មន្ត្រីជាន់ខ្ពស់កម្ពុជាអះអាងថា នៅក្នុងអាណត្តិ១ឆ្នាំ នៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កម្ពុជាមានបរិយាកាសវិនិយោគប្រសើរជាងមុនសម្រាប់ក្រុមហ៊ុនអាមេរិក ដោយសារវិធានការមួយចំនួនដូចជាការបង្កើនតម្លាភាពដើម្បីកាត់បន្ថយអំពើពុករលួយ និងការទាក់ទងនិងស្តាប់កង្វល់របស់អ្នកវិនិយោគច្រើនជាងមុន។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ថ្លែងប្រាប់វីអូអេនៅក្រោយវេទិកាអ្នកដឹកនាំអាស៊ាន (ASEAN Leadership Forum) នៅវិទ្យាស្ថានសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ CSIS ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០១ ខែតុលា ថា នៅពេលនេះ នីតិវិធីជាច្រើនរួមទាំងការដាក់ពាក្យសម្រាប់គម្រោងវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ត្រូវធ្វើឡើងតាមអនឡាញដែលនឹងជួយកាត់បន្ថយអំពើពុករលួយ។
លោកថ្លែងថា៖ «ដូចនៅខាង CDC (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) យើងខ្ញុំអញ្ចឹង មិនបាច់ទៅជួបយើងខ្ញុំទេ ដាក់ application (ពាក្យ) ទៅ អនឡាញទៅ យើងខ្ញុំពិនិត្យ ហើយយើង approve (អនុម័ត) ក្នុងរយៈពេល២១ថ្ងៃ។ ច្បាប់ថា ២១ថ្ងៃ ត្រូវតែឆ្លើយថា yes (យល់ព្រម) ឬ no (មិនយល់ព្រម)។ អញ្ចឹងនេះហើយ ជាការងារដែលយើងកាត់បន្ថយជំនួប កាត់បន្ថយអំពើពុករលួយ។»
លោកឧបនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ បានស្ថិតរដ្ឋធានីនៃសហរដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចកាលពីចុងខែកញ្ញា និងដើមខែតុលា ដើម្បីទាក់ទាញវិនិយោគិនពីសហរដ្ឋអាមេរិកនិងកាណាដា។
ថ្លែងនៅចំពោះមុខ អ្នកចូលរួមដែលរួមមាន ពាណិជ្ជករ មន្ត្រីអ្នកការទូត និងអ្នកស្រាវជ្រាវគោលនយោបាយការបរទេសអាមេរិក លោក ស៊ុន ចាន់ថុល បានអះអាងអំពីសក្ដានុពលលេចធ្លោមួយចំនួនរបស់កម្ពុជា ដែលរួមមាន កត្តាភូមិសាស្ត្រនៅកណ្តាលតំបន់ទន្លេមេគង្គ មានរដ្ឋាភិបាលដែលគាំទ្រក្រុមធុរកិច្ច (pro-business government) សមាជិកភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន និងហេដ្ឋារចនាសម្ពន្ធប្រសើរជាងមុនជាដើម។ លោកបញ្ជាក់ថា ហេដ្ឋារចនាសម្ពន្ធប្រសើរជាងមុននោះ រួមមាន ការស្ថាបនាផ្លូវល្បឿនលឿនក្នុងប្រទេសនិងតភ្ជាប់ជាមួយប្រទេសជិតខាង ក៏ដូចជាការចាប់ផ្តើមជីកព្រែកជីកហ្វូណនតេជោ ដែលរំពឹងថានឹងសម្រួលដល់ការដឹកទំនិញនិងកាត់បន្ថយថ្លៃដឹកជញ្ជូន។
Your browser doesn’t support HTML5
លោក ស៊ុន ចាន់ថុល បានអះអាងថា ក្នុង១២ខែដំបូងនៃអាណត្តិរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត កម្ពុជាបានអនុម័តការវិនិយោគប្រមាណ៧.៥ពាន់លានដុល្លារ គឺកើនឡើង១៦០% ដែលលោកថាតួលេខនេះបង្ហាញពីការកើនឡើងនូវទំនុកចិត្តរបស់អ្នកវិនិយោគ។ ប៉ុន្តែលោកទទួលស្គាល់ថាពាក់កណ្តាលនៃបរិមាណវិនិយោគនេះគឺមកពីប្រទេសចិន ហើយកម្ពុជាត្រូវការទាក់ទាញការវិនិយោគពីប្រទេសលោកខាងលិច ដូចជាសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិក។
លោកថ្លែងនៅវេទិកា CSIS ថា៖ «ដូច្នេះយើងមានគ្រឿងផ្សំល្អៗទាំងអស់នេះហើយនៅកម្ពុជា។ អ្វីដែលយើងនៅខ្វះគឺចុងភៅ ចុងភៅដែលមកពីសហរដ្ឋអាមេរិក មកចម្អិនអាហារនៅកន្លែងដែលមានគឿងផ្សំល្អៗស្រាប់។ ដូច្នេះហើយទើបយើងមកស្វែងរកអ្នកវិនិយោគនៅអាមេរិកនេះ»។
កន្លងមក ប្រទេសកម្ពុជាបានផ្តល់ការលើកទឹកចិត្តជាច្រើន ដោយរួមមានទាំងលទ្ធភាពឱ្យអ្នកវិនិយោគបរទេសអាចមានកម្មសិទ្ធិ១០០%ក្នុងក្រុមហ៊ុនបង្កើតនៅកម្ពុជា។ ប៉ុន្តែ ថ្វីបើកម្ពុជាអាចទាក់ទាញបានការវិនិយោគច្រើនពីប្រទេសចិននិងប្រទេសមួយចំនួន ក៏កម្ពុជាមិនបានទាក់ទាញការវិនិយោគពីសហរដ្ឋអាមេរិកបានជាដុំកំភួនទេ បើប្រៀបធៀបនឹងប្រទេសជិតខាងរបស់ខ្លួន នេះបើតាមរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក អំពីបរិយាកាសវិនិយោគនៅកម្ពុជា ក្នុងឆ្នាំ២០២៤នេះ។
របាយការណ៍នេះបញ្ជាក់ថា ក្រៅពីបញ្ហាទីផ្សារតូចបើប្រៀបធៀបប្រទេសជិតខាង មានកត្តាជាច្រើនដែលធ្វើឱ្យវិនិយោគិនអាមេរិករារែក ដែលរួមមាន«បញ្ហាអំពីពុករលួយជាប្រព័ន្ធ កង្វះតម្លាភាពនៅក្នុងដំណើរការខ្លះរបស់រដ្ឋាភិបាលក្នុងការអនុម័តការវិនិយោគ និងការយកចិត្តទុកដាក់ចំពោះក្រុមហ៊ុនក្នុងស្រុក ឬក្រុមហ៊ុនបរទេសដទៃទៀត ដែលជាប់ទាក់ទងនឹងអំពើពុករលួយ ការគេចវេះមិនបង់ពន្ធ»។
អង្គការតម្លាភាពកម្ពុជា កាលពីដើមឆ្នាំនេះបានវាយតម្លៃថា អំពីពុករលួយនៅតែជាក្តីបារម្ភខ្លាំងសម្រាប់កម្ពុជា ដោយចាត់ថ្នាក់កម្ពុជាស្ថិតនៅលេខរៀង១៥៨ ក្នុងចំណោមប្រទេសនិងដែនដី១៨០ នៅក្នុងសន្ទស្សន៍នៃការយល់ឃើញអំពីពុករលួយរបស់ខ្លួន។
យ៉ាងនេះក្តីរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក បានកត់សម្គាល់ថា មានសញ្ញាដំបូងៗខ្លះបង្ហាញថា រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត បានទាក់ទងសកម្មជាងមុន (proactively engage and consult) ជាមួយវិស័យឯកជនដើម្បីពិគ្រោះយោបល់រកមធ្យោបាយធ្វើឱ្យប្រសើរនូវបរិយាកាសវិនិយោគនៅកម្ពុជា។
លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា ដែលបានចូលរួមនៅក្នុងវេទិការបស់វិទ្យាស្ថាន CSIS នោះដែរ បានយល់ស្របចំពោះការប្រែប្រួលថ្មីនេះ និងថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត បានបង្ហាញឆន្ទៈការចង់ស្តាប់យោបល់អ្នកវិនិយោគជាងមុន។
លោកថ្លែងប្រាប់វីអូអេថា៖ «ខ្ញុំគិតថា ការផ្លាស់ប្តូរធំបំផុតគឺចូលរួមទាក់ទងជាងមុន។ [រដ្ឋាភិបាលកម្ពុជា] បើកចំហជាងមុន ពួកគេជួបជាមួយយើង ពួកគេពិភាក្សាជាមួយយើង ពួកគេស្វែងរកដំណោះស្រាយជាមួយយើង។ យើងបានបង្កើតកិច្ចសន្ទនារដ្ឋនិងឯកជនរវាងសហរដ្ឋអាមេរិកនិងកម្ពុជា (US-Cambodia Public-Private Dialogue) ពីរដងក្នុងមួយឆ្នាំ ដែលនៅទីនោះលើកយកបញ្ហានានាទៅពិភាក្សាផ្ទាល់ជាមួយលោកឧបនាយករដ្ឋមន្ត្រី។ យើងក៏មានការប្រជុំជាទៀងទាត់ជាមួយក្រុមការងារវិស័យឯកជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ក្រុមការងារវិស័យឯកជននេះជាមធ្យោបាយថ្មីមួយដែលត្រូវបានបង្កើតឡើងដោយនាយរដ្ឋមន្ត្រីថ្មី ដែលមិនមានពីមុនមក»។
លោក Barnett បន្ថែមថា បរិយាកាសវិនិយោគនៅកម្ពុជាមានការផ្លាស់ប្តូររកភាពប្រសើរជាងមុន ដោយមានវិធានការថ្មីៗមួយចំនួនដែលអាចកាត់បន្ថយអំពើពុករលួយតាមរយៈការដាក់ដំណើរការប្រមូលពន្ធតាមអនឡាញដោយមិនឆ្លងកាត់មន្ត្រីពន្ធដារ និងការណ៍ដែលកម្ពុជា ចាប់ផ្តើមប្រើប្រាស់ស្តង់ដារគណនេយ្យអន្តរជាតិ ដែលលោកថានឹងជួយបង្កើនតម្លាភាព និងមូលដ្ឋានច្បាស់លាស់ជាងមុនក្នុងការប្រមូលពន្ធ។
តាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិកម្ពុជា ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសចំនួន ៤៨,៤លានដុល្លារអាមេរិក ដែលជិតពាក់កណ្តាលជាការវិនិយោគពីប្រទេសចិន ខណៈចំនួនវិនិយោគពីសហរដ្ឋអាមេរិកមានតិចតួច មិនជាប់ក្នុងលំដាប់ប្រភពវិនិយោគសំខាន់ៗទាំង៩ផង។ ក្នុងខែសីហា ឆ្នាំនេះការវិនិយោគពីអាមេរិកមានត្រឹម០.០៤ភាគរយ បើប្រៀបធៀបនឹងការវិនិយោគពីប្រទេសចិនចំនួនជិត៨៥% នៃចំនួនវិនិយោគសរុប។
កត្តានយោបាយនិងទំនាក់ទំនងការទូតរវាងអាមេរិកនិងកម្ពុជាក៏មានផលប៉ះពាល់ដល់លទ្ធភាពវិនិយោគរបស់ក្រុមហ៊ុនអាមេរិកនៅកម្ពុជាដែរ។ សភាសហរដ្ឋអាមេរិកមិនទាន់បានផ្តល់ឡើងវិញដល់កម្ពុជានូវឋានៈអនុគ្រោះពន្ធទូទៅ ឬ GSP ដែលផុតកំណត់កាលពីចុងឆ្នាំ២០២០ ដោយសារស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនទាន់ប្រសើរឡើង។ ហើយ កាលពីខែកញ្ញាថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការបោកបញ្ឆោតតាមអនឡាញ។
នៅក្នុងវេទិកានៅវិទ្យាស្ថាន CSIS លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា កម្ពុជាសង្ឃឹមថា សភាអាណត្តិថ្មីនៅឆ្នាំក្រោយរបស់សហរដ្ឋអាមេរិកនឹងផ្តល់ឋានៈអនុគ្រោះពន្ធ GSP ឡើងវិញ។
លោកថ្លែងប្រាប់វីអូអថា ទោះបីលោកមិនអាចអត្ថាធិប្បាយច្រើនអំពីបញ្ហា GSP ដោយលោកមិនទាន់ដឹងថានឹងមានអ្វីនៅក្នុងច្បាប់នេះ ប៉ុន្តែលោកថា កម្ពុជាមិនរង់ចាំខ្លឹមសារនៃច្បាប់នេះទេ ហើយកំពុងធ្វើកំណែទម្រង់មួយចំនួនជាបណ្តើរៗហើយ។
លោកថ្លែងថា៖ «៩ពាន់លានមិនទេណា៎ នៅសហរដ្ឋអាមេរិក ជាទីផ្សារធំបំផុតរបស់កម្ពុជាយើង យើងលក់បាន។ ប៉ុន្តែបើយើងមាន GSP យើងលក់បានច្រើនថែមទៀត។ តែប៉ុណ្ណឹងទេ។ សព្វថ្ងៃអត់មាន GPS ក៏យើងកំពុងលក់បាន៩ពាន់។ បើមាន GSP អាចបានច្រើនជាងហ្នឹង»។
ការឈប់សំចតរបស់លោក ស៊ុន ចាន់ថុល នៅវ៉ាស៊ីនតោន ជាផ្នែកកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដើម្បីកៀរគរអ្នកវិនិយោគអាមេរិកបន្ថែមទៀត។ គេមិនទាន់ដឹងថា រដ្ឋាភិបាលថ្មីរបស់លោកអាចសម្រេចកិច្ចការនេះបានកម្រិតណានៅឡើយទេ៕