខី​កម្ម​នានា​ប៉ុណ្ណោះ ​ទើប​ជា​វិធី​អាច​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់។​

លោក​ថ្លែង​ថា៖​ «បាទ​ជា​គោល​ការណ៍​ច្បាប់​ ការ​ទាម​ទារ​តវ៉ា​ឱ្យ​មាន​ការ​ដោះ​លែង​ជន​ជាប់​ចោទ​ ឬ​ក៏​ទណ្ឌិត​ណា​មួយ​ហ្នឹង​មិន​មែន​ជា​មធ្យោ​បាយ​តាម​ផ្លូវ​ច្បាប់​ ក្នុង​ការ​ការពារ​ខ្លួន​ក្នុង​ការ​ជួយ​ដល់​ទណ្ឌិត​ និង​ជន​ជាប់​ចោទ​នោះ​ទេ ​បាន​ន័យ​ថា​ ការ​ធ្វើ​នេះ​គ្រាន់​តែ​ជា​រូប​ភាព​នយោបាយ​តែ​វា​មិន​អាច​ជួយ​អ្វី​បាន​នោះ​ទេ។ ​តាម​ផ្លូវ​ច្បាប់​ មាន​តែ​ការ​ចូល​រួម​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ​ ហើយ​ធ្វើ​ការ​បង្ហាញ​សក្ខី​កម្ម ​ភស្តុតាង​មូលដ្ឋាន​ផ្លូវ​ច្បាប់​ឱ្យ​បាន​រឹង​មាំ​ក្នុង​ការ​ដោះ​បន្ទុក​ ហ្នឹង​បាន​អាច​ជួយ​ដល់​ពួក​គាត់​បាន»។​

ជម្លោះ​ការងារ​រវាង​អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្កា​វើលដ៍ ​រហូត​ដល់​មាន​កូដកម្ម​រាប់​ឆ្នាំ ​កើត​ឡើង​បន្ទាប់​ពី​កម្មករ​និយោជិត​ប្រមាណ​ ១.៣០០​នាក់ ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ​កាល​ពី​អំឡុង​ខែ​មេសា ​ឆ្នាំ​ ២០២១។ ​ អ្នក​ដែល​ត្រូវ​បាន​បញ្ឈប់​នោះ​ភាគ​ច្រើន​ជា​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្កា​វើលដ៍។ ​ការ​បញ្ឈប់​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា ​ជា​ចេតនា​ក្នុង​ការ​បំបាត់​សហជីព​ឯក​រាជ្យ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ៕​