ក្រសួងការបរទេស៖ សហរដ្ឋ​អាមេរិក​មិន​ទាន់​សម្រេចចុងក្រោយ​លើ​ករណី​សម្លាប់​លោក​ Khashoggi

អ្នក​សារព័ត៌មាន​អារ៉ាប៊ីសាអ៊ូ​ឌីត Jamal Khashoggi

​ក្រសួងការបទេស​សហរដ្ឋ​អាមេរិក​និយាយ​ថាសហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​ធ្វើ​ការសន្និដ្ឋាន​ចុងក្រោយ​អំពី​ការសម្លាប់​អ្នក​សារព័ត៌មាន​អារ៉ាប៊ីសាអ៊ូ​ឌីត Jamal Khashoggi ​ នៅឡើយ​ទេ។ រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ មិន​ពេញ​ចិត្ត​នឹង​សេចក្តីរាយការណ៍​នានា​ដែល​ដកស្រង់​ប្រភព​ពីមន្ត្រីអាមេរិកាំងមួយ​រូប​ដែល​និយាយ​ថា​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​សន្និដ្ឋាន​ថា​គឺ​ព្រះអង្គម្ចាស់​រជ្ជទាយាទ​ Mohammed bin Salman ជាអ្នក​បញ្ជា​ឱ្យ​សម្លាប់លោក​Khashoggi។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រសួងការបរទេស​បាន​បញ្ជាក់​ថា៖

«សេចក្តីរាយការណ៍​ថ្មីៗនេះ​ដែល​គូសបង្ហាញ​ថា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​សន្និដ្ឋាន​ជាចុងក្រោយ​ហើយ​នោះ គឺជា​សេចក្តីរាយការណ៍​មិនត្រឹមត្រូវ​ទេ‍»។​

លោក​ប្រធានាធិបតី​ដូណាល់ត្រាំ ទទួលការផ្តល់​ព័ត៌មាន​សង្ខេប​តាមទូរសព្ទ​កាលពីថ្ងៃសៅរ៍​ពីលោកស្រី Gina Haspel នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ CIA​ ​និង​ពី​លោក ​Mike Pompeo ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ក្នុង​ពេល​ដែល​លោក​ប្រធានាធិបតី​ធ្វើ​ដំណើរតាម​យន្តហោះ​ទៅ​រដ្ឋកាលីហ្វ័រញ៉ា។

នាពេលក្រោយមក​ ក្នុងពេលដែល​កំពុង​មើល​ការខូចខាត​ដោយសារ​ភ្លើង​ឆេះព្រៃ​នៅ​ភាគខាងត្បូង​រដ្ឋ​កាលីហ្វ័រញ៉ា លោក​ត្រាំ​បាន​ប្រាប់​អ្នក​រាយការណ៍​ព័ត៌មាន​ថា​រដ្ឋាភិបាល​នឹង​ចេញ​ផ្សាយ​របាយការណ៍​នៅថ្ងៃអង្គារ​ដើម្បី​បង្ហាញ​ថា​អ្នកណា​ជាអ្នកសម្លាប់​លោក​ Khashoggi។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​បាន​ចេញផ្សាយ​តែប៉ុន្មាននាទី​ប៉ុណ្ណោះ​ក្រោយ​ពី​លោកស្រី ​Sarah Sanders អ្នកនាំពាក្យ​លោក​ប្រធានាធិបតី​បាន​និយាយ​ថា​លោក​ត្រាំ ​«មានទំនុក​ចិត្ត​លើ​ទីភ្នាក់ងារ​ CIA‍»។

ក្រសួងការបរទេស​ក៏បាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​ «ប្តេជ្ញា​ស្វែងរក​ជនដែល​បញ្ជា​ឱ្យ​សម្លាប់​ទទួល​ខុសត្រូវ​‍» និងថា«នៅមានសំណួរជាច្រើន​ដែល​នៅ​មិន​ទាន់មានចម្លើយ‍»នៅឡើយទេ៕