ក្រសួង​ការ​បរទេស​ស.រ.អា.​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ

ក្រសួង​ការ​បរទេស​ស.រ.អា.​នៅ​តែ​ជំរុញ​ឲ្យកម្ពុជា​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ ទោះ​ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ត្រូវ​ គ.ជ.ប បាន​ប្រកាស​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​រួច​ហើយ​ក្តី។

វ៉ាស៊ីនតោន៖ ក្រសួង​ការ​បរទេស​ស.រ.អា.​នៅ​តែ​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​តាម​រយៈ​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ​បើទោះ​បីជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ត្រូវ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​រួច​ហើយ​ក្តី។​

លោកស្រី​ម៉ារី ហាហ្វ ​(Marie Harf)​ អ្នក​នាំពាក្យ​ស្តីទី​នៃ​ក្រសួង​ការ​បរទេស​ ស.រ.អា.​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃច័ន្ទ​តាម​ប្រសាសន៍​ដើម​ថា៖

«យើង​នៅតែ​មាន​ជំនឿ​ថា ​ការ​ពិនិត្យ​មើល​ដោយ​តម្លាភាព​ចំពោះ​ភាព​មិន​ប្រក្រតី​លើ​ការ​បោះឆ្នោត​ក្នុង​ខែ​កក្កដា​នឹង​ជួយ​វាយ​តម្លៃ​និង​ដោះស្រាយ​ការ​ខុស​ឆ្គង​ក្នុង​ពេល​បោះឆ្នោត​ហើយ​វា​នឹង​ផ្តល់​នូវ​ការ​ជឿជាក់​ច្រើន​ជាង​មុន​លើ​ដំណើរការ​បោះឆ្នោត។​ យើង​នៅ​បន្ត​ទទូច​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​ដែល​យើង​ធ្លាប់​បាន​ទទូច​កន្លង​មក​ ឲ្យ​ចាប់​យក​ឱកាស​នេះ​ដើម្បី​ឲ្យ​ដំណើរការ​ប្រជា​ធិបតេយ្យ​ដើរ​ឆ្ពោះ​ទៅ​មុខ»។

លោកស្រី​បាន​បន្ថែម​ថា​ ស.រ.អា.​នៅតែ​មាន​ក្តីព្រួយ​បារម្ភ​ចំពោះ​ដំណើរការ​នេះ។ ​តែ​ក្តី​បារម្ភ​នោះ​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ។​

ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ចុង​ក្រោយ​របស់​គ.ជ.ប.​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​បាន​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​៦៨​អាសនៈ​ដែល​អាច​បង្កើត​រដ្ឋាភិបាល​បាន​តែម្នាក់​ឯង។​ គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​៥៥​អាសនៈ​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១២៣​នៅ​សភា។​ តែ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​អះអាង​ថា ​គឺ​ខ្លួន​ទេ​ជា​អ្នកឈ្នះ​ ដោយ​បាន​អាសនៈ​៦៣​ ហើយ​អាច​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន ​ប្រសិន​បើ​គណបក្ស​គ្រប់គ្រង​ប្រទេស​ព្រម​បង្កើត​ឲ្យ​មាន​គណៈ​កម្មា​ធិការ​ឯករាជ្យ​ស៊ើប​អង្កេត​ ស្រាវ​ជ្រាវ​អំពី​ភាព​មិន​ប្រក្រតី។

គណបក្ស​សង្គ្រោះជាតិ​គ្រោង​នឹង​ធ្វើ​មហា​បាតុកម្ម​៣​ថ្ងៃ​ជាប់ៗ​គ្នា​ពីថ្ងៃទី​១៥​ដល់​ថ្ងៃទី​១៧​ខែ​កញ្ញា​ បើគ្មាន​ដំណោះស្រាយ​ដោយ​យុត្តិធម៌​រឿង​ភាព​មិន​ ប្រក្រតី​ ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​បិទ​ផ្លូវ​តវ៉ា​ទៅ​ហើយ​នោះ។​

គណបក្ស​ជំទាស់​គំរាម​ធ្វើ​ពហិកា​មិន​ចូលរួម​ប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃទី​២៣​កញ្ញា ​ដែល​ព្រះមហាក្សត្រ​ត្រូវ​កោះ​ប្រជុំ​តាម​ច្បាប់​នោះទេ ប្រសិន​បើ​បញ្ហា​វិវាទ​បោះ​ឆ្នោត​មិនត្រូវ​ដោះស្រាយ​ដោយ​យុត្តិធម៌​ទនោះ។​

គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​គេ​គិត​ថា​ ទំនង​ជា​បង្ខំ​ចិត្ត​បង្កើត​រដ្ឋ​សភា​ថ្មី​និង​រដ្ឋាភិបាល​ថ្មី​តាម​ការ​បកស្រាយ​ច្បាប់​ជា​ឯកតោ​ភាគី ​ទោះ​ជា​ប្រថុយ​ប្រថាន​នឹង​ការ​មិន​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ក្តី៕