ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk និងនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃសៅរ៍នេះស្តីពីអនាគតនៃ តំបន់ហ្ស៊ីប្រាល់តា ដោយលុបបំបាត់ឧបសគ្គសំខាន់មួយ។
កិច្ចព្រមព្រៀងនេះធ្វើឡើងមួយថ្ងៃមុនកិច្ចប្រជុំសហភាពអឺរ៉ុបដែលមានបំណងផ្តល់ការយល់ព្រមដល់កិច្ចព្រមព្រៀង លើការចារកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit)។
ប្រទេសអេស្ប៉ាញបានទាមទារឱ្យមានការផ្លាស់ប្តូរក្នុងកិច្ចព្រមព្រៀងនិងការផ្លាស់ប្តូរក្នុងសេចក្តីប្រកាសរួមស្តីពីទំនាក់ទំនងថ្មីរវាងសហភាពអឺរ៉ុបនិងអង់គ្លេសដើម្បីបញ្ជាក់ថា អនាគតនៃតំបន់ហ្ស៊ីប្រាល់តា ត្រូវបានសម្រេចនៅក្នុងកិច្ចពិភាក្សាដោយផ្ទាល់រវាងរដ្ឋាភិបាលក្រុងម៉ាឌ្រីដនិងរដ្ឋាភិបាលក្រុងឡុងដ៍។ តំបន់ហ្ស៊ីប្រាល់តា ត្រូវបានប្រគល់ឱ្យចក្រភពអង់គ្លេសនៅឆ្នាំ១៧១៣ ប៉ុន្តែប្រទេសអេស្ប៉ាញនៅតែទាមទារមកវិញ។
លោក Sanchez បានព្រមានថា លោកអាចធ្វើពហិការកិច្ចប្រជុំកំពូល ប្រសិនបើរដ្ឋាភិបាលទីក្រុងឡុងដ៍និងសហភាពអឺរ៉ុបមិនបានបញ្ជាក់ពីសិទ្ធិរបស់ប្រទេសលោកក្នុងការបោះឆ្នោតវេតូលើកិច្ចព្រមព្រៀងនាពេលអនាគតពាក់ព័ន្ធនឹងដែនដីហ្ស៊ីប្រាល់តា។
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចបន្ទាប់ពីក្រុមអ្នកចរចាអង់គ្លេសនិងអេស្ប៉ាញបានជជែកគ្នាពេញមួយយប់ជាមួយមន្រ្តីសហភាពអឺរ៉ុប។
លោក Sanchezថ្លែងថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យយើងមានការចរចាដោយផ្ទាល់ជាមួយចក្រភពអង់គ្លេសទាក់ទងនឹងដែនដីហ្ស៊ីប្រាល់តា។ លោកបន្តថា ប្រទេសអេស្ប៉ាញនឹងបោះឆ្នោតគាំទ្រការចាកចេញរបស់អង់គ្លេស។
បន្ទាប់ពីកិច្ចចរចាជាមួយលោក Sanchez លោក Jean-Claude Juncker ប្រធានសហភាពអឺរ៉ុបបាននិយាយថា «សាមគ្គីភាពនិងការសន្ទនាគ្នាគឺជារបៀបដែលសហភាពអឺរ៉ុបស្វែងរកដំណោះស្រាយ៕