អតីតនិស្សិតសាកលវិទ្យាល័យខេមរៈ រាជធានីភ្នំពេញ ដែលអំពាវនាវនៅលើបណ្តាញសង្គម Facebook ឲ្យមានការធ្វើបដិវត្តន៍ពណ៌ប្រឆាំងនឹងរដ្ឋាភិបាលនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះនៅព្រឹកថ្ងៃសុក្រ។ យុវជនឈ្មោះ គង់ រ៉ាយ៉ា អាយុ២៥ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០១៥ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានចូលរួមសវនាការ នៅព្រឹកថ្ងៃសុក្រ បានប្រាប់ VOA ថា ក្នុងសវនាការនោះ យុវជនឈ្មោះ គង់ រ៉ាយ៉ា បានប្រាប់អង្គជំនុំជម្រះថា ខ្លួនមិនយល់ពីពាក្យបដិវត្តន៍ពណ៍នោះទេ។ ហើយមុនពេលសរសេរលើទំព័រ Facebook យុវនិស្សិតនេះបានសួរសាស្រ្តាចារ្យដែលពន្យល់ថា បដិវត្តន៍ពណ៌មានន័យថា ការប្រមូលផ្តុំតវ៉ាដោយសន្តិវិធី ហើយមានន័យដូចបាតុកម្មអហិង្សាដែរ។
លោក អំ សំអាត ឲ្យដឹងថា ក្នុងសវនាការនៅព្រឹកថ្ងៃសុក្រនេះ អ្នកអំពាវនាវឲ្យមានបដិវត្តន៍ពណ៌តែម្នាក់ឯងនេះ បានសុំឲ្យតុលាការលើកលែងទោស ឬបន្ធូរបន្ថយទោស។
«ប៉ុន្តែ យើងសង្គមស៊ីវិល យើងឃើញថា ករណីនេះ បើយើងមើលទៅ វាជាការបញ្ចេញទស្សនៈរបស់ខ្លួនគាត់ផ្ទាល់ ណា៎។ វាហាក់ដូចជាមិនមានបទល្មើសក្នុងការចោទប្រកាន់ពីបទញុះញង់ហ្នឹងទេ ពីព្រោះក្រោយពីគាត់ដាក់ក្នុង Facebook ហ្នឹងមក ក៏វាគ្មានបញ្ហាអ្វីកើតឡើង»។
ក្នុងសវនាការនេះ លោក ស្រី ម៉ាកនី តំណាងអយ្យការ មិនបានសួរដេញដោលច្រើនទេ។ ហើយលោកបានសុំឲ្យចៅក្រមតម្កល់ការសម្រេចរបស់តំណាងព្រះរាជអាជ្ញា ដោយផ្អែកលើភស្តុតាង និងសេចក្តីសារភាពរបស់ជនជាប់ចោទ។
លោកចៅក្រម ហេង សុខណា ឲ្យដឹងថា តុលាការគ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃទី១៥ ខែមីនា។
លោក សំ សុគង់ មេធាវីរបស់យុវជន គង់ រ៉ាយ៉ា និយាយថា កូនក្តីរបស់លោកធ្វើការរិះគន់ដោយអហិង្សាយូរហើយ តែគ្មានសកម្មភាពញុះញង់ឲ្យមានបទឧក្រិដ្ឋ ដូចការចោទប្រកាន់នោះទេ។
«ខ្ញុំ មេធាវីការពារឲ្យគាត់ សង្ឃឹមថា គាត់នឹងត្រូវសម្រេចឲ្យដោះលែង ឲ្យនៅក្រៅឃុំ រួចផុតពីបទចោទនោះណា៎»។ លោកសង្ឃឹមថា កូនក្តីរបស់លោកគួររួចពីបទចោទប្រកាន់ បើមិនដូច្នេះទេ លោកនឹងប្តឹងឧទ្ធរណ៍តទៅទៀត។
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ យុវជនឈ្មោះ គង់ រ៉ាយ៉ា បានសរសេរបង្ហោះលើ Facebook ថា៖ «តើមាននរណាម្នាក់ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ?»។
លោកបានបន្តថា ថ្ងៃណាមួយនៅពេលអនាគត លោកនឹងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្លាល់ប្តូររបបសម្រាប់សង្គមខ្មែរ ហើយបើទោះជាត្រូវជាប់ពន្ធនាគារ ឬស្លាប់ក៏នៅតែធ្វើវាដដែល។
លោក អំ សំអាត និយាយថា ការចាប់ខ្លួនយុវជននេះគឺជាការព្រមានអ្នកបញ្ចេញទស្សនៈរិះគន់រដ្ឋាភិបាល ហើយការឃុំខ្លួននេះធ្វើឲ្យខូចអនាគតអតីតនិស្សិតរូបនេះ។
នៅថ្ងៃសុក្រនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា យុវជនមានតួនាទីយ៉ាងសំខាន់សម្រាប់ថែរក្សានូវសន្តិភាព និងអភិវឌ្ឍសង្គមជាតិ ប៉ុន្តែមានយុវជនមួយចំនួនបណ្តោយខ្លួនឲ្យក្លាយជា ឧបករណ៍នយោបាយ ប្រកាន់និន្នាការជ្រុលនិយមធ្វើឲ្យបាត់បង់ឱកាសក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីវេទិកាយុវជនអាស៊ី២០១៦ ក្រោមប្រធានបទ«សន្តិភាពប្រជាធិបតេយ្យ និងភាពជាដៃគូក្នុងតំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព»។ កម្មវិធីនេះដឹកនាំដោយលោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោក ដែលគេដឹងថា មានចេតនាចង់ធ្វើជានាយករដ្ឋមន្ត្រី។
ទោះជាយ៉ាងណាក្តី អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានបកស្រាយថា យុវជនដែលមើលឃើញអយុត្តិធម៌សង្គម បានធ្វើការតស៊ូមតិតាមបណ្តាញសង្គម Facebook និងបានចូលរួមបាតុកម្មដើម្បីឲ្យមានការផ្លាស់ប្តូរជាដើម តែពួកគេបានរងការគំរាមកំហែងជាបន្តបន្ទាប់៕