ពលរដ្ឋ​ស៊ូដង់សរសើរ​រដ្ឋាភិបាល​អន្តរកាល​ចំពោះ​ទោស​ប្រហារជីវិត

ស្រ្តីជនជាតិស៊ូដង់លើករូបថតគ្រូបង្រៀន Ahmed al-Khair ខណៈពេលអបអរសាទរការដាក់ទោសចុងចោទ​ទាំង​២៩​នាក់។

សមាជិក​គ្រួសារ​និង​មិត្តភក្ដិ​របស់​គ្រូ​បង្រៀន​ស៊ូដង់​ម្នាក់​ដែល​ត្រូវ​បាន​សម្លាប់ បាន​អបអរសាទរ​និង​ហ៊ោកញ្ជ្រៀវ​នៅ​ក្រៅ​បន្ទប់​សវនាការ​មួយ​ក្នុង​ទីក្រុង Omdurman កាល​ពី​ថ្ងៃ​អង្គារ នៅ​ពេល​ដែល​មន្ត្រី​ប៉ូលិស​ស៊ើបការណ៍​សម្ងាត់​២៩​នាក់ ត្រូវ​បាន​កាត់​ទោស​ប្រហារជីវិត​ ពី​បទ​ធ្វើ​ទារុណកម្ម​និង​សម្លាប់​លោក Ahmed al-Khair នៅ​ទីក្រុង Khasum al-Girba ប៉ែក​ខាង​កើត​ប្រទេស​ស៊ូដង់។

ចុងចោទ​ទាំង​២៩​នាក់ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោសចំពោះ​ការ​បំពាន​ដែល​ឈាន​ទៅ​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​គ្រូបង្រៀន​ម្នាក់​នោះ។

តុលាការ​បាន​រក​ឃើញ​ថា លោក Ahmed al-Khair ត្រូវ​បាន​គេ​វាយដំ​និង​ធ្វើទារុណកម្មរហូត​ដល់​ស្លាប់ ដោយ​ក្រុម​មន្ត្រី​នៅ​ឯ​មណ្ឌល​ឃុំឃាំង​មួយ​កន្លែង ក្រោយ​ពី​គ្រូបង្រៀន​រូប​នេះ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន។

​លោក Ahmed al-Khair បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់​ពី​ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈ​ពេល​១​អាទិត្យ​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​នោះ។

​លោក Hind Awadassaid នៃ​សហជីព​គ្រូបង្រៀន​ស៊ូដង់ បាន​ហៅ​ការ​កាត់ទោស​ប្រហារជីវិត​នោះ​ថា​ជា​ការ​ចាប់ផ្ដើម​ដ៏​ល្អ​មួយ​សម្រាប់​ពលរដ្ឋ​ដែល​ទាមទារ​យុត្តិធម៌។

លោក​និយាយ​ថា៖

«‍ពេល​នេះ ពលរដ្ឋ​មាន​ភាព​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​ហើយ»។

លោក Bakhit Mohammed Ahmed ដែល​ជា​គ្រូបង្រៀន​និង​ជា​សហសេវិកម្នាក់​របស់​លោក Ahmed al-Khair បាន​ធ្វើ​ដំណើរ​ពី​ក្រុង​Khasum al-Girba ទៅ​កាន់​រដ្ឋធានី​ខាទុម ដើម្បី​ចូលរួម​ស្តាប់​សវនាការ​កាត់​ទោស​នេះ។ លោក​បាន​និយាយ​ថា​មុន​ពេល​តុលាការ​កាត់​ទោស លោក​មិន​ជឿជាក់​លើ​ប្រព័ន្ធ​យុត្តិធម៌​ស៊ូដង់​នោះ​ទេ។ ប៉ុន្តែ ក្រោយ​ពី​តុលាការ​កាត់​ទោស​រួច​ហើយ លោក​បាន​សរសើរ​រដ្ឋាភិបាល​អន្តរកាល​ ចំពោះ​ការ​ធានា​ថា​យុត្តិធម៌​ត្រូវ​តែ​មាន។

​សាច់ញាតិ​របស់​លោក al-Khair ក៏​បាន​សម្ដែង​ការពេញ​ចិត្ត​ចំពោះ​សាលក្រម​របស់​តុលាការ​ដែរ៕