បណ្តា​ក្រុង​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​អេស៉្បាញ​ត្រៀម​ខ្លួន​សម្រាប់​ព្យុះ​មួយ​ទៀត

  • ​Reuters

បុរស​ម្នាក់​ដើរ​កាត់​រថយន្ត​ដែល​គរ​គ្នា​បន្ទាប់​ពី​ទឹក​ជំនន់​នៅ​ក្រុង Catarroja ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់ ឬ​បាត់​ខ្លួន​ក្នុង​តំបន់ Valencia ក្នុង​ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃ​អង្គារ ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

បណ្តា​ទីក្រុង​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ជិត​ទីក្រុង Valencia ភាគ​ខាង​កើត​អេស៉្បាញ ​បាន​ប្រញាប់​ប្រញាល់​កាល​ពី​ថ្ងៃអង្គារ ដើម្បី​សម្អាត​ប្រព័ន្ធ​លូពោរពេញ​ដោយ​ភក់​និង​កំទេច​កំទី ដាក់​គំនរ​បាវ​ខ្សាច់ និង​បិទ​សាលា​រៀន ខណៈ​ដែល​ពួកគេ​រៀបចំ​ត្រៀមសម្រាប់​ព្យុះ​មួយ​ទៀត ​ដែល​កំពុង​ខិតជិត​មក​ដល់។

ពីរសប្តាហ៍​បន្ទាប់​ពី​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ទំនើប​របស់​ប្រទេស​អេស្ប៉ាញ​បាន​សម្លាប់​មនុស្ស​ជាង ២០០នាក់ សេវា​អាកាស​ធាតុ​ជាតិ AEMET បាន​ចេញ​ការ​ជូនដំណឹង​ពណ៌​ទឹកក្រូច ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ទី​ពីរ​សម្រាប់​ភ្លៀង​ធ្លាក់​ខ្លាំង ឬ​ហូរ​ជោកជាំ​ដែល​រំពឹង​ថា​មក​ដល់​នៅ​ថ្ងៃ​ពុធ​នៅ​ក្នុង​តំបន់​ដូចគ្នា។

សេវា​អាកាស​ធាតុ​ជាតិ AEMET ព្យាករ​ថា នឹង​មាន​ភ្លៀង​ធ្លាក់​រហូត​ដល់ ១២០​មីលីម៉ែត្រ ក្នុង​រយៈពេល ១២​ម៉ោង។ ខណៈ​ពេល​ដែល​ព្យុះ​នេះ​មិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​កម្លាំង​ខ្លាំង​នោះ វា​អាច​នឹង​បំផ្លិច​បំផ្លាញ​ខ្លាំង​ សម្រាប់​ទីក្រុង​ដែល​នៅ​កំពុង​ប្រឹង​ងើប​ពី​គ្រោះ​ទឹក​ជំនន់​ឡើងវិញ។

អ្នកស្រី​ Rosa Tauris អ្នកនាំពាក្យ​គណៈកម្មាធិការ​សង្គ្រោះ​បន្ទាន់​របស់​ទីក្រុង Valencia បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ផល​ប៉ះ​ពាល់​នៃ​ភ្លៀង​អាច​ធ្ងន់ធ្ងរ ដោយសារ​តែ​បរិមាណ​នៃ​ភក់​នៅ​លើ​ដី និង​ដោយសារ​តែ​ស្ថានភាព​នៃ​ប្រព័ន្ធ​លូ។

កម្មករ​រាប់​ពាន់​នាក់​កំពុង​សម្អាត​អគារ ខណៈ​ពេល​ដែល​យក​ភក់​ដែល​កក​កុញ​នៅ​តាម​ដង​ផ្លូវ និង​ចិញ្ចើម​ផ្លូវ ហើយ​បាន​ស្ទះ​បំពង់លូ នៅ​ក្នុ​ងទីក្រុង​និង​ជាយ​ក្រុង​ជុំវិញ​ទីក្រុង Valencia។

គណៈកម្មាធិការ​សង្គ្រោះ​បន្ទាន់​បាន​ចេញ​ការ​ព្រមាន​ពិសេស​មួយ ដោយ​ស្នើ​ឱ្យ​សាលាក្រុង និង​អង្គការ​នានា​ចាត់​វិធានការ​បង្ការ រួមទាំង​ការ​បិទ​សាលារៀន​ផងដែរ។

អ្នកស្រី Tauris បាន​ផ្តល់​អនុសាសន៍​ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​ពី​ផ្ទះ​តាម​ដែលអាច​ធ្វើ​ទៅ​បាន ជៀសវាង​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំ​បាច់​ និង​តាមដានការ​ណែនាំ​ថ្មីៗ​របស់​សេវា​សង្គ្រោះ​បន្ទាន់៕