ការកាប់បំផ្លាញព្រៃឈើ បានទន្ទ្រានយកព្រៃអាម៉ាហ្សូនចំនួន ៨% ក្នុងរយៈពេលត្រឹមតែ១៨ឆ្នាំប៉ុណ្ណោះ នេះបើយោងតាមការសិក្សាមួយ ដែលបានចេញផ្សាយនៅខែធ្នូ។
ទំហំដីដែលត្រូវបានបំផ្លិចបំផ្លាញចាប់ពីចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០១៨ ស្មើនឹងទំហំប្រទេសអេស្ប៉ាញ នេះបើយោងតាមការសិក្សាមួយចេញផ្សាយដោយបណ្តាញព័ត៌មានបរិស្ថានសង្គមដោយផ្អែកលើភូមិសាស្ត្រអាម៉ាហ្សូន (RAISG)។
អង្គការ RAISG បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ព្រៃអាម៉ាហ្សូនកំពុងប្រឈមនឹងការគំរាមកំហែងខ្លាំងជាងកាលពី៨ឆ្នាំមុន។
ផែនទីចុងក្រោយរបស់អង្គការនេះដែលតាមដានការបាត់បង់ព្រៃឈើ ត្រូវបានចេញផ្សាយនៅក្នុងឆ្នាំ២០១២។
ផែនទីបច្ចុប្បន្ន ដែលជាការសហការរវាងអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវមកពីអង្គការសង្គមស៊ីវិលចំនួន១០ បង្ហាញឱ្យឃើញថា ព្រៃឈើនៅលើផ្ទៃដីទំហំ ៥១៣.០១៦ គីឡូម៉ែត្រការ៉េ បានបាត់បង់ចាប់តាំងពីឆ្នាំ២០០០មក។
បើយោងតាមរបាយការណ៍នេះ ទិន្នន័យចុងក្រោយបង្អស់បង្ហាញពីសញ្ញាណដ៏អាក្រក់មួយ។ ខណៈដែលអត្រានៃការកាប់បំផ្លាញព្រៃឈើ បានធ្លាក់ចុះនៅចន្លោះឆ្នាំ២០០៣ ដល់២០១០ ការកាប់ឈើហ៊ុប ការធ្វើកសិដ្ឋាន ការបរបាញ់ ការរុករករ៉ែ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងទសវត្សរ៍ចុងក្រោយ បានប៉ះពាល់ជាអវិជ្ជមានដល់ព្រៃអាម៉ាហ្សូន។
ប្រធានាធិបតីប្រទេសប្រេស៊ីលលោក Jair Bolsonaro បានជំរុញឱ្យមានការអភិវឌ្ឍនៅក្នុងព្រៃអាម៉ាហ្សូន និងបានបន្ធូរបន្ថយការអនុវត្តច្បាប់បរិស្ថាន។
ការសិក្សារបស់អង្គការ RAISG បានលើកឡើងថា «នៅក្នុងឆ្នាំ២០១៨តែមួយ ព្រៃឈើនៅលើផ្ទៃដីទំហំ ៣១.២៦៩ គីឡូម៉ែត្រការ៉េ ត្រូវបានបំផ្លាញនៅទូទាំងតំបន់អាម៉ាហ្សូន ដែលនេះជាកាប់បំផ្លាញព្រៃឈើប្រចាំឆ្នាំដ៏អាក្រក់បំផុត ចាប់តាំងពីឆ្នាំ២០០៣មក»។
ការបំផ្លាញព្រៃត្រូពិកពេញវ័យ គឺជាការប៉ះពាល់ដ៏ខ្លាំងក្លាទៅលើជីវៈចម្រុះ និងជាមូលហេតុនៃការបញ្ចេញកាបូនឌីអុកស៊ីតប្រមាណ៨% នៅក្នុងសាកលលោក នេះបើយោងតាមវិទ្យាស្ថានធនធានពិភពលោក ដែលជាអង្គការស្រាវជ្រាវ និងតស៊ូមតិមួយដែលត្រួតពិនិត្យការឃ្លាំមើលព្រៃឈើក្នុងសាកលលោក (Global Forest Watch)។
ដោយសារតែព្រៃឈើជាភ្នាក់ងារស្រូបកាបូនឌីអុកស៊ីតដ៏ខ្លាំងក្លា ការបង្កើនព្រៃឈើអាចដើរតួលើសពីការស្មានក្នុងការប្រយុទ្ធនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ។
ការសិក្សារបស់អង្គការ RAISG ត្រូវបានចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ មុនបន្តិចនៃខួបលើកទី៥នៃកិច្ចព្រមព្រៀងប៉ារីស ដែលមានប្រទេសចំនួន ១៩៥ បានយល់ព្រមជាមួយនឹងវិធានការដែលអាចរឹតត្បឹតការបញ្ចេញកាបូនឌីអុកស៊ីតនៅក្នុងពិភពលោក។ នៅក្នុងចំណាត់ការដ៏ចម្រូងចម្រាសមួយ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះនៅក្នុងឆ្នាំ២០១៧៕