ការ​បំផ្ទុះ​គ្រាប់​បែក​រថយន្ត​អត្តឃាត​ក្នុង​អាហ្វហ្គានីស្ថាន​បាន​សម្លាប់​មនុស្ស​ជិត ១ រយ​នាក់ និង​យ៉ាង​តិច ១៦០ នាក់​រង​របួស

ក្មេង​ប្រុស​ម្នាក់​រងរបួស​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ក្នុង​ទីក្រុង​កាប៊ុ​ល​ប្រទេស​អាហ្វហ្គានីស្ថានកាលពី​ថ្ងៃទី 27 ឆ្នាំ​ ២០១៨។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ គ្រាប់​បែក​រថយន្ត​អត្តឃាត​មួយ​បាន​ផ្ទុះ​ឡើង​ក្នុង​តំបន់​មមាញឹក​កកកុញ​នៅ​ខាង​ក្រៅ​អាគារ​រដ្ឋាភិបាល​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៩៥ នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ជាង ១៦៣ នាក់​ទៀត​រង​របួស។

សាក្សី​បាន​និយាយ​ថា ពួកគេ​បាន​ឃើញ​ផ្សែង​ខ្មៅ​ខ្មួលខ្មាញ់​ដ៏​ក្រាស់​នៅ​លើ​អាកាស​ដែល​ហោះ​ចេញ​ពី​ចំណុច​កណ្ដាល​ទីក្រុង​កាប៊ុល បន្ទាប់​គ្រាប់​ផ្ទុះ​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ជិត​អាគារ​ចាស់​នៃ​ក្រសួង​មហាផ្ទៃ​អាហ្វហ្គានីស្ថាន។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក Nasrat Rahimi បាន​និយាយ​ថា អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​បាន​ប្រើ​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់​បំពាក់​ដោយ​គ្រាប់​ផ្ទុះ ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​នេះ។

ភ្លាមៗ​នោះ ពួក​តាលីបង់​បាន​ចេញ​មុខ​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ។ អ្នក​នាំ​ពាក្យ​នៃ​ក្រុម​តាលីបង់​នេះ​បាន​និយាយ​ថា គោលដៅ​សំខាន់​គឺ​សំដៅ​លើ​ពួក​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន។

សេតវិមាន និង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​នូវ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​ដើម្បី​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នេះ។

សេចក្ដី​ប្រកាស​ទាំង​ពីរ​បាន​បញ្ជាក់​ថា គ្រប់​ប្រទេស​ទាំង​អស់​ដែល​គាំទ្រ​ប្រទេស​អាហ្វហ្គានីស្ថាន គួរតែ​ចាត់​វិធានការ​ដើម្បី​បញ្ចប់​ក្រុម​តាលីបង់ និង​ក្រុម​ភេរវកម្ម​ដទៃ​ទៀត​ដែល​គាំទ្រ​ក្រុម​តាលីបង់​នេះ៕