ការព្រមព្រៀងនយោបាយនាពេលបច្ចុប្បន្ននេះមិនទាន់វិវត្តន៍ទៅរកស្ថានភាពមួយដែលនឹងជួយជំរុញឱ្យមានបរិយាកាសនយោបាយប្រកបដោយលទ្ធិប្រជាធិបតេយ្យយ៉ាងសកម្មដូចដែលអ្នកនយោបាយអះអាងនោះទេ។ វាគឺគ្រាន់តែជាការដោះទាល់មួយគ្រាតែប៉ុណ្ណោះ។ នេះបើតាមអ្នកវិភាគបានលើកឡើង។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចនិងគណបក្សសង្គ្រោះជាតិបានព្រមព្រៀងគ្នាជាច្រើនចំណុចបន្ទាប់ពីការបោះឆ្នោតជាតិថ្ងៃទី២៨ខែកក្កដាដើម្បីដោះស្រាយការជាប់គាំងនយោបាយដែលមានរយៈពេលជិតមួយឆ្នាំ។
កិច្ចព្រមព្រៀងទាំងនោះក៏មានការផ្តល់សិទ្ធិឱ្យគណបក្សសង្គ្រោះជាតិមានស្ថានីយ៍ទូរទស្សន៍មួយ ការបង្កើតស្ថាប័នបោះឆ្នោតជាតិមួយដែលឯករាជ្យ និងការផ្តល់អំណាចឱ្យប្រធានក្រុមគណបក្សក្រៅរដ្ឋាភិបាលមានឋានៈស្មើនាយករដ្ឋមន្ត្រីជាដើម។
Your browser doesn’t support HTML5
លោកអ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ក្នុងកម្មវិធី Hello VOA ប្រចាំខែថា៖
«កិច្ចព្រមព្រៀងសម្រាប់តែស្ថានការណ៍នាពេលបច្ចុប្បន្នប៉ុន្តែអត់មានអ្វីដែលជាគោលការណ៍ជាក់លាក់ថាតើវានឹងអនុវត្តនៅពេលណាដែលស្ថានភាពមានការកែប្រែ»។
លោកបានបន្ថែមថា៖
«ក្នុងកិច្ចព្រមព្រៀងណាក៏ដោយ ច្បាប់ណាក៏ដោយក៏ត្រូវតែចងក្រងដើម្បីធ្វើម៉េចឱ្យវាសមស្របត្រូវគ្រប់ពេលវេលាហើយត្រូវគ្រប់កាលៈទេសៈហើយប្រសិនបើខ្លឹមសារច្បាប់មិនត្រូវគ្រប់ពេលវេលាមិនត្រូវគ្រប់ពេលវេលាបានន័យថាប្រជាធិបតេយ្យរបស់យើងមិនទាន់ក្លាយទៅ ជាប្រជាធិបតេយ្យរឹងមាំជាប្រព័ន្ធទេ»។
លោកអ៊ូ វីរៈ បានសម្តែងទុទ្ទិដ្ឋិនិយមចំពោះការដែលមានទូរទស្សន៍របស់គណបក្សថាមិនអាចធានាបានថានឹងមកផ្សាយព័ត៌មានឯករាជ្យនោះទេដោយលោកលើកឡើងថាគោលការណ៍ប្រជាធិបតេយ្យគឺត្រូវឱ្យទូរទស្សន៍ទាំង១០ស្ថានីយ៍ (គណបក្សប្រជាជនកម្ពុជាមាន ៩ និងគណបក្សសង្គ្រោះជាតិនឹងមាន១) ទៅជាឯករាជ្យទាំងស្រុង។
លោកបានបន្ថែមថាអ្វី ដែលលោកព្រួយបារម្ភមែនទែនគឺទូរទស្សន៍៩ផ្សព្វផ្សាយទិដ្ឋភាពម្ខាង ទូរទស្សន៍មួយទៀតផ្សាយមួយចំហៀងទៀតដូច្នេះអាចធ្វើឱ្យពិបាកដល់ពលរដ្ឋដែលមើលទូរទស្សន៍ទាំងសងខាង។
លោកបន្ថែមថា៖
«បើអ្នកមើលគណបក្សប្រជាជនឃើញប្រទេសផ្សេង។ អ្នកមើលទូរទស្សន៍សង្គ្រោះជាតិឃើញប្រទេសផ្សឹងគឺយើងឃើញប្រទេសកម្ពុជាមួយប្រេះឆាមែនទែន»។
លោកវីរៈ ក៏សម្តែងការព្រួយបារម្ភពីសមាសភាពសមាជិកគ.ជ.ប.ទី៩ ដែលគេដឹងគ្រប់គ្នាថាគឺលោកស្រី ពុង ឈីវកេកដែលមានសញ្ជាតិកម្ពុជា កាណាដានិងបារាំងថាតើគាត់អាចនឹងសុខចិត្តបោះបង់ចោលសញ្ជាតិទាំងនោះដើម្បីទទួលយកតួរនាទីនៅក្នុងស្ថាប័នបោះឆ្នោតជាតិដែលច្បាប់បានតម្រូវឱ្យមានសញ្ជាតិខ្មែរតែមួយដែរឬទេ។
ប៉ុន្តែ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់តាមទំព័រហ្វេសប៊ុករបស់លោកដោយការពារកិច្ចព្រមព្រៀងដែលសម្រេចបានថា៖
«អ្វីៗដែលគណបក្សសង្គ្រោះជាតិស្នើ ហើយទទួលបានជាបណ្តើរៗមិនមែនសម្រាប់បម្រើផលប្រយោជន៍គណបក្សណាមួយឬបុគ្គលណាម្នាក់ ហើយមិនមែនសម្រាប់ឆ្លើយតបនឹងស្ថានការណ៍បច្ចុប្បន្នប៉ុណ្ណោះទេ។ អ្វីៗដែលយើងខិតខំសម្រេចពេលនេះ គឺដើម្បីអនាគតវែងឆ្ងាយនៃប្រទេសកម្ពុជាដើម្បីគណបក្សផ្សេងៗទៀតនិងអ្នកដឹកនាំដទៃទៀតដែលនឹងមកបំពេញតួនាទីរបស់ខ្លួនក្នុងរយៈពេលរាប់សិបឆ្នាំទៅមុខទៀត»។
លោកសម រង្ស៊ី ក៏បានហៅអ្វីដែលគណបក្សលោកទាមទារបាននេះថាជា«ជំហានដ៏សំខាន់ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលទើបតែរួចផុតពីរបបផ្តាច់ការ»។
មានតែគណបក្សធំៗពីរប៉ុណ្ណោះដែលទទួលបានអាសនៈនៅ ក្នុងសភាជាតិដោយគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៦៨ ហើយគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។ នេះជាលើកទីមួយដែលគណបក្សកាន់អំណាចបាត់បង់អាសនៈក្នុងការបោះឆ្នោតជាតិដែលលោកវីរៈយល់ថាគណបក្សប្រឆាំងគួរប្រើឱកាសនេះដើម្បីទាញប្រទេសមកឱ្យដើរតាមលំអានប្រជាធិបតេយ្យពិតប្រាកដមួយហើយលោកយល់ថាការបង្កើតរដ្ឋាភិបាលស្រមោលដើម្បីតាមដានការងាររបស់រដ្ឋាភិបាលដូចដែលមានប្រើនៅក្នុងប្រទេសដែលប្រកាន់របបសភានិយមដូចកម្ពុជាទើបជារូបមន្តសមស្របជាងសភាបែបសហរដ្ឋអាមេរិក។
«តាមពិតរូបមន្តហ្នឹងទេដែលសមស្របជាមួយនឹងរបបប្រជាធិបតេយ្យសភានិយមដូចជាកម្ពុជាមិនមែនសហរដ្ឋអាមេរិក។ យើងយករូបមន្តសហរដ្ឋអាមេរិកមកប្រើគឺខុសទាំងស្រុង ហើយវាបង្កបញ្ហាផ្សេងទៀតក្នុងការពង្រឹងប្រព័ន្ធប្រជាធិបតេយ្យរបស់យើង»៕