ពលរដ្ឋ​រងគ្រោះ​ដោយ​ឧស្សាហ​កម្ម​ស្ករ​អំពៅ​ស្នើ​សុំ​ក្រុមហ៊ុន​ Coca Cola​ ដោះស្រាយ​វិវាទ​ដីធ្លី

រូបឯកសារ៖ បុរសម្នាក់កំពុងប្រមូលដើមអំពៅពីចម្ការរបស់លោក នៅខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។ (Reuters)

តំណាង​សហគមន៍​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ពី​ការ​ទន្ទ្រាន​ដី​ដោយ​ក្រុមហ៊ុន​ផលិត​ស្ករ​ស​មួយ​ពី​ប្រទេស​ថៃ​បាន​ស្នើ​សុំ​ភស្តុតាង​ពី​ក្រុមហ៊ុន​ Coca Cola ​តាម​រយៈ​តុលាការ​នៅ​សហ​រដ្ឋ​អាមេរិក​ដើម្បី​បន្ថែម​ទម្ងន់​ដល់​ពាក្យ​បណ្តឹង​របស់​ខ្លួន។​

ពាក្យ​បណ្តឹង​នេះ​ជាផ្នែក​មួយ​នៃ​ការ​តស៊ូ​មតិ​របស់​អង្គការ​ Inclusive Development International ​និង​ជា​តំណាង​ឲ្យ​គ្រួសារ​រាប់​រយ​ ដែល​រង​ការ​ប៉ះពាល់​ពី​គម្រោង​វិនិយោគ​ឧស្សាហ​កម្ម​ផលិត​ស្ករ​ស​នៅ​កម្ពុជា។​

អង្គការ​នេះ​ បាន​ដាក់​ញត្តិ​មួយ​ នៅ​ក្រុង​ Atlanta ​រដ្ឋ​ Georgia ​សហ​រដ្ឋ​អាមេរិក​ ដោយ​ស្នើ​ឲ្យ​តុលាការ​អាមេរិក​ជួយ​ឲ្យ​ពួកគេ​ទទួល​បាន​ភស្តុតាង​ពី​ក្រុមហ៊ុន ​Coca Cola។ ​ហើយ​ភស្តុតាង​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​គាំទ្រ​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន ​Mitr Phol ​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្ករ​ធំ​ជាង​គេ​បង្អស់​នៅ​អាស៊ី ​និង​ធំ​ជាង​គេ​បង្អស់​ទី​ប្រាំ​នៅ​លើ​សាកល​លោក​ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ដីធ្លី។​

នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា ​លោក ​អៀង វុទ្ធី ​ដែល​បាន​តាមដាន​ស្ថានភាព​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ សហគមន៍​ពលរដ្ឋ​រង​គ្រោះ​នៅ​ខេត្ត​ឧត្តរមានជ័យ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ថៃ​ដើម្បី​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ករណី​រំលោភ​បំពាន​ដី​ធ្លី​ដោយ​ក្រុមហ៊ុន ​Mitr Phol។​

លោក​បាន​បន្ត​ថា​ ដំណាល​គ្នា​នេះ​ដែរ ​ សហគមន៍​ក៏​បាន​ដឹង​ថា ​ ក្រុមហ៊ុន ​Coca Cola ​គឺ​ជា ក្រុមហ៊ុន​ទទួល​ទិញ​ពី​ក្រុមហ៊ុន​ ​Mitr Phol ​ ហេតុ​ដូច្នេះ​ ទើប​ពួកគេ​បាន​សុំ​ឲ្យ​ក្រុមហ៊ុន​ Coca Cola​ផ្តល់​ជា​ភស្តុតាង​ ដែល​អាច​គាំទ្រ​ដល់​ពាក្យ​បណ្តឹង​របស់​ពួក​គេ។​

លោក​បាន​ថ្លែង​ថា៖ ​«អ៊ីចឹង​ប្រជា​ពលរដ្ឋ​គិត​ថា ​....​ ហើយ​ដែល​មេធាវី​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ថៃ​ហ្នឹង​គឺ​ គាត់​បាន​ អនុវត្ត​ទៅ​តាម​គោល​ការណ៍​ដែល​ច្បាប់​មាន​ចែង។ ​ ហើយ​សង្ឃឹម​ថា​ ខាង​តុលាការ​នឹង​បញ្ជា​ឲ្យ​ ឬ​មាន​ការ​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ Coca Cola ​ នឹង​ផ្តល់​ឯកសារ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សំណុំ​រឿង​ហ្នឹង។​ ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​ពី​ខាង​ដើម​ ជា​ឯកសារ​គាំទ្រ ​ឬ​ជា​ភស្តុតាង​សំខាន់​សម្រាប់​សវនាការ»។​

លោក ​អៀង រិទ្ធី​ បាន​បន្ថែម​ថា​ក្រោយ​ពី​ក្រុមហ៊ុន​ Mitr Phol ​បាន​ដក​គម្រោង​វិនិយោគ​ចេញ​ពី​កម្ពុជា​នោះ​ ​ក្រុមហ៊ុន​នេះ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ជូន​គ្រួសារ​ពលរដ្ឋ​រង​គ្រោះ​នៅ​ឡើយ​ទេ។​

វីអូអេ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន ​Mitr Phol Group ​នៅ​ឡើយ​ទេ ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

បន្ទាប់​ពី​ទទួល​បាន​សម្បទាន​ដី​ទំហំ​ធំ​ ដែល​មិន​មាន​ភាព​ជាក់​លាក់​តាម​ប្រព័ន្ធ​ផ្លូវ​ច្បាប់​ពី​រដ្ឋាភិបាល​កម្ពុជា ​ក្រុមហ៊ុន​ផលិត​ស្ករ​ថៃ ​Mitr Phol ​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ក្តោប​យក​ដី​ចំនួន​៩.៤០០​ ហិកតា​ពី​កសិករ​ ដើម្បី​ធ្វើ​កសិដ្ឋាន​ឧស្សាហ​កម្ម​ដំណាំ​អំពៅ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស។ ​ នេះ​បើ​យោង​ទៅ​តាម​អង្គការ​ Inclusive Development International។ ​

អង្គការ​នេះ​បាន​បន្ត​ថា​នៅ​ចន្លោះ​ឆ្នាំ​២០០៨ ​និង​២០០៩ ​ ប្រជាជន​ជាង​២០០០​គ្រួសារ​ពី​ភូមិ​ចំនួន​២៦​ ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ដី​របស់​ខ្លួន​ដោយសារ​ការ​ផ្តល់​សម្បទាន​ដី​ដល់​ក្រុមហ៊ុន​ Mitr Phol។​ ហើយ​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​បាន​បាត់បង់​ដីស្រែ ​ផ្ទះ​សម្បែង ​ដី​សម្រាប់​ដាំ​ដំណាំ ​និង​ការ​អាច​ចូល​ទទួល​ផល​ពី​ព្រៃឈើ​ដែល​បាន​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​របស់​ពួកគេ។ ​

កាល​ពី​ឆ្នាំ​២០១៨ ​ភាគី​ដើម​បណ្តឹង​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ថៃ ​ដោយ​ចោទ​ប្រកាន់​ក្រុមហ៊ុន ​Mitr Phol ​ ពី​បទ​ឃុបឃិត​ក្នុង​រឿង​បណ្តេញ​ចេញ​ដោយ​ហិង្សា​មក​លើ​ពលរដ្ឋ​ខ្មែរ​ជាង​៧០០​គ្រួសារ​នៅ​តំបន់​ជនបទ​ ភាគ​ពាយ័ព្យ​ប្រទេស ​នៅ​ចន្លោះ​ឆ្នាំ ​២០០៨ ​និង​២០០៩។​ហើយ​នៅ​ឆ្នាំ​២០១៥​ គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​ថៃ​បាន​រក​ឃើញ​ថា​ ក្រុមហ៊ុន ​Mitr Phol​ មាន​ការ​ទទួល​ខុសត្រូវ​ផ្ទាល់​ ដោយ​ស្នើ​ឲ្យ​ក្រុមហ៊ុន​នេះ ​«កែប្រែ​និង​ផ្តល់​ជា​សំណង​ដល់​ការ​ប៉ះពាល់» ​ ប៉ុន្តែ​ភាគី​ដើម​បណ្តឹង​មិន​ទាន់​ទទួល​បាន​សំណង​នៅ​ឡើយ​ទេ។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សមធម៌​កម្ពុជា​ និង​អង្គការ​ Inclusive Development International ​ចេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ ​ ភាគី​ដើម​បណ្តឹង​កំពុង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ Mitr Phol ​ទទួល​ស្គាល់​ចំណែក​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ការ​រំលោភ​បំពាន​ខាង​លើ​ និង​ផ្តល់​ជា​សំណង​ដល់​គ្រួសារ​ពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ ។ ​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២០​ ពួកគេ​ទទួល​បាន​សេចក្តី​សម្រេច​យល់​ស្រប​ពី​សាលា​ឧទ្ធរណ៍​ថៃ​ ដែល​បាន​អនុញ្ញាត​ឲ្យ​គ្រួសារ​រង​គ្រោះ​ដាក់​ពាក្យ​បណ្តឹង​ជា​សមូហ​ភាព ​ហើយ​រឿង​ក្តី​នេះ​កំពុង​មាន​ដំណើរ​ឆ្ពោះ​ទៅ​រក​សវនាការ។​

សេចក្តី​ថ្លែង​ការណ៍​បាន​បញ្ជាក់​បន្ត​ថា ​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣ ​ ក្រុមហ៊ុន​ Coca Cola ​បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​ Mitr Phol ​គឺ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​លំដាប់​ថ្នាក់​កំពូល​៣​របស់​ខ្លួន​នៅ​លើ​សាកល​លោក។ ​

ស្រប​ពេល​ជាមួយ​គ្នា​នេះ ​ ក្រុមហ៊ុន​ Coca Cola​ ក៏​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចំពោះ​គោល​ការណ៍ ​«មិន​អត់ឱន​ជា​ដាច់ខាត»​ ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​ដី​ធ្លី​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​បណ្តាញ​ផ្គត់ផ្គង់​ និង​បាន​បញ្ចេញ​ផែនការ​ចំពោះ​ការ​អភិវឌ្ឍ​បទដ្ឋាន​ និង​តម្រូវ​ការ​សវនកម្ម​ចំពោះ​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ខ្លួន។ ​ ក្រុមហ៊ុន​ Coca Cola​ ក៏​បាន​បើក​ឲ្យមាន​ការ​ស៊ើប​អង្កេត​លើ​ករណី​ចោទ​ប្រកាន់​មក​លើ​ក្រុមហ៊ុន​ Mitr Phol ​ផង​ដែរ​ ប៉ុន្តែ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​នោះ​មិន​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​ទេ៕