បាតុករ​ស៊ូដង់​តវ៉ា​តាម​ដងផ្លូវ បន្ទាប់ពី​មាន​ការប្រកាស​អាសន្ន

ប្រជាជន​ស៊ូដង់ តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ដែល​បាន​ផ្តួលរំលំ​ការផ្លាស់ប្តូរ​ឆ្ពោះទៅ​រក​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​ជនស៊ីវិល នៅ​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅក្នុង​ទីក្រុង Omdurman នៃ​ប្រទេស​ស៊ូដង់។

ក្រុម​បាតុករ​ស៊ូដង់​ បាន​ធ្វើ​បាតុកម្ម​រហូត​ដល់​យប់​ថ្ងៃ​ចន្ទ ​បន្ទាប់​ពី​យោធា​បាន​ដណ្តើម​អំណាច​ដែល​ទំនង​ជា​រដ្ឋប្រហារ។ ​កងកម្លាំង​សន្តិសុខ ​បាន​បាញ់​ប្រហារ​លើ​បាតុករ​កាលពី​ព្រឹក​ថ្ងៃចន្ទ ​ដោយ​បាន​សម្លាប់​បាតុករ​យ៉ាងតិច​បួន​នាក់។​ នេះ​ បើ​តាម​គណៈកម្មាធិការ​វេជ្ជបណ្ឌិត​ស៊ូដង់។ ​ គណៈកម្មាធិការ​នេះ​ បាន​និយាយ​ថា ​មនុស្ស​យ៉ាង​តិច​៨០​ នាក់​បាន​រង​របួស។​

មេបញ្ជាការ​យោធា​ប្រទេស​ស៊ូដង់​លោក​ឧត្តម​សេនីយ៍ Abdel-Fattah Burhan​ បាន​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ចន្ទ ​ហើយ​បាន​ប្រកាស​បញ្ចប់​ក្រុម​ប្រឹក្សា​ស៊ីវិល-យោធា​រួមគ្នា​ ដែល​គ្រប់គ្រង​ប្រទេស​រយៈពេល​ពីរឆ្នាំ​កន្លង​មក​នេះ។​

ឧត្តម​សេនីយ៍​រូប​នេះ​ បាន​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​បន្ទាប់ពី​យោធា​បាន​ចាប់​ខ្លួន​លោក​នាយក​រដ្ឋមន្ត្រី ​Abdalla Hamdok ​និង​មន្ត្រី​ដទៃ​ទៀត​នៃ​ក្រុម​ប្រឹក្សា​អធិបតេយ្យ។ ​លោក ​Burhan​ បាន​និយាយ​ថា​ លោក​បាន​រំលាយ​ក្រុម​ប្រឹក្សា ​និង​រដ្ឋាភិបាល ​ដោយសារ​តែ​«ជម្លោះ​នយោបាយ​ដែល​គំរាម​កំហែង​ដល់​សន្តិសុខ​ប្រទេស»​ ហើយ​បាន​ប្រកាស​ថា ​«រដ្ឋាភិបាល​ថ្មី​នៃ​អ្នក​បច្ចេកទេស​ នឹង​ត្រូវបាន​បង្កើត​ក្នុង​ពេល​ឆាប់ៗ​នេះ»។​

អ្នក​កាសែត​លោក​ Michael Atit ​ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​ប្រទេស​ស៊ូដង់​ បាន​ប្រាប់ ​កម្មវិធី​ South Sudan in Focus ​របស់ ​VOA ​ថា​ បាតុករ​រាប់ពាន់​នាក់​នៅ​ពាសពេញ​ដងផ្លូវ​នៃ​រដ្ឋធានី​ខាទុំ​ បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​អំពី​ការ​ចាប់ខ្លួន​លោក​ Hamdok។ លោក ​Atit ​បាន​រាយការណ៍​ថា​ លោក​បាន​ឮ​សំឡេង​កាំភ្លើង និង​ឃើញ​សំបក​កង់​រថយន្ត​ឆេះ​នៅ​តាម​ផ្លូវ។​

លោក ​Atit​ បាន​និយាយ​ថា ​ទូរគមនាគមន៍​ភាគច្រើន​នៅរដ្ឋធានី​ខាទុំ​បាន​បិទ ​រួមទាំង​អ៊ីនធឺណិត​ និង​ស្ថានីយ​វិទ្យុ​ផង​ដែរ។ ​មាន​តែ​ស្ថានីយ​ទូរទស្សន៍​រដ្ឋ​មួយ​ប៉ុណ្ណោះ​ដំណើរការ​ដោយ​ចាក់​ផ្សាយ​តន្ត្រី​ស្នេហា​ជាតិ។​

តំណាង​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​ស៊ូដង់ ​លោក ​Volker Perthes ​បាន​និយាយ​ថា​ យោធា ​«បាន​កាន់កាប់​ទីក្រុង​ខាទុំ​ បិទ​ច្រកចូល ​និង​ស្ពាន ​ព្រមទាំង​បិទ​ព្រលាន​យន្តហោះ​ ព្រមទាំង​បាន​គ្រប់គ្រង​ទូរទស្សន៍​រដ្ឋផង​ដែរ»។​

លោក ​Volker Perthes ​បាន​និយាយ​តាម​អ៊ីនធឺណិត​ពីរដ្ឋធានី​ខាទុំ​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​ញូវយ៉ក​ថា ​នៅ​ពេលយប់​នៅ​ទីក្រុងនេះ ពី​កន្លែង​របស់​លោក​ដែល​មាន​របាំង​ការពារ​លោកអាច​មើល​ឃើញ​ភ្លើង​ឆេះ ​ហើយ​ឮ​សំឡេង​កាំភ្លើង​ម្តងម្កាល។ ​ លោកបាន​និយាយ​ថា ​ស្ថានភាព​នេះ​ «មិន​ទាន់​ស្ងប់​ទេ»។

ព្រឹត្ដិ​ការណ៍​នេះ​ គឺ​ជា​ការកែប្រែ​យ៉ាង​ខ្លាំង​ពី​អ្វី​ដែល​មនុស្ស​ជាច្រើន​រំពឹង​ទុកថា​ នឹងមាន​ការ​ផ្លាស់ប្តូរ​ឆ្ពោះទៅ​រក​រដ្ឋាភិបាល​ប្រជា​ធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​ជនស៊ីវិល​នៅក្នុង​ប្រទេស​ស៊ូដង់ ​ដែល​អតីត​ប្រធានាធិបតី ​Omar al-Bashir ​បាន​គ្រប់គ្រង​ដោយ​កណ្តាប់​ដៃដែក​រយៈ​ពេល ៣០​ ឆ្នាំ​ដែល​បាន​បញ្ចប់​ដោយ​យោធា​បណ្តេញ​លោក​ចេញ​ពីតំណែង​នៅខែ​មេសា ​ឆ្នាំ​២០១៩។​

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​លោក ​Antonio Guterres ​សហភាព​អាហ្រ្វិក ​និង​សម្ព័ន្ធ​អារ៉ាប់​នៅ​ក្នុង​ចំណោម​ក្រុម​ដែល​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ និង​ការ​សោកស្ដាយ​កាលពី​ថ្ងៃចន្ទ​ចំពោះ​ព្រឹត្តិ​ការណ៍​ចុងក្រោយ​បង្អស់​នៅ​ក្នុង​ប្រទេសស៊ូដង់ ​ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​នេះ ​បន្ត​មាគា៌​គ្រប់គ្រង​ដោយ​ជន​ស៊ីវិល។​

សេតវិមាន​បាន​និយាយ​ថា​ ខ្លួនមាន​ការភ្ញាក់​ផ្អើល​ចំពោះ​ព្រឹត្តិ​ការណ៍​នេះ​ ខណៈ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ខ្លួន​កំពុង​ផ្អាក​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន​៧០០​លាន​ដុល្លារ​ដល់​ប្រទេស​នេះ។​

ស្ថានទូត​អាមេរិក​នៅ​រដ្ឋធានី​ខាទុំ​បាន​ឱ្យ​ប្រជាជន​អាមេរិក​នៅក្នុង​ទីក្រុង​នេះ​ជ្រកកោន​នៅ​តាម​កន្លែង​រៀងៗ​ខ្លួន។​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ គ្រោងនឹង​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃអង្គារ​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នេះ៕​

អ្នកស្រី Margaret Besheer អ្នកឆ្លើយឆ្លង​ព័ត៌មាន​វីអូអេ​នៅ​អ.ស.ប. ​លោក​ Michael Atit ​អ្នកយក​ព័ត៌មាន​កម្មវិធី​ South Sudan in Focus ​របស់​វីអូអេ​ភាសា​អង់គ្លេស​ផ្សាយ​ទៅ​ទ្វីបអាហ្វ្រិក​ និង​អ្នកស្រី Salem Solomon រួម​ចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ។ ​ព័ត៌មាន​ខ្លះទៀត ​ដកស្រង់ពី​ទីភ្នាក់ងារព័ត៌មាន​ Agence-France Presse។