បាតុកម្មប្រឆាំងនឹងទំនិញឡើងថ្លៃនិងប្រឆាំងរដ្ឋាភិបាលស៊ូដង់មានអាយុកាល៣ទសវត្សរ៍របស់ប្រធានាធិបតីលោក Omar Hassan al-Bashir បានរីករាលដាលដល់ទីក្រុងជាច្រើនក្នុងពេលមានសេចក្តីរាយការណ៍អំពីការស្លាប់និងរបួសថ្មីៗ។
រដ្ឋាភិបាលបានបិទសាលារៀននិងសាកលវិទ្យាល័យនៅរដ្ឋធានីខាទុំ ប្រទេសស៊ូដង់ ដើម្បីរារាំងនិស្សិតមិនឱ្យចូលរួមក្នុងការតវ៉ាដែលកំពុងរីករាលដាល ហើយប្រធានប្រឆាំងចារកម្មរបស់ប្រទេសនេះបានបិទសេវាអ៊ីនធឺណេតនិងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម។
ក្រុមបាតុករបានធ្វើដំណើរតាមដងផ្លូវនៃរដ្ឋធានីខាទុំ ហើយយ៉ាងហោចណាស់នៅតាមទីក្រុងផ្សេងៗជាច្រើនទៀតនៅទូទាំងប្រទេស ក៏មានការតវ៉ាដែរកាលពីថ្ងៃសៅរ៍។ មានរបាយការណ៍អំពីការប៉ះទង្គិចជាមួយកម្លាំងសន្តិសុខដែលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងទីក្រុងមួយចំនួន។ របាយការណ៍នៃការចាប់ខ្លួនត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Twitter ប៉ុន្តែដោយសារតែមានការបិទអ៊ីនធឺណេត គេមិនដឹងច្បាស់ថា មានមនុស្សប៉ុន្មាននាក់ត្រូវបានចាប់ខ្លួនទេ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មេដឹកនាំក្រុមប្រឆាំងចំនួន១៤នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ រួមទាំងអ្នកនយោបាយឈ្មោះ Farouq Abu Issa ដែលជាមេដឹកនាំក្រុមប្រឆាំងមួយក្នុងចំណោមក្រុមប្រឆាំងសំខាន់ៗចំនួន២ក្រោយពីមានការជួបជុំរបស់គូប្រជែងលោកប្រធានាធិបតីលោក Omar Hassan al Bashir នៅក្នុងរដ្ឋធានី៕