ចំណាត់ការរបស់តុលាការដែលបានដោះលែងសកម្មជនសង្គមនិងនយោបាយជិត៣០នាក់នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះនៅបង្កការរកាំចិត្តដល់ក្រុមអ្នកការពារសិទ្ធិមនុស្សដោយសារតែភាគច្រើននៃសកម្មជនទាំងនោះត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការខណៈទោសជាប់ពន្ធនាគាររបស់ពួកគេត្រូវព្យួរ។
កាលពីថ្ងៃពុធក្រុមអង្គការសង្គមស៊ីវិលចំនួនជាង៦០បានថ្លែងរួមគ្នាសាទរការដោះលែងសកម្មជនទាំងនោះក៏ប៉ុន្តែពួកគេបន្តស្នើឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងនោះស្ថាប័នតុលាការពិចារណាទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងឡាយដែលបានធ្វើឡើងកន្លងមក។ពួកគេនិយាយថាការរក្សាបទចោទប្រកាន់និងការដាក់ឲ្យសកម្មជនទាំងនោះស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនោះនឹងមិនអនុញ្ញាតឲ្យពួកគេប្រើប្រាស់សិទ្ធិសេរីភាពរបស់ពួកគេបានពេញលេញទេ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពី«កំណែទម្រង់ជាប្រព័ន្ធគួរត្រូវបានធ្វើឡើងលើសពីការដោះលែងសកម្មជនសិទ្ធិមនុស្សដោយមានលក្ខខណ្ឌ»ក្រុមអង្គការសង្គមស៊ីវិលក្នុងនោះមានអង្គការលីកាដូមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងសហគមន៍ដែលយាយីដោយវិវាទដីធ្លីបានលើកឡើងថាការដោះលែងសកម្មជនសិទ្ធិមនុស្សច្រើនជាង២៧នាក់ត្រូវបានទទួលស្វាគមន៍ព្រោះពួកគេបានជួបជុំគ្រួសារវិញ។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៤ខែវិច្ឆិកា បន្តថាប៉ុន្តែភាគច្រើននៃសកម្មជនទាំងនោះនៅបន្តប្រឈមមុខនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌឬនៅបន្តស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការជាមួយលក្ខខណ្ឌដ៏តឹងរ៉ឹងជាច្រើនដោយគ្រាន់តែអ្នកទាំងនោះអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសិទ្ធិសេរីភាពក្នុងការប្រជុំនិងការជួបជុំដោយអហិង្សាតែប៉ុណ្ណោះ។
ក្រុមអង្គការសង្គមស៊ីវិលបានថ្លែងក្នុងន័យដើមថា៖«ដោយសកម្មជនជាច្រើនត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នឬត្រូវបានតុលាការព្យួរទោសសាកល្បងរយៈពីរឬបីឆ្នាំនោះអ្នកទាំងនោះមិនអាចបំពេញការងារក្នុងការការពារសិទ្ធិមនុស្សឬបរិស្ថានការនិយាយអំពីភាពអយុត្តិធម៌ក្នុងសង្គមឬចូលរួមក្នុងសកម្មភាពនយោបាយដោយគ្មានការភ័យខ្លាចការចាប់ខ្លួនបាននោះទេ»។
ក្រុមអង្គការសង្គមស៊ីវិលបន្ថែមថា៖«ការដោះលែងនេះពុំបានសបញ្ជាក់ការណ៍ពិតដែលសកម្មជនទាំងនោះត្រូវបានផ្តន្ទាទោសដោយមិនត្រឹមត្រូវនោះទេនិងការណ៍ពិតដែលថាសកម្មជនជាច្រើននាក់ត្រូវបានចាប់ឃុំខ្លួនអស់រយៈពេលជាងមួយឆ្នាំកន្លងមកនៅក្នុងពន្ធនាគារដ៏ចង្អៀតណែនដោយម្នាក់ក្នុងចំណោមពួកគេបាននិយាយថាកន្លែងនោះជាឋាននរក»។
ក្រុមអង្គការសង្គមស៊ីវិលសង្កត់ធ្ងន់ថាប្រព័ន្ធតុលាការដែលលម្អៀងផ្នែកនយោបាយនិងច្បាប់បង្កើតឡើងថ្មីៗដែលមានលក្ខណៈគាបសង្កត់ក្នុងនោះមានវិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយនិងអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិបានធ្វើឲ្យសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋបន្តស្ថិតក្នុងស្ថានភាពគំរាមកំហែង។ការណ៍នេះតម្រូវឲ្យអាជ្ញាធរពិចារណាចាត់វិធានការជាប្រព័ន្ធដើម្បីស្តារលទ្ធិប្រជាធិបតេយ្យលម្ហសេរីភាពសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពលរដ្ឋក្នុងប្រទេសឡើងវិញមុនការបោះឆ្នោតខាងមុខ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាបើគ្មានការកែទម្រង់ការតាក់តែងច្បាប់និងរៀបចំឲ្យស្ថាប័នតុលាការមានឯករាជ្យភាពជាប្រព័ន្ធនោះទេការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋនឹងនៅតែប្រឈមមុខនឹងការចាប់ខ្លួននិងការយកទៅផ្តន្ទាទោសដូចអ្វីដែលបានកើតឡើងកន្លងមកនោះ។
លោកថ្លែងថា៖«បើសិនការកំណែទម្រង់នេះកើតឡើងមានអាហ្នឹងវាមានការបើកនូវលម្ហនិងសេរីភាពពេញលេញបានន័យថា សេរីភាពជាមូលដ្ឋានសិទ្ធិជាមូលដ្ឋានសេរីភាពក្នុងការបញ្ចេញមតិសេរីភាពក្នុងការចូលរួមដែលសកម្មក្នុងជីវភាពនយោបាយសេដ្ឋកិច្ច សង្គមនិងវប្បធម៌របស់ប្រជាពលរដ្ឋ»។
កាលពីថ្ងៃអង្គារក្រុមសកម្មជនសង្គមនយោបាយនិងបរិស្ថានបានគ្រោងរៀបចំសន្និសីទកាសែតនៅក្នុងហាងកាហ្វេមួយក្នុងខណ្ឌចម្ការមនដើម្បីបញ្ជាក់ជំហររបស់ពួកគេក្នុងការបន្តចូលរួមជំរុញដំណើរការប្រជាធិបតេយ្យទោះបីពួកគេត្រូវបានដោះលែងដោយទោសត្រូវព្យួរនិងសិទ្ធិសេរីភាពត្រូវបានកំហិតដោយសារដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ ប៉ុន្តែផែនការជួបជុំក្នុងហាងកាហ្វេនោះត្រូវបានរំខានដោយអាជ្ញាធរខណ្ឌចម្ការមនដែលមិនអនុញ្ញាតឲ្យពួកគេរៀបចំសន្និសីទព័ត៌មានបានទេ។
ទោះយ៉ាងណាក្រុមសកម្មជនបានមកធ្វើសន្និសីទកាសែតនៅក្នុងបរិវេណស្ថានីយប្រេងសាំងទល់មុខនឹងហាងកាហ្វេនោះ។
លោក លី ចាន់ដារ៉ាវុធ សកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិមួយរូបក្នុងចំណោម៦រូបដែលត្រូវបានដោះលែងតែត្រូវអនុវត្តតាមលក្ខខណ្ឌរបស់តុលាការមួយចំនួនដូចជាមិនអាចចេញក្រៅប្រទេសបាននោះបានប្រាប់ក្រុមអ្នកកាសែតថាវិធានការត្រួតពិនិត្យរបស់តុលាការជាទម្រង់នៃការដាក់បន្ទាត់កំហិតសិទ្ធិសេរីភាពរបស់លោក។
លោកនិយាយថា៖ «ការណ៍ដែលយើងស្ថិតនៅក្រោមការត្រួតពិនិត្យនេះវាហាក់ដូចជាគូសបន្ទាត់មួយឲ្យយើងដើរហើយយើងនឹងមានការពិបាកនៅក្នុងការធ្វើសកម្មភាពណាមួយ។ប៉ុន្តែយើងនឹងនៅតែបន្ត ធ្វើការងារការពារបរិស្ថានដដែល។ហើយខ្ញុំសុំបញ្ជាក់ថាការងារពួកយើងគឺដើម្បីការពារបរិស្ថានយើងដើម្បីជំរុញឲ្យមានការប្រើប្រាស់ធនធានធម្មជាតិដោយមាននិរន្តរភាពដើម្បីប្រឆាំងនឹងអំពើពុករលួយដែលបំពានទៅលើបរិស្ថានមិនមែនជាការក្បត់ជាតិណាមួយទេ។ដូច្នេះខ្ញុំសូមស្នើថាគេគួរតែទម្លាក់បទចោទប្រកាន់មកកាន់ពួកយើងទៅព្រោះថា បទរួមគំនិតក្បត់ហ្នឹងវាគឺជាការចោទប្រកាន់មួយដ៏ហួសហេតុ»។
ក្រុមអង្គការសង្គមស៊ីវិលដែលបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធឱ្យដឹងថា នៅមានមនុស្សជាង៦០នាក់ផ្សេងទៀតដែលរួមមានអ្នកសារព័ត៌មានសកម្មជននយោបាយអ្នកប្រើប្រាស់បណ្តាញសង្គមនិងសកម្មជនដីធ្លីជាង១០នាក់ទៀតកំពុងតែជាប់ក្នុងពន្ធនាគារដោយសារការងារនិងភាពសកម្មរបស់ពួកគេ។
ក្រុមអង្គការសង្គមស៊ីវិលទាំងជាង៦០នោះបានលើកឡើងទៀតថា«ការចោទប្រកាន់ពីបទញុះញង់និងបទរួមគំនិតក្បត់នៅតែត្រូវបានគេប្រើប្រាស់ទៅលើជនណាដែលហ៊ាននិយាយតវ៉ាឬរិះគន់ទៅលើអាជ្ញាធររដ្ឋហើយភាពញឹកញាប់នៃការប្រើប្រាស់វិធីសាស្ត្រខាងលើនិងការកើនឡើងនៃការត្រួតពិនិត្យចាប់ពិរុទ្ធខ្លួនឯងគឺជាការគំរាមកំហែងមួយដែលកំពុងកើនឡើង»។
ពួកគេទទូចសុំម្តងហើយម្តងទៀតឲ្យអាជ្ញាធរដោះលែងអ្នកទោសនយោបាយនិងសកម្មជនទាំងអស់ដែលត្រូវបានចោទប្រកាន់ដោយសារការអនុវត្តសិទ្ធិមូលដ្ឋានរបស់ពួកគេហើយសុំឱ្យទម្លាក់ចោលការចោទប្រកាន់សកម្មជនទាំងនោះ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ថ្លែងថាសង្គមស៊ីវិលនៅកម្ពុជាធ្វើសកម្មភាពផ្ទុយពីសង្គមស៊ីវិលនៅបណ្តាប្រទេសផ្សេងទៀតដោយសារតែចង់បន្តសកម្មភាពតាមបែបអនាធិបតេយ្យនិងដើរតាមរបៀបវារៈនយោបាយនៃម្ចាស់ជំនួយ។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំមើលសង្គមស៊ីវិលយើងដូចខុសប្លែកពីសង្គមស៊ីវិលនៅក្នុងសង្គមប្រជាធិបតេយ្យដទៃទៀតចង់បានតែសិទ្ធិសេរីភាព ក៏ប៉ុន្តែអត់ចង់មានការទទួលខុសត្រូវបានន័យថាចង់ធ្វើសកម្មភាពដោយមិនមានច្បាប់តាមបែបអនាធិបតេយ្យហើយដែលគាត់អាចធ្វើបានតាមរបៀបនយោបាយរបស់ម្ចាស់ជំនួយគាត់»។
លោកបន្ថែមថា៖ «ក៏ប៉ុន្តែក្នុងនាមជារដ្ឋអធិបតេយ្យមួយដែលប្រកាន់ប្រជាធិបតេយ្យនីតិរដ្ឋយើងមិនអាចឲ្យពួកគាត់ចេះតែធ្វើអីតាមចិត្តប៉ះពាល់ដល់ផលប្រយោជន៍ជាតិផលប្រយោជន៍របស់សង្គមបានទេត្រូវតែមានច្បាប់ដើម្បីធ្វើការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈនិងផលប្រយោជន៍របស់សង្គម។ហើយបើសិនជាពួកគាត់មិនមានចេតនាអីអាក្រក់ទេដូចជាមិនចាំបាច់ភ័យនឹងច្បាប់ទាំងអស់ហ្នឹងទេ។ក្រែងលោគាត់មានចេតនាអីមិនល្អពីក្រោយហ្នឹងបានជាគាត់ភ័យខ្លាចក្នុងការរៀបចំច្បាប់ទាំងអស់ហ្នឹង»។
ដោយឡែកក្នុងការថ្លែងអបអរចលនាមាតាធម្មជាតិនៅកម្ពុជាដែលទទួលបានរង្វាន់អ្នកការពារជួរមុខប្រចាំឆ្នាំពីអង្គការ Front Line Defenders ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោក វិទិត ម៉ុនតារបន (Vitit Muntarbhorn) បានលើកឡើងថាការការពារបរិស្ថានគឺជាតម្រូវការដ៏ចាំបាច់បំផុតមួយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។
លោកថ្លែងក្នុងន័យដើមថា៖ «ដូចនេះយើងខ្ញុំសូមអបអរដល់មាតាធម្មជាតិនិងសូមអំពាវនាវឲ្យទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងពួកគេ»៕