ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​នៅ​ភាគ​ខាងលិច​​ប៉ាគីស្ថាន​សម្លាប់​​មនុស្ស​យ៉ាង​ហោច​ណាស់​៥២​នាក់​និង​របួស​ជាង​៥០​នាក់

  • ​Reuters

ក្រុមអ្នកស្ម័គ្រចិត្តកំពុងជួយសង្គ្រោះជនរងគ្រោះនៅមន្ទីរពេទ្យមួយ ក្រោយការផ្ទុះគ្រាប់បែកអត្តឃាត នៅក្រុង Quetta ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣។

ការបំផ្ទុះ​គ្រាប់បែក​អត្តឃាតមួយ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​ ៥២ ​នាក់​ដែរ​ និង​មនុស្សជាង​ ៥០​ នាក់​ផ្សេង​ទៀតរង​របួស នៅ​ក្នុងពិធី​ជួបជុំ​សាសនា​មួយ​ ដែល​ប្រារព្ធ​ធ្វើឡើង​ក្នុង​ខេត្ត​មួយ​ជាប់ព្រំដែន​នឹង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដើម្បី​កត់​សម្គាល់ថ្ងៃ​ប្រសូត្រ​របស់​ព្យាការី Mohammed នៃ​សាសនា​ឥស្លាម។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។

គេ​នៅពុំ​ទាន់​ឃើញ​មាន​ការ​ប្រកាស​ទទួល​ខុសត្រូវ​ពី​ក្រុម​ណា​មួយនៅ​ឡើយ​ទេ ជុំវិញ​ការ​ផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ​ ដែល​កើត​មាន​ឡើងស្រប​ពេល​ដែល​កំពុង​មាន​ការ​វាយប្រហារ​ជា​ច្រើន​ ពី​ក្រុម​សកម្មប្រយុទ្ធនៅ​ភាគខាង​លិចប្រទេស​ប៉ាគីស្ថាន​ ដែល​ការណ៍​នេះ​បាន​បង្កើនឱ្យ​មាន​ការ​ដាក់​ត្រៀមកងកម្លាំង​សន្តិសុខនៅ​មុន​ការបោះឆ្នោតជាតិ ដែល​នឹង​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​ នៅ​ក្នុង​ខែ​មករា​ ឆ្នាំ​ក្រោយ។

អគ្គ​នាយករង​អធិការកិច្ចប៉ូលិស​លោក Munir Ahmed បាន​ប្រាប់ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters ថា ជនអត្តឃាតដែល​មាន​គ្រាប់បែកក្នុង​ខ្លួន​នោះ​ បាន​បំផ្ទុះសម្លាប់​ខ្លួន​ឯង​នៅ​ជិត​រថយន្ត​ស្នងការ​រង​ប៉ូលិស។

លោក Ahmed បន្ថែម​ទៀត​ថា​ ការ​បំផ្ទុះ​នេះ​បាន​លាន់​កក្រើកនៅ​ក្បែរ​ព្រះវិហារ​ឥស្លាម​មួយកន្លែង​ ក្នុង​ខេត្ត​ Balochistan ​ដែលមនុស្ស​ជាច្រើននាក់​កំពុង​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ដើរ​ដង្ហែរ​ក្បួន​ ក្នុង​ការប្រារព្ធ​ពិធីនៃ​ថ្ងៃ​ប្រសូត្រ​របស់ព្យាការី Mohammed ដែល​ជា​ថ្ងៃឈប់​សម្រាក​មួយ។

មន្ត្រី​សុខាភិបាល​ស្រុក​ លោក Abdul Rasheed​ និយាយ​ថា​ មាន​មនុស្ស​យ៉ាង​ហោចណាស់​ក៏​ ៥៨ នាក់​ដែរ​ បាន​ទទួល​រងរបួស ហើយ​ចំនួន​អ្នក​ស្លាប់​សរុប​អាច​កើន​ឡើង ខណៈពេល​ដែលមនុស្ស​ជា​ច្រើន​កំពុង​មាន​ស្ថាន​ភាព​របួស​ធ្ងន់ធ្ងរនោះ។​

គេ​ឃើញ​មាន​ការ​កើន​ឡើង​នៃ​ការ​វាយប្រហារ​ជា​ច្រើន​ពី​សំណាក់​ក្រុមសកម្ម​ប្រយុទ្ធ​ឥស្លាម នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ចាប់តាំង​ពី​ឆ្នាំមុន​មក​ ​នៅ​ពេល​ដែលបទ​ឈប់បាញ់​គ្នា​មួយ​ លែង​ត្រូវ​បាន​អនុវត្ត​ដោយ​រដ្ឋាភិបាល​និង​ក្រុម​ Tehreek-e-Taliban Pakistan ​ដែល​ជា​ក្រុម​អង្គការ​បង្គោល​មួយ​នៃក្រុម​ឥស្លាមដែល​ប្រកាន់​តឹង​ជា​ច្រើន​ក្រុម។

ក្រុម​នេះ​បាន​បដិសេធពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ថ្ងៃ​សុក្រ​នេះ។ ​

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប៉ាគីស្ថាន​បាន​ហៅ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នេះ​ ថា​ជា​ «អំពើ​ដ៏សាហាវ​ព្រៃផ្សៃ»​ មួយ៕