ការ​ហាត់​សម​របស់​ទ័ព​តួកគី​នៅ​តែ​បន្ត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់

  • Dorian Jones

ក្រុម​បាតុករ​បាន​ដុត​ទង់ជាតិ​តួកគី ក្នុង​ពេល​បាតុកម្ម​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ដក​ទ័ព​តួកគី​ចេញ​ពី​ទឹក​ដី​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់ ក្នុង​ក្រុង Basra កាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥។

ជម្លោះ​ការទូត​អំពី​ការ​ដាក់​ពង្រាយ​ទាហាន​ និង​រថក្រោះ​របស់​តួកគី​ នៅ​ប្រទេស​អ៊ីរ៉ាក់​ នៅ​តែ​បន្ត​កាន់​ខ្លាំង​ឡើង​ ដោយ​អ៊ីរ៉ាក់​ចោទ​ប្រកាន់​រដ្ឋាភិបាល​អង់ការ៉ា​ថា​ បាន​បំពាន​លើ​កិច្ច​ព្រមព្រៀង​ដក​ទ័ព​របស់​ខ្លួន​។​

ជម្លោះ​ការទូត​អំពី​ការ​ដាក់​ពង្រាយ​ទាហាន​ និង​រថក្រោះ​របស់​តួកគី​ នៅ​ប្រទេស​អ៊ីរ៉ាក់​ នៅ​តែ​បន្ត​កាន់​ខ្លាំង​ឡើង​ ដោយ​អ៊ីរ៉ាក់​ចោទ​ប្រកាន់​រដ្ឋាភិបាល​អង់ការ៉ា​ថា​ បាន​បំពាន​លើ​កិច្ច​ព្រមព្រៀង​ដក​ទ័ព​របស់​ខ្លួន​ និង​គំរាម​ថា​នឹង​ប្រើ​កម្លាំង​ទ័ព។​ ប៉ុន្តែ​ទោះបីជា​មាន​ការ​គាប​សង្កត់​ពី​អន្តរជាតិ​ក៏ដោយ​ រដ្ឋាភិបាល​អង់ការ៉ា​បាន​ច្រាន​ចោល​ការ​ព្រមាន​ទាំងនេះ​ ដោយ​អះអាង​ថា​ការ​ពង្រាយ​ទ័ព​នោះ​ គឺ​ដើម្បី​ការពារ​កម្លាំង​ទ័ព​ដែល​កំពុង​បង្វឹក​កង​ទ័ព​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម។​

រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​អ៊ីរ៉ាក់​ លោក​ Ibrahim al-Jaafari បាន​និយាយ​នៅ​ក្នុង​សេចក្តី​ព្រមាន​មួយ​ទៅ​ឲ្យ​រដ្ឋាភិបាល​អង់ការ៉ា​ថា​ ប្រសិនបើ​យើង​ត្រូវ​បង្ខំ​ឲ្យ​ប្រយុទ្ធ​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​យើង​នោះ​ យើង​នឹង​ប្រយុទ្ធ។

ការ​គំរាម​នេះ​កើត​ឡើង​នៅ​ពេល​រដ្ឋាភិបាល​ក្រុង​បាកដាដ​ (Baghdad) ចោទ​ប្រកាន់​រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​ថា​ ទើប​តែ​បាន​ដក​ទ័ព​ និង​រថក្រោះ​ដែល​ដាក់​ដើម្បី​ការពារ​ជំរុំ​ហ្វឹកហ្វឺន​របស់​ខ្លួន​នៅ​ក្រុង Bashiqa នៅ​ភាគ​ខាង​ជើង​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ តែ​មួយ​ចំណែក​ប៉ុណ្ណោះ។​ ប៉ុន្តែ​ នាយក​រដ្ឋ​មន្រ្តី​របស់​តួកគី​ លោក​ Ahmet Davutoglu បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ ដោយ​និយាយ​ថា​ កង​ទ័ព​របស់​អ៊ីរ៉ាក់​គួរ​តែ​ផ្តោត​អារម្មណ៍​លើ​ពួក​រដ្ឋ​ឥស្លាម។

អ្នក​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន​ Carnegieនៅ​ក្រុង​ព្រុចសែល (Brussels) ឈ្មោះ​ Sinan Ulgen បាន​និយាយ​ថា​ទោះបីជា​មាន​ការ​គំរាម​កំហែង​ពី​រដ្ឋាភិបាល​ក្រុង​បាកដាដ​ក៏ដោយ​ ក៏​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​មិន​ផ្លាស់​ប្តូរ​ជំហរ​របស់​ខ្លួន​ដែរ។

«នាយក​រដ្ឋ​មន្រ្តី​ Davutoglu បាន​និយាយ​ថា​ ប្រទេស​តួកគី​នឹង​រក្សា​ទុក​ឲ្យ​មាន​កម្លាំង​យោធា​ បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ​ប្រចាំ​តំបន់​របស់​ពួក​ឃឺដ (Kurd) ​ទាំង​អស់។​ រឿង​ជម្លោះ​ដែល​រដ្ឋាភិបាល​ក្រុង​បាកដាដ​និយាយ​ថា ​ប្រទេស​តួកគី​បាន​បញ្ជូន​ទ័ព​មក​ដាក់​នោះ​ គឺជា​ការ​អះអាង​តាម​ការ​សន្មត់​ថា​ រដ្ឋាភិបាល​ក្រុង​បាកដាដ​មាន​ការ​គ្រប់គ្រង​ពេញលេញ​លើ​ទឹកដី​របស់​ខ្លួន។​ ដូច​ដែល​យើង​បាន​ដឹង​ហើយ​ គឺ​មាន​ទឹកដី​របស់​ប្រទេស​អ៊ីរ៉ាក់​ច្រើន​កន្លែង​ណាស់​ដែល​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​បាកដាដ។

រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​កំពុង​តែ​បង្កើន​ការ​រួម​សហការ​ជាមួយ​រដ្ឋាភិបាល​តំបន់​ពាក់​កណ្តាល​ស្វយ័ត​ឃឺដ​របស់​អ៊ីរ៉ាក់​ ដែល​មាន​ចំណង​ការ​ទូត​តឹងតែង​ជាមួយ​រដ្ឋាភិបាល​ក្រុង​បាកដាដ។​ បច្ចុប្បន្ន​កង​កម្លាំង​ទ័ព​ឃឺដ​អ៊ីរ៉ាក់​កំពុង​កាន់កាប់​តំបន់​ជាច្រើន​ដែល​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់។

ប្រធាន​ទីមួយ​នៃ​កុងស៊ុល​របស់​តួកគី​ប្រចាំ​នៅ​រដ្ឋធានី​តំបន់​ឃឺដ​អ៊ីរ៉ាក់​ លោក Aydin Selcen បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ជឿ​ថា ​រដ្ឋាភិបាល​ក្រុង​បាកដាដ​ទេ​ដែល​នឹង​ត្រូវ​ដក​ថយ។

«ទីមួយ​ ការ​ជំរុញ​ប្រទេស​ជិត​ខាង​ដែល​ជា​សមាជិករបស់​អង្គការ​ណាតូ (NATO) និង​ជា​ប្រទេស​សំខាន់​មួយ​ឲ្យ​ចេញ​ពី​ក្រុង​ Bashiqa មិន​មែន​ជា​រឿង​របស់​ពួកគេ​ឡើយ ហើយ​ទី​ពីរ​ គឺ​ពួកគេ​ក៏​មិន​មាន​សមត្ថភាព​ធ្វើ​ដូច្នោះ​ដែរ»។

រដ្ឋាភិបាល​ក្រុង​បាកដាដ​កំពុងតែ​ស្វែងរក​ការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ​លើ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា។​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ដក​កម្លាំង​ទ័ព​របស់​ខ្លួន​ចេញ​ ដែល​ជា​កម្លាំង​ជំហរ​មួយ​គាំទ្រ​ដោយ​សម្ព័ន្ធ​អារ៉ាប់។​ ប៉ុន្តែ​ អ្នក​វិភាគ​ Ulgen បាន​និយាយ​ថា​ កត្តា​សំខាន់​មួយ​ពី​ក្រោយ​ជំហរ​ដ៏​រឹង​មាំ​របស់​អង់ការ៉ា​ គឺ​ដោយសារ​ជំនឿ​ថា​ រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ (Tehran) នៅ​ពី​ក្រោយ​រាល់​សកម្មភាព​របស់​រដ្ឋាភិបាល​ក្រុង​បាកដាដ។

«យោង​តាម​ក្រុម​អាជ្ញាធរ​តួកគី​ ប្រតិកម្ម​នៅ​ក្នុង​ទីក្រុង​បាកដាដ​បាន​ផ្ទុះ​ឡើង​ដោយសារ​សុន្ទរកថា​មួយ​ចំនួន​របស់​អតីត​នាយក​រដ្ឋ​មន្រ្តី​អ៊ីរ៉ាក់​លោក ​Maliki ដែល​បាន​ថ្លែង​ក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់»។

រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ និង​ក្រុង​តេហេរ៉ង់​កំពុង​តែ​ផ្តល់​ការ​គាំទ្រ​ដោយ​ឡែក​ពី​គ្នា​ទៅ​លើ​ភាគី​ដែល​ជា​គូ​បដិបក្ខ​នឹង​គ្នា​នៅ​ក្នុង​សង្រ្គាម​ស៊ីវិល​របស់​ស៊ីរី​ដែល​ជា​ការ​ប្រជែង​គ្នា​មួយ​កំពុង​រីករាលដាល​ពេញ​តំបន់។​ រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ក៏​កំពុង​តែ​សហការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ ដែល​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​កំពុង​តែ​មាន​ចំណង​ការ​ទូត​តឹងតែង​ជាមួយ​ផង​ដែរ។​ អតីត​អ្នក​ការ​ទូត​របស់​តួកគី ​លោក​ Selcen បាន​ឲ្យ​ដឹង​ថា ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​ក្រុង​បាកដាដ​អាច​ជា​វិបត្តិ​មួយ​កាន់​តែ​ដុនដាបសម្រាប់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា។

«ស្ថានការណ៍​មាន​ភាព​រសើប​ខ្លាំង​ណាស់​ដែល​អាច​នឹង​ផ្ទុះ​អាវុធ​គ្រប់​ពេល​ ហើយ​ឥឡូវ​នេះ​មាន​ចលនា​ខុសៗ​គ្នា​ជាច្រើន​ ដែល​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ត្រូវ​រក​វិធី​ទប់ទល់»។

ប៉ុន្តែ​អ្នក​សង្កេតការណ៍​លោក Ulgen និយាយ​ថា​ ថ្នាក់​ដឹកនាំរបស់​តួកគី​បាន​កំណត់​ច្បាស់​ថា​ ខ្លួន​នឹង​មិន​ចុះ​ញោមដោយសារ​គូ​ប្រជែង​ឡើយ​ ហើយធានា​ថា ខ្លួន​នឹង​មាន​សំឡេងក្នុង​ការ​សម្រេច​អំពី​អនាគត​របស់​តំបន់៕​

ប្រែសម្រួល​ដោយ៖​ សើ​ សាយ្យាណា​