កីឡា​អូឡាំពិក​ពិសេស​មាន​ការយក​ចិត្តទុកដាក់​តិចតួច​ពី​រដ្ឋាភិបាល

អត្តពលិក​ខ្មែរ​លោក​ ថៃ សុគន្ធីម បាន​ទទួល​មេដាយ​មាស​ ក្នុង​វិញ្ញាសារ​រត់​ចម្ងាយ​ ២០០​ ម៉ែត្រ​ផ្នែក​បុរស​ នៅ​ក្នុង​ការប្រកួត​កីឡា​ Special Olympic ​ជា​កីឡា​ដែល​រៀបចំ​ឡើង​សម្រាប់​អ្នក​ដែល​មាន​បញ្ញា​ស្មារតី​មិន​សូវ​មាំ​មួន​នៅ​ក្នុង​ទីក្រុង​ឡូស អាន់ជឺឡេស​ សហរដ្ឋ​អាមេរិក​ ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ ដល់​ថ្ងៃ​ទី២ ខែ​សីហា​ឆ្នាំ​២០១៥​ ​។ (រូបថត​ផ្តល់​ដោយ​គណៈ​ប្រតិភូ​កីឡា​ Special Olympic)

ក្នុង​ពេល​ថ្មីៗ​នេះ​ វិស័យ​កីឡា​ និង​កីឡាករ​កម្ពុជា​ហាក់​ដូច​ជា​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ជាង​មុន​​ បើ​ប្រៀប​ធៀប​ទៅ​នឹង​កាល​ពី​ប៉ុន្មា​ន​ឆ្នាំ​មុន​ ជាពិសេស​នៅ​ពេល​ដែល​កីឡាករ​ទាំង​នោះ​​ត្រឡប់​មក​ដល់​មាតុ​ប្រទេស​វិញ​ក្នុង​នាម​ជា​ជ័យ​លាភី​​​​នៃការ​ប្រកួត​លំដាប់​អន្តរជាតិ​​នៅ​ក្រៅ​ប្រ​ទេស។​

បើ​ទោះ​ជា​វិស័យ​កីឡា​ និង​កីឡាករ​កម្ពុជា​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង​មុន​យ៉ាង​ណាក្តី​ ក៏​ប៉ុន្តែ​វិស័យ​កីឡា​របស់​ជន​ពិការ​នៅ​តែ​ត្រូវ​បាន​មើល​រំលង។​ ​អ្នក​ជំនាញ​មើល​ឃើញ​ថា ​ការ​ជ្រោម​ជ្រែង​ពី​សំណាក់​ស្ថាប័ន​រដ្ឋ​ចំពោះ​ជន​ពិការក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។​

ក្នុង​ពេល​ថ្មីៗ​នេះ​ វិស័យ​កីឡា​ និង​កីឡាករ​កម្ពុជា​ហាក់​ដូច​ជា​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ជាង​មុន បើ​ប្រៀប​ធៀប​ទៅ​នឹង​កាល​ពី​ប៉ុន្មា​ន​ឆ្នាំ​មុន​ ជាពិសេស​នៅ​ពេល​ដែល​កីឡាករ​ទាំង​នោះត្រឡប់​មក​ដល់​មាតុ​ប្រទេស​វិញ​ក្នុង​នាម​ជា​ជ័យ​លាភីនៃការ​ប្រកួត​លំដាប់​អន្តរជាតិនៅ​ក្រៅ​ប្រ​ទេស។​

ជាក់​ស្តែង​ កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅនេះ​ មាន​ការ​ស្វាគមន៍​កីឡាករ​សែន រ៉ាឌី ជា​ជ័យ​លាភី​មេដាយ​មាស​វ៉ូវីណាមពិភព​លោក​នៅ​អាល់ហ្សេរី​ ដោយ​មាន​ការ​ដង្ហែ​ក្បួន​ពី​ព្រលាន​យន្ត​ហោះ​ទៅ​កាន់​វិមាន​រដ្ឋ​សភា។​ ហើយ​ក៏​មាន​ការ​ដង្ហែ​ក្បួន​អបអរសាទរ​យ៉ាង​អធិកអធម​ស្រដៀង​គ្នាដែរ​ចំពោះ​វត្តមាន​របស់កីឡា​ការិនី​ ស៊ន សៀវម៉ី ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៤​កន្លង​ទៅ​ ក្នុង​នាម​នាង​ជាជ័យ​លាភី​ ​មេដាយ​មាស​កីឡា​តៃក្វាន់ដូ​ពីកីឡា​អាស៊ី ​ឬ ​SEA GAME។​

គេ​ឃើញ​មាន​ការ​ទទួល​ស្វាគមន៍​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​កម្ពុជា​នៅ​ឯ​ព្រលាន​យន្ត​ហោះ អមដំណើរ​ដោយ​ម៉ូតូ​សារ៉ែនហែ​ក្នុង​រាជធានី​ភ្នំពេញ​ និងបន្ត​ដោយ​ជំនួប​ជាមួយលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ដែល​ប្រគល់​ប្រាក់​រង្វាន់លើក​ទឹក​ចិត្ត​ថែម​ទៀត​ផង។​

ក៏​ប៉ុ​ន្តែ​ការ​ទទួល​ស្វាគមន៍​ដ៏​កក់​ក្តៅ​បែប​នេះ​ពុំ​មាន​ឡើយ​សម្រាប់​កីឡា​អូឡាំពិក​ពិសេស​របស់​ជន​ពិការ​ស្មារតី​ ដែល​ជា​ជ័យ​លាភី​មេដាយ​មាសពី​សហ​រដ្ឋ​អាមេរិក​ កាល​ពី​ដើម​ខែ​សីហា​នេះ។​ ​នេះ​ស​បញ្ជាក់​ថា​ ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ពិការ​នៅ​កម្ពុជា​នៅ​តែ​មាន​កម្រិត​ទាប​នៅ​ឡើយ។​

លោក​វ៉ាត់​ ចំរើន​ជា​អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ រូប​លោក​ផ្ទាល់​ជា​អ្នក​រៀប​ចំ​ឲ្យមាន​ការ​ដង្ហែ​ក្បួន​អបអរ​សាទរ​ទៅ​ដល់​កីឡាករ​ កីឡា​ការិនី​ដែល​ជា​ជ័យ​លាភី​កន្លង​មក។

លោក​បាន​ឲ្យដឹងថា​ អូឡាំ​ពិក​នៅ​កម្ពុជា​មាន​៣​មែក​ធាង​ដាច់​ដោយ​ឡែក​ពី​គ្នា ​រួម​មាន​គណៈ​កម្មការ​អូឡាំពិក​កម្ពុជា​សម្រាប់​មនុស្ស​ទូទៅ​ ​គណៈកម្មការ​ប៉ារ៉ា​ឡាំពិក​សម្រាប់​ជន​ពិការ​រាង​កាយ​ ​និង​គណៈ​កម្មាធិការ​អូឡាំពិក​ពិសេស​សម្រាប់​ជន​ពិការ​សតិ​ស្មារតី។​ ​ហើយ​គណៈ​កម្មការ​នីមួយៗ​មាន​រចនា​សម្ព័ន្ធ ​កញ្ចប់​ថវិកា​ និង​អ្នក​ដឹក​នាំ​ផ្សេងៗ​គ្នា​ផង។​

«អូឡាំពិក​ខ្ញុំ​ខាង​ផ្នែក​មនុស្ស​ធម្មតា។​ អា​នោះ​គេ​ហៅ​ក្រុម​កីឡា​បញ្ញា​ខ្សោយ។​ គេ​មាន​រចនា​សម្ព័ន្ធ​ដាច់​ដោយឡែក​ ស្វយ័ត​ ដាច់​គ្នា​ស្រលះ។​ យើង​អត់​មាន​ដឹង​ថា​ គេ​ទៅ​ណា​ គេ​ធ្វើ​អីទេ»។​

ដូច​គ្នា​នេះដែរ​ ​កាល​ពី​ដើម​ខែ​សីហា ​កីឡាករ​ចំនួន​៨​រូប​របស់​កម្ពុជា​បាន​ទៅ​ចូល​រួម​ការ​ប្រកួត​អូឡាំពិក​ពិសេស​នៅ​ទីក្រុង​ឡូសអាន់​ជឺឡេស​ (Los Angeles) ​សហ​រដ្ឋ​អាមេរិក។ក្នុង​នោះ​ក្រុម​អត្តពលិកកម្ពុជា​បាន​ពាំនាំ​ត្រឡប់មក​មាតុ​ប្រទេសវិញ​នូវ​មេដាយ​មាស​ចំនួន​២​ ​និង​មេដាយ​សំរឹទ្ធ​ចំនួន​៤​ពី​ការ​ប្រកួត​របស់​ខ្លួន​ក្នុង​វិញ្ញាសារ​រត់​ប្រណាំង​ និង​វិញ្ញាសារ​បោះ​ប៊ូល​ឈើ។​

នេះ​គឺ​ជា​លើក​ទី៣​ហើយ​ដែល​ប្រទេស​កម្ពុជា​បាន​ចូលរួម​ប្រកួត​អូឡាំពិក​ពិសេស​រដូវ​ក្តៅ​ពិភព​លោក​ ឬ​ Special Olympics​ បន្ទាប់​ពី​ការ​ប្រកួត​នៅ​ទីក្រុង​សៀងហៃ​ក្នុង​ឆ្នាំ​២០០៧​ និង​ការ​ប្រកួត​នៅ​ទីក្រុង​អាថែន​ប្រទេស​ក្រិកក្នុង​ឆ្នាំ​២០១១។​ ​ជាសរុប​ កីឡា​អត្តពលិក​កម្ពុជា​ដែល​មាន​ការ​លូត​លាស់​សតិ​បញ្ញា​ខ្សោយទទួល​បាន​មេដាយ​មាស​ចំនួន​៩​ មេដាយ​ប្រាក់​៧ ​និង​មេដាយ​សំរឹទ្ធ​៨​ពី​ការ​ប្រកួត​អូឡាំពិក​ពិសេស​របស់​ខ្លួន។​ ក៏ប៉ុន្តែ​ពួក​គាត់​ទទួល​បានការ​យក​ចិត្ត​ទុក​ដាក់​តិចតួច​បំផុត។​

លោក​ឃ្លាំង​ ចន្ធូ​ជា​អគ្គ​លេខា​ធិការគណៈកម្មាធិការ​ជាតិអូឡាំពិក​ពិសេសកម្ពុជា។​ លោក​ឲ្យដឹង​ថា​ ​ការ​ទៅ​ទទួល​ស្វាគមន៍​នៅឯ​ព្រលាន​យន្ត​ហោះ​សម្រាប់​កីឡាករ​អូឡាំពិក​ពិសេស​ក៏​មាន​ដែរ​ ក៏​ប៉ុន្តែ​វា​មាន​សភាព​ស្ងប់​ស្ងាត់​ជាង​ការ​អបអរ​សាទរ​ដល់​កីឡាករ​ជ័យលាភីជើង​ឯក​ពិភព​លោក​ផ្សេង​ទៀត។ ​ហើយ​ក្នុង​នោះ​ អត្តពលិក​ដែល​ទទួល​បាន​មេដាយ​មាស​ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​ចំនួន២​លាន​រៀល​ ឯអត្តពលិក​មេដាយ​សំរឹទ្ធ​ទទួលបាន​១​លាន​រៀលពី​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច។​

«អាហ្នឹង​ យើង​ទៅ​ទទួល​ដែរ​ គ្រាន់​តែ​យើង​មិន​បាន​រៀប​ចំ​ធំ​ដុំ​អី​ដូច​គេ។ ​Special Olympics​ គ្រាន់​តែ​មិន​អាច​ស្មើ​គេ។ ​យើង​រៀប​ចំ​កម្មវិធី​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ហើយ​ គ្រាន់​តែ​យើង​អត់​ទាន់​មាន​លទ្ធភាព​រៀប​ចំ​ឲ្យធំ​ដុំ។​ កីឡា​ Special Olympics​ នេះ​ជា​ប្រភេទ​កីឡា​លើក​ទឹក​ចិត្ត​មួយ​ ហើយ​ការ​ប្រកួត​ក៏​មាន​លក្ខណៈ​ខុស​គ្នា​ដែរ»។​

ជា​រឿយៗ​ សហព័ន្ធ​កីឡា​អូឡាំពិក​ពិសេស​កម្ពុជា​ តែង​តែ​ត្អូញត្អែរ​ពី​កង្វះ​ខាត​ការ​ឧបត្ថម្ភ។​

លោក​តូច ចាន់នី​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សង្គម​កិច្ច​ ដែល​ជា​ក្រសួង​សាម៉ី​ទទួល​បន្ទុក​អូឡាំពិក​ពិសេស​នៅ​កម្ពុជា។​ អ្នក​នាំពាក្យ​រូប​នេះ​ឲ្យដឹង​ថា ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ក្រុម​កីឡាករ​អូឡាំពិក​ពិសេស​ដល់​កម្រិត​ណា​នោះ​ ​វា​អាស្រ័យ​នៅ​លើ​កញ្ចប់​ថវិកា​ដែល​ក្រសួង​សង្គម​កិច្ច​មាន។​ ​មួយ​វិញ​ទៀត​ ​ចំពោះ​កីឡា​ធម្មតា​ វា​ងាយ​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​វិស័យ​ឯកជន​ច្រើន​ជាង​កីឡាករ​អូឡាំពិក​ពិសេស​ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យប្រាក់​ឧបត្ថម្ភពី​រាជ​រដ្ឋាភិបាល​ជា​ប្រភព​ចំណូល​តែ​មួយ​គត់​ក្នុង​ការ​ផ្គត់​ផ្គង់​អូឡាំពិក​ពិសេស​នៅ​កម្ពុជា។​

លោក​តូច ចាន់នី​ពន្យល់​បន្ថែម​ទៀត​ថា ​ចំពោះ​កីឡាករ​អូឡាំពិក​ពិសេស​ ការ​ដណ្តើម​បាន​មេដាយ​មាស​ វា​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​ប្រកួត​កីឡា​អន្តរជាតិ​ប្រភេទ​ផ្សេង​ ​ដោយ​ហេតុ​ថា ការ​ប្រកួត​កីឡា​ប្រភេទ​នេះ​វា​មាន​លក្ខណៈ​ជា​ការ​លើក​ទឹក​ចិត្ត​ជា​ជាង​ការ​ប្រកួត​ដណ្តើមជ័យ​លាភី។

«យើង​អត់​បាន​ធ្វើ​ជា​ក្បួន​ហ្នឹង​ទេ។​ យើង​បាន​ធ្វើ​ការ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រសួង។​ ការ​រៀប​ក្បួន​ហែ​អី ​យើង​អត់​បាន​ធ្វើ​ទេ។​ ម្យ៉ាង​អញ្ចេះផង​ ការ​ប្រកួត​របស់​ក្មេងៗ​ដែល​សតិ​មិន​គ្រប់​ មិន​មែន​ជា​ជើង​ឯក​ទេ​ ទោះ​បាន​មេដាយ​ដូច​គ្នា​ក៏​ដោយ។ ​បើ​ជា​ជើង​ឯក​បាន​ន័យ​ថា​ ក្នុង​មួយ​វិញ្ញាសារ​ មេដាយ​មាស​មាន​តែ​មួយ​ទេ។ ​បើយើង​ [អូឡាំពិក​ពិសេស]​ ​មេដាយ​មាស​មិន​មែន​មាន​តែ​យើង​ទេ។​ យើង​អាច​ទទួល​មេដាយ​បាន​ គេ​ផ្សេង​ក៏​អាច​ទទួល​មេដាយ​ដូច​គ្នា»។​

បច្ចុប្បន្ន​នេះ​ គណៈ​កម្មាធិការ​អូឡាំពិក​ពិសេសកំពុង​រៀបចំសំណើ​សុំ​ប្រាក់​ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ​អូឡាំពិក​ពិសេស។​ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​ ក្រសួង​សង្គម​កិច្ច​ក៏​កំពុង​តែ​ចាប់​ផ្តើម​រៀប​ចំ​ឲ្យមាន​អនុ​ក្រឹត្យ​ក្នុង​ការ​កំណត់​ថវិកា​ឧបត្ថម្ភ​ជាក់​លាក់​ទៅ​ដល់​ក្រុម​កីឡាករ​ពិការ​រូបរាង​កាយ ​ឬ​ពិការ​សតិស្មារតី​ដែល​ចេញ​ទៅ​ប្រកួត​ក្រៅ​ប្រទេស​ផង​ដែរ។​

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ អ្នក​ជំនាញ​មើល​ឃើញ​ថា ​ការ​ជ្រោមជ្រែង ​និង​ការ​យក​ចិត្ត​ទុក​ដាក់ពី​សំណាក់​ស្ថាប័ន​រដ្ឋ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ចំពោះ​ជន​ពិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕