មន្ត្រី​អាមេរិក​ទៅ​កម្ពុជា​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សិទ្ធិ​មនុស្ស​សម្រាប់​ទំនាក់​ទំនង​កម្ពុជា​-អាមេរិក

រូបឯកសារ៖ លោក Tom Malinowski ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិកទទួល​ប​ន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារពលកម្ម ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង Bujumbura កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ថ្ងៃ​ដំបូង​នេះ​​ លោក​ ​ថម ម៉ាលីណូស្គី​ គ្រោង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ សមាជិក​នៃ​គណបក្ស​ប្រឆាំង​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ និង​តំណាង​ទី​ភ្នាក់ងារ​អន្តរជាតិ​ ដើម្បី​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ការ​បោះឆ្នោត​ដែល​មាន​ភាព​សេរី​ និង​យុតិ្តធម៌​នៅ​កម្ពុជា។

លោក​ ថម ម៉ាលីណូស្គី​ (Tom Malinowski)​ ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ (ស.រ.អា.)​ទទួល​បន្ទុក​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការងារ​ នៅ​ព្រឹកថ្ងៃ​ច័ន្ទ​ ទី​១៨​ ខែ​កក្កដា​នេះ​ បាន​ចាប់​ផ្តើម​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដើម្បី​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សិទ្ធិ​មនុស្ស​សម្រាប់​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​ និង​កម្ពុជា​ និង​ស្វែង​យល់​អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា។​

នៅ​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ដែល​មាន​រយៈពេល២​ថ្ងៃ​ លោក ​ថម ម៉ាលីណូស្គី​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ឯ​ទីស្នាក់​ការ​កណ្តាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​សិ្ថត​ក្នុង​ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ។

លោក​ ​កឹម សុខា​ បាន​សរសេរ​នៅ​លើទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ ជំនួប​រវាង​លោក និង​លោក ថម ម៉ាលីណូស្គី​ បាន​ពិភាក្សា​ទៅលើ​ស្ថាន​ការណ៍​នយោបាយ​នាពេល​បច្ចុប្បន្ន​ តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​អំពី​បញ្ហា​នានា​ដែល​បាន​លើកឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ដែល​ធ្វើ​ឡើង​កាល​ព្រឹក​ថ្ងៃ​ច័ន្ទ​នោះ​ទេ។

ជំនួប​រវាង​លោក​ ថម ម៉ាលីណូស្គី​ និង​លោក កឹម សុខា​ នៅ​ថ្ងៃច័ន្ទ​នេះ​ ​បាន​កើត​មាន​ឡើង​ នៅ​ចំ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រារព្ធ​ខួប​លើក​ទី​បួន​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​នេះ។​

ដំណើរ​របស់​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​រូបនេះ​ ក៏បាន​កើត​ឡើង​ បន្ទាប់​ពី​លោក​ ​កែម ឡី​ អ្នក​វិភាគ​សង្គម​ដ៏​លេចធ្លោ​មួយ​រូប​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាលពី​សប្តាហ៍​មុន​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ​ហើយ​ជន​សង្ស័យ​ជា​ឃាតករ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ភ្លាមៗ។​ ប៉ុន្តែហេតុផល​នៅ​ពីក្រោយ​នៃ​ការ​បាញ់​ប្រហារ​នេះ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទម្លាយ​ឲ្យ​ដឹង​នោះ​ទេ​ នៅ​គ្រា​ដែល​ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ដល់​តុលាការ​កុ្រង​ភ្នំពេញ​ ដើម្បី​ធ្វើការ​អង្កេត​បន្ត​ទៀត។​

អ្នក​វិភាគ​រូប​នេះ​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពី​អ្នក​វិភាគ​រូប​នេះបាន​ផ្តល់​ការ​អធិប្បាយ​ធ្ងន់ៗ​អំពី​របាយការណ៍​របស់​អង្គការ​ Global Witness ​ដែល​មាន​ចំណង​ជើង​ថា​«ការ​គ្រប់​គ្រង​ដ៏​ប្រទូសសារ៉ាយ»​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ដើម​ខែ​កក្កដា​នេះ​ និង​បាន​ទម្លាយ​ឲ្យ​ដឹង​អំពី​ការ​កសាង​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ក្រុម​គ្រួសារ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក​ ជុំ សុន្ទរី​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ប្រាប់ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ក្រសួង​ពុំ​មាន​របៀប​វារៈ​លម្អិត​នៃ​ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក ថម ម៉ាលីណូសី្គ​ នោះ​ទេ​ ដោយ​លោក​បាន​បង្វែរ​សំណួរ​ទៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។​ ហើយ​មន្ត្រី​ស្ថានទូត​ស.រ.អា.មិន​បាន​ផ្តល់​អាត្ថាធិប្បាយ​ដែរ​ ដោយ​អះអាង​ថា​ ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នឹង​មាន​ការ​ពិភាក្សា​លម្អិត។​

លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ លោក​ទទួល​បាន​ដំណឹង​ទាក់ទង​នឹង​ការ​ធ្វើ​ទស្សនកិច្ច​នេះ​ តែ​មិន​អាច​បញ្ជាក់​ថា​ តើ​លោក​ឧបការី​រដ្ឋមន្ត្រី​ ថម ម៉ាលីណូស្គី​ នឹង​គ្រោង​ជួប​ពិភាក្សា​ជាមួយ​នឹង​ឥស្សរជន​រូបណា​នៅ​ក្នុង​រាជ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។​

«ខ្ញុំ​មិន​ដឹង​ថា​ កម្មវិធី​គាត់​ហ្នឹង​ ជួប​អ្នក​ណា​ទេ​ ក៏​ប៉ុន្តែ​បើ​មើល​តាម​កម្មវិធី​ដែល​ប្រកាស​ដោយ​ក្រសួង​ការ​បរទេស​ គាត់​ជួប​មន្ត្រី​ជាន់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​ ជួប​គណបក្ស​ប្រឆាំង​ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន»។​

រូបឯកសារ៖ កម្មករ​ និង​កម្មការីនី​ខ្មែរ​ចូលរួមទិវា​ពលកម្ម​អន្តរជាតិ កាលពីទី១ ខែឧសភា ឆ្នាំ២០១៥។

តែ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ថ្ងៃ​ដំបូង​នេះ លោក​ ​ថម ម៉ាលីណូស្គី​ គ្រោង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ សមាជិក​នៃ​គណបក្ស​ប្រឆាំង​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ និង​តំណាង​ទី​ភ្នាក់ងារ​អន្តរជាតិ​ ដើម្បី​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ការ​បោះឆ្នោត​ដែល​មាន​ភាព​សេរី​ និង​យុតិ្តធម៌​នៅ​កម្ពុជា។​

លោកក៏​នឹង​រំឭក​ឲ្យ​កម្ពុជា​លើក​កម្ពស់​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ហើយ​ធានា​ការពារ​អង្គការ​សិទ្ធិ​មនុស្ស។​ លោក​ក៏​នឹង​ទៅ​ទស្សនា​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​ផង​ដែរ។​

នៅ​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ លោកឧបការី​រដ្ឋមន្ត្រី​ ថម ម៉ាលីណូស្គី​ ក៏​គ្រោង​នឹង​ជួប​ពិភាក្សា​ជាមួយ យុវជន​កម្ពុជា​លើ​ប្រធានបទ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក។​ ពិធី​នេះ​នឹង​រៀបចំ​នៅ​បណ្ណាល័យ​នៃ​ស្ថានទូត​អាមេរិក​ នៅ​ក្នុង​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ។​

លោក​ឧបការី​រដ្ឋ​មន្ត្រី ថម ម៉ាលីណូស្គី ​គឺ​ជា​អតីត​ប្រធាន​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch នៅ​ទីក្រុងវ៉ាស៊ីនតោន​ ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​អន្តរជាតិ​ឯករាជ្យ​នាំ​មុខ​គេ​ ដែល​ធ្វើ​ការ​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស។​ ពីឆ្នាំ​១៩៩៨​ដល់​ឆ្នាំ​២០០១​ លោក​បាន​ធ្វើ​ជា​ប្រធាន​ជាន់​ខ្ពស់​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខជាតិ​ ក្នុង​សេតវិមាន​ ដោយ​ក្នុង​នោះ​ លោក​បាន​ដឹកនាំ​ការ​ធ្វើ​ពង្រាង​នៃ​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​ Clinton ​ស្តីពី​គោល​នយោបាយ​ការបរទេស​ និង​ការងារ​ទំនាក់​ទំនង​ជា​យុទ្ធសាស្ត្រ​នៅ​ជុំវិញ​ពិភពលោក៕​