មន្ត្រី​រដ្ឋាភិបាល​ស៊ូដង់​ត្រូវបាន​ឃុំ​ខ្លួន ប្រព័ន្ធ​អ៊ីនធឺណិត​និង​ព្រលាន​យន្តហោះ​ត្រូវ​បាន​បិទ ទំនងជា​មាន​រដ្ឋប្រហារ

ក្រុមបាតុករ​ស៊ូដង់ ដុត​កង់ឡាន​ដើម្បី​បិទផ្លូវ​មួយ​ក្នុង​រដ្ឋធានី​ខាទុំ ដើម្បី​ថ្កោលទោស​ការឃុំខ្លួន​មួយយប់​ដោយ​សមាជិក​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ូដង់ នៅ​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

នាយក​រដ្ឋមន្ត្រី​ស៊ូដង់​លោក ​Abdalla Hamdok ​ត្រូវបានឃុំខ្លួន​ក្នុង​ផ្ទះ​ទំនង​ជា​មាន​រដ្ឋ​ប្រហារ​យោធា​មួយ។​ នេះ​ បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទូរទស្សន៍​ក្នុង​ស្រុក។​ ​

ដោយ​ដក​ស្រង់​សម្តី​សមាជិក​គ្រួសារ​ ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​រាយ​ការណ៍​ថា​ កងកម្លាំង​យោធា​ បាន​សម្រុក​ចូលផ្ទះ​នាយក​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។​ រដ្ឋមន្ត្រី​៤រូប​ និង​សមាជិក​ស៊ីវិល​ម្នាក់​របស់​ក្រុម​ប្រឹក្សា​គ្រប់គ្រង​ជាន់​ខ្ពស់​ ក៏​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ។​ នេះ​បើ​យោង​ទៅ​លើ​ការ​ផ្សាយ​របស់​ទូរទស្សន៍ ​Al-Hadath។ ​

ប្រធាន​គណបក្ស​ និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​ត្រូវ​បាន​ឃុំ​ខ្លួន​ ស្រប​ពេល​ដែល​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្នុង​រដ្ឋធានី ​ខាទុំ​ ​ត្រូវ​បាន​កាត់​ផ្តាច់។​នេះ​បើ​យោង​តាម​អ្នក​សារព័ត៌មាន ​និង​សកម្មជន​ក្នុង​ប្រទេស​ស៊ូដង់។​ សេចក្តី​រាយ​ការណ៍​នានា​បាន​ឲ្យ​ដឹង​ថា​ ព្រលាន​យន្តហោះ​ប្រទេស​ស៊ូដង់​ក៏​ត្រូវ​បាន​បិទ​ផង​ដែរ។​ ​

លោក ​Hamdok ​ដែល​ជា​អ្នក​សេដ្ឋកិច្ច​ និង​ការ​ទូត​មួយ​រូប​ ដែល​បាន​ធ្វើ​ការ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ ត្រូវ​បាន​តែង​តាំង​ជា​នាយក​រដ្ឋមន្ត្រី​អន្តរកាល​របស់​ប្រទេស​ស៊ូដង់​ កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១៩។​លោក​បាន​ដឹកនាំ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ក្រោយ​ការ​ទម្លាក់​មេដឹកនាំ​ផ្តាច់​ការ​ជា​យូរ​ គឺ​លោក ​Omar al-Bashir ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​អំឡុង​ពេល​មាន​បាតុកម្ម​រាលដាល​នៅ​ក្នុង​ប្រទេស​ស៊ូដង់។​ ប្រទេស​នេះ​កំពុង​រៀបចំ​ការ​បោះឆ្នោត​ តែ​លោក ​Hamdok ​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ឈរ​ឈ្មោះ​ទេ។​ ​

លោក​ Hamdok ​ប្រឈម​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​កង​ទ័ព​របស់​ប្រទេស​ស៊ូដង់។​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញាពួក​កង​ទ័ព​ដែល​ស្មោះ​ត្រង់​នឹង​លោក​ al-Bashir ​បាន​ប្រើ​ប្រាស់​រថក្រោះ​បិទ​ស្ពាន​ដ៏​សំខាន់​មួយ​ និង​ព្យាយាម​ដណ្តើម​អំណាច។​ រដ្ឋ​ប្រហារ​នោះ​ត្រូវ​បាន​បង្ក្រាប​ ហើយ​យោធា​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន។

កាល​ពី​សប្តាហ៍​មុន​ អ្នក​ប្រឆាំង​រាប់ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​ដើម្បីបង្ហាញ​ក្តី​បារម្ភ​ខ្លាច​ការ​វិល​ត្រឡប់​នៃ​ការ​ដឹកនាំ​តាម​បែប​យោធា​ជា​ថ្មី​ម្តង​ទៀត។​ បាតុករ​ស្រែក​ថា ​«ប្រទេស​នេះជា​របស់​យើង។ ​រដ្ឋាភិបាល​របស់​យើង​ជា​រដ្ឋាភិបាល​ស៊ីវិល»។​

សមាគម​វិជ្ជាជីវៈ​ក្នុង​ប្រទេស​ស៊ូដង់​ ដែល​បង្កើត​ឡើង​ដោយ​សហជីព​ពាណិជ្ជកម្ម​ និង​ជា​អ្នក​ផ្តួច​ផ្តើម​បាតុកម្ម​ បាន​អំពាវ​នាវ​នៅ​ថ្ងៃ​ចន្ទ​ ឱ្យ​សាធារណជន​ចូល​រួម​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ ដើម្បី​ការពារ​រដ្ឋាភិបាលអន្តរកាល៕​