ការវាយ​ប្រហារ​លើ​មន្ទីរពេទ្យ​នៅ​តំបន់​ហ្កាហ្សា​បណ្តាល​ឱ្យ​មាន​ការតវ៉ា​ប្រឆាំង​នៅ​ទូទាំង​តំបន់​មជ្ឈឹម​បូព៌ា

ប្រជាជន​តវ៉ា​គាំទ្រ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា ខណៈ​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស​បន្ត​នៅ​ក្នុង​ក្រុង​Sanaa ប្រទេស​យេម៉ែន កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

ការតវ៉ា​ប្រឆាំង​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ពុធ​នៅ​ទូទាំង​តំបន់​មជ្ឈឹម​បូព៌ា​ប្រឆាំង​នឹង​អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ​របស់​សហរដ្ឋ​អាមេរិក បន្ទាប់ពី​ការផ្ទុះ​មួយ​បាន​សម្លាប់​ជន​ជាតិ​ប៉ាឡេស្ទីន​រាប់​រយ​នាក់​នៅឯ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​តំបន់​ហ្កាហ្សា​ដែល​ជា​ឧបទ្ទវហេតុ​ដ៏​ប្រល័យ​បំផុត​មួយ​នៃ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់។

កងទ័ព​អ៊ីស្រាអែល​បាន​សម្លាប់ក្មេង​ជំទង់​ប៉ាឡេស្ទីន២នាក់​នៅ​ជិត​ទីក្រុង Ramallah ក្នុង​តំបន់ West Bank ក្នុង​អំឡុងបាតុកម្ម​ប្រឆាំង​ការផ្ទុះ​កាលពី​យប់​ថ្ងៃ​អង្គារ​នៅ​ជិត​មន្ទីរពេទ្យ​ហ្កាហ្សា។ នេះ​បើ​តាម​ក្រុម​មន្ត្រី​ប៉ាឡេស្ទីន។

បណ្តាញ​ផ្សព្វផ្សាយ​លីបង់ al-Jadeed បាន​បង្ហាញ​កង​កម្លាំង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​លីបង់​ បាញ់​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​និង​កាណុង​បាញ់​ទឹក​ដាក់​ពួក​បាតុករ​ដែល​បាន​គប់​របស់​របរ​ក្នុង​អំឡុង​នៃ​ការតវ៉ា​ប្រឆាំង​ហិង្សា​មួយ​នៅ​ជិត​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ភាគ​ខាង​ជើង​ទីក្រុងBeirut ។

ពួក​មន្ត្រី​ប៉ាឡេស្ទីន​បាន​ស្តីបន្ទោស​ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​មន្ទីរពេទ្យ​នោះ ខណៈដែល​អ៊ីស្រាអែល​និយាយ​ថា​ការផ្ទុះ​នោះ​បណ្តាល​មកពី​ការបាញ់​គ្រាប់​រ៉ុក្កែតមិន​បាន​ជោគជ័យ​ដោយ​ក្រុមសកម្ម​ប្រយុទ្ធ​ជីហាដ​អ៊ីស្លាម​ប៉ាឡេស្ទីន​ដែល​បាន​បដិសេធ​ការស្តី​បន្ទោស​នេះ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters