បុគ្គលិក​សាលាក្តី​ខ្មែរក្រហម​​ខាង​ភាគី​កម្ពុជា​ធ្វើ​កូដកម្ម

ដំណើរការ​កាត់ទោស​នៅសាលាក្តីខ្មែរក្រហម។​

បន្ទាប់​ពីមិន​បាន​ទទួល​ប្រាក់​បៀរវត្ស​អស់​រយៈពេល​បី​ខែ​កន្លង​មក​នេះ ​បុគ្គលិក​សាលាក្តី​ខ្មែរក្រហមខាង​ភាគី​កម្ពុជា​បាន​សម្រេច​ចិត្ត​ធ្វើ​កូដកម្ម។ ​មន្ត្រី​តុលាការ​កូន​កាត់​មួយ​នេះ​អះអាង​ថា ​បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ទាំង​មូល​របស់​សាលាក្តី​នេះ។​

បុគ្គលិក​ខ្មែរ​ភាគ​ច្រើន​ក្នុង​ចំណោម​បុគ្គលិក​២៥០​នាក់​នៅ​សាលាក្តី​ខ្មែរក្រហមបាន​ធ្វើ​កូដកម្ម​ដោយ​មិន​មក​ធ្វើ​ការនៅ​ថ្ងៃ​ច័ន្ទ​នេះ ​មូលហេតុ​ដោយ​សារ​ពួកគេ​មិន​បាន​ទទួលប្រាក់ខែ​អស់​រយៈ​ពេល​៣​ខែ​មក​ហើយ។​

​លោក​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ ថ្លែង​ថា ​កូដករ​ជិត​២០០​នាក់​បាន​សម្រេច​ចិត្តព្យួរ​ការងារ​ជាបណ្តោះ​អាសន្ន​របស់​ពួកគេ​ បន្ទាប់​ពីមិន​បាន​ទទួល​ប្រាក់​ខែ​តាំង​ពី​ខែ​មិនា​មក​ម្ល៉េះ ​ហើយ​ពួក​គេ​បាន​ដាក់​លក្ខខណ្ឌនឹង​ត្រឡប់មក​បំពេញ​ការ​ងារ​របស់​ខ្លួន​ដូច​ដើមវិញ ​លុះ​ត្រា​តែ​ពួក​គេ​ទទួល​ប្រាក់​បៀរវត្ស​នា​ពេល​កន្លង​មក។​

លោកនេត្រ​ ភក្ត្រា​បន្ថែម​ថា​ ​អវត្តមាន​បុគ្គលិក​ជាតិ​នេះ​នឹង​ជាផល​ប៉ះពាល់​ធ្ងន់ធ្ងរ​មួយ​ដល់​ដំណើរ​ការ​នៃ​សាលាក្តី​កូន​កាត់​មួយ​នេះ។​

លោក​និយាយ​ថា៖​ «វា​ពិត​ជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់​តុលាការ​ ក៏​ដូចជា​ត្រៀម​រៀប​ចំ​បើក​សវនាការ​ ធ្វើ​សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​សំណុំ​រឿង​០០២/១​ ដែល​ក្រុម​ជំនុំ​ជម្រះ​សាលា​ដំបូង​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦​ដល់​៣១​ខែ​តុលា។​ ហើយ​ជា​ពិសេស​ក្នុង​ដំណាក់​កាល​នេះ ​ការងារ​តុលាការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ​ក្នុង​នោះ​មាន​ការ​បកប្រែ​ឯកសារ​ និង​ការងារ​បច្ចេក​ទេស​មួយ​ចំនួន​ដែល​យើង​ត្រូវ​ធ្វើ។​ ដូច្នេះ​ការ​ធ្វើ​កូដកម្ម​របស់​មន្ត្រី​បុគ្គលិក​ជាតិ​នេះ​ធ្វើ​ឱ្យ​រាំង​ស្ទះ ​និង​ពន្យារដល់​ដំណើរ​ការ​តុលាការ»។​

ភាព​ជាប់គាំង​ខាង​ផ្នែក​ថវិកា ​រួម​ផ្សំ​នឹង​វ័យ​ចាស់​ជរា​នៃ​ជនជាប់​ចោទ​ក្នុង​សាលាក្តី​ខ្មែរក្រហម​ ​បាន​ក្លាយ​ជា​ការ​បារម្ភ​មួយ​ដល់​ដំណើរ​ការ​ស្វែងរកយុត្តិធម៌​ឱ្យជន​រងគ្រោះ។​

លោក​បាន គីមូន ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ធ្វើ​ការ​អំពាវនាវ​ជា​ពិសេស​មួយ​ដល់សហគមន៍​អន្តរជាតិឱ្យផ្តល់​ជំនួយ​ដល់​សាលាក្តី​មួយ​នេះ​ដើម្បី​បញ្ចៀស​សាលាក្តី​នេះ​ពី​វិបត្តិ​ថវិកា។​

តុលាការ​នេះដំណើរការ​បាន​ក្រោមជំនួយ​ពី​ប្រទេស​ចំនួន​៣៥ ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​នោះ​គឺ​ប្រទេស​ជប៉ុន ​សហ​រដ្ឋ​អាមេរិក ​និង​ប្រទេស​អូស្ត្រាលី​ជា​ប្រទេស​ផ្តល់​ជំនួយ​ឈាន​មុខ​គេ។​

មក​ទល់​ពេល​នេះ​ពុំ​ទាន់​ឃើញ​មាន​សញ្ញាណ​ជា​វិជ្ជមាន​ណា​មួយ​ពី​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ទាំង​នោះ​នៅ​ឡើយ​ទេ​ នេះ​បើ​តាម​លោក​នេត្រ ភក្ត្រា។ ​លោក​នេត្រ ភក្ត្រា​យល់​ថា ​បញ្ហា​នេះ​ទំនង​ដោយ​សារវិបត្តិ​សេដ្ឋកិច្ច​ ​និង​គ្រោះ​ធម្មជាតិ​ដែល​កំពុង​ប្រឈម​ក្នុងប្រទេស​អ្នក​ផ្តល់​ជំនួយ​ទាំង​នោះ។​

ទោះ​បីជា​យ៉ាង​ណា ​លោក​ឡាស អូស៊ិន ​(Lars Olsen) ​អ្នក​នាំ​ពាក្យ​របស់​ភាគី​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​សាលាក្តី​ខ្មែរក្រហមថ្លែង​ថា ភាព​ជាប់​គាំង​នេះ​ដោយសារ​ភាគី​ខាង​កម្ពុជា​អាកខាន​មិន​បាន​បំពេញ​កាតព្វ​កិច្ចរបស់​ខ្លួន។​

លោក​និយាយ​ថា៖​ «អង្គការ​សហ​ប្រជាជាតិ​បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បំពេញ​កាតព្វ​កិច្ចរបស់​ខ្លួន​ក្នុង​ការ​បើក​ប្រាក់​ខែ​ឱ្យ​បុគ្គលិក​ជាតិ ​ដែល​ខ្លួន​បាន​អាកខាន​តាំង​ពី​ខែ​មិថុនា​មក​ម្ល៉េះ។ ​បញ្ហា​ទាំង​ឡាយ​នឹង​ត្រូវ​បាន​ដោះស្រាយ ​នៅ​ពេល​រដ្ឋាភិបាល​កម្ពុជា​បំពេញ​កាតព្វ​កិច្ចរបស់​ខ្លួន»។​

លោកឡាស អូស៊ិន​បញ្ជាក់​ថា ​តាម​កិច្ច​ព្រម​ព្រៀង ​ប្រាក់​បៀរវត្ស​របស់​បុគ្គលិក​ខ្មែរ​ជា​បន្ទុក​របស់​រដ្ឋាភិបាល​កម្ពុជា។​

នេះ​ជា​លើក​ទី​ពីរ​ហើយ​នៅ​ឆ្នាំ​នេះ ​ដែល​បុគ្គលិក​ជាតិ​នៅ​សាលាក្តី​ខ្មែរក្រហម​ធ្វើ​កូដកម្ម​ដោយមិន​មក​ធ្វើ​ការ​ជា​បណ្តោះ​អាសន្ន​ ដោយសារ​បញ្ហា​ប្រាក់​ខែ។​

យ៉ាង​ណា​ក៏​ដោយ ​សម្រាប់​បុគ្គលិក​អន្តរជាតិ​ ដែល​មាន​ចំនួន​ប្រហែល​១០០​នាក់​ បាន​មក​បម្រើ​ការងារ​ជា​ធម្មតា​ទេ ​ព្រោះ​ប្រាក់​បៀរវត្សរបស់​ពួកគេ​ជា​បន្ទុក​របស់​អង្គការ​សហ​ប្រជាជាតិ។ ​នេះ​បើ​តាម​លោក​នេត្រ ភក្រ្តា។​

មក​ទល់​ពេល​នេះ​ មាន​ជនជាប់​ចោទ​ចំនួន​៥​រូប​ត្រូវ​បាន​នាំ​មក​កាត់​ទោស។​ ក្នុង​នោះ​លោក​កាំង ហ្គេចអ៊ាវ ​ហៅ​ឌុច​ ប្រធាន​គុក​ទួល​ស្លែង​ក្នុង​សំណុំ​រឿង​០០១​ ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។​ ចំណែក​ឯ​លោក​អៀង សារី អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បាន​ស្លាប់​កាល​ពី​ខែ​មិនា​ក្នុង​ពេល​កំពុង​ដំណើរ​ការ​រឿង​ក្តី​ និង​ប្រពន្ធ​របស់​គាត់គឺ​អ្នកស្រី​អៀង ធារិទ្ធ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​សារមានជំងឺ​ធ្ងន់ធ្ងរ។​

ដូច្នេះ នៅ​សល់​តែ​ជន​ជាប់​ចោទ​ចំនួន​ពីរ​រូប​ប៉ុណ្ណោះ​ក្នុង​សំណុំ​រឿង​០០២​ គឺ​លោក​ខៀវ ​សំផន ​អតីត​ប្រមុខ​រដ្ឋ​របបខ្មែរ​អាយុ៨២​ឆ្នាំ​ និង​នួន ជា​ ​អាយុ​៨៦​ឆ្នាំ​ជា​អតីត​ប្រធាន​សភា៕