សកម្មជនការពារបរិស្ថានជាតិអេស្ប៉ាញ គឺលោក អាឡិច សាន់ដ្រូ ហ្កុនសាឡេស បានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យជួយសម្រួលឱ្យលោកបានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដើម្បីទៅប្រឈមមុខនឹងការចោទប្រកាន់នៅឯតុលាការខេត្តកោះកុង។
តុលាការខេត្តកោះកុងបានចោទលោកអាឡិចដែលជាស្ថាបនិកចលនាមាតាធម្មជាតិ ពីបទសមគំនិតក្នុងសកម្មភាពបណ្តេញសាឡង់បូមខ្សាច់ក្នុងខេត្តនោះ។
នៅក្នុងឃ្លីបវីដេអូមួយដែលបង្ហោះតាមទំព័រហ្វេសប៊ុករបស់អង្គការមាតាធម្មជាតិកាលពីថ្ងៃច័ន្ទ លោកអាឡិច ហ្កុនសាឡេសបានប្រកាសពីចេតនាក្នុងការស្វែងរកវិធីដើម្បីបានចូលទៅក្នុងប្រទេសកម្ពុជាវិញ។
លោកបានបន្ថែមថា៖
«ហើយក៏ខ្ញុំមានផែនការស្នើសុំទិដ្ឋាការនៅក្នុងទូតប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។ ហើយដូច្នេះខ្ញុំសូមអំពាវនាវដល់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន សម្រួលធ្វើម៉េចឱ្យខ្ញុំមានឱកាសត្រឡប់ចូលក្នុងប្រទេសកម្ពុជាដើម្បីចូលរួមនៅក្នុងសវនការ»។
លោកអាឡិចត្រូវបានអាជ្ញាធរកម្ពុជាបណ្តេញចេញពីប្រទេសកម្ពុជាកាលពីខែកុម្ភៈឆ្នាំ២០១៥ ដោយសារស្នាក់នៅហួសទិដ្ឋាការ។
អង្គការមាតាធម្មជាតិបានរិះគន់ថាការចោទប្រកាន់របស់អាជ្ញាធរនិងតុលាការគឺគ្រាន់តែ «ជាចេតនាមួយដើម្បីបំបាក់ស្មារតី» ក្រុមសកម្មជនការពារបរិស្ថានតែប៉ុណ្ណោះ។ មានសកម្មជនបរិស្ថានចំនួនបីនាក់កំពុងជាប់នៅក្នុងពន្ធនាគារខេត្តកោះកុងចំពោះសកម្មភាពទប់ស្កាត់ការបូមខ្សាច់ក្នុងឆ្នាំ២០១៥។
លោក អាឡិចបញ្ជាក់ថា ការកាត់ទោសលោកដោយកំបាំងមុខគឺជាការរំលោភសិទ្ធិរបស់លោកតាមច្បាប់ជាតិដែលកម្ពុជាមាននិងច្បាប់អន្តរជាតិដែលកម្ពុជាទទួលស្គាល់ក្នុងនោះមានរដ្ឋធម្មនុញ្ញ កតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ និងនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជាផងដែរ៕