តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងស៊ើបអង្កេតសំណុំរឿងដែលគណបក្សប្រជាជនកម្ពុជាប្តឹងមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ពាក់ព័ន្ធនឹងការប្រើពាក្យពេចន៍ តាមរយៈសារព័ត៌មាន The Cambodia Daily។ នេះបើយោងតាមលោក ប្លង់ សុផល អ្នកនាំពាក្យរបស់តុលាការ។
លោក ប្លង់ សុផល ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍តាមប្រព័ន្ធតេឡេក្រាមក្នុងន័យដើមថា៖ «ខ្ញុំអាចជូនព័ត៌មានបានអំពីសំណុំរឿងនេះជារួមថា តំណាងអយ្យការកំពុងតែធ្វើការស៊ើបអង្កេត ហើយជនសង្ស័យមិនទាន់បានចូលមកឆ្លើយបំភ្លឺតាមការកោះហៅនៅឡើយទេ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានបដិសេធមិនអត្ថាធិប្បាយ។ វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក នី សុខា ប្រធានសមាគមសិទ្ធិមនុស្សអាដហុកបាននៅឡើយទេ។
ចំណែកសហមេធាវីការពារក្តីគណបក្សប្រជាជនកម្ពុជា លោក ម៉ម ចាន់ណែត ក៏បានបដិសេធមិនអត្ថាធិប្បាយ ដោយថា «សុំរក្សាការសម្ងាត់វិជ្ជាជីវៈ»។
បើតាមពាក្យបណ្តឹងចុះថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុមមេធាវីរបស់លោក ហ៊ុន សែន បានប្តឹងលោក ស៊ឹង សែនករុណា ពីបទបរិហារកេរ្តិ៍ ដោយទាមទារសំណងជំងឺចិត្តចំនួន ២ ពាន់លានរៀល ឬប្រមាណ ៥០ ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធនឹងការថ្លែងនៅលើសារព័ត៌មាន ដែលគណបក្សកាន់អំណាចថា «មួលបង្កាច់នាំឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា»។
លោក ស៊ឹង សែនករុណា ត្រូវបានសារព័ត៌មានយោងសម្តីក្នុងឃ្លាថា«គណបក្សកាន់អំណាចតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន»។
ទោះជាយ៉ាងណា លោក ស៊ឹង សែនករុណា ធ្លាប់បានបដិសេធថា រាល់ការស្រង់ពាក្យសម្តីរបស់លោកទៅបន្ថែមបន្ថយបញ្ចេញបញ្ចូលវាយប្រហារចំៗលើឈ្មោះបក្សនយោបាយណាមួយនោះ វាមិនមែនជាចេតនា និងគោលបំណងរបស់លោកឡើយ៕