គណបក្ស​ប្រឆាំង​នៅ​ស្រីលង្កា​ជួប​ប្រជុំគ្នា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី

បាតុករ​ជាច្រើននាក់​កាន់​ទង់ជាតិ​ស្រីលង្កា ប្រមូលផ្តុំគ្នា​នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី​ក្នុង​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២។

គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ស្រីលង្កា​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​ពិភាក្សា​អំពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី។ ​ ជំនួប​នេះ​បាន​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​ និង​នាយក​រដ្ឋមន្ត្រី​បាន​និយាយ​ថា ​ពួកគេ​នឹង​ចុះ​ចេញ​ពី​តំណែង។​ ក្រុម​អ្នក​តវ៉ា​កាលពី​ថ្ងៃ​អាទិត្យ​បាន​និយាយ​ថា ​ពួកគេ​នឹង​បន្ត​កាន់កាប់​លំនៅដ្ឋាន​ប្រធានាធិបតី​ និង​នាយក​រដ្ឋមន្ត្រី​នៅ​ទីក្រុង​កូឡុំបូ​ រហូត​ដល់​លោក​ទាំង​ពីរ​ចុះ​ចេញ​ពី​តំណែង​ជា​ផ្លូវ​ការ។​

បាតុករ​រាប់ពាន់​នាក់​បាន​សម្រុក​ចូល​លំនៅដ្ឋាន​ទាំងពីរ​កាលពី​ថ្ងៃសៅរ៍។ ​ពួកគេ​បាន​រុះរើ​ផ្ទះ​របស់​លោក​ប្រធានាធិបតី ​Gotabaya Rajapaksa ​និង​ដុតផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ​Ranil Wickremesinghe​ ចំ​ពេល​មាន​ការ​ផ្ទុះ​កំហឹង​ជាសាធារណៈ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​រយៈពេល​មួយ​ខែ។​

លោក​ប្រធានាធិបតី​និង​លោក​នាយក​រដ្ឋមន្ត្រី​បាន​យល់ព្រម​ចុះចេញ​ពី​តំណែង។​ លោក​ប្រធានាធិបតី​ប្រាប់​ប្រធាន​សភា​ថា​ លោក​នឹង​ចុះ​ចេញ​ពី​តំណែង​នៅថ្ងៃ​ទី១៣​ ខែ​កក្កដា​ ដើម្បី​ធានា​ឱ្យមាន​ការ​ផ្ទេរ​អំណាច​ដោយ​រលូន។​ ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​តវ៉ា​ទាមទារ​ឲ្យ​ការ​លាលែង​នេះ​ចូល​ជា​ធរមាន​ជា​បន្ទាន់។​

លោក​ប្រធានាធិបតី ​Rajapaksa ​ត្រូវបាន​ទាហាន​នាំ​ទៅ​កាន់​ទីតាំង​សុវត្ថិភាព​ ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឱ្យ​ដឹង​ មុន​មាន​ការ​តវ៉ា​ដ៏ធំ។ ​ដោយ​រងការ​ស្តី​បន្ទោស​យ៉ាង​ទូលំទូលាយ​ចំពោះ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ ​លោក​បាន​រង​សម្ពាធ​សាធារណជន​ជា​ច្រើន​ខែ​ឱ្យ​ចុះ​ចេញ​ពី​តំណែង។​ ការ​សម្រេច​ចិត្ត​លាលែង​ពី​តំណែង​របស់​លោក​ប្រធានាធិបតី​ត្រូវ​បានប្រកាស​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ​Wickremesinghe ​ក៏​បាន​ប្រកាស​ចុះ​ចេញ​ពី​តំណែង ​និង​បើក​ផ្លូវ​ឱ្យ​មាន​រដ្ឋាភិបាល​ចម្រុះ​គ្រប់​ភាគី។​

វិបត្តិ​នយោបាយ​មិន​ធូរ​ស្បើយ​ឡើយ​ ​ខណៈ​រដ្ឋាភិបាល​ទីក្រុង​កូឡុំបូ​ប្រឈម​កំហឹង​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ​ បន្ទាប់ពី​មនុស្ស​រាប់​ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្នុង​ទីក្រុង​ធ្វើ​ការ​តវ៉ា​ដ៏ធំ​បំផុត​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ពេល​ប៉ុន្មាន​ខែថ្មីៗ​នេះ។​

វីដេអូ​ដ៏រន្ធត់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​បង្ហាញ​ពី​មនុស្ស​រាប់​រយ​នាក់​បាន​មក​ចោម​រោម​ចូល​គេហដ្ឋាន​លោក​ប្រធានាធិបតី​ Rajapaksa ​ដោយ​ស្រែក​ពាក្យ​ស្លោក ​នៅ​ពេញ​ច្រក​នានា​និង​អង្គុយ​នៅ​ក្នុង​បន្ទប់​ ខណៈអ្នក​ខ្លះ​កំពុង​ងូត​ទឹក​ក្នុង​អាង​ហែល​ទឹក។​ បាតុករ​ដែល​រីករាយ​ក៏​បាន​ចូល​ទៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​ដោយ​ស្រែក​ថា ​«អ្នក​គិត​ថាអ្នក​អាច​បញ្ឈប់​យើង​បាន ប៉ុន្តែ​យើង​នៅ​ទី​នេះ»។​

អាជ្ញាធរ​បាន​ដាក់​ពង្រាយ​ទាហាន​ជិត​២ម៉ឺន​នាក់​នៅ​មុន​ការ​ប្រមូលផ្តុំ និង​បាន​ពង្រឹង​សន្តិសុខ​នៅខាង​ក្រៅ​លំនៅដ្ឋាន​ប្រធានាធិបតី​ ប៉ុន្តែ​ពួកគេ​មិន​អាច​រារាំង​មិន​ឱ្យ​ក្រុម​បាតុករ​ដែល​ប្រឆាំងទម្លាយ​របាំង​សន្តិសុខ​បាន​ទេ។​

មនុស្ស​រាប់សិប​នាក់​បាន​រង​របួស ខណៈ​មាន​ភាព​ចលាចល​ពេញ​មួយថ្ងៃ។ ​ដំបូង​ឡើយ​ ប៉ូលិស​បាន​ដាក់​បម្រាម​គោចរ​កាលពី​ថ្ងៃ​សុក្រ ​ដើម្បី​ទប់ស្កាត់​ការ​ប្រមូល​ផ្តុំ​នេះ ​ប៉ុន្តែ​បម្រាម​នេះ​ត្រូវ​ដក​ចេញ​វិញ​ បន្ទាប់ពី​មាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​ពីក្រុម​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង។​

នៅទី​ក្រុង​បាងកក​ រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​លោក ​Antony Blinken ​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ​សហ​រដ្ឋ​អាមេរិក​កំពុង​តាម​ដាន​ស្ថាន​ការណ៍​នៅក្នុង​ប្រទេស​ស្រីលង្កា៕

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press។