ក្រុមអ្នកតាក់តែងច្បាប់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ក្រុងហុងកុង កំពុងជជែកដេញដោលថាតើពួកគេគួរតែទទួលយកសំណើរបស់រដ្ឋាភិបាលដើម្បីបន្តអាណត្តិរបស់ខ្លួនរយៈពេល១ឆ្នាំទៀតដែរឬទេ បន្ទាប់ពីមានការប្រកាសថា ការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញត្តិនៅពេលខាងមុខនឹងត្រូវពន្យារពេលដោយសារក្តីបារម្ភពីការរីករាលដាលនៃជំងឺកូវីដ១៩នោះ។
ស្ថាប័ននីតិបញ្ញត្តិកំពូលរបស់ចិនគឺគណៈកម្មាការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនបានគាំទ្រសេចក្តី សម្រេចមួយកាលពីពាក់កណ្តាលខែសីហាក្នុងការពន្យារពេលការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៦ ខែកញ្ញាខាងមុខនេះ។ រដ្ឋាភិបាលក្រុងហុងកុងបានផ្តល់សំណើដល់អ្នកតាក់តែងច្បាប់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យឱ្យពន្យារពេលអាណត្តិរបស់ខ្លួនរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វិញ។
មកទល់ពេលនេះ អ្នកតាក់តែងច្បាប់ដែលនិយមកណ្តាល ហាក់ដូចជាចង់ទទួលយកការស្នើឲ្យពន្យារពេលនេះ ប៉ុន្តែអ្នកតាក់តែងច្បាប់វ័យក្មេងទាមទារឱ្យមានការធ្វើពហិការរួមគ្នាមួយទាក់ទងនឹងរឿងនេះ។
ឥទ្ធិពលនយោបាយ
លោក Alan Leong ដែលជាមេធាវីជើងចាស់មួយរូប និងជាប្រធានគណបក្សពលរដ្ឋ ឬ Civic Party បាននិយាយថា លោកមិនគាំទ្រការធ្វើពហិការរួមគ្នានោះទេ។ លោកបានអះអាងថា ការធ្វើបែបនេះមានន័យថា កម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យមិនមានតំណាងរបស់ខ្លួននៅក្នុងសៃវៀននយោបាយហុងកុងនោះទេ។
លោក Alan Leong បានបន្ថែមក្នុងសម្តីដើមថា «ប្រសិនបើយើងទាំងអស់គ្នាចាកចេញពីក្រុមប្រឹក្សានីតិបញ្ញត្តិ តើយើងនឹងបញ្ចេញសំឡេងរបស់យើងតាមវិធីណា? ប្រសិនបើបណ្តាញសារព័ត៌មានអន្តរជាតិចង់សម្ភាសន៍អ្នក សម្បីតែងារក្នុង [ក្នុងជួររដ្ឋាភិបាល] ក៏អ្នកមិនមានផងនោះ»។
បុគ្គលល្បីល្បាញម្នាក់ទៀតនៅក្នុងក្រុមអ្នកគាំទ្រលិទ្ធិប្រជាធិបតេយ្យ គឺលោក Albert Ho ដែលជាអតីតប្រធានសម្ព័ន្ធហុងកុង គាំទ្រជំហររបស់លោក Leong។ លោកបាននិយាយថា ការធ្វើពហិការទាំងស្រុងនឹងសម្រេចគោលដៅក្នុងការដាក់សម្ពាធរដ្ឋាភិបាលក្រុងប៉េកាំង និងប្រមូលផ្តុំការគាំទ្រពីអន្តរជាតិសម្រាប់ក្រុងហុងកុងបានតិចតួចតែប៉ុណ្ណោះ។
លោក Albert Ho បាននិយាយក្នុងសម្តីដើមថា «ខ្ញុំគិតថាការរក្សាកៅអីរបស់អ្នកគឺជាការទទួលខុសត្រូវមួយដែលគួរធ្វើ ហើយវាក៏ផ្តល់សារថា អ្នកតាក់តែងច្បាប់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ នឹងមិនរត់គេច ឬដកថយនោះទេ បើទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ»។
លោក Jimmy Lai ជាអ្នកជំនួញមួយរូបដែលចូលចិត្តនិយាយមិនសំចៃមាត់លើកឡើងថា លោកក៏គាំទ្រជំហរខាងលើនេះដែរ។ លោក Lai ដែលថ្មីៗនេះត្រូវបានប៉ូលិសហុងកុងចាប់ខ្លួនដោយសារតែការចោទប្រកាន់ថា បានបំពានច្បាប់សន្តិសុខជាតិរបស់ក្រុងហុងកុងនោះ បាននិយាយថា មានតែការធ្វើបែបនេះទេ ទើបក្រុមប្រឆាំងអាចបញ្ឈប់មិនឱ្យផ្តល់មូលនិធិសម្រាប់គម្រោងសាងសង់ដូចជា គម្រោងទស្សនៈអនាគត Lantau ដែលជាគម្រោងអភិវឌ្ឍន៍ចម្រូងចម្រាស និងត្រូវចំណាយទឹកប្រាក់ដ៏ច្រើន ដែលត្រូវបានគេប៉ាន់ស្មានថា មានចំនួនយ៉ាងហោចណាស់ ក៏ប្រមាណ៨០ពាន់លានដុល្លារអាមេរិកផងដែរ។
កាសែតដ៏ល្បីឈ្មោះរបស់លោក Lai គឺកាសែត Apple Daily បានចេញផ្សាយព័ត៌មានទំព័រ មុខ កាល ពីថ្ងៃទី១៩ ខែសីហា ដោយជំរុញឱ្យអ្នកតាក់តែងច្បាប់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបន្តអាណត្តិរបស់ពួកគេ។
សកម្មជនវ័យក្មេងជំនាន់ក្រោយ
នៅពេលជាមួយគ្នានេះ សកម្មជនវ័យក្មេងនៅក្នុងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ បានអំពាវនាវឱ្យសហការីរបស់ពួកគេបោះបង់ចោលតំណែងនៅក្នុងស្ថាប័ននីតិបញ្ញត្តិ ដើម្បីធ្វើការតវ៉ានឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការពន្យារពេលការបោះឆ្នោតដើម្បីបន្តអាណត្តិរបស់សមាជិកទាំងអស់។
លោក Eddie Chu ដែលជាសមាជិកក្រុមប្រឹក្សាម្នាក់បាននិយាយថា ប្រសិនបើក្រុមប្រឆាំងទទួលយកលក្ខខណ្ឌរបស់រដ្ឋាភិបាលក្រុងប៉េកាំង គណបក្សកុម្មុយនិស្តកាន់អំណាចអាចនឹងលើកឡើងនូវហេតុផលផ្សេងៗទៀត ដើម្បីពន្យារពេលការបោះឆ្នោតក្រុមប្រឹក្សាបានរហូត។
លោកបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា ការធ្វើពហិការរួមគ្នាមួយ អាចនឹងផ្តល់សារយ៉ាងមានប្រសិទ្ធភាពទៅកាន់សហគមន៍អន្តរជាតិថា «បញ្ហានៅក្នុងក្រុងហុងកុងនៅតែមានដដែល» ហើយដាក់សម្ពាធលើរដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីអនុញ្ញាតឱ្យក្រុងហុងកុងអាចបន្តការបោះឆ្នោតរបស់ខ្លួន។
អ្នកវិភាគនិយាយថា សកម្មជនវ័យក្មេងជាច្រើនជាទូទៅ មិនពេញចិត្តនឹងសកម្មភាពរបស់ក្រុមប្រជាធិបតេយ្យក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលត្រូវបានបង្កើតឡើងនៅក្នុងក្រុមប្រឹក្សា ហើយបានចោទប្រកាន់ពួកគេថា មិនបានគាំទ្រយ៉ាងពេញទំហឹងដល់ចលនាប្រជាធិបតេយ្យនៅក្នុងក្រុងហុងកុងនោះទេ។
ការចាប់យកភាពទន់ខ្សោយ
លោក Benny Tai ដែលជាបញ្ញវន្តច្បាប់ និងសកម្មជនប្រជាធិបតេយ្យមួយរូបបានបង្ហោះវីដេអូនៅយប់ថ្ងៃទី២០ ខែសីហានៅលើប្រព័ន្ធយូធូប ដោយបានជំរុញឱ្យភាគីទាំងពីរបន្តរួបរួមគ្នាប្រឆាំងនឹងឥទ្ធិពលរបស់គណបក្សកុម្មុយនិស្តចិន។
នៅក្នុងវីដេអូដែលមានចំណងជើងថា «អាកប្បកិរិយាដែលមិនអាចបំបែកបាន ឬ undivided attitude» លោក Benny Tai បាននិយាយថា វប្បធម៌ប្រជាធិបតេយ្យនៅក្នុងក្រុងហុងកុងមិនទាន់មានភាពចាស់ទុំនោះទេ ហើយគណបក្សកុម្មុយនិស្តចិនកំពុងចាប់យកចំណុចខ្សោយនេះ ដើម្បីបង្កើតជម្លោះនៅក្នុងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ។
លោកបាននិយាយក្នុងសម្តីដើមថា «ភាគីទាំងអស់ត្រូវប្រកាន់យកអាកប្បកិរិយាប្រកបដោយការគិតពិចារណា ស្តាប់គ្នាទៅវិញទៅមក និងអនុវត្តការឆ្លុះបញ្ចាំងលើខ្លួនឯង។ យើងគួរជៀសវាងការយល់ច្រឡំចំពោះគ្នា ការទំនាក់ទំនងខុស និងជម្លោះក្នុងក្រុមរបស់យើង»។
លោកបាននិយាយថា គោលដៅធំបំផុតរបស់ក្រុមទាំងពីរ គឺក្រុមប្រជាធិបតេយ្យនិយមកណ្តាល និងក្រុមប្រជាធិបតេយ្យនិយមកំណែទម្រង់គឺដូចគ្នា។ នោះគឺការនាំយកលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដមួយមកឱ្យក្រុងហុងកុង៕