ពួកមេដឹកនាំប្រឆាំងនៅក្នុងប្រទេសស៊ូដង់កំពុងពិភាក្សាគ្នាអំពីថាតើអ្នកណាជាអ្នកកាន់តំណែងក្រុមប្រឹក្សាយោធាស៊ីវិលរួមគ្នា ដែលនឹងត្រូវដឹកនាំប្រទេសនេះសម្រាប់រយៈពេល២ឆ្នាំខាងមុខ។ មេដឹកនាំយោធាដែលបានទម្លាក់លោកប្រធានាធិបតី Omar al-Bashir ចេញពីតំណែងកាលពីថ្ងៃដើមខែមេសា បានយល់ព្រមបង្កើតក្រុមប្រឹក្សារួមគ្នាមួយ។
ក្រុមបាតុករដ៏សំខាន់មួយក្រុមគឺសមាគមវិជ្ជាជីវៈស៊ូដង់ (Sudanese Professional Association) បានធ្វើការប្រជុំជាលើកទី៣ ដើម្បីសម្រេចថាត្រូវផ្តល់តំណែងក្នុងក្រុមប្រឹក្សាយោធាស៊ីវិលរួមគ្នាឲ្យទៅអ្នកណា? ហើយពួកគេត្រូវមានតួនាទីអ្វីខ្លះ។
ក្រុមប្រឹក្សាយោធាអន្តរកាលនាពេលបច្ចុប្បន្ន ដែលបានដឹកនាំប្រទេសចាប់តាំងពីពេលដែលលោកប្រធានាធិបតី Bashir ត្រូវបានទម្លាក់ពីតំណែងកាលពីថ្ងៃទី១១ ខែមេសា បានយល់ព្រមចែកអំណាចជាមួយនឹងជនស៊ីវិល បន្ទាប់ពីមានការតវ៉ារយៈពេល២សប្តាហ៍ នៅក្នុងរដ្ឋធានីខាទុំ (Khartoum) និងកន្លែងផ្សេងៗទៀត។
កាលពីដំបូង ក្រុមប្រឹក្សាយោធាអន្តរកាលបាននិយាយថា ខ្លួននឹងដឹកនាំប្រទេសរយៈពេល២ឆ្នាំ មុនពេលមានការបោះឆ្នោត។ ក្រុមប្រឆាំងធ្វើការប្រឆាំងចំពោះការអះអាងបែបនេះ និងទាមទារឲ្យបង្កើតក្រុមប្រឹក្សាដែលដឹកនាំដោយជនស៊ីវិល ដែលមានអំណាចនីតិប្រតិបត្តិ។
ទោះជាមានការវិវត្តនេះក៏ដោយ លោក Huzifa Hassan ដែលជាបាតុករម្នាក់បាននិយាយថា ពួកគេនៅតែមានការបារម្ភ។ លោក Hassan នៅតែប្រឆាំងចំពោះការផ្តល់អំណាចនីតិប្រតិបត្តិដល់មេដឹកនាំយោធា។
លោក Hassan បាននិយាយថា លោកមើលមិនឃើញមានហេតុផលណាត្រូវផ្តល់អំណាចនីតិប្រតិបត្តិឲ្យទៅសមាជិកយោធានោះទេ។ ប្រសិនបើយោធាមានតួនាទីនៅក្នុងដំណើរការសម្រេចចិត្តនោះ លោកនិយាយថា ក្រុមបាតុករមិនចាំបាច់បះបោរប្រឆាំងនឹងរដ្ឋាភិបាលពីមុន ឬក្រុមប្រឹក្សាយោធាពីមុន ដែលដឹកនាំដោយលោករដ្ឋមន្ត្រីការពារជាតិ Ibn Awf និងសមាជិកផ្សេងទៀតរបស់ក្រុមប្រឹក្សាយោធានោះទេ។
ទោះជាយ៉ាងណាក៏ដោយ បាតុករម្នាក់ទៀតគឺលោក Sheikh el-din Abdullah គិតថា ការដែលមានតួនាទីរបស់យោធានៅក្រុមប្រឹក្សាយោធាជាគំនិតល្អមួយ។
លោកបាននិយាយថា ការបង្កើតក្រុមប្រឹក្សាយោធាស៊ីវិលគឺការល្អ ដោយសារតែជម្លោះរវាងភាគីទាំងអស់ ក្រុមប្រឆាំងប្រដាប់ដោយអាវុធ និងបញ្ហាផ្ទៃក្នុងជាច្រើនទៀតកើតឡើងពីភាពមិនស្មើភាព និងមិនមានការចូលរួមពីគ្រប់គ្នា អស់រយៈពេល៣០ឆ្នាំមកហើយ។
ក្នុងពេលជាមួយគ្នានេះ បាតុកម្មនៅខាងក្រៅទីស្នាក់ការកងទ័ពដែលបានចាប់ផ្តើមជាង៣សប្តាហ៍មកហើយនោះ នៅតែបន្តនៅឡើយ។ ក្រុមបាតុករពីដំបូងបានប្រមូលផ្តុំគ្នាដើម្បីទាមទារឲ្យទម្លាក់លោក Bashir ដែលកាន់អំណាចជាង៣០ឆ្នាំ ចេញពីតំណែង។ ក្រុមបាតុករបាននិយាយថា ពួកគេនឹងមិនចាកចេញនោះទេ លុះត្រាតែយោធាព្រមប្រគល់អំណាចដល់ជនស៊ីវិល។
លោកឧត្តមសេនីយឯក Abdel Fattah Burhan ដែលជាមេដឹកនាំក្រុមប្រឹក្សាយោធាអន្តរកាលបានសន្យាថា នឹងប្រគល់អំណាចទៅឲ្យជនស៊ីវិលក្នុងពេលឆាប់ៗ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ