កិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា (MRC) និងសន្និសីទអន្តរជាតិផ្សេងទៀតរបស់ស្ថាប័នអន្តរជាតិមួយនេះ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ដោយមានការផ្លាស់ប្តូរយោបល់ពីភាគីពាក់ព័ន្ធ ក្នុងការជំរុញឱ្យមាននវានុវត្តន៍ ឬការបង្កើតបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដើម្បីសម្រួលដល់ការគ្រប់គ្រងធនធានទឹក និងការការពារបរិស្ថានក្នុងអាងទន្លេមេគង្គ។
កិច្ចប្រជុំកំពូលដែលកំពុងធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ គឺជាជំនួបលើកទីបួន និងមានមន្ត្រី អ្នកជំនាញ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល អ្នកចូលរួមផ្សេងទៀតប្រមាណ៨០០នាក់។ ដៃគូរបស់គណៈកម្មការនេះ គឺចិន និងមីយ៉ាន់ម៉ាក៏ត្រូវបានអញ្ជើញឱ្យចូលរួមជំនួបនេះដែរ។ ហើយប្រមុខរដ្ឋាភិបាលមកពីប្រទេសសមាជិកទាំង៤របស់គណៈកម្មការទន្លេមេគង្គ ក៏នឹងមានការជួបពិភាក្សាគ្នាក្នុងជំនួបដែលនឹងត្រូវបញ្ចប់ក្នុងសប្តាហ៍នេះ។
បើតាមក្រសួងការបរទេសកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។
អនុប្រធាននាយកដ្ឋានគោលនយោបាយ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក អ៊ិត ហ៊ុនលី ប្រាប់វីអូអេកាលពីថ្ងៃអាទិត្យថា នវានុវត្តន៍ ឬការរកឃើញបច្ចេកវិទ្យាថ្មីៗ ដោយអ្នកវិទ្យាសាស្ត្រ ឬអ្នកជំនាញរបស់បណ្តាប្រទេសនៅជាប់ទន្លេមេគង្គ ដើម្បីតាមដានស្ថានភាពទឹក និងបរិស្ថានក្នុងអាងមេគង្គមានភាពចាំបាច់ក្នុងបរិបទដែលមានការកើនឡើងនូវការចំណាយខ្ពស់នៃបច្ចេកវិទ្យានៅក្រៅតំបន់ទន្លេមេគង្គ។
លោកថ្លែងថា៖ «នេះគឺជារឿងមួយដែលសំខាន់ ណាស់នៅក្នុងប្រធានបទជាច្រើនព្រឹកមិញ ខ្ញុំបានឃើញមានវាគ្មិនហើយនិង keynote speakers [វាគ្មិនសំខាន់ៗ] ជាច្រើនដែលគាត់លើកឡើងអំពីមូលធនមនុស្ស អ្នកជំនាញ ហើយនិងការប្រើប្រាស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ប្រកបដោយនវានុវត្តន៍ហ្នឹង គឺថាគឺអាចធានាបាននូវការកាត់បន្ថយនូវផលប៉ះពាល់ ហើយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដែលនាំយកមកនោះ គឺវាមានតម្លៃទាប។ អ៊ីចឹង វាធ្វើឱ្យមានការសន្សំសំចៃ រួចហើយធានាបាននូវការអភិវឌ្ឍប្រកបដោយចរភាព»។
មន្ត្រីរូបនេះកត់សម្គាល់ថា ជំនួបកំពូលរបស់គណៈកម្មការទន្លេមេគង្គមានការដាក់បង្ហាញឧបករណ៍បង្កើតថ្មី ឬក៏ច្នៃឡើងវិញពីឧបករណ៍ចាស់ៗ សម្រាប់ប្រើប្រាស់ក្នុងវិស័យគ្រប់គ្រងធនធានទឹក ឬវិភាគលើគុណភាពទឹក ពីក្រុមនិស្សិត និងក្រុមហ៊ុនមួយចំនួន។
លោកបន្ថែមថា៖ «ខ្ញុំបានមើលឃើញនូវបច្ចេកវិទ្យាជាច្រើនប្រភេទណាស់ដែលជាគំនិតច្នៃប្រតិដ្ឋវាដែលជានវានុវត្តន៍ថ្មីៗដែលបានដាក់តាំងនៅក្នុងពិធីនៅព្រឹកនេះ គឺក្នុងនោះគឺមានបច្ចេកវិទ្យា drone [ឧបករណ៍ហោះហើរដោយម៉ាស៊ីន] ដែលទាក់ទិននឹងកសិកម្មបច្ចេកវិទ្យាមួយចំនួនដែលប្រើប្រាស់ជាមួយនឹងវារីអគ្គិសនី ដែលធានាបាននូវ មិនមានផលប៉ះពាល់ទៅលើជីវចម្រុះ ឬបរិស្ថានបាទ។ ខ្ញុំឃើញសុទ្ធតែបច្ចេកវិទ្យាល្អៗណាស់ដែលនាំយកមកដោយអ្នកជំនាញរបស់យើងអ្នកវិទ្យាសាស្ត្ររបស់យើងព្រឹកនេះបាទ»។
ចំណែក លោក លន់ ពេជ្រតារា នាយកប្រតិបត្តិអង្គការភូមិខ្ញុំដែលធ្វើការលើការការពារធនធានធម្មជាតិ និងអភិរក្សបរិស្ថានថ្លែងថាមានបញ្ហាប្រឈមជាច្រើនបានកើតឡើងនៅក្នុងអាងទន្លេមេគង្គដែលតម្រូវឱ្យមានការស្វែងរកដំណោះស្រាយថ្មីៗដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនោះ។ នវានុវត្តន៍ ឬការបង្កើតបច្ចេកវិទ្យាថ្មីគឺអាចជួយសម្រាលបញ្ហាប្រឈមទាំងនោះបាន។
លោកប្រាប់វីអូអេថា៖ «ការអភវិឌ្ឍ នវានុវត្តន៍ថ្មីនោះ បានន័យថាតើយើងគួរប្រើបច្ចេកវិទ្យា អ្វីដូចជាមានការតាំងពិពណ៌ ប្រើបច្ចេកវិទ្យា drone [ឧបករណ៍ហោះហើរដោយម៉ាស៊ីន] ប្រើAI [បញ្ញាសិប្បនិម្មិត] ប្រើ modelling software [កម្មវិធីកុំព្យូទ័រគំរូ] ដើម្បីជួយសម្រួលដល់ការធ្វើវិភាគទិន្នន័យ ក៏ដូចជាវិធីសាស្ត្រផ្សេងៗ សម្រាប់ឱ្យអ្នកធ្វើការសម្រេចចិត្តហ្នុងឱ្យគាត់ធ្វើការសម្រេចចិត្តបានត្រឹមត្រូវនៅក្នុងការអភិវឌ្ឍតាមដងទន្លេមេគង្គហ្នឹងបាទ»។
បើតាមលោក លន់ ពេជ្រតារា អ្នកប្រើប្រាស់បច្ចេកវិទ្យាបង្កើតថ្មីអាចកាត់បន្ថយក្នុងការចំណាយរបស់ខ្លួនលើការតាមដានស្ថានភាពស្មុគស្មាញផ្សេងៗ នៅក្នុងវិស័យការពារធនធានធម្មជាតិ។
លោកបន្ថែមថា៖ «បច្ចេកវិទ្យា drone [ឧបករណ៍ហោះហើរដោយម៉ាស៊ីន] ឬក៏ AI [បញ្ហានិម្មិត] ផ្សេងៗហ្នឹង យើងអាចដឹងដូចថា បើយើងប្រើ វាអាចចំណាយ ទីមួយថា អាចចំណាយតិច ព្រោះថា drone [ឧបករណ៍ហោះហើរដោយម៉ាស៊ីន] យើងអាច វាស្រាល ហើយអាចហោះទៅទីខ្ពស់ ទៅទីឆ្ងាយផ្សេងៗ ហើយវាអាច capture [ផ្តិតយកទិដ្ឋភាពបាន] នូវស្ថានភាព ecology [អេកូឡូស៊ី ឬស្ថានភាពបរិស្ថានទូទៅ] ការប្រែប្រួលស្ថានភាពតាមដងទន្លេហ្នឹងបាន ផ្ទៃទន្លេ ហើយនិងស្ថានភាពទឹក ស្ថានភាពអីផ្សេងៗវាអាច capture [ផ្តិតយកទិដ្ឋភាពបាន]»។
នវានុវត្តន៍មិនសំដៅលើការរកឃើញអ្វីដែលថ្មីបំផុតសម្រាប់ដោះស្រាយបញ្ហាប្រឈមណាមួយនោះទេ តែគឺអាចជាការកែលម្អឡើងវិញ នូវបច្ចេកវិទ្យាចាស់ ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពជាងមុន ដូចយ៉ាងការវាស់ស្ទង់កម្រិតទឹកភ្លៀង ដែលពីដើមមកមានការប្រើរហាត់ទឹកព្យាករកម្រិតទឹកភ្លៀង។
អំឡុងពេលនៃដំណើរការជំនួបកំពូលគណៈកម្មការទន្លេមេគង្គ មានការដាក់តាំង បង្ហាញឧបករណ៍ហោះហើរ ឬដ្រូន [drone] នាវាមុជទឹកតូចៗដើរដោយម៉ាស៊ីនដើម្បីតាមដានស្ថានភាពពីលើផ្ទៃទឹកឬ ដី និងពីក្រោមទឹក។ ហើយក៏មានការតាំងបង្ហាញ ឧបករណ៍វិភាគគុណភាពទឹក វាស់ស្ទង់កម្រិតទឹកភ្លៀង និងវិភាគគុណភាពដីពីក្រុមនិស្សិតមកពីបួនប្រទេសរួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម។
លោក ចក់ វុទ្ធី តំណាងឱ្យក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)ដែលឈ្នះជ័យលាភីមួយក្នុងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាបង្កើតថ្មី ឬកែលម្អឡើងជាថ្មីក្នុងក្របខណ្ឌរបស់គណៈកម្មការទន្លេមេគង្គ (MRC) និយាយថាការរកឃើញនូវមធ្យាបាយថ្មីៗតាមរយៈការធ្វើឱ្យមាននូវឧបករណ៍ដែលមានលក្ខណៈច្នៃប្រតិដ្ឋជាមួយនឹងបច្ចេកទេសវិទ្យាសាស្ត្រថ្មី អាចរកបានដំណោះស្រាយច្រើនក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមដែលកើតមានក្នុងតំបន់ទន្លេមេគង្គ។
ក្រុមរបស់លោក ចក់ វុទ្ធី បានបង្កើតឧបករណ៍ថ្មីមួយ ដែលបានមកពីការសិក្សាលើគុណវិបត្តិនៃឧបករណ៍ចាស់ៗ សម្រាប់វាស់ស្ទង់កម្រិតទឹកភ្លៀង ដែលលោកថា មានសារៈប្រយោជន៍ដល់ការគ្រប់គ្រងគុណភាពទឹក និងគ្រោះមហន្តរាយធម្មជាតិ។
លោកប្រាប់វីអូអេកាលពីថ្ងៃអាទិត្យថា៖ «ទាក់ទងជាមួយនឹងទិន្នន័យទឹកភ្លៀង គឺយើងទទួលបានអត្ថប្រយោជន៍ច្រើន។ ទីមួយ យើងអាចគ្រប់គ្រងទៅលើគុណភាពទឹក ក៏ដូចជាយើងអាចសិក្សាបានទៅលើការធ្វើទំនប់វារីអគ្គិសនី។ យើងអាចគ្រប់គ្រងទៅលើគ្រោះមហន្តរាយ ក៏យើងអាចដឹងទាក់ទងជាមួយនឹងបញ្ហាប្រែប្រួលអាកាសធាតុដែរ»។
កិច្ចប្រជុំកំពូលលើកទីបួនរបស់គណៈកម្មការទន្លេមេគង្គ បានបើកឱ្យមានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាជាច្រើន ដែលផ្តោតជាសំខាន់ លើស្ថានភាពវិវឌ្ឍចុងក្រោយក្នុងទន្លេមេគង្គនៅផ្នែកខាងលើ និងខាងក្រោម បច្ចេកវិទ្យាបង្កើតថ្មីៗសម្រាប់ធ្វើជាគំរូ ការតាមដាន និងការព្យាករណ៍ស្ថានភាពនិងវិភាគគុណភាពទឹកទន្លេ និងបច្ចេកវិទ្យាស្រង់ទិន្នន័យមុនដាក់ឱ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងអាងទន្លេមេគង្គ ឬលើតួមេនៃទន្លៃដ៏ធំនេះ តួយ៉ាងការសាងសង់ទំនប់វារីអគ្គិសនីជាដើម។
ជំនួបកំពូលនេះ ក៏មានការពិភាក្សាលើការវាយតម្លៃ ដំណោះស្រាយ និងគោលនយោបាយបង្កើតថ្មី សម្រាប់ការគ្រប់គ្រងទឹកប្រកបដោយចីរភាព និងកិច្ចសហការលើការផ្តល់ព័ត៌មាន ទិន្នន័យ និងការសម្របសម្រួលផ្សេងៗទៀត ពាក់ព័ន្ធនឹងការគ្រប់គ្រងទំនប់ ក៏ដូចជាបច្ចេកវិទ្យាសម្រាប់ការព្យាករ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក សូ សុភ័ទ្ទ កត់សម្គាល់នូវសារ:សំខាន់ នៃការផ្តល់ទិន្នន័យពីប្រទេសចិន ទាក់ទងនឹងស្ថានភាពនៅទន្លេមេគង្គខ្សែទឹកខាងលើ ឬហៅថា ទន្លេមេគង្គឡានសាង។
លោកថ្លែងជាភាសាអង់គ្លេសនិងត្រូវប្រែសម្រួលជាខេមរភាសាថា៖ «សមាជិកនៃគណៈកម្មការទន្លេមេគង្គបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដែលចិនបានយល់ព្រមផ្តល់ការចែករំលែកទិន្នន័យពេញមួយឆ្នាំ។ ការណ៍នេះមានសារ:សំខាន់ និងជាការវិវឌ្ឍវិជ្ជមានមួយក្នុងកិច្ចសហប្រតិបត្តិការតំបន់ក្នុងចំណោមប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ និងដៃគូសន្ទនា។ ហើយរឿងនេះពិតជាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់ការឃ្លាំមើលទន្លេឱ្យប្រសើរជាងមុន ហើយវាក៏ជួយព្យាករស្ថានភាពហួតហែង និងទឹកជំនន់ប្រកបដោយប្រសិទ្ធភាព និងការជូនដំណឹងជាមុននូវហេតុការណ៍ណាមួយដែលអាចនឹងកើតឡើង»។
ដំណាលគ្នានឹងការអត្ថាធិប្បាយរបស់មន្ត្រីកម្ពុជានោះ អគ្គលេខាធិការនៃមជ្ឈមណ្ឌលសហប្រតិបត្តិការមេគង្គឡានសាងលោក Hao Zhao ចង់ឃើញការបន្តអង្គុយជជែកទល់មុខគ្នា និងដោះស្រាយបញ្ហារួមគ្នាដែលលោកយល់ថា ជាវិធីសាស្ត្រមួយមានប្រសិទ្ធភាព និងងាយស្រួលចំពោះការផ្លាស់ប្តូរព័ត៌មាន និងការបង្កើតឱ្យមានបទប្បញ្ញត្តិដែលមានភាពចាំបាច់ដល់ការថែរក្សាសុខភាពទន្លេមេគង្គឱ្យនៅរឹងមាំ ខណៈមានការសាងសង់សំណង់ជាច្រើនក្នុងទន្លេមេគង្គទាំងនៅខ្សែទឹកខាងលើ និងខាងក្រោម។
ដោយឡែកអ្នកជំនាញបានបង្ហាញពីបច្ចេកវិទ្យា ឬកម្មវិធីកំព្យូទ័រថ្មីៗ (software) ដែលអាចប្រើប្រាស់ក្នុងការតាមដានស្ថានភាពទឹក ឬស្រង់ទិន្នន័យដើម្បីឃ្លាំមើលស្ថានភាពទឹកក្នុងទន្លេ ឬ ការគ្រប់គ្រងទឹកក្នុងតំបន់ដែលមានទំនប់សង់រួចដាក់ឱ្យដំណើរការ។ បច្ចេកវិទ្យាទាំងនោះ ក៏រួមចំណែកដល់ការកាត់បន្ថយផលប៉ះពាល់ផ្សេងទៀតមកលើប្រជាពលរដ្ឋរស់នៅតាមសហគមន៍ ក្នុងនោះមានការរៀបចំឱ្យមានប្រព័ន្ធប្រកាសអាសន្នជាមុន និងការចែករំលែកទិន្នន័យទាន់ពេលវេលាតាមប្រព័ន្ធអ៊ិនធឺណិត។ អ្នកជំនាញខ្លះថាបច្ចេកវិទ្យាថ្មីៗមានស្រាប់នៅលើទីផ្សារ តែវាគ្រាន់តែតម្រូវឱ្យមានការសិក្សា និងឆន្ទៈ ដើម្បីយកបច្ចេកវិទ្យាទាំងនោះមកប្រើប្រាស់តែប៉ុណ្ណោះ។
គណៈកម្មការទន្លេមេគង្គបានរៀបចំកិច្ចប្រជុំកំពូលនេះ៣លើកមកហើយ ដោយលើកទី១ធ្វើនៅប្រទេសថៃ ក្នុងឆ្នាំ២០១០ លើកទី២នៅវៀតណាមក្នុងឆ្នាំ២០១៤ និងលើកទី៣ នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៨។ កិច្ចប្រជុំលើកទី៤នេះ កើតឡើង ក្រោយមានសន្និសីទរបស់អង្គការសហប្រជាជាតិជាលើកដំបូងក្នុងទីក្រុងញូវយ៉កកាលពីខែមីនាឆ្នាំ២០២៣ ដើម្បីពិភាក្សា និងរកដំណោះស្រាយរក្សាធនធានទឹកប្រកបដោយចីរភាព។
ក្នុងជំនួបកំពូលនេះដែរ មេដឹកនាំប្រទេសដែលជាម្ចាស់ទន្លេមេគង្គរួមមានកម្ពុជា ឡាវ វៀតណាម ថៃ និងប្រទេស២ផ្សេងទៀត នឹងមានការពិភាក្សាផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងនវានុវត្តន៍ ឬការបង្កើតបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាការចែករំលែក និងបទពិសោធន៍អនុវត្តផ្ទាល់ផ្សេងទៀត ដែលមានលក្ខណៈអំណាយផលដល់ការថែរក្សាប្រព័ន្ធអេកូឡូស៊ី និងធនធានទឹកនិងជីវចម្រុះក្នុងទន្លេមេគង្គដោយមានការចំណាយតិច និងមានប្រសិទ្ធភាពខ្ពស់៕