អ្នក​វិភាគ៖ បន្ថយ​កម្តៅ​នយោបាយ​​ដើម្បី​រួមគ្នា​គិត​ពី​កម្តៅ​ធម្មជាតិ

រូបឯកសារ៖ អ្នក​នេសាទ​ម្នាក់​អង្គុយ​ជក់​បារី​នៅ​លើ​ទូក​របស់​លោក នៅ​ក្នុង​ស្រះ​ស្ងួត​ហួតហែង​មួយ​នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦។

ការ​ដោះស្រាយ​បញ្ហា​គ្រោះធម្មជាតិ​ដែល​មាន​ភាព​រាំង​ស្ងួត​ដែល​កំពុង​កើត​មាន​ឡើង​និង​គ្រោះ​ទឹក​ជំនន់​ដែល​អាច​កើត​មាន​ឡើង​ក្នុង​ពេល​ខាង​មុខ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​មាន​ការ​ចូលរួម​ជាច្រើន​​​ភាគី​ដែល​មិន​មែន​មាន​តែ​រដ្ឋាភិបាល​ម្នាក់​ឯង​ទេ។ ប៉ុន្តែ​​​បរិយាកាស​នយោបាយ​សព្វថ្ងៃ​ដែល​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ ការ​បារម្ភ ធ្វើ​ឲ្យ​ភាគី​នានា​​ពិបាក​ធ្វើការ​ជាមួយ​គ្នា។

ការ​ដោះស្រាយ​បញ្ហា​គ្រោះធម្មជាតិ​ដែល​មាន​ភាព​រាំង​ស្ងួត​ដែល​កំពុង​កើត​មាន​ឡើង​និង​គ្រោះ​ទឹក​ជំនន់​ដែល​អាច​កើត​មាន​ឡើង​ក្នុង​ពេល​ខាង​មុខ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​មាន​ការ​ចូលរួម​ជាច្រើន​ភាគី​ដែល​មិន​មែន​មាន​តែ​រដ្ឋាភិបាល​ម្នាក់​ឯង​ទេ។ ប៉ុន្តែ​បរិយាកាស​នយោបាយ​សព្វថ្ងៃ​ដែល​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ ការ​បារម្ភ ធ្វើ​ឲ្យ​ភាគី​នានាពិបាក​ធ្វើការ​ជាមួយ​គ្នា។​ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​ជំនាញ​។​

Your browser doesn’t support HTML5

Hello VOA៖ បន្ថយ​កម្តៅ​នយោបាយ​ដើម្បី​រួមគ្នា​គិត​ពី​កម្តៅ​ធម្មជាតិ

លោក​ ឱក សេរីសោភក្តិ៍​ អ្នក​ឯក​ទេស​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ Hello VOA ​ប្រចាំ​ខែ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ដោយ​សារ​តែ​មានការ​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​និង​សកម្មជន​នយោបាយ​នាំ​ឲ្យ​មជ្ឈដ្ឋាន​នានា​រួម​ទាំង​បញ្ញវន្ត​ផង​ មានការ​ប្រយ័ត្ន​ប្រយែង​និង​ខ្លាច​រអារ​ក្នុង​ការ​បញ្ចេញ​មតិ​លើ​បញ្ហា​នានា​ដែល​ទាម​ទារ​ឲ្យ​មានការ​គិត​គូរ​ផ្ដល់​យោបល់​រួម​គ្នា​ ដោយ​សារ​តែ​ពួកគេ​ខ្លាច​មានការ​ចាប់​ទោស​អូស​ដំណើរ​នៅ​ពេល​ដែល​និយាយ​ដល់​បញ្ហា​ដែល​មាន​ភាព​ចាំបាច់​ចំពោះ​ប្រទេស​ជាតិ​ទាំង​នោះ។​ ឧទាហរណ៍​បញ្ហា​គ្រោះ​រាំង​ស្ងួត​និង​ទឹក​ជំនន់​ដែល​បណ្ដាល​មក​ពី​សកម្មភាព​បំផ្លាញ​ធម្មជាតិ​មួយ​ចំនួន។

លោក​បាន​បន្ថែម​ថា៖ «ចឹង​ហើយ​បាន​ជា​ខ្ញុំ​ថា​ ចំពោះ​មុខ​គ្រោះ​រាំង​ស្ងួត​ឬ​មួយ​ទឹក​ជន់​ដែល​ធំ ​ដែល​ត្រូវ​ការ​សាមគ្គី​ជាតិ​ទាំង​មូល​ ខ្ញុំ​គិត​ថា​ពេល​វេលា​នេះ​ជា​ពេល​វេលា​សមស្រប​ហើយ ​ដែល​រាជរដ្ឋាភិបាល​គួរ​តែ​ធ្វើ​ការ​ណាមួយ​ហើយ​គណបក្ស​ធំៗ​ទាំង​ពីរ​ហ្នឹង​គួរ​តែ​ត្រឡប់​មក​អង្គុយ​ចរចា​គ្នា​វិញ​ដើម្បី​ដោះស្រាយ​បន្ធូរ​បន្ថយ​បញ្ហា​ដែល​យើង​កំពុង​តែ​ជួប​ប្រទះ​សព្វ​ថ្ងៃ​ហ្នឹង​ គឺ​ថា​ដោះស្រាយ​យ៉ាង​ម៉េច​ទៅតាម​មុខ​ច្បាប់​ហ្នឹង​ដើម្បី ឲ្យ​ចេញ​រួច​ទាំងអស់​គ្នា​ទៅ​ ទាំង​សកម្ម​ជន​សិទ្ធិ​មនុស្ស​និង​ទាំង​សកម្ម​ជន​គណបក្ស​នយោបាយ​ដើម្បី​បន្ធូរបន្ថយ​បរិយាកាស​ហ្នឹង​រួម​គ្នា​ប្រឈម​ទៅ​នឹង​តម្រូវ​ការ​ពិត​ប្រាកដ​គួរ​ឲ្យ​បារម្ភ​របស់​ប្រជាពលរដ្ឋ​‍»។

សហគមន៍​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​ជួប​ភាព​រាំងស្ងួត​រយៈ​ពេល​យូរ​រហូត​ដល់​មាន​កន្លែង​ខ្លះ​ខ្វះខាត​ទឹក​ផឹក​រហូត​ដល់​រដ្ឋាភិបាល​ត្រូវ​អំពាវនាវ​ឲ្យ​មាន​ការ​ផ្តល់​ទឹក​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ។

រូបឯកសារ៖ លោក ឱក សេរី សោភក្តិ៍ អ្នក​ឯកទេស​អភិបាលកិច្ច​ល្អ​ម្នាក់​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​និង​ផល​ប៉ះពាល់​លើ​សង្គម​ស៊ីវិល» នៅ​ក្នុង​កម្មវិធី​វិទ្យុ​ Hello VOA ប្រចាំ​ខែ​អំពី​អភិបាលកិច្ច​ល្អ​ជាមួយ​លោក ម៉ែន គឹមសេង នៃ VOA កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មេសា ឆ្នាំ២០១៥។ (លឹម សុធី/VOA)

លោក​ សោភក្តិ៍​ យល់​ថា​នៅ​ពេល​ដែល​សហគមន៍​អន្តរជាតិ​ឃើញ​ប្រជាជន​ជួប​គ្រោះ​មហន្តរាយ​បែប​ហ្នឹង​មិន​មាន​អ្នក​ណា​ដែល​ទល់​ភ្នែក​មើល​ទេ​ មិន​មាន​អ្នក​ណា​ដែល​បិទ​ភ្នែក​ហើយ​មិន​ឈឺ​ឆ្អាល​ទេ​ គឺ​មាន​ការ​បារម្ភ​គ្រប់​គ្នា​ទាំងអស់ ប៉ុន្តែ​ម្ចាស់​ជំនួយ​ត្រូវ​ការ​ធ្វើការ​ជាមួយដៃគូ​របស់​គេ​គឺ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​នៅ​ក្នុង​ផ្នែក​អភិវឌ្ឍន៍​ហ្នឹង។

លោក​បន្ថែម​ថា​បើ​សិន​ជា​បរិយាកាស​នយោបាយ​ដូច​ជា​នៅ​កម្ពុជា​ ដែល​គេ​មើល​ឃើញ​ពី​ខាង​ក្រៅ​មក​ដូច​ជា​មានការ​គាប​សង្កត់​លើ​សកម្មជន​ដែល​ធ្វើ​ការ​ខាង​ការ​តស៊ូ​មតិ​នៅ​ក្នុង​រឿង​សិទ្ធិ​មនុស្ស ក្នុង​រឿង​ព្រៃឈើ​ និង​ក្នុង​រឿង​អ្វី​ផ្សេង​ទៀត​អស់​ហ្នឹង គឺ​ពួកគេ​អាច​នឹង​មាន​ការ​រារែក។

លោក​ សោភក្តិ៍ ​បាន​បន្ថែម​ថា៖ «​ដូច្នេះ​បរិយាកាស​នេះ​ដែល​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ដែល​ចង់​ជួយ​នៅ​ក្នុង​រឿង​រាំងស្ងួត ​រឿង​ទឹក​ជន់​អ្វី​ហ្នឹង​នឹង​មាន​ការ​ខ្លាច​រអា ​ព្រោះ​គេ​ត្រូវការ​ជាមួយ​ដៃគូ​របស់​គេ​ដែល​ធ្វើ​ការ​នៅ​ថ្នាក់​ក្រោម​ជាតិ ​គឺ​សង្គម​ស៊ីវិល​ឬ​មួយ​ក៏​អ្នក​ធ្វើការ​នៅ​តាម​សហគមន៍​ជាដើម។ បើ​សិន​ជា​យើង​មិន​ធ្វើ​ឲ្យ​ស្ថានការណ៍​នេះ​ត្រជាក់​មក​វិញ​ទេ​ខ្ញុំ​ជឿ​ថា​នេះ​ជា​ការ​ពិបាក​មិន​ខាន​‍»។

ក្នុង​ពេល​ដែល​កង្វះ​ខាត​ទឹក​កើត​មាន​ឡើង​ ពលរដ្ឋ​អាច​នឹង​ប្រើ​ប្រាស់​ទឹក​ដែល​មិន​មាន​អនាម័យដែល​អាច​នឹង​បង្ក​ជា​បញ្ហា​សុខភាព​នៅ​ក្នុង​ពេល​ខាងមុខ​ ហើយ​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​ដទៃ​ទៀត​ដូចជាទឹក​ជំនន់ អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរតែ​ធ្វើការ​រួមគ្នា​ដើម្បី​ផ្ដល់​ដំណឹង​ពី​គ្រោះថ្នាក់​នានា​ដែល​អាច​នឹង​កើត​មាន​ឡើង​ដើម្បី​ជួយ​ដល់​ពលរដ្ឋ។​ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​សេរីសោភក្តិ៍។

លោក​បន្ថែម​ថា៖ ​«នៅ​ពេល​ដែល​បាន​ទទួល​ដំណឹង​ហើយ​កន្លែង​ណា​ដែល​ងាយ​រងគ្រោះ​ជាង​គេហើយ​កន្លែង​ណា​ដែល​មាន​ស្ត្រី​ ដែល​មាន​កុមារ​ចាស់​ជរា​គឺ​ត្រូវ​តែ​យក​គាត់​មក​ដាក់​នៅ​កន្លែង​ណា​ដែល​យើង​អាច​មើល​ថែ​គាត់​បាន។ ដូច្នេះ​ការដែល​ឲ្យ​ដំណឹង​ឲ្យ​ដឹង​ជាមុន​ប៉ុន្មាន​អាទិត្យ​ដើម្បី​ឲ្យ​មាន​វិធាន​ការ​រៀបចំ​ហ្នឹងនោះ គឺ​ជា​ការ​សំខាន់​ណាស់‍»។​

លោក​ក៏​សង្កេត​ឃើញ​ថា​ប្រជាពលរដ្ឋ​ទូទៅ​នៅ​មាន​ការខ្លាច​រអា នៅ​ពេល​ដែល​លើក​ឡើង​ប្រាប់​អាជ្ញាធរ​ពី​តម្រូវការ​ផ្ទាល់​រយៈពេល​យូរ​ដូច​ជា​ប្រឡាយ​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​និង​ស្រូវ​ស្រែ​របស់​គាត់​ជាដើម។ ​

​«នៅ​ពេល​ដែល​ជួប​ប្រទះ​នូវ​បញ្ហា​ក្រពះ​ផ្ទាល់របស់​គាត់​ហ្នឹង​ គាត់​ហ៊ាន​និយាយ​ជាមួយ​មេភូមិ​គាត់​ហ៊ាន​និយាយ​ជាមួយ​នឹង​មេឃុំ​។ ហ្នឹង​បើ​គាត់​ជួប​ជាមួយ​នឹង​បញ្ហា​ក្រពះ​របស់​គាត់​ផ្ទាល់​ក៏ប៉ុន្តែ​បើ​លើស​ពី​ហ្នឹង​គាត់​មានការ​ខ្លាច​រអា​ច្រើន»៕