ការ​មាក់​ងាយ​និង​រើសអើង​ធ្វើ​ឲ្យ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជាច្រើន​នៅ​តែ​លាក់​មុខ

Your browser doesn’t support HTML5

ការ​មាក់​ងាយ​និង​រើសអើង​ធ្វើ​ឲ្យ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជាច្រើន​នៅ​តែ​លាក់​មុខ

ទោះ​បី​ជា​អត្រា​ឆ្លង​មេរោគ​អេដស៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះគួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏ដោយ ក៏​ការ​មាក់ងាយ​និង​ការរើសអើង​ចំពោះ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​តែ​ជា​ឧបសគ្គ​រារាំង​ដល់​ការ​បង្ការការចម្លង​ថ្មី​នៃ​មេរោគ​នេះ​ដែរ។

សម្រាប់​អ្នកស្រី​អ៊ុច ណាវី​ជីវិត​បាន​ពើប​ប្រសព្វ​តែ​នឹង​រឿង​រ៉ាវ​អាក្រក់ ចាប់តាំង​ពី​អ្នក​ស្រី​ដឹង​ថា ខ្លួន​បាន​ផ្ទុក​មេរោគ​អេដស៍​កាល​ពី​ឆ្នាំ​ទៅ។​

ជា​ម្តាយ​នៃ​កូន​ប្រុស​ម្នាក់​អាយុ​១០​ឆ្នាំ អ្នក​ស្រី​ណាវី​និយាយ​ថា មនុស្ស​ជាច្រើន​នៅ​ក្នុង​ភូមិ​ រួម​ទាំង​បងស្រី​បង្កើត​របស់​អ្នក​ស្រី​ផង បាន​ចាប់​ផ្តើម​ស្អប់ខ្ពើម​ និង​បង្ហាញ​ឥរិយាបទ​មាក់​ងាយ​មក​លើ​អ្នកស្រី​និង​កូន ក្រោយ​ពី​ពួកគេ​ដឹង​ថា អ្នក​ស្រី​បាន​ឆ្លង​មេរោគ​អេដស៍។

«បងស្រី​ខ្ញុំ​មួយ​ហ្នឹង​គេ​ខ្ពើម​រអើម ហើយ​បង​ប្អូន​ជីដូន​មួយ​អីហ្នឹង ក៏​គេ​ខ្ពើម​រអើម​ដែរ។​ គេ​មិន​ពេញមុខ ពេញ​មាត់​ដូច​ពី​មុន។​ កាល​ខ្ញុំ​អត់​មាន​មេរោគ​ គេ​នៅ​ហូប​ចំណីចំណុក​អី​ជា​មួយ​គ្នា។ ដល់​ពេល​ខ្ញុំ​មាន​មេរោគ គេ​រើស​អើង។ សូម្បី​កូន​ខ្ញុំ​ ពេលវា​ជិះកង់​លេង គេ​ហៅ​«អាកូនមាន​អេដស៍» «ម៉ែវា​មាន​អេដស៍»។​ កូន​ខ្ញុំ​ក៏​យំ រត់​មក​ប្រាប់​ថា «ម៉ែ!​ គេ​ហៅម៉ែឯង​ថា​មាន​អេដស៍!។ មីងមា​ហៅម៉ែឯង​ថា​ មាន​អេដស៍»។​

អ្នក​ស្រី​ណាវី​និយាយ​ថា អ្នក​ស្រី​បាន​ឆ្លង​មេរោគ​អេដស៍​នេះ​ពី​ប្តី​របស់​អ្នកស្រី។ ​អ្នក​ស្រី​អះអាង​ថា ប្តី​របស់​អ្នកស្រី​បាន​ចងក​សម្លាប់​ខ្លួន​ ក្រោយ​ពី​គាត់​ដឹង​ថា ខ្លួន​គាត់​បាន​ផ្ទុក​មេរោគ​អេដស៍។​

ក្រោយ​ពី​ប្តី​ស្លាប់​ទៅ ហើយ​ផ្ទះ​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៀត​នោះ ស្ត្រី​មេម៉ាយ​កូន​មួយ​ដែល​ឪពុក​ម្តាយ​ស្លាប់​ចោលតាំង​ពី​ខ្លួន​នៅ​តូច​រូប​នេះ​ និយាយ​ថា​ អ្នក​ស្រី​បាន​ផ្លាស់​ទៅ​រស់​នៅ​ជាមួយ​បងស្រី​បាន​មួយ​រយៈពេល​ ប៉ុន្តែ​ក៏​ត្រូវ​បងស្រី​បណ្តេញចេញ​ពី​ផ្ទះ ដោយ​សារ​តែ​ឋានៈ​របស់​អ្នក​ស្រីជា​អ្នក​ផ្ទុក​មេរោគ​អេដស៍។​

«គេ​សម្តី​ទ្រគោះ​បោះបោក។ គេ​ថា ផ្ទះគេ​ គេ​មិន​ទទួល​ស្គាល់​អ្នក​មាន​មេរោគ​អេដស៍​នៅ​អញ្ចឹង​ទេ។ គេ​ខ្ពើម​ណាស់ គេ​ឆ្អើម​ណាស់។ កុំ​នាំ​ឆ្លង​ដល់​កូន​ដល់​ចៅ​គេ។ សូម្បី​តែ​បាយ​នៅ​ចាន​ ក៏​គេ​អត់​ហ៊ាន​ដាក់​ចាន​ឲ្យ​ខ្ញុំ​ហូប​ដែរ។ គេ​ខ្លាច​ឆ្លង​មេរោគដល់​គេ។​ សូម្បី​តែ​ខ្នើយ​អី​ ក៏​គេ​អត់​ហ៊ាន​ឲ្យ​កើយ​ជាមួយ​ដែរ គេ​ខ្លាច​ឆ្លងដល់កូន​ដល់​ចៅ​គេ។ គេ​ថា​ មនុស្ស​អី​ខុសគេ កើត​មក​មាន​រោគ​ មាន​អេដស៍​អី​អញ្ចឹង។ គេ​ខ្មាស់​គេ​ណាស់។ ដើរ​ទៅ​ណា​គេ​ថា ​មាន​បងប្អូន​កើត​មេរោគ​អីអញ្ចឹង នរណា​ក៏​សួរៗ»។​

អ្នក​ស្រី​ណាវី ដែល​បច្ចុប្បន្ន​ស្នាក់​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​អង្គការ​មនុស្ស​ធម៌​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​បន្ត​ថា​ នៅ​ពេល​នោះ អ្នកស្រី​បាក់​ទឹក​ចិត្ត​និង​អស់​សង្ឃឹម​ជា​ខ្លាំង​ រហូត​ដល់​គិត​ចង់​សម្លាប់​ខ្លួន​ទៅ​តាម​ប្តី​របស់​អ្នក​ស្រី​ដែរ។​

«ខ្ញុំ​ឈឺ​ឡើង​ស្គម គ្មាន​កម្លាំង​កំហែង​ទេ។​ ខ្ញុំ​សឹង​ថា មិន​ចង់​រស់ ចង់​តែ​ទៅ​ម្តងៗ​ តែ​ខ្ញុំ​នៅ​នឹក​ឃើញ​អាណិត​កូន​ រស់​ដើម្បី​កូនមួយហ្នឹងទៀត​ចុះ»។​

ដូច​អ្នក​ស្រី​ណាវី​ដែរ ស្រ្តី​ផ្ទុក​មេរោគ​អេដស៍​រាប់​ពាន់​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​ជួប​ប្រទះ​នឹង​ការ​មាក់​ងាយ​និង​ការ​រើសអើង​ពី​សំណាក់​សមាជិក​គ្រួសារ ​និង​អ្នក​ជិតខាង​របស់​ខ្លួន​ដែរ។​

ការ​សិក្សាបាន​បង្ហាញ​ថា កង្វះ​ការ​គាំទ្រ​ និង​ការ​ទទួល​ស្គាល់​ពី​សំណាក់​សមាជិក​ក្រុម​គ្រួសារ​ដែល​រស់​នៅក្រោម​ដំបូលផ្ទះ​តែ​មួយ​ និង​អ្នក​ជិតខាង បាន​ញ៉ាំង​ឲ្យ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​រាប់​ពាន់​នាក់​ លាក់​មុខ មិន​ហ៊ាន​ចេញ​មក​ទទួល​សេវា​ព្យាបាល​ត្រឹមត្រូវ​ជា​សាធារណៈ។​

លោក ​ស៊ន សុធារិទ្ធ គឺ​ជាអ្នក​សម្រប​សម្រួល​ថ្នាក់ជាតិ​នៃ​បណ្តាញ​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ក្នុង​ប្រទេស​កម្ពុជា។​

«រហូត​មក​ដល់​សម័យ​នេះ​ទៅ​ហើយ​ យើង​នៅ​តែ​ជួប​សមាជិក​ដែល​ធ្វើ​តេស្ត​ហើយ មិន​ទៅ​ទទួល​យក​សេវា​ហ្នឹង​ទៀត»។​

ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជាង​៧ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​មាន​ប្រមាណ​៥​ម៉ឺន​នាក់​បាន​ទទួល​សេវា​ព្យាបាល។​

លោក​ស៊ន សុធារិទ្ធ​និយាយ​ថា ក្រៅ​ពី​ការ​មាក់ងាយ ​និង​រើសអើស​ពី​អ្នក​ដទៃ ការ​មាក់ងាយ​ខ្លួន​ឯង​ក្នុង​ចំណោម​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ក៏​នៅ​មាន​កម្រិត​ខ្ពស់នៅ​ឡើយ។ អារម្មណ៍​ថា​ ខ្លួនឯង​បាន​ប្រព្រឹត្ត​ខុស ​ខ្មាស់គេ​ ឬ​ស្តី​បន្ទោស​ខ្លួន​ឯង​ជាដើម​នេះ បាន​រួម​ចំណែក​ធ្វើ​ឲ្យ​អ្នក​ផ្ទុក​មេរោគ​នេះ​ជាង​២ម៉ឺន​នាក់​ទៀត​ព្យាយាម​គេច​មុខ មិន​ព្រម​ស្វែងរក​សេវា​ព្យាបាល។​

«អាហ្នឹង​ហើយ​គឺ​ជា​ការ​រើសអើង​ខ្លួន​ឯង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មវិធី​អេដស៍ដែល​យើង​ខំប្រឹង​ឆ្លើយតប​ទៅ​នឹង​សូន្យបី គឺ​គ្មាន​ការ​រើសអើង គ្មាន​ការ​ស្លាប់​ និង​គ្មាន​ការ​ចម្លង​ថ្មី»។​

អ្នក​ផ្ទុក​មេរោគ​អេដស៍​មួយ​ចំនួន​ក៏​បាន​ប្រឈម​មុខ​នឹង​ការ​មាក់ងាយ​និង​ការ​រើសអើង​ពី​សំណាក់​បុគ្គលិក​ផ្តល់​សេវា​សុខាភិបាល​ផង​ដែរ។ នេះ​បើ​យោង​តាមអង្គការ ​UNAIDS។​

អ្នកស្រី Marie-Odile Emond គឺ​ជា​នាយក​អង្គការ​នេះ​ប្រចាំ​ប្រទេស​កម្ពុជា។​

«ស្រ្តី​ដែល​ផ្ទុក​មេរោគ​អេដស៍​ទទួល​បាន​ដំបូន្មាន​ថា​ ពួក​គេ​គួរ​រំលូតកូន​ចោល និង​កុំ​ឲ្យ​មាន​កូន​ជាដើម។ នេះ​នៅ​តែ​ជា​បញ្ហា​នៅ​ឡើយ។ ហើយ​បញ្ហា​មួយទៀត​ទាក់​ទង​នឹង​ផ្នែក​សុខាភិបាល​ហ្នឹង​ដែរ គឺ​ថា គេ​មិន​បាន​គោរព​ការ​រក្សា​ការ​សម្ងាត់​ឲ្យ​បាន​ជានិច្ច​ជាកាល​នោះ​ទេ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​របស់បុគ្គល ប្រសិន​បើមាន​ការ​និយាយ​ដើម​ ឬ​ការ​ប្រាប់​ព័ត៌មាន​មិន​ពិតអំពី​បុគ្គល​នោះ​តៗ​គ្នា»។​

អ្នកស្រី Marie-Odile Emond និយាយ​ថា ច្បាប់​អេដស៍​របស់ប្រទេស​កម្ពុជា​ដែល​មាន​គោល​ដៅ​បញ្ឈប់​ការ​មាក់ងាយ ​និង​ការ​រើសអើង​អ្នក​ផ្ទុក​មេរោគ​អេដស៍​នេះ​មិន​ត្រូ​វ​បាន​គេ​យក​មក​អនុវត្ត​នោះ​ទេ។​

«អ្វី​ដែល​យើង​ឮគឺ​ថា ច្បាប់​ហ្នឹង​បាន​ជួយ​ការពារ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ ឬ​យ៉ាង​យោចណាស់​ក៏​បាន​ដាក់​របាំង​ការពារ​ខ្លះៗ​សម្រាប់​ពួក​គេ​ដែរ។ ប៉ុន្តែ​ច្បាប់​នេះ​មិនត្រូវ​បាន​យក​មក​អនុវត្ត​នោះ​ទេ ហើយ​ក៏​គ្មាន​ជំនួយ ឬ​យន្ត​ការ​ផ្នែក​ច្បាប់​ដើម្បី​ត្រួត​ពិនិត្យ​ឲ្យ​បាន​ទៀងទាត់​ និង​ធានាថា ច្បាប់​នេះ​ត្រូវ​បាន​អនុវត្ត។ សម្រាប់​អ្នក​ដែល​ប្រឈម​មុខ​នឹង​ការ​រើសអើស​ ដូចជា​ត្រូវ​គេ​បដិសេធ​មិន​ផ្តល់​ការងារ​ឲ្យ​ធ្វើ ឬ​មិន​ទទួល​បាន​សេវា​សុខាភិបាល​ជាដើម​នោះ​ គឺ​គ្មាន​ផ្លូវ​ណា​មួយ​ដែល​ពួកគេ​អាច​ធ្វើ​ឲ្យ​ច្បាប់​នេះត្រូវ​បាន​គេ​យក​មក​អនុវត្ត​នោះ​ទេ»។​

អាជ្ញាធរ​អេដស៍​ទទួលស្គាល់​អំពី​កង្វះ​ការ​យល់​ដឹង​ឲ្យ​បាន​ទូលំទូលាយ​អំពី​ច្បាប់​ស្តីពី​ការ​បង្ការ​និង​គ្រប់គ្រង​មេរោគ​អេដស៍/ជំងឺ​អេដស៍​ក្នុង​ចំណោម​ពលរដ្ឋ​ទូទៅ។​

ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត តែង គន្ធី ​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ មាន​ប្រសាសន៍​ថា ការ​មាក់​ងាយ​ និង​ការ​រើសអើង​ពី​សំណាក់​បុគ្គលិកសុខាភិបាល​ មិន​មែន​ជា​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​នោះ​ទេ។​

«មាន​ការ​រើងអើង​និង​មាក់ងាយ​ចេញ​ពី​បុគ្គលិក​ដែល​ផ្តល់​សេវា​ ជាពិសេស​សេវា​សុខភាព​គឺ​មាន​តែ​៣​ភាគ​រយ​ទេ។ សូមជម្រាបថា​ ៣​ភាគ​រយ​នេះ គឺ​ជា​ចំនួន​ដែល​តិច​បំផុត​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​អាស៊ី»។​

លោក​មាន​ប្រសាសន៍​បន្ត​ថា សង្គម​មិន​បាន​ប្រងើយ​កន្តើយ​ចំពោះ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​គឺ​អ្នក​ជំងឺ​មួយ​ចំនួន​បែរ​ជា​រើសអើស​ខ្លួន​ឯង ហើយ​ព្យាយាម​ផ្តាច់​ខ្លួន​ពី​សង្គម​ទៅ​វិញ។​

យ៉ាង​ណា​ក៏ដោយ ​សម្រាប់​គ្រួសារ​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ ដូចជា​អ្នកស្រី​អ៊ុច ណាវី ជាដើម​នេះ ជីវិត​របស់​ពួកគេ​នឹង​ល្អ​ប្រសើរ​ជាងនេះ​បន្តិច​ ​ប្រសិន​បើ​គ្មានការ​មាក់ងាយ​ និង​រើសអើង​ចំពោះ​ពួក​គេ​នោះ៕